ស្ត្រីនិងក្មេងស្រីអាយុយ៉ាងតិច១២ឆ្នាំ នៅតាមតំបន់ជនបទក្នុងប្រទេសកេនយ៉ា កំពុងត្រូវបានបង្ខំឲ្យប្រកបរបរផ្លូវភេទ ដើម្បីផ្គត់ផ្គង់គ្រួសារ ដែលរងគ្រោះពីការអូសបន្លាយនៃគ្រោះរាំងស្ងួត។ ពួកគេទទួលបានការអប់រំតិចតួច ឬគ្មានការអប់រំសោះ ហើយធ្វើដំណើរយ៉ាងតិច៥០គីឡូម៉ែត្រ ទៅកាន់ទីប្រជុំជន ធ្វើការក្នុងលក្ខខណ្ឌគ្មានសុវត្ថិភាព ឆ្ងាយពីផ្ទះសម្បែង។
ស្ត្រីជាម្តាយម្នាក់អាយុ២៤ឆ្នាំ បានប្រាប់គណៈកម្មាធិការជួយសង្គ្រោះអន្តរជាតិ ហៅកាត់ IRC ថា៖ «ចាប់តាំងពីខ្ញុំត្រូវបានគេចាប់រំលោភមក ខ្ញុំក៏ប្រកបរបរពេស្យាចារ ពីព្រោះខ្ញុំមើលឃើញថា វាជាអ្វីដែលគ្រួសារខ្ញុំអាចពឹងពាក់បាន។ វាមិនមែនជាការងារល្អនោះទេ ប៉ុន្តែតម្រូវការសម្រាប់មើលថែទាំកូនទាំងនេះហើយ ដែលបានបង្ខំខ្ញុំឲ្យធ្វើការងារនេះ ពីព្រោះថា ខ្ញុំមិនអាចរត់រកអ្វីផ្សេងមកជួយបានឡើយ»។
អង្គការ IRCបានធ្វើការនៅក្នុងស្រុក Turkana ជាតំបន់មួយនៃភូមិភាគពាយ័ព្យប្រទេសកេនយ៉ា ដែលមានមនុស្សចំនួន ២៧៦.០០០នាក់ កំពុងត្រូវការជំនួយស្បៀង។ អ្នកស្រី Mercy Lwambi អ្នកគ្រប់គ្រងកម្មវិធីការពារនិងផ្ដល់អំណាចដល់ស្ត្រីនៃអង្គការ IRC បានឲ្យដឹងថា ស្រុក Turkana ដែលមានព្រំដែនជាប់នឹងប្រទេសអ៊ូហ្គាន់ដា (Uganda) និងស៊ូដង់ខាងត្បូង មានអត្រាឆ្លងមេរោគអេដស៍ខ្ពស់បំផុតទី២ នៅក្នុងប្រទេសកេនយ៉ា។
ផលប៉ះពាល់នៃគ្រោះរាំងស្ងួតនៅតាមសហគមន៍ដាច់ស្រយាល ដូចជាស្រុក Turnana អាចនឹងមានស្ថានភាពធ្ងន់ធ្ងរខ្លាំង។ បន្ថែមទៅលើការឡើងថ្លៃម្ហូបអាហារ គ្រួសារនៅតាមទីជនបទ ក៏កំពុងជួបនឹងបញ្ហាសត្វចិញ្ចឹមងាប់ រួមទាំងការថយចុះនៃទន្និផលដំណាំផងដែរ។ ជាមួយនឹងការរំពឹងទុកដ៏លំបាកដើម្បីរស់រានមានជីវិត និងតម្រូវការដ៏ធ្ងន់មួយដើម្បីរកប្រាក់កម្រៃ ក្មេងស្រីជាច្រើននាក់ បានធ្លាក់ខ្លួនរៀបការទាំងវ័យក្មេង ធ្វើការងារកម្លាំងពលកម្មទាំងនៅក្មេង និងត្រូវបានបង្ខំឲ្យបម្រើសេវាពេស្យាចារ។
ការរំលោភបំពានពេញទំហឹង
