មហោស្រព​ចាប៉ី​ដងវែង​លើក​ទីមួយ​ផ្តោត​លើ​សម្រស់​ព្រៃឈើ​ខ្មែរ​

ព្រឹទ្ធាចារ្យ​ចាប៉ី​លោកតា​​គង់ ណៃ​ សម្ដែង​​អមដោយ​សិល្បៈករ​ចាប៉ី​ក្មេងៗ​ដទៃ​ទៀត​នៅ​ក្នុង​មហោស្រពចាប៉ី​លើក​ទីមួយ​នៅ​សាល​មហោស្រព​ចតុមុខនៃ​រាជធានី​ភ្នំពេញ​​កាលពី ថ្ងៃអាទិត្យ​ទី​០៣​មេសា​នេះ។(​ឡេង ឡែន/VOA)

សិល្បៈ​ចាប៉ី​ដង​វែង​ខ្សែ​២​​ ត្រូវ​បាន​គេ​​ស្គាល់​ថា​ ជា​ការសម្តែង​ចម្រៀង​ឥត​ព្រៀង​ទុក​សម្រាប់​ការប្រៀន​​ប្រដៅ​​ប្រជាពលរដ្ឋ​​ក្នុង​ប្រពៃណី​ខ្មែរ​ ដូច្នេះ​ការ​ដែល​លើក​យក​ប្រធាន​បទ​សម្រស់​ព្រៃ​ឈើ​មក​ច្រៀង​ ពិត​ជា​មាន​សារៈសំខាន់​ណាស់​ ក្នុង​ការ​ផ្ញើ​សារ​ទៅ​កាន់​សាធារណជន​។

ដោយ​ស្លៀក​ក្បិន​ពណ៌​បៃ​តង​ជា​ពណ៌​តំណាង​ស្លឹក​ឈើ​ អ្នក​ដេញ​ចាប៉ី​៩​ នាក់​ រួម​មាន​លោក​តា​ គង់​ ណៃ​ អ្នក​ច្រៀងចាប៉ី​ដ៏​ល្បី​ល្បាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​លើក​យក​អត្ថប្រយោជន៍​ផ្សេងៗ​គ្នា​នៃ​ព្រៃ​ឈើ​មកច្រៀង​ដេញ​ឆ្លើយ​ឆ្លង។ ក្នុង​នោះ​ក៏​បាន​លើក​ឡើង​ពី​ព្រៃ​ឡង់ ដែល​ជា​ព្រៃ​ធំ​ចុង​ក្រោយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ផង​ដែរ។​

ការ​ក្លែមសម្តី​នៃ​អ្នកដេញ​ចាប៉ី​ដង​វែង​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ហ៊ោរ​ពេញ​សាល​សន្និសីទ​ចតុមុខ​ កាល​ពី​ថ្ងៃ​អាទិត្យកន្លង​ទៅ​ នៅ​ក្នុងមហោស្រព​ចាប៉ី​ដង​វែង​លើក​ទី​១​ ដែល​ប្រារព្ធ​ធ្វើ​ឡើង​ ក្រោម​ប្រធាន​បទ​ «សម្រស់​ព្រៃ​ខ្មែរ»​ ដោយ​សហគមន៍​ចាប៉ី​អមតៈ​និង​អង្គការ​ដៃ​គូ​ពាក់ព័ន្ធ​នានា​ធ្វើ​ការទាក់​ទង​នឹង​ព្រៃឈើ​ ក្រោម​ការ​ឧបត្ថម្ភ​ដោយ​ ទីភ្នាក់ងារ​អាមេរិក​ដើម្បី​ការ​អភិវឌ្ឍ​អន្តរជាតិ​ហៅ​កាត់ថា ​(USAID)។

