ក្រុម​មនុស្ស​ស្រលាញ់​ភេទ​ដូច​គ្នា​ទាមទារ​សិទ្ធិ​ស្មើ​ភាព​គ្នា​ដូច​ពលរដ្ឋ​ដទៃ​ទៀត​ដែរ

បាតុករ​កម្ពុជា​មួយ​រូប​បិទ​យក​ផ្លាក​បិទ​មាត់​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​រើស​អើង​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​និង​មនុស្ស​ប្តូរ​ភេទ (LGBT)​ នៅ​មុខ​រដ្ឋសភា​ជាតិ​ក្នុង​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១២។

ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​និង​អ្នក​ប្តូរ​ភេទ​នៅ​ក្នុង​ប្រទេស​កម្ពុជា ទទូច​ឲ្យ​សមាជិក​ក្រុម​គ្រួសារ​និង​សង្គម​ទាំង​មូល​បញ្ឈប់​ការ​មាក់​ងាយ​និង​ការរើសអើង​ចំពោះ​ពួកគេ​តទៅ​ទៀត​ ដោយ​ពួកគេ​លើក​ឡើង​ថា ពួកគេ​ត្រូវ​ការ​សិទ្ធិ​សេរីភាព​ដូច​មនុស្ស​ដទៃ​ទៀត​ដែរ​ក្នុង​ការ​ជ្រើសរើស​ដៃគូ​ទៅ​តាម​ការ​ស្រលាញ់ពី​ធម្មជាតិ​របស់​ពួកគេ។

កាល​ពី​មុន​ ឈឿង រចនា មាន​សង្សារ​ប្រុស​ ប៉ុន្តែ​ពេល​នេះ​ នាង​ស្រលាញ់​មនុស្ស​ស្រី​ទៅ​វិញ។

សក់​កាត់​ខ្លី​ត្រឹម​ស្មារក្នុង​វ័យ​២៧​ឆ្នាំ រចនា​បាន​និយាយនៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​វីអូអេ​ក្នុង​សប្តាហ៍​នេះ​ថា នាង​ទើប​តែ​ស្គាល់​ខ្លួន​ឯង​ច្បាស់​ ក្រោយ​ពី​បាន​ព្យាយាម​ឆ្វេង​យល់​អំពីអារម្មណ៍​ពិត​ប្រាកដ​របស់​ខ្លួន​ឯង​កាល​ពី​៤ឆ្នាំ​មុន។

«ឆ្នាំ​២០១០​ហ្នឹង គឺ​ខ្ញុំ​សាកល្បង​មាន​សង្សារ​ប្រុស ដើម្បី​ចង់​ដឹង​ថា ​តើ​ស្រលាញ់​មនុស្ស​ប្រុស​ហ្នឹង យើង​មាន​អារម្មណ៍​ស្រលាញ់​ដែរ​ឬ​អត់។ ប៉ុន្តែ​វា​អត់​មាន វា​បរាជ័យ​ វា​អត់​អាច​ស្រលាញ់​បាន។ អញ្ចឹង​បាន​បែក​គ្នា ហើយ​ខ្ញុំ​ក៏​ចាប់​ផ្តើម​ស្រលាញ់​មនុស្ស​ស្រី ចេញ​មុខ​ទៅ​ទាក់​ទង​គេ។ ពេល​ហ្នឹង​បាន​ដឹង​ថា​ខ្លួន​ឯង​មាន​អារម្មណ៍​ស្រលាញ់​មនុស្ស​ស្រី ១០០​ភាគរយ។»

ក្រោយ​ពីដឹង​ច្បាស់​ពី​អារម្មណ៍​ខ្លួន​ឯង​ថា​ជា​មនុស្ស​ស្រលាញ់​ភេទ​ដូច​គ្នា​មក រចនា​ក៏​ចាប់​ផ្តើម​បើក​ចំហរ​ខ្លួន​ឯង ហើយ​ទទួល​ស្គាល់​ការណ៍​ពិត​នេះ​តាំង​ពី​ពេល​នោះ​មក។

«ខ្ញុំ​មាន​អារម្មណ៍​ថា បើ​ខ្ញុំ​នៅ​តែ​បន្ត​កុហក​ខ្លួន​ឯង កុហក​គ្រួសារ កុហក​សង្គម និង​មនុស្ស​ជុំ​វិញ ខ្ញុំ​មាន​អារម្មណ៍​ថា ជីវិត​យើង​កើត​មក​មួយ​ជាតិ​ហ្នឹង​ គឺ​អត់​មាន​ន័យ​អ្វី​ទេ គឺ​រស់​ក្នុង​ភាព​កុហក។ អញ្ចឹងខ្ញុំ​ចង់​បង្ហាញ​ថា ពេល​ដែល​ខ្ញុំ​រក​ខ្លួន​ឯង​ឃើញ​ហើយ ខ្ញុំ​ចង់​រស់​នៅ​ក្នុង​ជីវិត​ខ្លួន​ឯង។»