ខណៈគ្រោះរាំងស្ងួតដ៏អាក្រក់នេះនៅតែអូសបន្លាយ របររកស៊ីផ្លូវភេទដើម្បីតែបានរស់ បានរីកដុះដាល។ អ្នករកស៊ីផ្លូវភេទវ័យក្មេង នៅស្រុក Turkana អាចរកចំណូលបានលុយ ៥០ shillings ឬប្រហែល ២០០០រៀល សម្រាប់ការផ្តល់សេវាផ្លូវភេទឲ្យអតិថិជនម្នាក់។ ប៉ុន្តែ វាមិនមែនជារឿងចម្លែកទេ ដែលពេលខ្លះគ្មានការឲ្យលុយ ឬក៏មានការលួចលុយពីក្រុមក្មេងស្រីទាំងនោះ។
អ្នកស្រី Lwambi និយាយថា៖ «ភាគច្រើន ក្រុមភ្ញៀវទាំងនោះបានលួចលុយដ៏តិចតួច ដែលភ្ញៀវខ្លះឲ្យទៅក្មេងស្រីទាំងនោះ។ និយាយទៅ ភ្ញៀវឲ្យលុយសម្រាប់សេវា តែពួកគេក៏វាយក្មេងស្រី ឬក៏យកលុយវិញដែរ ឬពេលខ្លះបង្អកគ្រឿងស្រវឹងដើម្បីរួមភេទដោយមិនបាច់ឲ្យលុយក៏មាន»។
ដោយគ្មានប្រព័ន្ធឧបត្ថម្ភគាំទ្រ ក្មេងស្រីទាំងនោះផុងខ្លួនក្នុងរបររកស៊ីផ្លូវភេទ ដោយប្រឈមជាប្រចាំ នឹងការវាយតប់ ការរំលោភបំពានផ្លូវចិត្ត និងជំងឺឆ្លងតាមរយៈការរួមភេទ ជាពិសេសគឺមេរោគ HIV។
ក្រៅពីបញ្ហាពេស្យាចារ អង្គការ IRC ក៏បានកត់ត្រាអំពើហិង្សាផ្លូវភេទ និងការ រំលោភកុមារ ដែលការណ៍នេះគូសបញ្ជាក់ពីវិបត្តិមនុស្សធម៌បានប៉ះពាល់ដល់ក្មេងស្រីយ៉ាងដូចម្ដេចខ្លះ។
ការជួយដោយការគាំទ្រ ផ្តល់ព័ត៌មាន និងការការពារ
រហូតទាល់តែឫសគល់នៃបញ្ហានេះត្រូវបានដោះស្រាយ ទើប IRC ទទួលស្គាល់ថា ការកាត់បន្ថយអ្នកបម្រើសេវាផ្លូវភេទនេះមិនអាចកើតឡើងបាននោះទេ។ ដូច្នេះអង្គការនេះ ធ្វើការលើការគាំទ្រ ផ្តល់ព័ត៌មាន និងការការពារ។ កម្មវិធីផ្សព្វផ្សាយ រួមមានការពិនិត្យសុខភាព និងជំនួយប្រឹក្សាផ្លូវចិត្ត។
ការអប់រំអំពីការរួមភេទដោយសុវត្ថិភាព គឺជាចំណុចស្នូលនៃការងាររបស់អង្គការ IRC ហើយយុទ្ធសាស្ត្រសំខាន់មួយទៀត គឺជួយក្មេងស្រីឲ្យមើលថែក្មេងស្រីម្នាក់ទៀត។
អ្នកស្រី Lwambi និយាយថា៖ «យើងប្រាប់ពួកគេឲ្យធ្វើការជាក្រុម ប្រសិនបើពួកគេចាំបាច់ត្រូវធ្វើកិច្ចការនោះ ហើយប្រសិនបើពួកគេធ្វើវាបាន ដោយមានគ្នា២ទៅ៣នាក់ ឱកាសដែលពួកគេត្រូវភ្ញៀវទាំងនោះកេងចំណេញ ក៏ត្រូវបានកាត់បន្ថយដែរ»។
