ស.រ.អ.​តម្លើង​ពន្ធ​អាករ​លើ​បារី

វ៉ាស៊ីនតោន៖ ក្រុម​អ្នក​តាក់តែង​ច្បាប់​ទូទាំង​ប្រទេសបាន​តម្លើង​ពន្ធអាករ​លើ​បារី​ដើម្បី​ផ្តល់​ថវិកា​ចំណូល​ចាំបាច់​ឲ្យ​រដ្ឋា​ភិបាល​តំបន់។​ តែ​ទី​ផ្សារ​ងងឹតមាន​ការ​លូត​លាស់​ខ្លាំង​ក្នុង​ការ​លក់​បារី​ ដែលបាន​ធ្វើ​ឲ្យ​រដ្ឋា​ភិបាល​បាត់​បង់​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំច្រើន​ពាន់​លាន​ដុល្លារ។ ​ដូច​សេច​ក្ដី​រាយ​ការណ៍​របស់ ​Faiza Elmasry ​ឲ្យ​ដឹង​ថា​ ​ទី​ភ្នាក់​ងារ​គ្រប់​ថ្នាក់​បាន​សហការ​គ្នា​ក្នុង​ការ​ស៊ើប​អង្កេត​ និង​ប្រយុទ្ធតទល់​នឹង​ការ​លក់​បារី​ក្នុង​ផ្សារ​ងងឹត។

តម្លៃ​បារី​ខុសៗ​គ្នា​ដ៏​ច្រើន​ ​ពី​ទី​កន្លែង​មួយ​ទៅ​ទី​កន្លែង​មួយ​ ​នៅ​ក្នុង​ស.រ.អ. ​ដោយ​សារ​រដ្ឋ​និមួយៗ​បាន​ដាក់​កម្រិត​ពន្ធអាករ មក​លើតម្លៃ​លក់​រាយ​ នៃ​កញ្ចប់​បារី​មួយ​ៗ​។

ក្នុង​រដ្ឋ​ខ្លះ ​ពន្ធ​អាករ ​មាន​តែ​ប៉ុន្មាន​សេន​ប៉ុណ្ណោះ​។ ​តែ​រដ្ឋ​ដទៃ​ទៀត ​តម្លៃខុស​គ្នា​ដល់​ច្រើន​ដុល្លារ។ ​ហេតុដូច្នេះ​ហើយ​ ដោយសារ​មាន​ជន​ជាតិ ​អាមេរិកាំង​ជិត​៤៥​ លាន​នាក់​ជក់​បារី​ ​ ការ​លក់​បារី ​ជាមុខ​របរ​ដ៏ធំ​មួយ​ ដូច​គ្នា​នឹងពាណិជ្ជកម្ម​ជួញ​ដូរ​រត់​ពន្ធ​បារី​ដែរ ។​ ​ឈ្មួញ​បាន​ប្រមូល​ទុក​បារីដែល​ទិញពីរដ្ឋ​ដែលយក​ពន្ធអាករ​តិច ​ឬ​ទិញ​បារី​ពី​តំបន់​មិន​យក​ពន្ធអាករ​ក្នុង​ទី​កន្លែង​កាន់កាប់​ដោយជនជាតិឥណ្ឌា​ស្បែកក្រហម​ រួច​ដឹក​យក​មក​លក់ក្នុង​រដ្ឋដែល​លក់បារី​តាម​ត​ម្លៃ​ខ្ពស់។ ​នៅ​ទីកន្លែង​មាន​ពន្ធ​បារីខ្ពស់​ ឈ្មួញ​ក៏​លក់​បារី​បាន​ច្រើន​ ​រួច​ទទួល​ប្រាក់​ចំណេញ​ក៏​ច្រើន​ដែរ។

«ពេល​នេះ រថយន្ដ​កាមីយ៉ុង​វែង​មួយ​ ​ដែល​ផ្ទុក​ទៅ​ដោយ​បារី​ខុស​ច្បាប់​ ​នឹង​ផ្ដល់​ទៅ​ឲ្យ​អ្នក​បើកបរ​អាច​ទទួល​ប្រាក់​ចំណេញ​ប្រហែលពីរលាន​ដុល្លារ»។

