ជើង​យន្តហោះ​អន្តរជាតិ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចុះ​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ទីក្រុង​ប៉េកាំង​ជាលើក​ដំបូង

រូបឯកសារ៖ យន្ដហោះ Air China ចត​នៅ​ឯ​អាកាស​យានដ្ឋាន​ក្នុង​រដ្ឋធានី​ប៉េកាំង កាលពី​ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០។

លទ្ធផល​តេស្ត​អវិជ្ជមាន​ជំងឺ​កូវីដ១៩​ មុន​ពេល​ឡើង​ជិះ​ គឺ​ជា​តម្រូវការ​សម្រាប់​អ្នក​ដំណើរ​នៃ​ជើង​យន្តហោះ​ទៅ​ទីក្រុង​ប៉េកាំង។​

ចាប់​តាំង​ពី​ថ្ងៃ​ទី​២៣​ខែ​មីនា​មក ជើង​យន្តហោះ​អន្តរជាតិ​លើក​ដំបូង​ បាន​ចុះចត​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ទូរទស្សន៍​ចិន ​CCTV។​

ជើង​យន្តហោះ​ដំបូង​គឺ ​Air China Flight CA746 ​ពី​រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា​ទៅ​ទីក្រុង​ប៉េកាំង​ បាន​ចុះ​ចត​នៅ​អាកាស​យានដ្ឋាន​នៅ​ម៉ោង​៦ ​និង​៤៧​នាទី​ ថ្ងៃ​ព្រហស្បតិ៍​នេះ។​ យោង​តាម​ការ​ណែនាំ​របស់​រដ្ឋបាល​អាកាសចរណ៍​ស៊ីវិល​ចិន ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​៣​ ខែ​កញ្ញា​ ​ជើង​យន្តហោះ​ដោយ​ផ្ទាល់ពី​ប្រទេស​ថៃ ​កម្ពុជា ​ប៉ាគីស្ថាន ​ក្រិក ​ដាណឺម៉ាក​ អូទ្រីស ​ស៊ុយអែត ​និង​កាណាដា​ ​ដែល​មាន​ហានិភ័យទាប​នៃ​មេរោគ​ឆ្លង​ព្រំដែន ​នឹង​ត្រូវ​បាន​បន្ត​ចុះ​ចត​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ទីក្រុង​ប៉េកាំង។ ​

លទ្ធផល​តេស្ត​អវិជ្ជមាន​ជំងឺ​កូវីដ១៩​ មុន​ពេល​ឡើង​ជិះ​ គឺ​ជា​តម្រូវការ​សម្រាប់​អ្នក​ដំណើរ​នៃ​ជើង​យន្តហោះ​ទៅ​ទីក្រុង​ប៉េកាំង។​ ច្រក​អាកាស​យានដ្ឋាន​ពិសេស​គឺ ​T3-D ​ត្រូវ​បាន​កែ​សម្រួល​សម្រាប់​ជើង​យន្តហោះ​និង​អ្នក​ដំណើរ។ ​ហើយ​បន្ទាប់​ពី​ការ​ពិនិត្យ​របស់​គយ ​និង​ការ​ត្រួត​ពិនិត្យ​ផ្សេង​ទៀត ​អ្នក​ដំណើរ​នឹង​ត្រូវ​ទៅ​ទីតាំង​ដែល​បាន​កំណត់​សម្រាប់​ការ​ត្រួត​ពិនិត្យ​សុខភាព​រយៈ​ពេល​១៤​ ថ្ងៃ។ ​អ្នក​ដែល​ធ្វើ​តេស្ត​វិជ្ជមាន​ឬ​ មាន​សញ្ញា​គ្រុន​ក្តៅ ​ឬ​ រោគ​សញ្ញា​នៃ​ជំងឺ​ផ្លូវ​ដង្ហើម​ នឹង​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ហើយ​អ្នក​ដែល​មាន​ការ​ទាក់​ទង​ពួកគេ​ ក៏ត្រូវ​បញ្ជូន​ផង​ដែរ។ ​ចំនួន​អ្នក​ដំណើរ​តាម​ជើង​យន្តហោះ​អន្តរជាតិ​ផ្ទាល់​ទៅ​កាន់​ទីក្រុង​ប៉េកាំង​នឹង​ត្រូវ​បាន​កំណត់​ត្រឹម​ប្រហែល​៥០០​នាក់​ក្នុង​មួយ​ថ្ងៃ ក្នុង​អំឡុង​ពេល​បើក​ជើង​យន្តហោះ​សាកល្បង​នេះ។​ ចំនួន​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​កើន​ឡើង​ទ្វេដង​បន្ទាប់​ពី​ការ​សាកល្បង​បាន​ចប់។​

នៅក្នុង​ខែ​មីនា​ ប្រទេស​ចិន​បាន​ចាប់​ផ្តើម​ប្តូរ​ឲ្យ​ជើង​យន្តហោះ​អន្តរជាតិ ​ដែល​បាន​គ្រោង​ចុះ​នៅ​ទីក្រុង​ប៉េកាំង​ត្រូវ​ ទៅចុះ​នៅ​ព្រលាន​យន្តហោះ​នៅ​ក្នុង​ទី​ក្រុង​ចំនួន​១២​ផ្សេង​ទៀត​ នៅ​ក្នុង​ប្រទេស​ចិន​ដែល​អ្នក​ដំណើរ​ត្រូវ​ឆ្លងកាត់​ការ​ត្រួត​ពិនិត្យ​និង​ដាក់​ឲ្យ​នៅដាច់​ដោយ​ឡែក។​ អ្នក​ដែល​ធ្វើ​ការ​ត្រួត​ពិនិត្យ​ដាច់​ដោយ​ឡែក​ហើយ​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ឡើង​យន្តហោះ​ទៅ​កាន់​ទីក្រុង​ប៉េកាំង៕​