ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបានផ្ទុះឡើងរវាងភាគីជម្លោះទាំងពីរនៅតាមតំបន់មួយចំនួននៃរដ្ឋធានីខាទុំ ប្រទេសស៊ូដង់នៅថ្ងៃពុធនេះ ស្របពេលកិច្ចឈប់បាញ់គ្នារយៈពេល ៧២ ម៉ោង ដែលត្រូវបានគេរាយការណ៍ថាមានការរំលោភបំពាន បានផុតកំណត់។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលយោងលើអ្នកដែលឃើញហេតុការណ៍ផ្ទាល់ភ្នែក។
ក្នុងរយៈពេលមិនយូរប៉ុន្មានបន្ទាប់ពីកិច្ចឈប់បាញ់គ្នានេះបានផុតកំណត់នៅម៉ោង ៦ ព្រឹក ម៉ោងនៅក្នុងប្រទេសស៊ូដង់ មានការរាយការណ៍ថាមានការប្រយុទ្ធគ្នានៅក្នុងទីក្រុងទាំង ៣ នៅជុំវិញចំណុចប្រសព្វនៃទន្លេនីលនៃតំបន់រដ្ឋធានីខាទុំ ដែលនោះគឺទីក្រុងខាទុំ ទីក្រុង Bahri និងទីក្រុង Omdurman។
យោធាស៊ូដង់និងកងកម្លាំងជំនួយរហ័ស (RSF) បានប្រយុទ្ធគ្នាអស់រយៈពេលជាង ២ ខែមកហើយ ដោយធ្វើឱ្យមានការបំផ្លិចបំផ្លាញដល់រដ្ឋធានីខាទុំ បង្កឱ្យមានអំពើហិង្សាទូទៅនៅក្នុងតំបន់ Darfur នៅភាគខាងលិច និងបណ្ដាលឱ្យមនុស្សជាង ២,៥ លាននាក់រត់គេចពីផ្ទះសម្បែង។
អ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែកបាននិយាយថា យន្តហោះយោធាបានធ្វើការវាយប្រហារតាមអាកាសនៅក្នុងទីក្រុង Bahri ហើយកងកម្លាំង RSF បានឆ្លើយតបដោយការបាញ់យន្តហោះនោះ។ ពួកគេបានរាយការណ៍ថា មានការបាញ់កាំភ្លើងធំនិងការប្រយុទ្ធគ្នាខ្លាំងក្លានៅក្នុងទីក្រុង Omdurman និងការប្រយុទ្ធគ្នាតាមផ្លូវគោកនៅភាគខាងត្បូងទីក្រុងខាទុំ។
ពលរដ្ឋមូលដ្ឋានក៏បានរាយការណ៍ផងដែរថាមានការប្រយុទ្ធគ្នានៅជិតបន្ទាយយោធាមួយកន្លែងនៅក្នុងរដ្ឋ South Kordofan ដែលនៅទីនោះ កងកម្លាំងឧទ្ទាមដ៏ធំមួយដែលមិនទាន់ចងសម្ព័ន្ធជាមួយនឹងភាគីណាមួយនៃជម្លោះនេះកំពុងកេណ្ឌទ័ព។
កិច្ចឈប់បាញ់គ្នានេះគឺជាកិច្ចឈប់បាញ់ថ្មីៗបំផុតនៃកិច្ចឈប់បាញ់មួយចំនួនដែលបានសម្របសម្រួលឡើងដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីតនិងសហរដ្ឋអាមេរិកនៅក្នុងការចរចាក្នុងទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
ដូចទៅនឹងកិច្ចឈប់បាញ់គ្នាកាលពីលើកមុនៗដែរ មានសេចក្ដីរាយការណ៍ថាមានការរំលោភបំពានទៅលើកិច្ចឈប់បាញ់គ្នាលើកនេះដោយភាគីទាំងពីរ៕
ការប្រយុទ្ធបានផ្ទុះឡើងនៅរដ្ឋធានីនៃប្រទេសស៊ូដង់ នៅពេលកិច្ចឈប់បាញ់គ្នាផុតកំណត់
ក្រុង Dubai ប្រទេសអេមីរ៉ាតអារ៉ាប់រួម —