លោក​ ​Ted Deeds ​ជា​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​បង្រ្កាប​ការ​ជួញ​ដូរ​បារី​ខុស​ច្បាប់​ ​និង​សណ្ដាប់​ធ្នាប់​ហៅ​ Law Enforcement Alliance of America​ ដែល​ជា​ក្រុម​ឯកជន​មិន​យក​កម្រៃ​ខាង​ការអនុវត្ដន៍​ច្បាប់។​ លោក​ចង្អុល​ឲ្យ​ឃើញ​ថា​ ​ប្រាក់​ចំណេញរបស់​ឈ្មួញ​រត់​ពន្ធ​ ​មាន​ន័យថា​ ​រដ្ឋ​មិន​បាន​ទទួល​យក​ពន្ធ​ ជា​ប្រាក់​ចំណូល​ត្រូវការ​ដើម្បី​យក​ទៅ​ចំណាយ​មក​លើ​សេវា​តំបន់​ ​ជាពិសេស​ក្នុង​ការ​អប់រំ។

កាសែត​ The Wall Street Journal ​រាយ​ការណ៍​ថា​ ​រដ្ឋ​និមួយៗ​ បាន​ខាត​បង់​ប្រាក់​ជិត​ទៅ​៥​ពាន់​លាន​ដុល្លារ ​រាល់ៗ​ឆ្នាំ ​គឺពីព្រោះតែ​គ្មាន​ពន្ធ​នាំចូល​ ​ដែលបណ្ដាល​មក​ពី​ទី​ផ្សារ​ងងឹត​លក់​បារី​ខុស​ច្បាប់​នេះ​ប៉ុណ្ណោះ។

ពន្ធអាករ​លើបារី​ជា​ប្រភព​ប្រាក់​ចំណូល​សំខាន់​សម្រាប់​រដ្ឋ​ ញូយ៉ក​ ​ដែល​លក់​បារីថ្លៃ​ជាង​គេ​បំផុត ​នៅ​ក្នុង​ស.រ.អ.​ តាម​តម្លៃ​១៥​ដុល្លារ​ក្នុង​មួយ​កញ្ចប់។ ​ពន្ធអាករ​របស់​រដ្ឋទទួល​ប្រាក់​ចំណូល​ជាង​៤​ដុល្លារក្នុង​បារី​មួយ​កញ្ចប់។​ ទី​ក្រុង​ញូយ៉ក​យក​ពន្ធ​ប​ន្ថែម​មួយ​ដុល្លារ​កន្លះ។ ​រដ្ឋ​នានា​សហការ​ជា​មួយ​ ក្រសួង​បង្រ្កាប​បទ​ល្មើស​របស់​សហពន្ធគឺការិយាល័យសុរា​ ​ថ្នាំ​ជក់ ​អាវុធ​ និង​គ្រឿងផ្ទុះ​ ឬ ​ATF​ ក្នុង​ការ​បង្រ្កាប​លើ​ផ្សារ​ងងឹត​លក់​បារី។ ​លោក​ Brad Maione ​ ​បុគ្គលិករបស់​ក្រសួង​ពន្ធអាករ​និង​ហិរញ្ញ​វត្ថុ​ក្នុង​រដ្ឋ​ញូយ៉ក​ ​និយាយ​ថា​ ទី​ភ្នាក់ងារ​របស់​លោកបានដឹក​នាំ​ការ​ស៊ើប​អង្កេត​សម្ងាត់រយៈ​ពេល​យូរ។

«កិច្ចការ​នោះ​មាន​គ្រោះថ្នាក់​ច្រើន​ ​ហើយលំបាកពាក់ព័ន្ធ​នឹង​កិច្ច​ប្រតិបត្ដិការ​ជា​មួយ​រដ្ឋ​ខាង​ក្រៅ។ ​យើង​បាន​ជោគ​ជ័យ​ខ្លះ​ៗ​ជា​ច្រើន​ឆ្នាំ​មក​ហើយក្នុង​ការ​ប្រយុទ្ធ​ត​ទល់​នឹង​ជំនួញ​ស្រា​ខុ​ស​ច្បាប់។​ យើង​បាន​បំពេញ​ករណី​មួយ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ចាប់ខ្លួនមនុស្ស​ច្រើន​នាក់។ ​សហ​គ្រាស​ជួញ​ស្រា​ខុស​ច្បាប់​នោះ ​បាន​ធ្វើ​ឲ្យ​រដ្ឋខាតបង់ពន្ធអាករប្រហែល​១១​លាន​ដុល្លារ»។

