ការ​ជំនុំ​ជម្រះ​លើក​ដំបូង​​ក្រោម​ច្បាប់​សន្តិសុខជាតិ​របស់​ចិន​​ចាប់ផ្តើម​នៅ​ទីក្រុង​ហុងកុង​

រថយន្ត​របស់​ពន្ធនាគារ​​មក​ដល់​តុលាការ​កំពូល​ហុងកុង​ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២១ ក្នុង​ថ្ងៃ​ទី​១​នៃ​សវនាការ​​​​លោក Tong Ying-kit ដែល​ក្លាយជា​ជនជាប់ចោទ​ដំបូងគេ​ដែល​ត្រូវ​បាន​កាត់ទោស​ក្រោម​ច្បាប់​សន្តិសុខជាតិ​។​

បុរស​ហុងកុង​អាយុ​២៤​ឆ្នាំ​ម្នាក់​កាល​ពី​ថ្ងៃពុធ​បាន​ក្លាយជា​ជនជាប់ចោទ​ដំបូងគេ​ដែល​ត្រូវ​បាន​កាត់ទោស​ក្រោម​ច្បាប់​សន្តិសុខជាតិ​អាយុ​ជិត​មួយ​ឆ្នាំ។​ លោក​ Tong Ying-kit ​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​គាត់​បើក​ម៉ូតូ​ចូល​ទៅ​ក្នុង​ហ្វូង​ប៉ូលិស​កាល​ពី​ថ្ងៃទី​១​ខែ​កក្កដា​ឆ្នាំមុន​មួយ​ថ្ងៃ​បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ដាក់​ច្បាប់​ដ៏​តឹងរ៉ឹង​នេះ​លើ​ទីក្រុង​ពាក់​កណ្តាល​ស្វយ័ត​នេះ។​

អតីត​ចុងភៅ​ភោជនីយដ្ឋាន​នេះ​ត្រូវបាន​ចោទ​ប្រកាន់​ពី​បទ​ភេរវកម្ម​និង​ញុះញង់​ឲ្យ​មាន​អបគមន៍​ដោយ​ដាក់ទង់​នៅលើ​ម៉ូតូ​របស់​គាត់​ដែល​សរសេរ​ថា​«រំដោះ​ហុងកុង​បដិវត្ត​សម័យ​កាល​យើង»។​

នេះ​ជា​ពាក្យស្លោក​មួយ​ដែល​ត្រូវ​បាន​គេ​និយម​ប្រើ​ក្នុង​កំឡុង​ពេល​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​រដ្ឋាភិបាល​កាល​ពីឆ្នាំ​២០១៩​ដែល​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដាក់​ឲ្យ​មាន​ច្បាប់​ថ្មី​នេះ។​

លេខាធិការ​ក្រសួង​យុត្តិធម៌​ហុងកុង​បាន​បញ្ជា​ឱ្យ​ក្រុម​ប្រឹក្សា​ចៅក្រម​ពិសេស​បី​រូប​ដែល​ត្រូវ​បាន​ចាត់តាំង​កាត់​ទោស​លោក​ Tong​ គឺ​មិន​មែន​អង្គ​ចៅក្រម​អព្យាក្រឹត​ទេ​ដែល​នាំ​ឲ្យ​មាន​ការរិះគន់​ថា ​ធ្វើ​ឲ្យ​ខូច​ប្រព័ន្ធ​តុលាការ​ឯករាជ្យ​របស់​ក្រុង​ហុងកុង។​

លោក​ Tong ​ដែល​បានជាប់​ឃុំឃាំង​តាំងពី​ពេល​ចាប់​ខ្លួន​ដោយ​គ្មាន​ការ​ធានា​នោះបាន​តវ៉ា​ថា​គ្មាន​កំហុស​នៅ​ពេលចាប់​ផ្តើម​សវនាការ​នៅ​ថ្ងៃពុធ។​គាត់​អាច​ជាប់​ពន្ធនាគារ​មួយ​ជីវិត។​គាត់​ក៏កំពុង​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ដាច់​ដោយ​ឡែក​ពី​បទ​បង្ក​គ្រោះថ្នាក់​ដោយ​ការ​បើកបរ​ដែល​អាច​ជាប់​ពន្ធនាគារ​អតិបរមា​៧​ឆ្នាំ។​

អ្នក​ដែល​ត្រូវ​បាន​គេ​ជឿ​ថា​កំពុង​ធ្វើ​អំពើ​ភេរវកម្មធ្វើ​អបគមន៍​ ​ធ្វើ​វិទ្ធង្សនា​អំណាច​រដ្ឋ​ឬ​ឃុបឃិត​ជាមួយ​កម្លាំង​បរទេស​អាច​ត្រូវ​បាន​កាត់ទោស​និង​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ប្រសិន​បើ​ត្រូវ​បាន​ផ្តន្ទា​ទោស​តាម​ច្បាប់​សន្តិសុខជាតិ​នេះ។​

អ្នក​នយោបាយ​និង​សកម្មជន​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​រាប់​សិប​នាក់​ត្រូវបាន​ចាប់​ខ្លួន​ក្រោម​ច្បាប់​នេះ​ចាប់​តាំងពី​ច្បាប់​ចូល​ជា​ធរមាន៕​