លោកស្រី Michelle Obama ភរិយាលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា អញ្ជើញចេញដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃ នៅថ្ងៃពុធនេះ ដើម្បីចាប់ផ្តើមកម្មវិធី «Let Girls Learn» ឬ «គម្រោងផ្តល់ឱកាសឲ្យសិស្សស្រីបានសិក្សា» របស់រដ្ឋបាលលោក អូបាម៉ា ក្នុងគោលបំណងលើកតម្កើងការអប់រំដល់នារីជាច្រើនលាននាក់នៅជុំវិញពិភពលោក។
នៅមុនពេលធ្វើដំណើរទៅកន្លែងឈប់សំចតរបស់លោកស្រីនៅប្រទេស ជប៉ុន និងកម្ពុជា លោកស្រី Michelle និងស្វាមី គឺលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានថ្លែងថា ការណ៍ដែលក្មេងស្រីប្រមាណ ៦២ លាននាក់មិនមានលទ្ធភាពទៅសាលារៀននៅជុំវិញពិភពលោក គួរជាអាទិភាពមួយនៃគោលនយោបាយបរទេស។
លោកស្រី Michelle បានសរសេរនៅក្នុងកាសែត The Wall Street Journal របស់អាមេរិកថា ការណ៍ដែលមាននារីរាប់សិបលាននាក់មិនបានទទួលការអប់រំឲ្យបានគ្រប់គ្រាន់គឺមិនត្រឹមតែជា«ការខ្ជះខ្ជាយសក្តានុពលរបស់មនុស្សដ៏គួរឲ្យសោកស្តាយជាទីបំផុតប៉ុណ្ណោះទេ។ វាក៏ជាការប្រឈមដ៏ធ្ងន់ធ្ងរមួយរបស់វិស័យសុខាភិបាលសាធារណៈ ការធ្វើឲ្យសេដ្ឋកិច្ចជាតិ ព្រមទាំងវិបុលភាពពិភពលោក ធ្លាក់ចុះ និងជាការគំរាមទៅលើសន្តិសុខនៃប្រទេសទាំងអស់ក្នុងពិភពលោក»។
លោកស្រី អូបាម៉ា មានប្រសាសន៍ថា មកដល់ត្រឹមឆ្នាំ២០១២ តំបន់កំពុងអភិវឌ្ឍន៍ទាំងអស់ បានសម្រេចឬជិតបានសម្រេចសមភាពយេនឌ័រ នៅក្នុងវិស័យអប់រំកម្រិតបឋមសិក្សា។ ក៏ប៉ុន្តែ លោកស្រីបន្ថែមថា គម្លាតយេនឌ័រក្នុងវិស័យអប់រំថ្នាក់មធ្យមសិក្សានៅតែមាន ដែលក្នុងនោះនារីត្រូវរងការរិតត្បិតដោយ«តម្លៃនិងទម្លាប់វប្បធម៌ ដែលផ្តល់អត្ថន័យនិងកម្រិតអនាគតរបស់ស្រ្តីនៅក្នុងសង្គមរបស់ពួកគេ»។
«គម្រោងផ្តល់ឱកាសឲ្យសិស្សស្រីបានសិក្សា» ឬ 'Let Girls Learn'
នៅក្នុងការចាប់ផ្តើមយុទ្ធនាការ "Let Girls Learn” នៅដើមខែនេះ លោកស្រីភរិយាលោកប្រធានាធិបតីអាមេរិក មានប្រសាសន៍ថា អង្គការ Peace Corps ដែលជាទីភ្នាក់ងារអភិវឌ្ឍន៍ស្ម័គ្រចិត្តនិងបានទទួលថវិកាពីរដ្ឋាភិបាលសរអា នឹងមានមុខនាទីដ៏សំខាន់មួយ។
លោកស្រី Michelle Obama ថ្លែងថា៖
«កិច្ចប្រឹងប្រែងនេះនឹងត្រូវការទេពកោសល្យនិងកម្លាំងរបស់អ្នកស្ម័គ្រចិត្តរបស់ Peace Corps ជិត ៧.០០០នាក់ ដែលចេញទៅបម្រើនៅក្នុងប្រទេស ជាង ៦០។ តាមរយៈកិច្ចប្រឹងប្រែងនេះ អង្គការ Peace Corps នឹងគាំទ្រគម្រោងថ្មីៗជាច្រើនរយ នៅក្នុងសហគមន៍ ដើម្បីជួយនារីឲ្យអាចទៅសាលារៀននិងនៅបន្តរៀនឲ្យបានយូរ»។
លោកស្រី Obama ថ្លែងជាអាទិទៀតថា៖
«ខ្ញុំចង់បញ្ជាក់ថា កម្មវិធីទាំងនេះនឹងលេចចេញមកពីសហគមន៍និងត្រូវដឹកនាំដោយសហគមន៍ផ្ទាល់។ គម្រោងទាំងនេះនឹងពឹងផ្អែកទៅលើដំណោះស្រាយដែលមេដឹកនាំសហគមន៍ គ្រួសារ និងនារីខ្លួនឯងផ្ទាល់ជាអ្នកតាក់តែងធ្វើដោយខ្លួនឯង»។