លោក ​Cohen ​និយាយ​ថា​៖

«ATF​ បាន​ធ្វើការ​ជា​មួយ​ករណី​ច្រើន​រយ​ ​នៅ​ក្នុង​ប្រទេស​ទាំងមូលកាល​ពី​ប៉ុន្មានឆ្នាំ​ថ្មីៗ​នេះ»។

Jeff ​Cohen ​គឺ​ជា​អ្នក​នាំពាក្យរបស់​ទី​ភ្នាក់ងារ ​ATF។ ​លោក​បន្ថែម​ថា៖

«ជោគជ័យ​ដ៏​ត្រចះ​ត្រចង់​របស់​យើង​មួយគឺ​ករណី​មួយ​កាល​ពី​ប៉ុន្មានឆ្នាំ​កន្លង​ទៅ​នេះពាក់​ព័ន្ធ​នឹង​ភ្នាក់ងារ​របស់​ក្រុម​ភេរវ​កម្ម​ហេបូឡា​នៅ​ក្នុង​រដ្ឋ​ North Carolina ​ ដែល​ដឹក​បារី​ចូល​ទៅ​ក្នុង​រដ្ឋ​ Michigan​ ​ហើយ​ទទួល​ប្រាក់​ចំណេញ​ដ៏​ច្រើន​សន្ធឹក​ពី​បារីគ្មាន​ពន្ធ​ ​ហើយ​យក​ប្រាក់​ចំណូល​ទាំង​នោះ​ទៅទិញ​អាវុធ​យុទ្ធ​ភណ្ឌ»។

ទោះ​បីជា​មាន​ជោគ​ជ័យ​ជា​ច្រើន​ក៏​ដោយ​ ​លោក​Cohen​ និយាយថា​ ​ការ​ប្រយុទ្ធ​ប្រឆាំង​ឈ្មួញ​រត់ពន្ធ​បារី​កាន់​តែ​លំបាក​ខ្លាំង។

«បញ្ហា​មួយ​ដ៏ធំ​នៅ​ជុំវិញ​ពិភព​លោក​ ​គឺ​ការ​ធ្វើ​បារីក្លែងក្លាយ​ និង​ការ​ចែក​ ​បោះ​ លក់​បារី​ក្លែងក្លាយ។​ ក្នុង​ប៉ុន្មានឆ្នាំ​ថ្មីៗ​នេះ​ ​ ក្រុម​ហ៊ុន​ទាំង​នោះ​មាន​ល្បិច​កាន់​តែខ្ពស់​ ​រ​ហូត​ដល់​ចំណុច​មួយដែល​គេ​មិន​អាច​ដឹង​ថា​ ​បារី​ណា​មួយ​ក្លែងក្លាយ​ ឬ​ណា​មួយ​មិន​ក្លែង​ក្លាយ»។

លោក​ Cohen ​ថ្លែង​ទៀត​ថា​ កិច្ច​ប្រឹង​ប្រែង​របស់​ក្រុម​អនុវត្ដ​ច្បាប់​ក្នុង​កិច្ចការ​បង្រ្កាប​ត្រូវ​រារាំង​ដោយមិន​សូវ​មាន​ធនធាន​ច្រើន​ទេ​ ​ ហើយ​ដាក់​អាទិភាព​ទៅលើ​រឿង​ដទៃ។

«ជា​ពិសេស​នៅ​ក្នុង​ក្រសួង ​ATF​ ​យើង​ផ្ដោត​ទៅ​លើ​ឧក្រិដ្ឋ​កម្ម​ឃោរឃៅ​មុន​គេបង្អស់។ ​ពេល​ដែល​មាន​មនុស្ស​ជួញដូរ​អាវុធ​ ឬពាក់ព័ន្ធ​នឹង​ការ​ដាក់គ្រាប់​បែកផ្ទុះ​មក​លើ​អគារ ​ឬ​រត់​គ្រឿង​ញៀន​ ជួន​កាល​ ​ការ​រត់ពន្ធ​បារី​ខុសច្បាប់​មិន​បាន​ចាត់​ទុក​ជា​អាទិភាព​ខ្ពស់​ទេ​ ​ហើយ​ម្យ៉ាង​ទៀត​គឺ​ឧក្រិដ្ឋ​ជន​មាន​ល្បិច​ច្រើន។​ ពួក​គេ​ចេះ​លាក់​ខ្លួននៅពី​ក្រោយ​ការ​ទិញ​ដូរ​ច្រើន​កន្លែង​ ​ដើម្បី​បំភ័ន្ត​ភ្នែក​នៅ​ទី​កន្លែង​ដែល​បារី ​បាន​ត្រូវ​យក​ទៅ​លក់ជា​ទីចុង​ក្រោយ»។