ការឆ្លើយតបដ៏យឺតយ៉ាវរបស់រដ្ឋាភិបាល
រដ្ឋាភិបាលកេនយ៉ា ត្រូវធ្វើការច្រើនជាងនេះ ដើម្បីការពារក្មេងស្រីជាច្រើននាក់ ដែលធ្លាក់ខ្លួនចូលក្នុងការប្រកបរបររកស៊ីផ្លូវភេទ។
អ្នកស្រី Lwambi និយាយថា ប្រាក់ឧបត្ថម្ភអាចត្រូវការក្នុងរយៈពេលយូរ ដើម្បីការពារប្រជាពលរដ្ឋ ដែលងាយរងគ្រោះបំផុតនៅកេនយ៉ា។ «សម្រាប់អ្នករកស៊ីផ្លូវភេទ ក្មេងស្រីដែលជាប់ពាក់ព័ន្ធនឹងរបរផ្លូវភេទនេះ យើងកំពុងស្វែងរកការគាំទ្រពីរដ្ឋាភិបាល ដើម្បីឲ្យផ្គត់ផ្គង់គ្រួសាររបស់ក្មេងស្រីទាំងនេះ ឬក៏កម្មវិធីបណ្តាញសុវត្ថិភាព ដើម្បីឲ្យពួកគេអាចមានធនធានគ្រប់គ្រាន់សម្រាប់តម្រូវការប្រចាំថ្ងៃ»។
យោងតាមការរាយការណ៍របស់សារព័ត៌មាន Quartz រដ្ឋាភិបាលកេនយ៉ា មានប្រាក់សម្រាប់ចំណាយ ប៉ុន្តែមូលនិធិនោះ មិនចាំបាច់បង្វែរទៅកម្មវិធីសង្គមទេ។ កេនយ៉ាទើបតែរៀបចំការបោះឆ្នោត ដែលចំណាយលុយច្រើនបំផុត ហើយការចំណាយលើសេវាសាធារណៈនិងឯកជន គឺខ្ពស់គ្រប់ពេលទាំងអស់។
បញ្ហាចាស់
ពេស្យាចារកុមារដែលកើតឡើងដោយសារតែភាពក្រីក្រ មិនមែនជាបញ្ហាថ្មីនៅក្នុងប្រទេសកេនយ៉ានោះទេ។
កាលពីឆ្នាំ២០០៨ មូលនិធិកុមារនៃអង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា មានក្មេងស្រី៣០ភាគរយ នៅភូមិភាគសមុទ្រនៃប្រទេសកេនយ៉ា ត្រូវបានបង្ខំឲ្យចូលបម្រើសេវាពេស្យាចារ។ ថ្មីៗនេះ គឺនៅឆ្នាំ២០១៤ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍មកថា «នៅតំបន់សំណង់អានាធិបតេយ្យដ៏ចង្អៀតនៅទីក្រុង Nairobi ក្មេងៗដែលអត់ឃ្លាន ជារឿយៗបានប្តូរខ្លួនប្រាណ ដើម្បីបានលុយកាក់តិចតួច ឬដើម្បីម្ហូបអាហារ»។
យោងតាមរបាយការណ៍ស្តីពីការជួញដូរមនុស្សរបស់ក្រសួងការបរទេសអាមេរិកឆ្នាំ២០១៧ បានឲ្យដឹងថា ការសម្របសម្រួលឲ្យមានពេស្យាចារលើកុមារ និងទេសចរណ៍ផ្លូវភេទកុមារ នៅប្រទេសកេនយ៉ា មិនត្រូវបានដាក់ទោសទេ រហូតដល់ឆ្នាំ២០០៦។
