បញ្ហារំលោភសេពសន្ថវៈនៅតែជាជំងឺរ៉ាំរ៉ៃក្នុងប្រទេសកម្ពុជា ដោយសារតែអំពើពុករលួយនិង ការអនុវត្តន៍ច្បាប់មិនត្រឹមត្រូវ។ របាយការណ៍របស់អង្គការសិទ្ធិមនុស្សលីកាដូបានឲ្យដឹងថា ភាពមិនប្រក្រតីក្នុងការអនុវត្តច្បាប់ អំពើពុករលួយ និងការរើសអើងលើស្ត្រី នៅតែជាកក្តាចម្បងដែលធ្វើឲ្យជនរងគ្រោះ១ភាគបីនៃករណីរំលោភសេពសន្ថវៈរងអយុត្តិធម៌។
កញ្ញាចាន់ ស៊ីណេត ជាបុគ្គលិកអង្គការក្រៅរដ្ឋាភិបាល។ នាងបានរងគ្រោះក្នុងករណីរំលោភនាឆ្នាំ២០០៦ តាំងពីពេលដែលនាងមានអាយុ១៦ឆ្នាំម៉្លេះ ក៏ប៉ុន្តែមកទល់ពេលនេះ ចាន់ ស៊ីណេត នៅតែមិនតែទាន់ទទួលបានយុត្តិធម៌នៅឡើយ។
ចាន់ ស៊ីណេត ប្រាប់ VOA ថា ការសាកសួរចម្លើយធ្វើឡើងដោយមន្ត្រីនគរបាលមិនបានធ្វើឡើងប្រកបដោយបច្ចេកទេស និង វិជ្ជាជីវៈនោះទេ តែធ្វើឲ្យនាងរងសម្ពាធយ៉ាងខ្លាំង និងភ័យខ្លាចក្នុងការផ្ដល់ចម្លើយទាក់ទិននឹងហេតុការណ៍រំលោភបំពាននោះ។
«ប៉ូលិសប្រុស ហើយគេមានអ្នកធំ លើប៉ូលិសហ្នឹងទៀត ហៅខ្ញុំទៅនិយាយក្នុងបន្ទប់គាត់ហ្មង។ គាត់សួរខ្ញុំថា អូនឯងត្រូវគេចាប់រំលោភមែនទែន ឬក៏អូនឯងនិយាយកុហកទេ។ គាត់សួរខ្ញុំអញ្ចឹង ខ្ញុំយំហ្មង»។
ជនរងគ្រោះដដែលបាននិយាយបន្តអំពីដំណើរការកាត់ក្តីករណីរបស់នាងថា៖
«គេហៅខ្ញុំទៅតុលាការ ប៉ុន្តែដោយសារតែខាងគាត់ហ្នឹង យ៉ាងម៉េច ខ្ញុំមិនដឹងទេ។ ប៉ុន្ដែគាត់មិនបានឡើងតុលាការទេ ហើយរឿងហ្នឹងត្រូវបានគេអត់ខ្វល់ហ្មង គឺរបៀបថា តាមអីដែលពួកយើងដឹងគឺគាត់នៅតែបង្កើតអង្គការហ្នឹងដដែល ហើយអង្គការហ្នឹងអត់បិទទេ»។
ចាន់ ស៊ីណេតគឺជានារីរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះជាច្រើននាក់ផ្សេងទៀតក្នុងប្រទេសកម្ពុជា ដែលមិនទាន់ទទួលបានយុត្តិធម៌ពេញលេញ ក្រោយពេលមានហេតុការណ៍ដូច្នេះកើតឡើង។ នេះបើយោងទៅតាមរបាយការណ៍របស់សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ ដែលចេញផ្សាយនៅចុងខែវិច្ឆិកាកន្លងទៅ។
របាយការណ៍របស់អង្គការលីកាដូបានឱ្យដឹងថា មានករណីរំលោភសេពសន្ថវៈ និងការប៉ុនប៉ងរំលោភសេពសន្ថវៈចំនួន៧៦២ករណីបានកើតឡើងក្នុងចន្លោះឆ្នាំ២០១២ដល់ឆ្នាំ២០១៤ នៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តចំនួន១២ទៀត ដែលលីកាដូមានទីស្នាក់ការ។
មួយភាគបីនៃករណីទាំងនោះត្រូវបិទសំណុំរឿងមុនពេលបើកសវនាការ ហើយករណីរំលោភសេពសន្ថវៈជាងពាក់កណ្តាលត្រូវបានដោះស្រាយដោយជនល្មើសបង់ប្រាក់សំណងឲ្យជនរងគ្រោះដើម្បីបញ្ចប់រឿងក្តី ឬដោយការរៀបអាពាហ៍ពិពាហ៍រវាងជនរងគ្រោះ និងជនសង្ស័យ។
ស៊ីណេតបានបញ្ជាក់ប្រាប់ VOA អំពីការអនុវត្តនីតិវិធីមិនប្រក្រតីដោយស្ថាប័នយុត្តិធម៌ក្នុងករណីរបស់នាង។ នាងនិយាយយ៉ាងដូច្នេះថា៖
