កុមារកម្ពុជា៥នាក់ស្លាប់ដោយសារលង់ទឹកជារៀងរាល់ថ្ងៃ

រូបឯកសារ៖ ក្មេងៗ​​លេង​នៅ​តាម​ផ្លូវ​ដែល​ជន់លិច ដោយសារ​ទឹកជំនន់​ពី​ស្ទឹង​ព្រែកត្នោត នៅក្នុង​ភូមិពាម សង្កាត់​ព្រៃស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។ (លាស់ លីបលីប/វីអូអេ)

កុមារ​កម្ពុជា​ជា​មធ្យម ៥ ​នាក់ ​បាន​ស្លាប់​ដោយ​សារ​ការ​លង់​ទឹក​ក្នុង​មួយ​ថ្ងៃ ​ខណៈ​ការ​លង់​ទឹក​នៅ​តែ​ជា​មូលហេតុ​ចម្បង​ដែល​ឆក់​យកជីវិត​មនុស្សក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​និង​ក្រីក្រ។ ​នេះ​បើ​តាម​អង្គការ​យូនីសេហ្វ​កម្ពុជា​ (UNICEF Cambodia)។​

អង្គការ​យូនីសេហ្វ​កម្ពុជា​ដែល​ធ្វើ​ការ​ទាក់​ទង​នឹង​បញ្ហា​កុមារ​បាន​បង្ហោះ​សារ​ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ២៤ ​ខែ​កុម្ភៈ ​ឆ្នាំ​ ២០២៤ ​ដោយ​លើក​ឡើង​ថា​ ការ​លង់​ទឹក​គឺជា​បញ្ហា​មួយ​ដែល​គំរាម​កំហែង​ដល់​ជីវិត​របស់​កុមារ​អាយុ​ពី ​៥​ ទៅ​ ១៤​ឆ្នាំ ​នៅ​តំបន់​អាស៊ី​ខាងកើត​និង​ប៉ាស៊ីហ្វិក។​

លោក ​អានៀរបាន ឆាតឺរជី ​(Anirban Chatterjee) ​នាយក​ស្តីទី​របស់​អង្គការ​យូនីសេហ្វ​កម្ពុជា ​ប្រាប់​វីអូអេកាលពី​ថ្ងៃ​ពុធ​ តាម​សារ​អេឡិច​ត្រូនិច​អ៊ីមែល​ថា ​ហានិភ័យ​ដែល​បណ្ដាល​ឱ្យ​កុមារ​ស្លាប់​ដោយ​សារ​ការ​លង់​ទឹក​ ភាគ​ច្រើន​តែង​កើត​ឡើង​នា​រដូវ​ក្ដៅ​ និង​រដូវទឹក​ជំនន់។​ លោក​ថា​ កត្តា​ទាំង​នោះ​កើត​ឡើង​ដោយសារកង្វះ​ជំនាញ​ហែល​ទឹក​ ការ​ធ្វេស​ប្រហែស​របស់​អាណា​ព្យាបាល​ក្នុង​ការ​មើល​ថែ​កុមារ ​និង​ការ​យល់​ដឹង​អំពី​គ្រោះ​ថ្នាក់​ និង​កុមារ​លេង​ជិត​ប្រភព​ដោយ​គ្មាន​របាំង​ការពារ​ រួម​ផ្សំ​នឹង​បញ្ហា​ការ​ប្រែ​ប្រួល​អាកាស​ធាតុដែល​បណ្តាល​ឱ្យ​មាន​ទឹក​ជំនន់​ញឹក​ញាប់​ផង​ដែរ។​