របាយការណ៍នេះបានបន្តទៀតថា «ក្មេងស្រី និងក្មេងប្រុស ត្រូវបានកេងប្រវ័ញ្ចនៅក្នុងអាជីវកម្មផ្លូវភេទ ពាសពេញប្រទេសកេនយ៉ា រួមមានទាំងទេសចរណ៍ផ្លូវភេទនៅទីក្រុង Nairobi ទីក្រុង Kisumu និងភូមិភាគតាមសមុទ្រ ជាពិសេស នៅតាមសំណង់អានាធិបតេយ្យ ហើយពេលខ្លះការកេងប្រវ័ញ្ចនេះ ធ្វើឡើងដោយសមាជិកគ្រួសាររបស់ពួកគេតែម្តង»។
ស្ថានភាពគ្រោះរាំងស្ងួតមានភាពប្រសើរឡើង
ស្ថានភាពរាំងស្ងួត បង្ហាញសញ្ញាណប្រសើរឡើង។ ព្រឹត្តិប័ត្រព្រមានទុកមុន ដែលចេញនាពេលចុងក្រោយនេះ សម្រាប់ស្រុក Turkana ដោយអាជ្ញាធរគ្រប់គ្រងគ្រោះរាំងស្ងួតថ្នាក់ជាតិនៃប្រទេសកេនយ៉ា រកឃើញថា ការធ្លាក់ភ្លៀងនាពេលថ្មីៗនេះ នឹងបង្កើនកម្ពស់ទឹកទន្លេ ធ្វើឲ្យដំណាំមានភាពប្រសើរឡើង ហើយផ្តល់អំណោយផលសម្រាប់ការចិញ្ចឹមសត្វ ហើយជារួម ព្រមទាំងធ្វើឲ្យសន្តិសុខស្បៀងប្រសើរឡើង។
បណ្ដាញប្រព័ន្ធផ្សព្វផ្សាយព័ត៌មានព្រមានជាមុននូវគ្រោះទុរភិក្ស ដែលឧបត្ថម្ភថវិកាដោយ ស.រ.អា. ព្យាករណ៍ថា ស្ថានភាពនៅក្នុងប្រទេសកេនយ៉ា នឹងផ្លាស់ប្តូរទៅកម្រិតអប្បរមា ហើយសង្កត់ធ្ងន់អំពីកម្រិតនៃអសន្តិសុខស្បៀង ធ្លាក់ចុះកម្រិតទាបបំផុតនៃរង្វាស់ខ្នាតនៃសន្តិសុខស្បៀង ពីខែតុលា ដល់ខែមករា។ ប៉ុន្តែ តំបន់ភាគច្រើននៃស្រុក Turkana នឹងបន្តជួបប្រទះនឹងបញ្ហាអសន្តិសុខ។
ស្របពេលជាមួយគ្នានោះ កង្វះថវិកាបានរាំងស្ទះកិច្ចការងាររបស់អង្គការមនុស្សធម៌ នៅក្នុងប្រទេសនីមួយៗ ដែលរងគ្រោះដោយគ្រោះរាំងស្ងួតដ៏អូសបន្លាយ និងអសន្តិសុខស្បៀងក្នុងកម្រិតធ្ងន់ធ្ងរ។ សម្រាប់អង្គការ IRC នេះមានន័យថា ពួកគេត្រូវតែកាត់បន្ថយគម្រោងឧបត្ថម្ភរបស់ពួកគេ និងបញ្ឈប់បុគ្គលិកមួយចំនួន។
លោក Conor Philipins នាយកប្រចាំប្រទេសនៃអង្គការ IRC ក្នុងប្រទេសកេនយ៉ា និយាយថា៖ «ម្ចាស់ជំនួយគួរតែស្ដារមូលនិធិឡើងវិញនាពេលនេះ ដើម្បីជួយក្មេងស្រីទាំងនោះឲ្យចេញពីការប្រកបអាជីវកម្មរកស៊ីផ្លូវភេទ ហើយដើម្បីឲ្យពួកគេអាចមានឱកាសប្រសើរជាងមុន ហើយមានសុវត្ថិភាពជាងមុន ក្នុងការចិញ្ចឹមគ្រួសារ និងខ្លួនឯង»៕
ប្រែសម្រួលដោយ នូវ ពៅលក្ខិណា