នៅក្នុងព្រឹត្តិការណ៍ដដែលនេះ លោកប្រធានាធីបតី អូបាម៉ា ថ្លែងថា រដ្ឋបាលរបស់លោក បានបញ្ជាក់យ៉ាងច្បាស់ដល់ប្រទេសជាដៃគូថា នេះជាអាទិភាពមួយនៃគោលនយោបាយការបរទេសរបស់សរអា។ លោកប្រធានាធិបតីថ្លែងជាអាទិថា៖
«យើងដឹងថានៅពេលណាដែលនារីបានទទួលការអប់រំ នាងប្រហែលជានឹងពន្យារពេលអាពាហ៍ពិពាហ៍។ ជាលទ្ធផល កូនរបស់នាងទៅអនាគតនឹងមានសុខភាពល្អជាងមុននិងមានអាហាររូបត្ថម្ភល្អជាងធម្មតា។ បៀវត្សរ៍ទៅអនាគតរបស់នាងនឹងកើនឡើង ដែលនឹងជួយពង្រឹងដល់សន្តិសុខរបស់គ្រួសារនាង ហើយសេដ្ឋកិច្ចជាតិក៏នឹងមានការលូតលាស់ជាមួយគ្នានោះដែរ»។
លោកប្រធានាធិបតីបានបន្ថែមថា «បើមើលតាមទស្សនៈនយោបាយនិងសន្តិសុខ នៅកន្លែងដែលស្រ្តីនិងនារីបានទទួលការគោរពជាពលរដ្ឋពេញលក្ខណៈនិងស្មើភាពគ្នា កន្លែងនោះតែងមានស្ថិរភាពនិងមានលទ្ធិប្រជាធិបតេយ្យជាងកន្លែងដទៃទៀត។ ដូច្នេះ នេះមិនមែនជាបញ្ហាមនុស្សធម៌មួយទេ វាជាបញ្ហាសេដ្ឋកិច្ចនិងជាបញ្ហាសន្តិសុខមួយដែរ។ អាស្រ័យហេតុនេះបានជា វាជាអាទិភាពមួយនៃគោលនយោបាយការបរទេស»។
ជប៉ុន
កន្លែងឈប់ទីមួយរបស់លោកស្រីអូបាម៉ា គឺប្រទេសជប៉ុន ដែលលោកស្រីត្រូវជួបជាមួយលោកនាយករដ្ឋមន្រ្តី Shinzo Abe និងលោកស្រីភរិយា Akie។ អង្គការ Peace Corps របស់ប្រទេសអាមេរិក និងសមភាគីជប៉ុន ហៅអង្គការ Overseas Cooperation Volunteers នឹងធ្វើការជាមួយគ្នានៅក្នុងយុទ្ធនាការនេះ។
លោក Michael Cucek អ្នកស្រាវជ្រាវម្នាក់នៅវិទ្យាស្ថានសម្រាប់ការសិក្សាកិច្ចការអាស៊ីបច្ចុប្បន្នដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ នៃសាកលវិទ្យាល័យ Temple University បានថ្លែងថា ទស្សនកិច្ចរបស់លោកស្រីភរិយាលោកប្រធានាធិបតីសរអា បានទទួលការផ្សព្វផ្សាយព័ត៌មានយ៉ាងទូលំទូលាយ។ លោកថ្លែងថា ទស្សនកិច្ចនេះត្រូវគេមើលឃើញថា ជាការជួយពង្រឹងទំនាក់ទំនងពិសេសរវាងសរអានិងប្រទេសជប៉ុន ហើយលោកថ្លែងទៀតថា វិស័យអប់រំក៏ជាអាទិភាពផ្ទាល់ខ្លួនមួយរបស់លោកនិងលោកស្រី Abe ជាយូរមកហើយដែរ។
លោក Cucek និយាយថា៖ «លោក Abe មានសកម្មភាពជាយូរមកហើយនៅក្នុងគោលនយោបាយអប់រំ តែលើសពីនេះ លោកនិងភរិយាលោក បានដឹកនាំអង្គការសប្បុរសធម៌មួយ ដែលសង់សាលារៀននៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយលោកទាំងពីរបានធ្វើកិច្ចការនេះតាំងពីយូរយារមកហើយ។ ដូច្នេះនេះមិនមែនជារឿងចម្លែកទេដែលលោកស្រី Akie-sama Abe បានចេញមុខមកជួបជាសាធារណៈនៅពេលនេះជាមួយលោកស្រី Michelle Obama អំពីបញ្ហានេះ ពីព្រោះខ្លួនលោកស្រីផ្ទាល់ក៏មានការជំពាក់ទាក់ទិននៅក្នុងរឿងនេះដែរ»។
លោកស្រីភរិយារបស់លោកប្រធានាធិបតី នឹងជួយជាមួយនិស្សិតសាកលវិទ្យាល័យជប៉ុន។ មុនពេលចាកចេញពីប្រទេសជប៉ុន លោកស្រីអូបាម៉ា ក៏នឹងឈប់នៅក្នុងទីក្រុង Kyoto ដើម្បីទស្សនាព្រះវិហារព្រះពុទ្ធសាសនានិងកន្លែងសក្ការៈ Shinto។