លោក​ ពេជ​ សារ៉ាត់ ​ស្ថាបនិក​និង​ប្រធាន​ដឹកនាំ​សហគមន៍​ចាប៉ី​អមតៈ​និង​ជា​អ្នក​រៀប​ចំ​ឲ្យ​មាន​មហោស្រព​នេះ បាន​ឲ្យ​ដឹង​ថា​ សិល្បៈ​ចាប៉ី​ដង​វែង​ខ្សែ​២ ត្រូវ​បាន​គេស្គាល់​ថា​ ជា​ការ​សម្តែង​ចម្រៀង​ឥត​ព្រៀង​ទុក​សម្រាប់​ការ​ប្រៀនប្រដៅប្រជាពលរដ្ឋក្នុង​ប្រពៃណី​ខ្មែរ​ ដូច្នេះ​ការ​ដែល​លើក​យក​ប្រធាន​បទ​សម្រស់​ព្រៃ​ឈើ​មក​ច្រៀង​ ពិត​ជា​មាន​សារៈសំខាន់​ណាស់​ ក្នុង​ការ​ផ្ញើ​សារ​ទៅ​កាន់​សាធារណជន​។

«យើង​បញ្ចូន​សារ​តាម​រយៈ​ចាប៉ី ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាពលរដ្ឋ​យើង​ទាំង​អស់​គ្នា​ចេះ​ស្រឡាញ់​ ​ចេះ​ថែរក្សា ចេះ​ដាំ​ឡើង​វិញ ចេះ​យក​ចិត្ត​ទុក​ដាក់​អំពី​ព្រៃ​ឈើ​យើង​ទាំង​អស់​គ្នា​»

ចាប៉ី​ដង​វែង​ គឺ​ជា​ឧបករណ៍​តន្រ្តី​ខ្មែរ​មួយ​ ក្នុង​ចំណោម​ឧបករណ៍​ជា​ច្រើនទៀត​ ដែល​ក្នុង​នោះ​៨០​ភាគ​រយ​ ធ្វើ​ឡើង​ពី​ឈើ​ប្រណិត​ ដែល​នឹង​ឈាន​ទៅ​រក​ការ​វិនាសនា​ពេល​ខាង​មុខ។​ ស្រប​គ្នា​នោះ​ដែរ​ ព្រៃ​ឈើ​នៅ​កម្ពុជា​ត្រូវ​បាន​កាប់​បំផ្លាញ​ជា​បន្តបន្ទាប់​។​

កម្រងរូបភាព៖ «មហោស្រពចាប៉ី​ធំ​បំផុត​នៅ​កម្ពុជា ​ជួយអភិរក្ស​ព្រៃ​កម្ពុជា​»

យុវជន គង់​ សុភ័ក្រ​ ជា​អ្នក​ចូល​រួម​ទស្សនា​នៅ​ក្នុង​មហោស្រព​ចាប៉ី​នោះ​បាន​និយាយ​ថា​ វា​ជា​ការល្អ​ដែល​មាន​ការ​ផ្សារ​ភ្ជាប់​សិល្បៈ​ទៅ​នឹង​ព្រៃ​ឈើ​ ដែល​កំពុង​ប្រឈម​នឹង​ការ​បាត់​បង់​ដូច​គ្នា​។​

«ដោយ​សារ​ឧបករណ៍​បុរាណ​យើង​ធ្វើ​ឡើង​ពី​ឈើ​ អីចឹង​កាល​ណា​ព្រៃ​ឈើ​របស់​យើង​នៅ​គង់​វង់​ អីចឹង​ឧបករណ៍​បុរាណ​យើង​ក៏​នៅ​គង់វង់​នា​ថ្ងៃ​អនាគត»​

ស្រដៀង​គ្នា​នោះ​ដែរ​ ​កញ្ញា​ ប្លុង​ ចាន់​លាភា​ ទស្សនិកជន​ម្នាក់​ទៀត​និយាយ​ថា វា​មាន​ការទាក់​ទាញ​ខ្លាំង​នៅ​ពេល​ដែល​មាន​ការ​ភ្ជាប់​ចាប៉ី​ទៅ​នឹង​ព្រៃឈើ។​

«នៅ​ពេល​ដែល​គេ​ផ្សារភ្ជាប់​ព្រៃឈើ​ ​ប្រធាន​បទ​សម្រស់​ព្រៃ​ឈើ​ជាមួយ​នឹង​វប្បធម៌​ដែល​លើក​ពី​ ទាក់​ទង​នឹង​ចាប៉ី​ដង​វែង​ វា​ហាក់​ដូច​ជា​មាន​ភាព​ទាក់​ទាញ​ ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​ប្រធាន​បទ​សម្រស់​នៃ​ព្រៃឈើ​»​

