កម្រង​រូបភាព៖ អ្នក​ប្រតិបត្តិ​តាម​ឱវាទ​របស់​ព្រះសង្ឃ Thich Nhat Hanh ចូលរួម​ពិធី​បុណ្យ​ព្រះសព​របស់​ព្រះអង្គ

ព្រះសព​របស់​ព្រះសង្ឃ Thich Nhat Hanh ត្រូវបាន​សែង​ដាក់​មឈូស​នា​ថ្ងៃទី ១ នៃ​ពិធី​បុណ្យ​ព្រះសព​របស់​ព្រះអង្គ ដែល​មាន​រយៈពេល ៧ ថ្ងៃ នៅ​វត្ត Tu Hieu ក្នុង​ក្រុង Hue នៃ​ខេត្ត Thua Thien Hue ប្រទេស​វៀតណាម។ ព្រះអង្គ​គឺជា​អ្នក​ផ្ដល់​ឱវាទ​ទូន្មាន​អំពី​ទស្សនៈវិជ្ជា​ព្រះពុទ្ធសាសនា​ដែល​បាន​បង្រៀន​ពិភពលោក​អំពី​សារៈសំខាន់​នៃ​ភាព​ស្ងប់​ក្នុង​ចិត្ត។ ព្រះអង្គ​បាន​សុគត​កាលពី​ថ្ងៃ​ទី ២២ ខែ​មករា​កន្លងទៅ​ក្នុង​ព្រះជន្មាយុ ៩៥ ព្រះវស្សា។ ព្រះអង្គ​មាន​កំណើត​នៅ​ក្រុង Hue ប្រទេស​វៀតណាម និង​បាន​បួស​ជា​ព្រះសង្ឃ​កាលពី​ព្រះអង្គ​មាន​ព្រះជន្មាយុ ១៦ ព្រះវស្សា។ ក្រោយ​ពិធី​បុណ្យ​ព្រះសព​បាន​បញ្ចប់​ទៅ ព្រះសព​របស់​ព្រះអង្គ​​ត្រូវ​បាន​បូជា ហើយ​ធាតុ​របស់​ព្រះអង្គ​នឹង​ត្រូវ​យក​ទៅ​តម្កល់​នៅ​តាម​ទី​វត្ត​អារាម​នានា​នៅលើ​ពិភពលោក ដែល​មាន​ទំនាក់ទំនង​ផ្លូវការ​ជាមួយ​វត្ត Plum Village ដែល​ព្រះអង្គ​បាន​បង្កើត​នៅ​ប្រទេស​បារាំង។