«និយាយមែនទែនទៅ សាច់រឿងហ្នឹងធ្វើយូរហ្មង។ ធម្មតាបើនិយាយប្រៀបធៀបគឺដូចពេលឈ្លោះគ្នាអីអញ្ចឹង។ គេហៅខាងស្ដាំ គេហៅខាងឆ្វេងមកធ្វើក្រដាស[ស្នាម]។ ដំបូងគេសួរយើង ហើយវាមានមនុស្សច្រើនដែលត្រូវសួរ។ វារញ៉េរញ៉ៃណាស់។ រឿងហ្នឹង ខ្ញុំអត់យល់ តែហាក់បីដូចជាគេពន្យឺតអាបញ្ហាហ្នឹងឲ្យកាន់តែយូរទៅៗ»។
កញ្ញាបានបន្តថា៖
«នៅពេលដែលគេហៅយើងទៅឲ្យសរសេររបាយការណ៍ហ្នឹង មិនមែនសរសេរម្ដងទេ គឺសរសេរក្រដាសហ្នឹងច្រើនដងមែនទែន។ ហើយខ្ញុំមានអារម្មណ៍ថា មានសម្ពាធណាស់។ ហើយខ្ញុំមានអារម្មណ៍ថា គេអត់ជួយយើងទេ។ ខ្ញុំមានអារម្មណ៍ថា គេហៅយើងទៅឲ្យតែបានៗថា ហៅទៅ»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌គឺលោក ជិន ម៉ាលីនបានសុំមិនអត្ថាធិប្បាយស៊ីជម្រៅទាក់ទិននឹងរបាយការណ៍របស់អង្គការលីកាដូនោះទេ ដោយលោកបានចោទជាសំណួរទៅលើវិធីសាស្ត្រ និងរបៀបដែលអង្គការលីកាដូធ្វើការស៊ើបអង្កេត និងប្រមូលភស្ដុតាង ដើម្បីចងក្រងចេញជារបាយការណ៍នោះទៅវិញ។
«ចំពោះចំណាត់ការរបស់តុលាការ រឿងមួយចំនួនយើងពិបាកនឹងសន្និដ្ឋានណាស់ គឺដោយសារតែអ្វីៗសម្រេចទៅលើតុលាការ ហើយតុលាការសម្រេចទៅតាមនីតិវិធីច្បាប់ ដែលមានជាធរមាន»។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យនេះបានទទួលស្គាល់ថា កន្លងមកការអនុវត្តមានលក្ខណៈចន្លោះប្រហោង មិនបាននាំជនសង្ស័យ ឬជនប្រព្រឹត្តល្មើសមកទទួលទោសចំពោះមុខច្បាប់ ក៏បណ្ដាលមកពីមន្ត្រីអនុវត្តច្បាប់មួយចំនួនធ្វើការមិនសូវមានវិជ្ជាជីវៈ និងមិនបង្កលក្ខណៈសមស្របឱ្យជនរងគ្រោះទទួលបានយុត្តិធម៌។
«យើងទទួលស្គាល់ថា មានបញ្ហា ដោយសារនៅមានកង្វះខាត ជាពិសេសផ្នែកសម្ភារៈ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនក្នុងការការពារជនរងគ្រោះ ឬសាក្សី។ ហើយក៏អាចជាបញ្ហាអាកប្បកិរិយារបស់មន្ត្រីអនុវត្តច្បាប់ និងការយល់ដឹងពីច្បាប់គឺមិនទាន់គ្រប់គ្រាន់ ច្បាស់លាស់ [របស់ពួកគាត់]»។
យោងតាមច្បាប់កម្ពុជា ការរំលោភសេពសន្ថវៈជាបទល្មើសព្រហ្មទណ្ឌដែលជនល្មើសត្រូវប្រឈមនឹងបណ្ដឹងអាជ្ញាដែលមិនអាចរលត់ដោយការសម្រុះសម្រួល ឬសងជាសំណងរដ្ឋប្បវេណីបានទេ។ ក៏ប៉ុន្តែឯករាជ្យភាព និងសុចរិតភាពនៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជាបានក្លាយជាប្រធានបទដែលមជ្ឈដ្ឋានអ្នកអង្កេតការណ៍ទាំងក្នុងស្រុក និងក្រៅស្រុកធ្វើការរិះគន់ជាបន្តបន្ទាប់។ ក្រុមអ្នករិះគន់តែងបានបង្ហាញក្ដីកង្វល់អំពីបញ្ហាអំពើពុករលួយ និងការជ្រៀតជ្រែកផ្នែកនយោបាយទៅលើជញ្ជីងយុត្តិធម៌។