ក្រៅ​ពី​ការ​សម្តែង​ចាប៉ី​ដង​វែង​ មហោស្រព​ដែល​មាន​រយៈពេល​មួយ​ថ្ងៃ​នេះ​ ក៏​មាន​ការសម្តែងផ្សេង​ទៀត​ ដែល​រៀប​រាប់​ពី​ទំនាក់​ទំនង​មនុស្ស​នឹង​ធម្មជាតិ​ រួម​ទាំង​ជំនឿ​ប្រជាជន​កម្ពុជា​ទៅ​នឹង​ធម្មជាតិ​ និង​អត្ថ​ប្រយោជន៍​ព្រៃឈើ​។

យ៉ាង​ណា​ក៏​ដោយ​ លោក​ ឡុង​ ឆាយ​ អាយុ​៤៨​ឆ្នាំ​ ដែល​បាន​រៀន​ដេញ​ចាប៉ី​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ​ បាន​បញ្ជាក់​ពី​ការ​សោកស្តាយ​អំពី​ការដែល​មាន​មនុស្ស​តិច​តួច​រៀន​ដេញ​ចាប៉ី​និង​យល់​ដឹង​ពី​ឧបករណ៍​ភ្លេង​បុរាណ​នេះ​។

«ខ្ញុំ​មាន​ការ​សោកស្តាយ​ ព្រោះ​ថា​ចាប៉ី​ដង​ជិត​ផុត​ពូជ​ហើយ។ មនុស្ស​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ បើ​តាម​គិត​មាន​ដល់​ទៅ​រាប់​លាន​នាក់​ ប៉ុន្តែ​អ្នក​ដែល​ចេះ​សម្តែង​ចាប៉ី​និង​ចូលចិត្ត​ផ្នែក​ចាប៉ី​គឺ​នៅ​តិច​ណាស់»។

លោក​ ឡុង​ ឆាយ​ ដែល​បាន​មក​សម្តែង​ចាប៉ីនៅ​ក្នុង​មហោស្រព​សិល្បៈ​ផងដែរ​នោះ​ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ បញ្ចូល​អាយ៉ៃ​និងចាប៉ី​ដង​វែង​ទៅ​ក្នុង​ការប្រកួត​ប្រជែង​ថ្នាក់​ជាតិ​ ដូច​សិល្បៈ​ទម្រង់​ឯ​ទៀត។

នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ ព្រៃ​ឈើ​នៅ​កម្ពុជា​ បាន​បាត់​បង់​ជា​បន្តបន្ទាប់​ដោយ​សារ​ដី​សម្បទាន​សេដ្ឋកិច្ច​ និង​ការកាប់​បំផ្លាញ​យក​ឈើ​ប្រណិត​ជា​ដើម។​ ព្រៃ​ឡង់​ មាន​ទំហំ​ ៤៣.៦០០​គីឡូម៉ែត្រ​ក្រឡា​ ស្ថិត​នៅ​ក្នុង​ខេត្ត​ចំនួន​បួន​គឺ​កំពង់​ធំ​ ក្រចេះ​ ស្ទឹងត្រែង​ និង​ព្រះ​វិហារ​ ក៏​ជា​ព្រៃ​មួយ​ដែល​ទទួល​រង​គ្រោះ​ផង​ដែរ។​

សម្រាប់​លោក​ ហឿន​ សុភាព​ តំណាង​សហគមន៍​ការពារ​ព្រៃ​ឡង់​មក​ពី​ខេត្ត​កំពង់​ធំ​ បាន​និយាយ​ថា​ លោក​សារទរ​ចំពោះ​មហោស្រព​នេះ បើ​ទោះ​បី​ជា​លោកមិន​មាន​ការ​ចូល​រួមក្នុង​មហោស្រព​នោះ​ក៏​ដោយ​ ក៏​លោក​និយាយ​ថា​វា​ស្ថិត​នៅ​ក្នុង​គោល​បំណង​តែ​មួយ​ជាមួយ​នឹង​ការ​ការពារ​ព្រៃឈើ​ដែរ​។​