ពិធី​បុណ្យ​ព្រះ​សព​របស់​ព្រះអង្គ Thich Nhat Hanh មាន​ការ​ចូលរួម​ពី​អ្នក​ប្រតិបត្តិ​តាម​ឱវាទ​របស់​ព្រះអង្គ​រាប់ពាន់​នាក់​មកពី​ប្រទេស​វៀតណាម​និង​ជុំវិញ​ពិភពលោក។ ពិធី​នេះ​មាន​រយៈពេល ៧ ថ្ងៃ ដែល​អ្នក​ចូលរួម​ត្រូវ​ធ្វើ​សមាធិ និង​ដើរ​សមាធិ តាម​កាលវិភាគ​ដ៏​ច្បាស់លាស់​មួយ។ អ្នក​ប្រតិបត្ត​តាម​ឱវាទ​របស់​ព្រះអង្គ Thich Nhat Hanh ដែល​មកពី​វត្ត Plum Village ដែល​មាន​ទីតាំង​នៅ​ជុំវិញ​ពិភពលោក ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ពិធី​រំឭក​វិញ្ញាណក្ខន្ធ​បែប​សមាធិ​នេះ ដែល​ហៅថា «ការ​គោរព​វិញ្ញាណក្ខន្ធ​ក្នុង​ចិត្ត​ដោយ​ស្ងប់ស្ងាត់» ដើម្បី​ថែរក្សា​កេរតំណែល​នៃ​ការ​ប្រៀន​ប្រដៅ​របស់​ព្រះអង្គ​ឲ្យ​នៅ​គង់វង្ស ក្រោយ​ពេល​ដែល​ព្រះអង្គ​បាន​ធ្វើ​អនិច្ចធម្ម​ទៅ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង New York សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី ១៦ ខែ​ឧសភា ឆ្នាំ ១៩៦៦ ព្រះសង្ឃ Thich Nhat Hanh មាន​សង្ឃ​ដីកា​ថា កសិករ​វៀតណាម​មិន​ជឿ​ថា ប្រធានាធិបតី​អាមេរិក​លោក Lyndon Johnson ពិតជា​ចង់​បង្កើត​សន្តិភាព​ជាមួយ​វៀតណាម​ឡើយ។ នៅ​ពេល​នោះ ព្រះអង្គ Thich Nhat Hanh គឺជា​អ្នក​គ្រប់គ្រង​អត្ថបទ​ផ្សាយ​នៃ​ទស្សនាវដ្ដី Buddhist Weekly និង​ជា​ព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យ​សិក្សា​សង្គម​នៃ​ពុទ្ធិក​សាកលវិទ្យាល័យ Van Hanh ក្នុង​ទីក្រុង​សៃហ្គន (ទីក្រុង​ហូជីមិញ​បច្ចុប្បន្ន)។ ក្នុង​អំឡុង​ពេល​សន្និសីទ​សារព័ត៌មាន​នៅពេល​នោះ ព្រះអង្គ​បាន​មាន​សង្ឃ​ដីកា​បន្ថែម​ថា ការ​បញ្ចប់​សង្គ្រាម​បាន​ក្លាយជា «សេចក្ដី​ប្រាថ្នា​ដ៏​សំខាន់​បំផុត​របស់​ប្រជាពលរដ្ឋ​វៀតណាម»។ ព្រះអង្គ​បាន​មាន​សង្ឃដីកា​ថា ព្រះអង្គ​ជឿ​ថា កសិករ​វៀតណាម​ស្លូតត្រង់​ដែល​ត្រូវបាន​សម្លាប់​ដោយ​ទាហាន​អាមេរិក «មាន​ចំនួន​ច្រើន​ជាង​ទាហាន​វៀតកុង​ទៅទៀត»។

កាលពី​ថ្ងៃ​ទី ៣១ ខែ​ឧសភា ឆ្នាំ ១៩៦៦ ក្នុង​អំឡុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង Chicago ដែល​ធ្វើ​ឡើង​ជាមួយ​ព្រះសង្ឃ Thich Nhat Hanh លោក Marthin Luther King Jr. (ឆ្វេង) បាន​ស្នើ​ឲ្យ​មាន​ការ​បញ្ឈប់​ការ​ទម្លាក់​គ្រាប់បែក​នៅ​ប្រទេស​វៀតណាម។ នាពេល​នោះ ព្រះអង្គ Thich Nhat Hanh បាន​ធ្វើដំណើរ​ជុំវិញ​សហរដ្ឋ​អាមេរិក​ក្នុង​យុទ្ធនាការ​ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិក​បញ្ចប់​សង្គ្រាម​នៅ​វៀតណាម។ នៅ​ឆ្នាំ​ដដែល​នោះ លោក Marthin Luther King Jr. បាន​ស្នើ​ឲ្យ​មាន​ការ​ផ្ដល់​ពាន​រង្វាន់​ណូបែល​សន្តិភាព​ដល់​ព្រះអង្គ Thich Nhat Hanh។ ពាន​រង្វាន់​កិត្តិយស​នេះ​បាន​ធ្វើ​ឲ្យ​ព្រះអង្គ​និរទេស​ព្រះកាយ​ពី​ប្រទេស​វៀតណាម​ទៅ​រស់នៅ​ក្នុង​ប្រទេស​បារាំង​អស់​រយៈពេល ៣៩ ឆ្នាំ។