កម្ពុជា
នៅក្នុងប្រទេសកម្ពុជា លោក Evan Medeiros នាយកជាន់ខ្ពស់នៃកិច្ចការអាស៊ីរបស់ក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកថ្លែងថា លោកស្រី អូបាម៉ា នឹងសង្កត់អំពីការចាំបាច់ឲ្យមានប្រព័ន្ធនយោបាយបើកចំហរនិងរួមបញ្ចូលមួយនិងការអនុញ្ញាតិឲ្យសង្គមស៊ីវិលមានមុខនាទីមួយនៅក្នុងអភិបាលកិច្ចល្អ។ លោក Phil Robertson នាយករងអង្គការសិទ្ធិមនុស្ស Human Rights Watch ប្រចាំអាស៊ីថ្លែងថា នៅក្នុងការអប់រំសម្រាប់ស្ត្រីនៅប្រទេសកម្ពុជានៅមានកិច្ចការច្រើនទៀតដែលត្រូវធ្វើ។
លោក Robertson ថ្លែងថា៖ «អង្គការសិទ្ធិមនុស្ស Human Rights Watch ទើបនឹងចេញរបាយការណ៍មួយកាលពីសប្តាហ៍មុនអំពីស្រ្តីនិងនារីនៅក្នុងរោងចក្រសម្លៀកបំពាក់ដែលជាឧស្សាហកម្មនាំចេញធំជាងគេរបស់កម្ពុជា ហើយមាន៩២ភាគរយនៃកម្លាំងពលកម្មជាស្រ្តីនិងនារី។
លោក Robertson មានប្រសាសន៍បន្តទៀតថា៖ «យើងបាន រកឃើញមានការរំលោភជាប្រព័ន្ធកំពុងកើតមានឡើងនៅក្នុងរោងចក្រសម្លៀកបំពាក់ក្នុងប្រទេសកម្ពុជាដែលបញ្ជូនផលិតផលទៅឲ្យក្រុមហ៊ុននៅឯបរទេសដូចជា Gap និងក្រុមហ៊ុនផ្សេងៗទៀតនៅបរទេស ហើយបញ្ហាដែលយើងបានរកឃើញគឺនារីកំពុងនាំគ្នាចូលធ្វើការក្នុងរោងចក្រទាំងនោះ ដែលនេះគឺជាទីបញ្ចប់នៃការអប់រំរបស់ពួកគេ»។
លោក Robertson បានមានប្រសាសន៍បន្តទៀតថា នារីជាច្រើនបានទៅធ្វើការនៅរោងចក្រពីព្រោះតែមានអសន្តិសុខស្បៀងនៅផ្ទះរបស់ខ្លួន។ របាយការណ៍របស់អង្គការសិទ្ធិមនុស្ស បានប្រាប់ឲ្យដឹងទៀតថា ស្រ្តីជាច្រើនត្រូវប្រឈមការរើសអើងពេលមានផ្ទៃពោះ និងការយាយីរំខាននៅកន្លែងធ្វើការ។ លោក និយាយទៀតថា បញ្ហានេះ គួរតែស្ថិតក្នុងរបៀបវារៈរបស់លោកស្រីអូបាម៉ានៅក្នុងប្រទេសកម្ពុជា។ ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន១១ដែលជាដៃគូក្នុងយុទ្ធនាការ«ការផ្តល់ឱកាសឲ្យសិស្សស្រីបានសិក្សា» ឬ «Let Girls Learn« រួមជាមួយប្រទេសអាល់បានី បេនីន ប៊ូគីណាហ្វាសូ ហ្សកហ្ស៊ី ហ្គាណា ម៉ុលដាវី ម៉ុងហ្គោលី ម៉ូហ្សាំប៊ិក តូហ្គោនិងប្រទេសអ៊ុយហ្គង់ដា។
លោកស្រី អូបាម៉ា ដែលជាភរិយាប្រធានាធិបតីសហរដ្ឋអាមេរិកកំពុងកាន់តំណែងដំបូងគេដែលបានអញ្ជើញទស្សនាប្រទេសកម្ពុជានោះ មានផែនការនឹងអញ្ជើញទៅកាន់ទីក្រុងសៀមរាបដែលនៅទីនោះលោកស្រី នឹងជួបជាមួយសមភាគីខ្មែរ គឺលោកស្រី ប៊ុន រ៉ានី ភរិយាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និយាយជាមួយសិស្សនិងពួកអ្នកស្ម័គ្រចិត្តហើយមើលកម្មវិធីក្នុងសហគមន៍ខ្លះ ដែលគេនិយាយថា បានពង្រីកឱកាសខាងអប់រំដល់នារី។ មុនអញ្ជើញត្រឡប់មករដ្ឋធានីវ៉ាស៊ីនតោនវិញ លោកស្រីអូបាម៉ា នឹងអញ្ជើញទៅទស្សនាប្រាសាទអង្គរវត្ត៕
ប្រែសម្រួលសម្រួលដោយ កែរ យ៉ាន