ដូច​ឈឿង រចនា​ដែរ យុវជន​ ង៉ោ ម៉េងហ៊ួង ដែល​មាន​រូបរាង​តូច​ច្រលឹង​និង​មាន​អាកប្បកិរិយា​ល្វត់ល្វន់​ដូច​នារី បាន​និយាយ​ថា ខ្លួន​ក៏​មិន​ចង់​លាក់​ធាតុ​ពិត​របស់​ខ្លួន​ដែល​ធម្មជាតិ​បាន​ផ្តល់​ឲ្យ​តទៅ​ទៀត​ដែរ គឺ​ថា​ខ្លួន​ជាបុរស​ស្រលាញ់​បុរស​ឬ​ដែល​គេ​តែង​ហៅ​ថាស្រី​ស្រស់​នោះ​ឯង។

«ខ្ញុំ​មិន​ចង់​រក្សា​វា​ទុក​ដែល​ជា​បន្ទុក​មួយ​ដ៏​ធ្ងន់​នៅ​ក្នុង​បេះដូង​ខ្ញុំ​នៅ​ក្នុង​អារម្មណ៍​ខ្ញុំ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​កើត​រោគ​ចិត្ត​នោះ​ទេ។ ខ្ញុំ​ចង់​ឲ្យ​អា​គំនាប​ហ្នឹង​ផ្ទុះ​ចេញ​មក​ក្រៅ​ឲ្យ​ដឹង​ថា ខ្ញុំ​ជា​នរណា។»

ថ្មី​ត្បិត​តែក្រុម​មនុស្ស​ស្រលាញ់​ភេទ​ដូច​គ្នា​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ចេញ​មុខ​ជា​ចំហរ​បែប​នេះ​កាន់​តែ​ច្រើន​ឡើងៗ​ក៏​ដោយ ក៏​ពួកគេ​អះអាង​ថា ពួកគេ​នៅ​តែ​ប្រឈម​មុខ​នឹង​ការ​មាក់​ងាយ​និង​ការ​រើស​អើង​ពី​សង្គម​ដូច​ជា​នៅ​កន្លែង​ការងារ​ នៅ​សាលារៀន​និង​ជាពិសេស​គឺ​ការ​មិន​ទទួល​ស្គាល់​ពី​សំណាក់សមាជិក​ក្រុម​គ្រួសារ​របស់​ពួក​គេ​ផ្ទាល់​តែ​ម្តង។

​ង៉ោ ម៉េងហ៊ួង ដែល​មានរាង​កាយ​ពី​កំណើតជា​មនុស្ស​ប្រុស​ ប៉ុន្តែ​មាន​ចរិត​ដូចមនុស្ស​ស្រី​នោះ និយាយ​ថា​ទាំង​ឪពុក ទាំង​បងប្អូន​ប្រុសៗ​របស់​ខ្លួន ពេល​ខ្លះ​បង្ហាញ​ការ​ស្អប់​ខ្ពើមចំពោះ​ភាព​ជា​មនុស្ស​ស្រលាញ់​ភេទ​ដូច​គ្នា​នេះ។

«ខ្ញុំ​មាន​អារម្មណ៍​ថា ឈឺ​ចាប់​ នៅ​ពេល​ដែល​គាត់​អត់​ព្រម​ទទួល​យក​ថា យើង​ជា​នរណា។ គាត់​អាច​បង្ហាញ​ខ្លួន​គាត់​បាន​ថា​គាត់​ជា​បុរស គាត់​អាច​ធ្វើ​អ្វីៗ​បាន។ ដល់​ពេល​យើង ពេល​ខ្លះ​យើង Make up (ផាត់​ម៉ាកកាយ៉េ) អី​អញ្ចឹង គាត់​យក​របស់​យើង​បោះចោល។»

​មិន​ខុស​គ្នា​ពី​ស្ថានភាព​របស់​ម៉េង​ហ៊ួង​ប៉ុន្មាន​ទេ ​ឈឿង​ រចនា និយាយ​ថា ក្រុម​គ្រួសារ​របស់​នាង​ក៏​បង្ហាញ​ឥរិយាបទ​មិន​ទាន់​ទទួល​ស្គាល់​រូប​នាង​ក្នុង​នាម​ជា​មនុស្ស​ស្រី​ស្រលាញ់​ភេទ​ដូចគ្នា​នេះ​ដែរ។