ថ្លែង​ប្រាប់​ VOA ពី​ខេត្ត​កំពង់​ធំ​តាម​ទូរស័ព្ទ លោក​ ហឿន​ សុភាព​ និយាយ​ថា​៖

«ជាក់​ស្តែង​ អ្នក​ខ្លះ​ សូម្បី​តែ​នៅ​ក្នុង​ខេត្ត​ខ្លួន​ឯង​មិន​ដឹង​ព្រៃឡង់​នៅ​ឯណា​ទេ។​ ប៉ុន្តែ​នៅ​ពេល​ដែល​មាន​ការផ្សព្វផ្សាយ ​ខ្ញុំ​គិត​ថា​មនុស្ស​ជាច្រើន​ដែល​បាន​ឃើញ​ បាន​ដឹង​ព័ត៌មាន​ហើយ​ ក៏​គេ​បាន​ចាប់​អារម្មណ៍​ខ្លះ​ដែរ​ ដោយ​សារ​តែ​យើង​បាន​ធ្វើ​នៅ​ទីលាន​សាធារណៈ​ផ្សេងៗ​នឹង​ ខ្ញុំ​គិត​ថា​វាមាន​ប្រយោជន៍​ខ្លាំង​មែន​ទែន​ ជា​សារ​មួយ​ដែល​មាន​ការអប់រំ​ដល់​យុវជន​ខ្មែរ​ ឬ​ក៏​ប្រជាជន​ខ្មែរ​យើង​ ឲ្យ​ចាប់​អារម្មណ៍​ពី​ធនធាន​ធម្មជាតិ​ ដែល​កំពុង​មាន​នៅ​តំបន់​ព្រៃឡង់ ហើយ​ក៏​ធ្វើ​ការចាប់​អារម្មណ៍​ឡើង​វិញ​ ថា​ព្រៃ​ឈើ​មាន​អត្ថប្រយោជន៍​សម្រាប់​ប្រទេស​ជាតិ​ សម្រាប់​សង្គម​យើង​ទាំង​អស់​ ផង​ដែរ​»។

កាល​ពី​ចុង​ខែ​មីនា​កន្លង​ទៅ​ លោក​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​កម្ពុជា​ បាន​ប្រកាស​ដាក់​បញ្ចូល​ព្រៃ​ឡង់​និង​ព្រៃ​មួយ​ចំនួន​ទៀត​ចូល​ជា​ព្រៃ​ការពារ​ តាម​រយៈ​សំណើ​រួម​គ្នា​របស់​ក្រសួង​បរិស្ថាន​និង​ក្រសួង​កសិកម្ម។ ហើយ​បាន​ហៅ​ឲ្យ​ក្រុម​សង្គម​ស៊ីវិល​ និង​អ្នក​បំបួស​ដើម​ឈើ​ទាំង​នោះ​ ចូលរួម​ទាំង​អស់​គ្នា​ជាចលនា​ការពារ​ព្រៃ​ឈើ។​

លោក​ ហឿន​ សុភាព ​ដែល​បាន​ដើរ​ល្បាត​នៅ​ព្រៃ​ឡង់​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ យល់​ថា​ ការ​អភិរក្ស​នេះ​ គួរ​តែ​មាន​ការចូលរួម​ពីប្រជាជន​ក្នុង​សហគមន៍​ដោយ​ផ្ទាល់​ ​ពិគ្រោះ​យោបល់​និង​ការពារ​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ការពារ​ថ្មី​នេះ​។

បើ​ទោះ​ជា​មហោស្រព​ចាប៉ី​ដង​វែង​លើក​ទី​១​ក្រោម​ប្រធាន​បទ​សម្រស់​ព្រៃ​ខ្មែរបាន​បញ្ចប់​ទៅ​ ​ហើយ​ក៏​ដោយ​តែ​ការ​ព្យាយាម​ការពារ​ព្រៃឈើ​កម្ពុជា​ដែល​នៅ​សេស​សល់​នៅ​តែ​បន្ត​ ​ដោយ​ក្តីបារម្ភ៕