ព្រះសង្ឃ Thich Nhat Hanh កំពុង​ដឹកនាំ​ការ​ដើរ​សមាធិ​មួយ​នៅ​វត្ត Plum Village កាលពី​ឆ្នាំ ២០០២ ក្នុង​ខួប ២០ ឆ្នាំ​នៃ​ការ​បង្កើត​វត្ត​នេះ​ឡើង។ ក្រោយពី​និរទេស​ខ្លួន​ចេញ​ពី​ប្រទេស​វៀតណាម ព្រះអង្គ​បាន​បង្កើត​វត្ត Plum Village នេះ នៅ​ឆ្នាំ ១៩៨២ នៅ​លើ​ដី​មួយ​កន្លែង​ក្បែរ​ទីក្រុង Bordeaux ភាគ​និរតី​ប្រទេស​បារាំង។ វត្ត​នេះ​ជា​ទី​កន្លែង​ដែល​ព្រះអង្គ​បាន​ចាប់ផ្តើម​ទេសនា​ទូន្មាន​អំពី​ទស្សនៈ​នៃ​ភាព​ស្ងប់​ក្នុង​ចិត្ត ដែល​ជា​ទស្សនៈ​មាន​ការ​យល់​ដឹង​នៅ​ជុំវិញ​ពិភពលោក​នៅ​ពេល​បច្ចុប្បន្ន​នេះ។ វត្ត Plum Village បាន​ក្លាយជា «វត្ត​ព្រះពុទ្ធ​សាសនា​ដ៏​ធំ​និង​សកម្ម​បំផុត​មួយ​នៅ​បស្ចិមលោក» ដោយ​បាន​ទាក់ទាញ​អ្នក​ប្រតិបត្តិ​តាម​រាប់​ពាន់​នាក់​នៅ​ជុំវិញ​ពិភពលោក​ជា​រៀងរាល់​ឆ្នាំ​ឲ្យ​មក​ប្រតិបត្តិ​ភាព​ស្ងប់​ក្នុង​ចិត្ត។

ព្រះ​សង្ឃ Thich Nhat Hanh អង្គុយ​ជាមួយ​ក្មេងៗ​មកពី​ប្រទេស​ហ៊្សកដានី​កាលពី​ខែ​សីហា ឆ្នាំ ២០០៤ នៅ​វត្ត Plum Village ដែល​ព្រះអង្គ​បាន​បង្កើត​ឡើង។ វត្ត​នេះ​ត្រូវបាន​គេ​ទទួល​ស្គាល់​ដោយសារ​វត្ត​នេះ​បាន​ប្រឹងប្រែង​សម្រួល​ឲ្យ​មាន​ការ​ពិភាក្សា​គ្នា​រវាង​ជាតិ​សាសន៍​ជ្វីហ្វ​និង​ជាតិ​សាសន៍​អារ៉ាប់​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល។ តាម​រយៈ​កិច្ច​ប្រឹងប្រែង​នេះ ព្រះអង្គ Thich Nhat Hanh បាន​បន្ត​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ប្រឆាំង​សង្គ្រាម ទោះ​ក្រោយ​វៀតណាម​បាន​បញ្ចប់​សង្គ្រាម​នៅ​ឆ្នាំ ១៩៧៥ ក្តី។ ជាង​នេះ​ទៀត នៅ​ក្រោយ​ហេតុការណ៍​ភេរវកម្ម​ថ្ងៃ​ទី ១១ ខែ​កញ្ញា លើ​សហរដ្ឋ​អាមេរិក ព្រះអង្គ​បាន​ក្លាយជា​អ្នក​ប្រឆាំង​ដ៏​សកម្ម​នឹង​ការ​លុកលុយ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន និង​អ៊ីរ៉ាក់។