«ការណ៍​ដែល​គាត់​គិត​ថា មិន​ងាយ​នឹង​ទទួល​យក​បាន ដោយ​សារ​តែ​គាត់​គិត​ថា សង្គម​ជុំ​វិញ​មើល​មក វា​ពិបាក​ដែល​ថា​ឲ្យ​សង្គម​ទទួលស្គាល់​គាត់។ ទោះ​បី​ជា​ចិត្តគាត់​ចង់ទទួល​ស្គាល់​កូន ប៉ុន្តែ​សង្គម​ជុំវិញ បើ​គាត់​ទទួល​ស្គាល់​កូន តើ​គាត់​ត្រូវ​ប្រឈម​មុខ​អ្វី​ខ្លះ សាច់​ញាតិ មិត្ត​ភក្តិ បងប្អូន និយាយ​ទៅ​គាត់​យ៉ាង​ម៉េច​ខ្លះ? គេ​ថា​ម៉េច​ឲ្យ​អប់រំ​កូន​បែប​នេះ បែប​អញ្ចេះ។ល។ អញ្ចឹង​ គាត់​មាន​គំនាប​ពី​ខាង​ក្រៅ។»

សហគមន៍​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​បាន​លើក​ឡើង​ថា ឪពុក​ម្តាយ​ជា​ច្រើន​នៅ​តែ​គិត​ថា វា​ជា​រឿង​គួរ​ឲ្យ​អាម៉ា់ស់ ដែល​មាន​កូន​ជា​មនុស្ស​ស្រលាញ់​ភេទ​ដូចគ្នា ដូច​ជា​ស្រី​ស្រលាញ់​ស្រី ឬ​ប្រុស​ធ្វើ​ចរិត​ដូច​ស្រី ឬ​ស្រី​ធ្វើ​ចរិត​ដូច​ប្រុស ឬក៏​ជាមនុស្ស​ប្តូរ​ភេទ​ជាដើម។​

កញ្ញា លី ពិសី​ គឺ​ជា​សមាជិក​ក្រុមប្រឹក្សា​ភិបាល​នៃ​អង្គការ​សហគមន៍​ឥន្ទធនូ​កម្ពុជា​ដែល​ធ្វើ​ការ​ប្រមូល​ផ្តុំ​ក្រុម​មនុស្ស​ស្រលាញ់​ភេទ​ដូចគ្នា​នេះ។​

«អញ្ចឹង​ក្នុង​រង្វង់​គ្រួសារ​ហ្នឹង​នៅ​បន្ត​មាន​បញ្ហា។ ពេល​ខ្លះ​ជំរុញ​ឲ្យ​កូន​ហ្នឹង​ត្រូវ​រត់​ចេញ​ពី​ផ្ទះ ដោយសារ​ការ​បង្ខំ​ឲ្យ​កែ​ចរិត។ ខ្លះ​ទៀត​ត្រូវ​បង្ខំ​ឲ្យ​រៀបការ​ជាមួយ​អ្នក​ដែល​ឪពុកម្តាយ​យល់​ថា​សក្តិសម​ ដែល​មនុស្ស​ទូទៅ​ទទួល​យក​បាន។»​

កញ្ញា ពិសី បន្ត​ថា កង្វះ​ការ​ទទួល​ស្គាល់​និង​ការ​គាំទ្រ​ពី​រង្វង់​ក្រុម​គ្រួសារ​នេះ អាច​នឹង​រួម​ចំណែក​រុញ​ច្រាន​អ្នកដែល​ស្រលាញ់​ភេទ​ដូច​គ្នា ទៅ​រក​គ្រោះថ្នាក់​មិន​ត្រឹម​តែ​ចំពោះ​ខ្លួន​ពួកគេ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ចំពោះ​សង្គម​ទាំង​មូល​ទៀត​ផង។

