បន្ទាប់ពីលោកប្រធានាធិបតីនៃប្រទេសបេឡារ៉ូស អាឡិចសាន់ដឺ លូកាស្សេនកូ (Alexander Lukashenko) បានចាប់ឃុំឃាំងគូបដិបក្ខនយោបាយភ្លាមៗបន្ទាប់ពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីខែមុន ប្រជាពលរដ្ឋបេឡារ៉ូស បានចាប់ផ្តើមនិយាយខ្សឹបៗអំពីបញ្ហានយោបាយ។ លើកលែងតែបុរសមាឌក្រអាញម្នាក់ដែលមានចរិតនិងការនិយាយរបៀបមានះ។
លោកគឺ ស្តានីស្លាវ ស្សូសខេវីច (Stanislav Shushkevich)។ នៅឆ្នាំ១៩៩៤ លោកបានរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីដោយសេរីលើកទីមួយនៅក្នុងប្រទេសបេឡារ៉ូសហើយបានចាញ់លោក អាឡិចសាន់ដឺ លូកាស្សេនកូ។ ១៦ឆ្នាំក្រោយមក លោកប្រធានាធិបតី លូកាស្សេនកូបានធ្វើការដឹកនាំ ដោយទទួលការរិះគន់ពីមនុស្សមួយចំនួនថាលោកគឺជា«មេដឹកនាំផ្តាច់ការចុងក្រោយគេបង្អស់ក្នុងទ្វីបអឺរ៉ុប»។
ដោយបានជួបជាមួយអ្នកយកព័ត៌មានរបស់វីអូអេ នៅក្នុងគេហដ្ឋានរបស់លោក ដែលអាចមើលឃើញទីធ្លាមុខផ្ទះដែលគ្របដណ្តប់ដោយព្រិល នៅក្នុងទីក្រុង ម៉ីនសក៍ លោក ស្សូសខេវីច បានទ្រោលខ្លួនទៅរកក្បាលមេក្រូហើយបានប្រកាសវាយប្រហាររដ្ឋាភិបាលរបស់លោកលូស្សេនកូ ថាជា«ក្រុមឧក្រិដ្ឋជនកាន់អំណាច»។
និយាយជាភាសារុស្ស៊ី ដោយមានសំនៀងភាសាបេឡារ៉ូសខ្លាំង លោកនិយាយថា រដ្ឋាភិបាលរបស់លោក លូស្សេនកូ គឺជារដ្ឋាភិបាលឧក្រិដ្ឋ «គឺជាឧក្រិដ្ឋជននៅលើបល្ល័ង្ក ដែលកម្ទេចប្រជាជនខ្លួនឯង និងអ្នកតំណាងដ៏ល្អបំផុតរបស់ខ្លួន»។
លោកនិយាយថា លោកប្រធានាធិបតី លូស្សេនកូ បានចំណាយថវិកាយ៉ាងខ្ជះខ្ជាយទៅលើប៉ូលីស ដែលបានធ្វើឱ្យប្រទេសបេឡារ៉ូស ក្លាយទៅជារដ្ឋរបស់ប៉ូលីសមួយដ៏ពិតប្រាកដ។ លោកនិយាយថា ជាអត្រាគឺមានប៉ូលីស១៥នាក់សម្រាប់ពលរដ្ឋ១.០០០នាក់គឺមានចំនួន៥០ភាគរយខ្ពស់ជាងក្នុងប្រទេសរុស្ស៊ី។
លោកបានចោទប្រកាន់ថា លោកប្រធានាធិបតី លូកាស្សេនកូ បានលួចយកលទ្ធផលការបោះឆ្នោតកាលពីថ្ងៃទី១៩ខែធ្នូ ហើយបន្ទាប់មកបានបញ្ជូនក្រុមជនបង្កហេតុទៅគប់បំបែកបង្អួចហាងនានានៅឯចុងបញ្ចប់នៃការដើរក្បួនតវ៉ាប្រកបដោយសន្តិភាពមួយ ដែលមានអ្នកចូលរួមចំនួនប្រមាណ៤ម៉ឺននាក់។
លោក ស្សូសខេវីច ជឿជាក់ថា វិធីតែមួយគត់ក្នុងការទប់ទល់ជាមួយនឹងរដ្ឋាភិបាលរបស់លោក លូកាស្សេនកូ គឺតាមរយៈការដាក់ទណ្ឌកម្ម ជាប្រភេទមួយដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានបន្តប្រឆាំងនឹងថ្នាក់ដឹកនាំរបស់ប្រទេសបេឡារ៉ូស។
លោកនិយាយថា លោកប្រធានាធិបតីដែលជាអតីតអ្នកគ្រប់គ្រងរដ្ឋម្នាក់ មិនមានជម្រើសអាជីពអ្វីផ្សេងទៀត ក្រៅពីការដឹកនាំប្រទេសបេឡារ៉ូស ហើយលោកដឹកនាំប្រទេសនេះដូចជាសហករណ៍រួមអញ្ចឹង។