ការ​ផ្សព្វ​ផ្សាយ​ឲ្យ​សាធារណ​ជន​យល់​ដឹង​អំពី​ឧក្រិដ្ឋ​កម្ម​ដូច្នេះ ​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​បញ្ឈប់​ជំនួញ​ខុសច្បាប់​នេះ​ ​នេះ​បើ​តាម​ពាក្យ​របស់​លោក​ ​Ted Deeds ​នៃ​ក្រុម ​Law Enforcement of Alliance of America។

«ប៉ូលិស​នៅ​ស.រ.អ. ​ត្រូវ​ធ្វើការ​ឲ្យ​ប្រសើរ​ឡើង​ ​ដោយ​ប្រាប់​គេ​គ្រប់​គ្នា​ឲ្យ​ដឹង​ថា​ ប្រទេស​អាមេរិក​មាន​ ទី​ផ្សារ​ងងឹត​លក់បារី។ ​គ្រប់​រូបនៅ​ក្នុង​ប្រទេស​អាមេរិក​ត្រូវ​មាន​ជម្រើស​ល្អ​ជាង​មុន ​ដោយ​ចៀស​វាង​មិន​ទិញ​បារី​ខុស​ច្បាប់។ ​បើ​គេ​មើល​ឃើញ​ថា​ ​មាន​នរណា​មួយ​លក់​វត្ថុខុស​ច្បាប់​ ​លាក់​ទុក​នៅ​ក្នុង​ឡាន​កាំមីយ៉ុង​ ​គេ​ត្រូវ​ហៅ​ប៉ូលិស​ ​ហើយ​រាយ​ការណ៍​ប្រាប់​ក្រសួង​នោះ។ ទីពីរ ​ក្រសួង​បង្ក្រាប​ត្រូវ​មាន​មុខ​នាទី​នៅ​ពេល​មាន​កិច្ច​ប្រជុំអំពី​មធ្យោបាយ​បន្ដបន្ទាប់​ ​ប្រហែល​ជា​យើង​ត្រូវ​ការពារ​ព្រំ​ប្រទល់​ ឬ​តម្លើង​ប្រាក់ផាក​ពិន័យ​មក​លើជន​រត់​ពន្ធ​បារី​ខុស​ច្បាប់នោះ​ ​ប្រហែល​ជា​យើង​អាច​កាត់​បន្ថយ​ប្រាក់​ចំណេញ​របស់ឈ្មួញ​ខុស​ច្បាប់​បាន។ ខ្ញុំ​មិន​ច្បាស់​ទេ​ តែ​ខ្ញុំ​ដឹង​ថា ដើម្បី​ឲ្យ​មាន​មធ្យោបាយ​ហ្មត់ចត់​ ​យើង​ត្រូវ​ឲ្យ​មាន​ប៉ូលិស​ជួយ​រៀប​ចំ​រូបមន្ដ​មក​លើ​មធ្យោ​បាយ​នោះ»។

លោក​ Deeds ​និយាយ​ទៀត​ថា​ ​ការ​ស្ថាបនា​ឲ្យ​មាន​កិច្ច​សហប្រតិ​បត្ដិការ​គ្នាក្នុង​ចំណោម​ទីភ្នាក់ងារសហ​ព័ន្ធ និង​តំបន់អាច​ជួ​យ​ក្នុង​កិច្ច​ការ​ប្រយុទ្ធ​តទល់​នឹងអំពើ​រត់ពន្ធ។ ​លោក​ថ្លែង​បន្ថែម​ថា​ ​វា​នឹង​មាន​ប្រយោជន៍​សំខាន់​ដល់​មន្ដ្រី​នៃ​ក្រសួង​បង្រ្កាប​ច្បាប់​អាមេរិកាំង​ក្នុង​កិច្ចការ​សម្រួល​ជា​មួយ​ទីភ្នាក់ងារ​ និង​រដ្ឋា​ភិបាល​បរទេស​ ​ដោយ​មក​ពី​ការ​រត់ពន្ធ​ ការ​ជួញ​ដូរបារី​បាន​កើន​ខ្លាំង រួច​ក្លាយ​ទៅ​ជារឿង​ឧក្រិដ្ឋ​កម្ម​គ្មាន​ព្រំដែន៕

ប្រែសម្រួលដោយលោក​ ​អ៊ូ​ ធួក