«បើ​សិន​ជា​ស្រី​មាន​ចរិត​ធម្មតា ឬ​ប្រុស​ពេញ​លក្ខណៈ គេ​អត់​ដឹង​ថា​យើង​ស្រលាញ់​អ្នក​ណា​គេ​ទេ ប៉ុន្តែ​មនុស្ស​ដែល​មាន​ចរិត​ខុស​ពី​មនុស្ស​ទូទៅ​ហ្នឹង​ដូចជា ប្រុស​ធ្វើ​ជា​ស្រី​ ឬ​ស្រី​ធ្វើ​ប្រុស​ហ្នឹង គឺ​ពិបាក​លាក់​គេ​ណាស់។ អញ្ចឹង​ពេល​យើង​ទៅ​រក​ការងារ​ធ្វើ គេ​រើស​អើង​យើង។ អញ្ចឹង​ពេល​យើង​អត់​មាន​ការ​ងារ​ធ្វើ យើង​អត់​ចំណូល។ ពេល​អត់​ចំណូល​ យើង​ទៅ​នៅ​ឯណា បាន​អី​ញ៉ាំ។ អញ្ចឹង​ចាប់​ផ្តើម​ចូល​រួម​នៅ​ក្នុង​សកម្មភាព​មួយ​ចំនួន​ដែល​ខុស​ច្បាប់។ អញ្ចឹង​ សួរ​ថា​តើ​កំហុស​អ្នកណា? អ្នក​ណា​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ជីវិត​របស់​អ្នក​ទាំង​អស់​គ្នា​ហ្នឹង?»​

បើ​ទោះ​បី​ជា​កម្ពុជា​គ្មាន​ច្បាប់​ដែល​ហាម​ឃាត់​ទំនាក់ទំនង​មនុស្ស​ស្រលាញ់​ភេទ​ដូច​គ្នា​ក៏​ដោយ ក៏ការ​ទទួល​ស្គាល់​ក្រុម​មនុស្ស​ទាំង​នេះឲ្យ​ស្មើ​មុខ​ស្មើ​មាត់​ជាមួយ​ក្រុម​មនុស្ស​ស្រលាញ់​ភេទ​ផ្ទុយ​គ្នា​នៅ​ក្នុង​សង្គម​នៅ​មិន​ទាន់​ទូលំទូលាយ​នៅ​ឡើយ។

​លោកស្រី ចក់ សុភាព គឺ​ជានាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។

លោកស្រី​ថ្លែង​ថា៖ «ទោះ​បី​ជា​ពលរដ្ឋ​ណា​មួយ​ក៏​ដោយ បើ​ទោះ​បី​ជា​ជន​ភាគតិច​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ បញ្ហា​របស់​គាត់​ត្រូវ​តែ​លើក​យក​មក​ពិភាក្សា និង​ពិចារណា​ ដើម្បី​ធានាពួកគាត់​អាច​ទទួល​បាន​និង​ប្រើប្រាស់​សិទ្ធិ​ដូច​ពលរដ្ឋ​ដទៃ។»

លោកស្រី ម៉ារី ដូមីនិក ប៉ារ៉ង់ (Marie-Dominique Parent) តំណាង​រង​នៃ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្សនៅ​កម្ពុជា​មាន​ប្រសាសន៍​ថា សាធារណជន​ទូទៅ​គួរ​តែ​បើក​ផ្នត់​គំនិត​ឲ្យ​ទូលាយ​ ដើម្បី​ទទួល​យក​ភាព​ចម្រុះ​នៃ​បុគ្គល​ដែល​មាន​ទំនោរ​ផ្លូវភេទ​និង​អត្តសញ្ញាណ​យ៉េនឌ័រ​ផ្សេងៗ​គ្នា។

«អ្នក​មិន​មែន​ក្លាយ​ជា​ឧក្រិដ្ឋជន ដោយ​គ្រាន់​តែ​កើត​មក​ជា​ស្រីតែចរិត​ប្រុស ឬ​ជា​ប្រុស​តែ​ចរិត​ស្រី ឬ​ក៏គ្រាន់​តែ​ស្រលាញ់​នរណា​ម្នាក់​ដែលមាន​ភេទ​ផ្សេងឬ​ដូច​អ្នក​នោះទេ។»​

លោក​ស្រី​មាន​ប្រសាសន៍​បន្ថែម​ថា​ ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា ក៏​ជា​កោសិការ​សង្គម​មួយ​ដែល​អាច​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ដូច​ជា​ពលរដ្ឋ​ទូទៅ​ដទៃ​ទៀត​ដែរ។