លោកនិយាយថា អ្នកបន្តវេនរបស់លោកមិនអាចធ្វើអ្វីទាំងអស់ក្រៅពីការគ្រប់គ្រង។ នេះគឺជាមូលហេតុដែលលោកមានរោគក្រាញននៀលនៅនឹងអំណាច។
ក្នុងនាមជាសាស្រ្តាចារ្យផ្នែករូបវិទ្យានិងគណិតវិទ្យា លោក ស្សូសខេវីច អាចនិយាយរបៀបនេះបាន។ លោកមិនមានអ្វីដែលត្រូវខាតបង់នោះទេ។
លោកប្រធានាធិបតី លូកាស្សេនកូ បានកំណត់ប្រាក់សោធននិវត្តន៍សម្រាប់ប្រធានាធិបតីអណត្តិមុនរបស់លោក ចំនួន១ដុល្លា១០សេនក្នុងមួយខែ។ លោក ស្សូសខេវីច ដែលជាប្រមុខរដ្ឋទីមួយរបស់ប្រទេសបេឡារ៉ូស បន្ទាប់ពីការដួលរលំនៃសហភាពសូវៀតបានបោះបង់ចោលការប្តឹងឧទ្ធរណ៍ នៅចំពោះមុខក្រុមចៅក្រមដែលត្រូវបានតែងតាំងឡើងដោយអ្នកបន្តវេនរបស់លោក។
ដើម្បីអាចបង់វិក្កយបត្រចំណាយទាំងឡាយក្នុងវ័យ៧៦ឆ្នាំ លោកបម្រើការងារជាសាស្រ្តាចារ្យនៅឯសាកលវិទ្យាល័យអន្តរជាតិនានា។
សាកលវិទ្យាល័យល្បីៗទាំងនោះរួមមាន សាកលវិទ្យាល័យយ៉េល ហាវឺដ កូឡុមប៊ី និងវិទ្យាស្ថាននានានៅក្នុងប្រទេសរុស្ស៊ីនិងប្រទេសប៉ូឡូញ។
ក្រុមអ្នកកោតសរសើររូបលោកនៅឯសាកលវិទ្យាល័យមួយក្នុងប្រទេសប៉ូឡូញបានដាក់បេក្ខភាពរបស់លោកសម្រាប់ពានរង្វាន់ណូបែលសន្តិភាពពិភពលោក។ ពួកគេបានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយជោគជ័យរបស់លោកក្នុងការបោសសម្អាតអាវុធបរិមាណូចេញពីប្រទេសបេឡារ៉ូស នៅដើមទសវត្សរ៍១៩៩០ នៅពេលលោកបានដឹកជញ្ជូនគ្រាប់បែកដែលសេសសល់ពីសម័យសូវៀត និងគ្រាប់រ៉ុក្កែតចំនួនប្រហែល៨០០ទៅកាន់ប្រទេសរុស្ស៊ីវិញ។
នៅឯប្រទេសលោកវិញ បុរសនៃទីក្រុងម៉ីនសក៍ ដែលមានប្រាក់សោធននិវត្តន៍មួយដុល្លារក្នុងមួយខែរូបនេះត្រូវមន្រ្តីរដ្ឋាភិបាលគេចមុខចេញ។ ការធ្វើដំណើររបស់លោកភាគច្រើន គឺស្ថិតនៅជាដំណើរការទូតនិងជាមួយក្រុមប្រឆាំង។
លោកបាននិយាយថា នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សហភាពអឺរ៉ុបក្បត់ចលនាប្រជាធិបតេយ្យនៅក្នុងប្រទេសបេឡារ៉ូស ដោយបានធ្វើការចរចាជាមួយនឹងរដ្ឋាភិបាលរបស់លោកលូកាស្សេនកូ ផ្តល់ការទទួលស្គាល់និងសង្ឃឹមថាអាចល្បួងរដ្ឋាភិបាលនេះឱ្យធ្វើដំណើរចូលទៅក្នុងផ្លូវប្រជាធិបតេយ្យមួយ។
នៅចុងខែនេះ ក្រុមរដ្ឋមន្រ្តីការបរទេសអឺរ៉ុបនឹងធ្វើការជួបប្រជុំគ្នា។ ដោយមានការតក់ស្លុតដោយការវាយដំនិងការចាប់ខ្លួនបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រឆាំង សហភាពអឺរ៉ុបនាពេលឥឡូវនេះ ប្រហែលជាដើរតាមផ្លូវនៃការដាក់ទណ្ឌកម្ម ដែលលើកឡើងដោយលោក ស្សូសខេវីច៕
ប្រែសម្រួលដោយ ឌី ខាំបូលី