ជាក់ស្ដែងរបាយការណ៍ ដែលចេញផ្សាយក្នុងខែមិថុនាឆ្នាំនេះដោយគម្រោងយុត្តិធម៌ពិភពលោក (World Justice Project ឬ WJP) បានដាក់ប្រទេសកម្ពុជាឱ្យស្ថិតក្នុងលេខរៀងទី៩៩ ក្នុងចំណោមប្រទេសចំនួន១០២ ដែលអង្គការនេះបានធ្វើការអង្កេតកម្រិតអនុវត្តនីតិរដ្ឋ ដែលផ្ដោតសំខាន់ទៅលើគុណភាពនៃប្រព័ន្ធយុត្តិធម៌។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានស្នើកិច្ចសហប្រតិបត្តិការពីសំណាក់ភាគីពាក់ព័ន្ធ ដើម្បីកែលម្អជាប្រព័ន្ធ ដើម្បីធានាស្វែងរកយុត្តិធម៌ជូនជនរងគ្រោះដោយអំពើរំលោភ ដោយសុំឲ្យរាយការណ៍មកស្ថាប័នពាក់ព័ន្ធ បើសិនជាមានភស្ដុតាងអំពីភាពមិនប្រក្រតី។
«គាត់អាចប្ដឹងផ្ដល់មកបាន ទៅតាមស្ថាប័នមានសមត្ថកិច្ច ដូចជាពាក់ព័ន្ធនឹងអំពើពុករលួយ គាត់អាចប្ដឹងទៅកាន់ ACU (អង្គភាពប្រឆាំងអំពើពុករលួយ) ឬបើមានការអនុវត្តដំណើរការនីតិវិធីខុស គេអាចប្ដឹងមកកាន់ក្រសួងយុត្តិធម៌ ឬឧត្តមក្រុមប្រឹក្សាជាតិនៃអង្គចៅក្រម»។
ឆ្លើយតបទៅនឹងបញ្ហាខាងលើ កញ្ញា ណាប់ សុម៉ាលី មន្រ្តីជាន់ខ្ពស់ផ្នែកឃ្លាំមើលការរំលោភសិទ្ធិស្រ្តី និងកុមារនៃអង្គការលីកាដូ បានប្រាប់ VOA ថា កន្លងទៅអង្គការខ្លួនតែងតែព្យាយាមសហការជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ចដើម្បីដោះស្រាយរកយុត្តិធម៌ជូនជនរងគ្រោះ។ កញ្ញាបានសំណូមពរឲ្យស្ថាប័នពាក់ព័ន្ធ និងប្រព័ន្ធតុលាការធ្វើការទៅដោយយុត្តិធម៌ និងមានភាពស្មើគ្នាចំពោះមុខច្បាប់ ទោះជាជនល្មើសជាបុគ្គលបែបណាក៏ដោយ។
«ក្នុងករណីរំលោភមួយចំនួន យើងបានដាក់ទៅមេធាវី ផ្ដល់មេធាវីការពារក្តី។ យើងបានទាក់ទងទៅក្រឡាបញ្ជី ស្នើសុំសំណុំរឿងឲ្យគាត់គិតគូរអីជាដើម។ ប៉ុន្តែរឿងមួយចំនួនក៏វាដំណើរការទៅប្រក្រតី។ ទាក់ទងនឹងជនល្មើសជាបុគ្គលសាមញ្ញ រឿងហ្នឹងដំណើរការទៅប្រក្រតី។ តែក្នុងករណីរំលោភដូចគ្នាតែជនល្មើសគាត់ជាបុគ្គលដែលមានមុខមាត់ និងមានទ្រព្យសម្បត្តិហ្នឹងគឺច្រើនតែនីតិវិធីហ្នឹងមានភាពយឺតយ៉ាវខុសប្រក្រតី»។
យ៉ាងណាមិញ ជនរងគ្រោះ ដូចជា កញ្ញា ចាន់ ស៊ីណេត ដែលទន្ទឹងរង់ចាំយុត្តិធម៌ជិត១០ឆ្នាំមកនោះ នៅតែស្រមៃចង់បានយុត្តិធម៌ដល់រូបខ្លួន ដោយទាមទារឲ្យអាជ្ញាធរនាំយកជនល្មើសមកកាត់ទោសតាមច្បាប់កម្ពុជា។
«បើសិនគាត់ត្រូវបានគេចាប់ដាក់គុក ហើយគេរកយុត្តិធម៌ឲ្យខ្ញុំបាន ខ្ញុំនឹងសប្បាយចិត្តខ្លាំងណាស់។ ខ្ញុំអត់ចាំបាច់ដេកយល់សប្តិស្រែកទាំងកណ្តាលយប់ ដោយសារតែខ្លាចទេ»។
ការរំលោភសេពសន្ថវៈនៅតែជាបញ្ហាចោទដ៏គួរឲ្យបារម្ភសម្រាប់ប្រទេសកម្ពុជា ដោយសារមានការទាក់ទិននឹងអំពើពុករលួយ ការរើសអើងទៅលើស្ត្រីនិងក្មេងស្រី និងចន្លោះប្រហោងក្នុងការអនុវត្តច្បាប់នៅក្នុងប្រទេសដ៏ក្រីក្រនេះ។ តែទោះជាយ៉ាងណាក៏ដោយ មានជនល្មើសមួយចំនួនត្រូវបាននាំខ្លួនទៅកាត់ទោសជាបន្តបន្ទាប់ផងដែរ៕