លោកបន្ថែមជា​ភាសា​អង់គ្លេស ​និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសាខ្មែរថា៖​ «កុមារ​ប្រឈម​នឹង​ការ​លង់​ទឹក ​ដោយ​សារ​ពួក​គេ​តែង​លេង​នៅ​ក្បែរ​ប្រភព​ទឹក ​ដែល​មិនមាន​ការ​ត្រួត​ពិនិត្យ​ ឬ​ការពារ​ដោយ​របាំង។ ​វា​បង្ក​ហានិភ័យ​ខ្ពស់​ចំពោះ​កុមារ​តូចៗ ​ដែល​មិន​មាន​ជំនាញ​ ឬ​ការ​យល់​ដឹង​ដើម្បី​ចៀស​វាង​គេច​ផុត​ពី​គ្រោះថ្នាក់​ដែល​បង្ក​ដោយ​ទឹក ​ជាពិសេស​ក្នុង​អំឡុង​ពេល​ដែល​អាកាស​ធាតុ​ក្តៅ ​ឬ​ទឹក​ជំនន់។ ​ដូច្នេះ​ ការ​អប់រំ​កុមារ ​និង​អ្នក​ថែទាំ​របស់​ពួក​គេ​អំពី​សុវត្ថិភាព​ទឹក​ និង​ការ​ការពារ​ការ​លង់​ទឹក ​គឺ​ជា​រឿង​សំខាន់»។​

នាយក​ស្តីទី​របស់​យូនីសេហ្វ​រូប​នេះ​បន្ថែមដោយ​យោង​តាម​របាយ​ការណ៍​របស់​អង្គការ​សុខភាព​ពិភព​លោក​ថា ​បើធៀបតួលេខ​នៃ​ការ​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ផ្សេងៗ តួលេខ​របស់​កុមារ​អាយុ​ចន្លោះ​ពី​ ១​ឆ្នាំ​ ទៅ ​៤ឆ្នាំស្លាប់​ដោយសារ​លង់​ទឹក ​មាន​ចំនួន​ច្រើន​ជាង។ ​ជាទូទៅ​ លទ្ធផល​ក្រោយ​ការ​លង់​ទឹក​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ភាគ​ច្រើន​តែង​ស្លាប់ ​ឬ​អាច​មាន​ជីវិត​មក​វិញ ​តែ​រស់​ដោយ​មាន​របួស ​ឬ​ពិការ ​និង​អាច​រស់​រាន​មាន​ជីវិត​បាន​ ប្រសិន​បើ​ជួយ​សង្រ្គោះ​ត្រឹម​ត្រូវ​និង​ទាន់​ពេល​វេលា។ ​នេះ​បើ​តាម​អង្គការ​ Swim ​កម្ពុជា។​

លោក ​តូច ចាន់នី ​អ្នក​នាំពាក្យ​ក្រសួង​សង្គម​កិច្ច ​ប្រាប់​វីអូអេ​ថា ​លោក​មិន​ទាន់​ទទួល​បាន​របាយ​ការណ៍​ទាក់ទង​នឹង​ចំនួន​កុមារស្លាប់​ដោយ​សារ​ការ​លង់​ទឹក​ក្នុង​ឆ្នាំ​ ២០២៣ ​នៅ​ឡើយ​ទេ។ ​លោក​បន្ត​ថា ​កន្លង​មក​ក្រសួង​ធ្លាប់​អនុវត្ត​យន្ដការ​ចុះ​អប់រំ​ណែនាំ​អំពី​គ្រោះ​ថ្នាក់​ដែល​បង្ក​ឱ្យ​មាន​ការ​លង់​ទឹក​ ដល់​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​តំបន់​មាន​ប្រភព​ទឹក។

លោក ​តូច ចាន់នី ​ថ្លែង​ថា៖ ​«កន្លង​មក​ បញ្ហា​នឹង​យើង​មិនមែន​ទុក​ចោល​ មិន​ដោះ​ស្រាយ​នោះ​ទេ។ ​ការណ៍​ពិត​យើង​បាន​ណែនាំ ​ពិសេស​អប់រំ​ទៅ​តាម​សហគមន៍ ​ឪពុក​ម្ដាយ​ផ្ទាល់​នៅ​តាម​សហគមន៍​ ក្មេងៗ​ដែល​គាត់​ទៅ​លេង​ទឹក​ ពិសេស​នៅ​កន្លែង​ដែល​មាន​បញ្ហា​ប្រឈម​គឺ​តាម​សហគមន៍។ ​ក្រសួង​បាន​ណែនាំ​ ដល់​ពេល​រដូវ​វស្សា ​រដូវ​ទឹក​ជំនន់​មក ​តែង​មាន​ការ​ណែនាំ​ឱ្យ​ឪពុក​ម្ដាយ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ក្មេង​ ចំពោះ​កូន​ខ្លួន​ឯង»។​

