ក្រុមហ៊ុនវាយតម្លៃហិរញ្ញវត្ថុឥណទាន Fitch Ratings បានវាយតម្លៃគុណភាពឥណទានសហរដ្ឋអាមេរិក ថាមានហានិភ័យអាចធ្លាក់កម្រិត ពីព្រោះរដ្ឋាភិបាលអាមេរិកអាចនឹងមិនឈានដល់ការព្រមព្រៀងគ្នាមួយ ដើម្បីបង្កើនការកម្រិតបំណុលរបស់ខ្លួន ហើយមិនអាចសងបំណុលរបស់ខ្លួនបាន។
Fitch បាននិយាយកាលពីថ្ងៃពុធថាខ្លួន«នៅតែរំពឹងថានឹងមានដំណោះស្រាយមួយ» តែមានហានិភ័យកាន់តែខ្លាំងថាការកម្រិតបំណុលនឹងមិនត្រូវបានបង្កើនទាន់ពេលវេលាទេ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោកស្រី Janet Yellen បាននិយាយថា រដ្ឋាភិបាលអាចអស់ប្រាក់ដើម្បីបំពេញកាតព្វកិច្ចខ្លួន ដូចជាការបង់ការប្រាក់លើមូលបណ្ណរដ្ឋាភិបាល ប្រាក់បៀវត្សរ៍ក្រុមបុគ្គលិកសហព័ន្ធ និងពួកអ្នកធ្វើការតាមកិច្ចសន្យាជាមួយរដ្ឋាភិបាល និងប្រាក់សោធននិវត្តន៍ នៅថ្ងៃទី១ខែមិថុនាខាងមុខនេះ។
សេចក្តីថ្លែងការណ៍មួយរបស់ក្រសួងហិរញ្ញវត្ថុកាលពីយប់ថ្ងៃពុធបាននិយាយថា ការព្រមានរបស់ Fitch «គូសបញ្ជាក់ពីសេចក្តីត្រូវការឱ្យមានសកម្មភាពរបស់គណបក្សទាំងពីរក្នុងសភាដើម្បីបង្កើនឬផ្អាកការកម្រិតបំណុលនិងបញ្ចៀសកុំឱ្យសេដ្ឋកិច្ចយើងមានវិបត្តិ»។
សេចក្តីថ្លែងការណ៍មួយរបស់សេតវិមានបាននិយាយថា ចំណាត់ការនេះរបស់ Fitch «ពង្រឹងសេចក្តីត្រូវការឱ្យសភាអនុម័តឱ្យបានឆាប់រហ័សនូវកិច្ចព្រមព្រៀងសមហេតុផលមួយរវាងគណបក្សទាំងពីរសម្រាប់បញ្ចៀសកុំឱ្យមានការគ្មានប្រាក់សងបំណុល»។
ក្រុមមន្ត្រីសេតវិមានផ្នែកថវិកានិងក្រុមអ្នកចរចាខាងបក្សសាធារណរដ្ឋក្នុងរដ្ឋសភាបានជួបប្រជុំគ្នាក្នុងសប្តាហ៍នេះ ដើម្បីដោះស្រាយភាពទាល់ច្រកនេះ។ ការពិភាក្សាគ្នាមានទាក់ទិននឹងការបង្កើនការកម្រិតបំណុលនិងបន្ថយចំណាយសហព័ន្ធក្នុងពេលអនាគត។
លោក Kevin McCarthy ប្រធានរដ្ឋសភាមកពីគណបក្សសាធារណរដ្ឋបាននិយាយប្រាប់ពួកអ្នកកាសែតកាលពីថ្ងៃពុធថា ការចរចាគ្នានៅមានផលល្អ តែការចរចាទាំងនេះមិនទាន់ធ្វើឱ្យមានការព្រមព្រៀងគ្នាមួយដែលភាគីទាំងពីរមានជំនឿថាអាចធ្វើឱ្យមានការបោះឆ្នោតគាំទ្រច្រើនក្នុងរដ្ឋសភានិងព្រឹទ្ធសភានៅឡើយទេ៕