«ទស្សនៈ​របស់​អង្គការ​សហប្រជាជាតិ​គឺ​ថា ការ​អភិវឌ្ឍ​ត្រូវ​តែ​រួម​បញ្ចូល​មនុស្ស​មក​ពី​មជ្ឈដ្ឋាន​ផ្សេងៗ​គ្នា និង​គោរព​តម្លៃ​នៃចម្រុះភាព​របស់​មនុស្ស​ទាំង​នោះ ដែល​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​នោះ។ ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​ត្រូវ​ដក​សិទ្ធិ​របស់​ពួក​ចេញ​ពី​ការ​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ ​សហគមន៍​ សង្គម​និង​ប្រទេស​កម្ពុជា។ ក្រុម​ជន​ស្រលាញ់​ភេទ​ដូច​គ្នា​អាច​ធ្វើ​ការ​ គិត សរសេរ និង​ថែទាំ​ក្រុម​គ្រួសារ​ បាន​ដូច​មនុស្ស​គ្រប់​គ្នា​ផ្សេង​ទៀត​ដែរ។»

ថ្លែង​នៅ​ក្នុង​ពិធី​ជួបជុំ​គ្នា​មួយ​រវាង​ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​និង​ឪពុកម្តាយ​របស់​ពួកគេ​ដែល​ត្រូវ​បានរៀបចំ​ឡើង​ក្នុង​ទីក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​សុក្រ​ទី​១៦​ខែ​ឧសភា​នេះ លោក សេង វី មក​ពី​ខេត្ត​កំពង់ធំ មាន​ប្រសាសន៍​ថា ពី​មុន លោក​និង​ភរិយាបាន​ព្យាយាម​បំបែក​កូន​ស្រី​របស់​លោកចេញ​ពី​ដៃគូ​របស់​នាង​ដែល​ជា​ស្រី​ដូច​គ្នា ដើម្បី​កុំ​ឲ្យ​អ្នក​ស្រុក​សើច​ចំអក​និង​ពេប​ជ្រាយ​ដាក់។

ប៉ុន្តែ​ក្រោយ​មក លោក​និង​ភរិយា​បាន​ប្តូរ​ចិត្ត​វិញ ក្រោយ​ពី​ដឹង​និង​ព្រម​ទទួល​ស្គាល់​ការណ៍​ពិត​ថា មិនមែន​មាន​តែ​កូនស្រី​របស់​លោក​ម្នាក់​ទេ​ដែលជា​មនុស្ស​ស្រលាញ់​ភេទ​ដូចគ្នា​នោះ។

«សង្គម​នេះ​គេ​កំពុង​តែ​ប្រែប្រួល​ហើយ។ ម្ល៉ោះ​ហើយ វា​ស្រលាញ់​គ្នា​យ៉ាង​ម៉េច​ក៏​ស្រលាញ់​ទៅ ទៅ​តាម​សិទ្ធិ​របស់​គេ​ទៅ។ យើង​ជា​ម៉ែ​ជា​ឪ​បាន​ត្រឹម​តែ​បង្កើត​និង​ចិញ្ចឹម ប៉ុន្តែ​សិទ្ធិ​របស់​គេ​ យើង​មិន​អាច​គ្រប់​គ្រង​បានទេ។» ​

ដូច​គ្នា​ដែរ លោក​យាយ សំ ប៊ុនស៊ាប វ័យ​៧០​ឆ្នាំ មក​ពី​ខេត្ត​សៀមរាប​ ដែល​មាន​កូន​ស្រី​ជា​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ម្នាក់​ដែរ មាន​ប្រសាសន៍​ថា ពេល​នេះ​លោក​យាយ​ក៏​បណ្តោយ​ទៅ​តាម​ចិត្ត​កូន​ដែរ ជា​ជាង​ព្យាយាម​បង្វែរ​ទំនោរ​ផ្លូវ​ភេទ​របស់​កូន។

«បើ​ខ្ញុំ​បង្វែរ​និង​បំបែក​បំបាក់​មិន​ឲ្យ​កូន​សេពគប់​ភេទ​ដូច​គ្នា​ទេ ខ្ញុំ​ត្រូវ​ជា​ម្តាយ​នេះ ខុស ព្រោះ​ខ្ញុំ​ជា​ម្តាយ​នាម​ត្រឹម​តែ​បង្កើត​គេ​មក​ទេ។ ប៉ុន្តែ​រឿង​ស្វែង​រក​សុភមង្គល​គឺ​គេ​ជា​កូន។»

លោក​យាយ មាន​ប្រសាសន៍​បន្ថែម​ថា សុភមង្គល​របស់​កូន​គឺ​អាស្រ័យលើ​ការ​ស្រលាញ់​របស់​កូនផ្ទាល់​ មិន​មែន​ស្ថិត​នៅ​លើ​ការ​ចង់​បាន​ដើម្បី​តម្រូវ​ចិត្ត​ខ្លួន​ជា​ម្តាយ​ឪពុក​នោះ​ទេ៕