អំពើហិង្សាលើស្ត្រីនៅក្នុងប្រទេសកម្ពុជានៅមានអត្រាខ្ពស់ដោយយ៉ាងហោចណាស់មានស្ត្រីម្នាក់ក្នុងចំណោមស្រ្តីកម្ពុជាប្រាំនាក់បានរងគ្រោះដោយអំពើហិង្សាផ្លូវភេទនិង ឬអំពើហិង្សា រាងកាយ ដែលប្រព្រឹត្តដោយបុគ្គលជាដៃគូជិតស្និទ្ធរបស់ពួកគេ។ ទង្វើនេះជាការបន្ថែមឱ្យមានការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមការស្ទង់មតិចុងក្រោយដែលបានធ្វើឡើងជាលើកដំបូងដោយក្រសួងកិច្ចការនារីក្រោមការសហការរបស់ UN Women។
បុរសកម្ពុជាម្នាក់ក្នុងចំណោមប្រាំនាក់ដែលមានអាយុពី ១៨ ទៅ ៤៩ បានសារភាពថាបានរំលោភសេពសន្ថវៈស្ត្រី។ នេះបើតាមរបាយការណ៍មួយចេញផ្សាយនៅក្នុងឆ្នាំ២០១៣ដោយអង្គការសហប្រជាជាតិ។
អំពើហិង្សាពីដៃគូ ទង្វើឈ្លានពានរាងកាយ ការបង្ខិតបង្ខំផ្លូវភេទគឺជាឥរិយាបទផ្សេងៗនៅក្នុងទំនាក់ទំនងជិតស្និទ្ធដែលបង្កឱ្យមានការប៉ះពាល់រាងកាយ ការប៉ះពាល់ផ្លូវភេទឬផ្លូវចិត្ត។ នេះបើយោងតាមរបាយការណ៍ពីក្រសួងកិច្ចការនារីដែលចេញផ្សាយកាលពីខែមុន។
របាយការណ៍ដែលត្រូវបានដាក់ជាសាធារណៈនេះត្រូវបានគេរៀបរៀងពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៥ដោយក្រសួងកិច្ចការនារី។
មានស្ត្រីចំនួនស្ត្រី៣.៥៧៤ នាក់មានអាយុចាប់ពី១៥ឆ្នាំដល់៦៤ឆ្នាំត្រូវបានសម្ភាសន៍នៅទូទាំងប្រទេសសម្រាប់ការសិក្សានេះ។ ហើយរបាយការណ៍នេះបានអនុវត្តតាមវិធីសាស្ត្ររបស់ អង្គការសុខភាពពិភពលោក WHO។
របាយការណ៍នេះបានបង្ហាញថា ៩០ ភាគរយនៃស្ត្រីបានរាយការណ៍ថាបានរងរបួសដោយដៃគូស្និទ្ធស្នាលរបស់ពួកគេបានរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដែលទាមទារឱ្យមានការថែទាំសុខភាព។ ៤៧ភាគរយនៃស្ត្រីមិនបានស្វែងរកការថែទាំសុខភាព។
ការស្ទង់មតិដែលគាំទ្រដោយអង្គការសហប្រជាជាតិសម្រាប់ស្ត្រី UN Women នេះបានរកឃើញផងដែរថាស្ត្រីត្រូវបានរំលោភសេពសន្ថវៈដោយអ្នកផ្សេងទៀតមុនពេលពួកគេមានអាយុ ១៥ ឆ្នាំហើយដោយសារតែភាពអាម៉ាស់និងការរើសអើងសង្គមជនរងគ្រោះមិនដែលរាយការណ៍ពីអំពើហិង្សាទាំងនេះទេ។
លោកស្រី Wenny Kusuma អ្នកតំណាងរបស់ UN Women ប្រចាំនៅកម្ពុជាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាការស្រាវជ្រាវនេះបង្ហាញពីការរំលោភសិទ្ធិមនុស្សផ្សេងមួយទៀត។
«លទ្ធផលនៃការសិក្សានេះបញ្ជាក់ថាអំពើហិង្សាទៅលើស្ត្រី ជាផ្នែកមួយនៃការរំលោភសិទ្ធិមនុស្សកាន់តែខ្លាំងបំផុតនៅក្នុងប្រទេសកម្ពុជា។ នេះបញ្ជាក់ពីភាពបន្ទាន់នៃការធានាថាសេវាកម្មផ្សេងទាំងអស់អាចរកបានហើយជនរងគ្រោះទាំងអស់ដឹងពីសិទ្ធិរបស់ពួកគេដើម្បីទទួលសេវាទាំងនេះ»។
អ្នកតំណាងឱ្យអង្គការសុខភាពពិភពលោក លោក Dong-il Ahnបាននិយាយថាអំពើហិង្សាទៅលើស្ត្រីនៅក្នុងប្រទេសកម្ពុជាជាបញ្ហាដែលត្រូវតែដោះស្រាយ៖
«អំពើហិង្សាទៅលើស្ត្រីនិងក្មេងស្រីគឺជាបញ្ហាសុខភាពសាធារណៈសំខាន់មួយក្នុងប្រទេសកម្ពុជា។ វាជះ លទ្ធផលអាក្រក់ខ្លាំងទៅលើអ្នករងគ្រោះ។ ការសិក្សានេះបាន បញ្ជាក់ថាទំនាក់ទំនងនៃវិសមភាពយេនឌ័រនិងអំពើហិង្សានៅជាប់នឹងជីវិតរបស់ស្ត្រី។ វិស័យសុខាភិបាលមានតួនាទីសំខាន់ក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់អ្នករងគ្រោះ»។
លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីបានមានប្រសាសន៍ថាមានមូលហេតុជាច្រើនដូចជាការខឹងសំបារ សង្គ្រាម គ្រឿងស្រវឹង គ្រឿងញៀន ការខ្វះការអប់រំនិងមូលហេតុផ្សេងៗទៀតដែលជាកត្តានាំឱ្យមានអំពើហិង្សាទៅលើស្ត្រី។
«យើងឃើញថាស្ថិតិដែលយើងបានទទួលពេលនេះយើងឃើញថាស្ថិតិនៅមានកម្រិតនៅខ្ពស់នៅឡើយ»។
លោកស្រីបានបន្ថែមថាការស្រាវជ្រាវនេះនឹងរួមចំណែកដល់សកម្មភាពផ្សេងរបស់ក្រសួងដើម្បីលុបបំបាត់អំពើហិង្សាលើស្ត្រី។
«លទ្ធផលនៃការស្រាវជ្រាវនឹងជាធាតុចូលមួយសំខាន់ណាស់នៅក្នុងការងារដែលយើងកំពុងតែធ្វើ។ ពេលដែលយើងដឹងលទ្ធផលហើយ។ យើងដឹងមូលហេតុហើយ។ យើងអាចវ៉ៃចំៗតែម្តង»៕