ព្រះសង្ឃ Thich Nhat Hanh ឆ្លើយ​សំណួរ​របស់​អ្នក​សារព័ត៌មាន​នៅ​វត្ត Bo De ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ខែ​មករា ឆ្នាំ ២០០៥ ដែល​ជា​ពេល​ដែល​ព្រះអង្គ​បាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅកាន់​ប្រទេស​វៀតណាម​ជា​លើក​ដំបូង បន្ទាប់ពី​បាន​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង។ ព្រះអង្គ​បាន​ដឹកនាំ​គណៈប្រតិភូ​ដែល​ជា​អ្នក​ប្រតិបត្តិ​តាម​ព្រះអង្គ​ប្រហែល ២០០ នាក់ មកពី​ប្រទេស​បារាំង​និង​សហរដ្ឋ​អាមេរិក នៅ​ក្នុង​ប្រទេស​វៀតណាម​រយៈពេល ៣ ខែ។ ក្រោយមក ព្រះអង្គ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​វៀតណាម​ចំនួន ៤ លើក​ទៀត។

នៅ​ឆ្នាំ ២០០៧ ព្រះសង្ឃ Thich Nhat Hanh ដឹកនាំ​ពិធី​ទេសនា​រំឭក​វិញ្ញាណក្ខន្ធ​រយៈពេល ៣ ថ្ងៃ សម្រាប់​អ្នក​ដែល​ត្រូវបាន​សម្លាប់​ក្នុង​សង្គ្រាម​វៀតណាម នៅ​វត្ត​មួយ​កន្លែង​ក្នុង​ទីក្រុង​ហូជីមិញ។ ក្នុង​អំឡុង​ពេលនោះ ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម​បាន​ស្វាគមន៍​សកម្មភាព​របស់​ព្រះអង្គ។ ក៏ប៉ុន្តែ នៅ​ឆ្នាំ ២០០៨ រដ្ឋាភិបាល​វៀតណាម​មិន​ពេញចិត្ត​នឹង​សកម្មភាព​របស់​ព្រះអង្គ ហើយ​រដ្ឋបាល​មូលដ្ឋាន​នៃ​ខេត្ត Lam Dong បាន​បង្ក្រាប​សកម្មភាព​ជួបជុំ​គ្នា​របស់​អ្នក​ប្រតិបត្តិ​តាម​ព្រះអង្គ​នៅ​វត្ត Bat Nha ហើយ​ពួកគេ​ជាច្រើន​បាន​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ។

ព្រះសង្ឃ Thich Nhat Hanh មាន​សង្ឃដីកា​ក្នុង​អំឡុងពេល​សន្និសីទ​អន្តរជាតិ​លើក​ទី ៤ ស្តីពី​ព្រះពុទ្ធ​សាសនា ក្នុង​ពិធី​វិសាខបូជា នៅ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ខែ​ឧសភា ឆ្នាំ ២០០៧។ ពិធី​វិសាខបូជា​ប្រារព្ធ​ធ្វើឡើង​ដើម្បី​រំឭក​ដល់​កំណើត ដំណើរ​ត្រាស់ដឹង និង​បរិនិព្វាន​របស់​ព្រះពុទ្ធ។ ក្នុង​អំឡុង​ពេល​ព្រះអង្គ​មាន​ព្រះជន្មាយុ ព្រះអង្គ Thich Nhat Hanh បាន​បង្រៀន​នៅ​សាកល​វិទ្យាល័យ Columbia និង​សាកលវិទ្យាល័យ Princeton នៅក្នុង​សហរដ្ឋ​អាមេរិក។ កាលពី​ខែ​តុលា ឆ្នាំ ២០០៦ ព្រះអង្គ​ត្រូវបាន​អញ្ជើញ​ឲ្យ​មាន​សង្ឃដីកា​នៅ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​យូណេស្កូ (UNESCO) ដែល​នៅ​ពេល​នោះ ព្រះអង្គ​បាន​ស្នើ​ឲ្យ​មាន​វិធានការ​ច្បាស់លាស់​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា សង្គ្រាម និង​ការ​ប្រែប្រួល​អាកាសធាតុ។ កាលពី​ឆ្នាំ ២០១៣ ព្រះអង្គ​បាន​ដឹកនាំ​ព្រឹត្តិការណ៍​ស្តីពី​ភាព​ស្ងប់​ក្នុង​ចិត្ត​នៅ​ក្រុមហ៊ុន Google នៅ​ធនាគារ​ពិភពលោក និង​នៅ​មហាវិទ្យាល័យ​សុខាភិបាល​នៃ​សាកល​វិទ្យាល័យ Harvard នៅ​សហរដ្ឋ​អាមេរិក។