ចំណែក​អ្នក​នាំពាក្យ​ក្រសួង​អប់រំ ​អ្នកស្រី ​ឃួន វិច្ឆិកា ​ប្រាប់​វីអូអេ​ថា ​ចំពោះ​បញ្ហា​នេះ​ក្រសួង​អប់រំ​តែង​ពិនិត្យ​មើល​ទៅ​លើបញ្ហា​នេះ ​ដោយ​ក្រសួង​តែង​មាន​វិធានការ​អប់រំ​ណែនាំ​ដល់​គ្រូ​បង្រៀន​ទាំង​អស់​ ត្រូវ​អប់រំ​ផ្សព្វផ្សាយ​បន្ត​ដល់​សិស្សានុសិស្ស​ឱ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​លង់​ទឹក ​និង​វិធី​សាស្រ្ដ​បឋម​ក្នុង​ការ​ជួយ​សង្រ្គោះ។​

អ្នកស្រី​ថ្លែង​ថា៖ ​«ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​តែង​ធ្វើ​ការ​ជិត​ស្និទ្ធ​ជាមួយ​កាកបាទ​ក្រហម​កម្ពុជា​ដើម្បី​ធ្វើ​ការ​បណ្ដុះ​បណ្ដាល​ផ្នែក​សង្គ្រោះ​បឋម​ជូន​ទៅ​ដល់​គណៈ​គ្រប់​គ្រង ​លោកគ្រូ​អ្នក​គ្រូ ​ដែល​ដំណើរ​ការ​នេះ​បាន​រៀប​ចំ​ជា​បណ្ដើរៗ ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យលោក​គ្រូ​អ្នកគ្រូ​មាន​សមត្ថ​ភាព​ក្នុង​ការ​ជួយ​សង្គ្រោះ​បន្ទាន់​នេះ»។​

អ្នកស្រី​បន្ត​ថា ​ដើម្បី​ទប់​ស្កាត់​បញ្ហា​លិច​ទឹក​ និង​សុវត្ថិ​ភាព​កុមារ​នៅ​ក្នុង​អំឡុង​ពេល​រដូវ​វស្សា​ជាពិសេស​ចំពោះ​សាលា​រៀន​ដែល​នៅ​ម្តុំ​បឹង​ទន្លេសាប ​ក្រសួង​អប់រំ​បាន​ផ្លាស់​ប្ដូរ​កាល​បរិច្ឆេទ​ចូល​រៀន​ពី​ខែ​កញ្ញា​ ទៅ​ខែ​វិច្ឆិកា​ ដោយ​សារ​តែ​បញ្ហា​កូវីដ។ ​អ្នកស្រី​ថា ​បច្ចុប្បន្ន​ក្រសួង​កំពុង​រំកិល​កាល​បរិចេ្ឆទ​ចូល​រៀន​ឱ្យ​ត្រឡប់​មក​សភាព​ដើម​វិញ ​សម្រាប់​ដាក់​ឱ្យ​សិស្ស​ចូល​រៀន​ក្នុង​ខែ​មករា ​ដើម្បី​ធានា​ថា ​មិនមាន​បញ្ហា​ប្រឈម​ការ​លិច​ទឹក​នៅ​ពេល​សិក្សា។​

ក្នុង​រយៈ​ពេល​ពីរ​ខែ​នៃ​ដើម​ឆ្នាំ​ ២០២៣ ​ករណី​លង់​ទឹក​ជា​ច្រើន​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក។ ​ក្នុង​នោះ ​យ៉ាង​ហោច​ណាស់​កុមារ​ចំនួន ​១៦ ​នាក់​ត្រូវ​បាន​រាយ​ការណ៍​ថា​ស្លាប់​ដោយ​សារ​លង់ទឹក។ ​នេះ​មិន​រាប់​បញ្ចូល​ករណី​មនុស្ស​ធំ​លង់​ទឹក​ស្លាប់ ​និង​ករណី​មិន​ត្រូវ​បាន​រាយ​ការណ៍នោះ​ទេ៕​