អគ្គ​លេខាធិការ​គណបក្ស​សមាជ​ឥណ្ឌា (Indian National Congress Party) លោក Rahul Gandhi ស្តាប់​ព្រះអង្គ Thich Nhat Hanh មាន​សង្ឃ​ដីកា​ក្នុង​អំឡុងពេល​កម្មវិធី​សិក្សា​មួយ​ស្តី​អំពី​ការ​ដឹកនាំ​ដោយ​ភាព​ក្លាហាន​និង​សេចក្តី​មេត្តា នៅក្នុង​ទីក្រុង​ញូវដែលី ប្រទេស​ឥណ្ឌា កាលពី​ខែ​តុលា ឆ្នាំ ២០១៨ ។ គិត​ត្រឹម​ពេល​នោះ ព្រះអង្គ Thich Nhat Hanh បាន​បោះពុម្ព​សៀវភៅ​ជាង ១២០ ក្បាល ដែល​ភាគច្រើន​ត្រូវបាន​បកប្រែ​ទៅ​ភាសា​ជាច្រើន។ នៅ​សហរដ្ឋ​អាមេរិក សៀវភៅ​នានា​របស់​ព្រះអង្គ​ត្រូវ​បាន​លក់​អស់​ជាង ៣ លាន​ក្បាល។

កាលពី​ឆ្នាំ ២០១៨ ព្រះសង្ឃ Thich Nhat Hanh បាន​វិល​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ ដើម្បី​សម្រេច​តាម​ក្តី​ប្រាថ្នា​របស់​ព្រះអង្គ​នៅក្នុង «ការ​ចំណាយ​ពេល​រស់នៅ​ក្នុង​ប្រទេស​កំណើត​របស់​ព្រះអង្គ​រហូត​ដល់​ថ្ងៃ​ចុង​ក្រោយ​នៃ​ជីវិត​របស់​ព្រះអង្គ»។ ព្រះអង្គ​បាន​ចំណាយ​ពេល ៣ ឆ្នាំ ៣ ខែ​ចុងក្រោយ​នៃ​ជីវិត​របស់​ព្រះអង្គ​រស់នៅ​ក្នុង​វត្ត Tu Hieu ដែល​ជា​ទីកន្លែង​ដំបូង​ដែល​ព្រះអង្គ​បាន​បួស​ជា​ព្រះសង្ឃ និង​បាន​ចាប់ផ្តើម​ដំណើរ​ផ្ដល់​ឱវាទ​ទូន្មាន​អំពី​ភាព​ស្ងប់​ក្នុង​ចិត្ត​ដល់​មនុស្ស​នៅ​ជុំវិញ​ពិភពលោក និង​ការ​តស៊ូ​មតិ​ឲ្យ​មាន​សន្តិភាព។ បន្ទាប់ពី​ឆ្លង​ផុត​ពី​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល​កាលពី​ឆ្នាំ ២០១៤ មក ព្រះអង្គ Thich Nhat Hanh បាន​ទទួល​ការ​ព្យាបាល​ពី​មន្ទីរពេទ្យ​នៅ​ក្នុង​រដ្ឋ California សហរដ្ឋ​អាមេរិក និង​សម្រាក​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ មុន​នឹង​សម្រេច​ក្តី​ប្រាថ្នា​របស់​ព្រះអង្គ​ដោយ​វិល​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​ដែល​ជា​ប្រទេស​កំណើត​របស់​ព្រះអង្គ​វិញ។