សហគមន៍​អន្តរ​ជាតិ​ទប់​ស្កាត់​«ជម្លោះ​ធនធាន​រ៉ែ»​នៅ​ប្រទេស​កុងហ្គោ​

  • Michael Onyiego​

ការជីករ៉ែនៅប្រទេស​កុងហ្គោ​។

ក្រុង​ណៃរ៉ូប៊ី៖​ អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ​ សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ ហៅ​កាត់​ថា​ DRC​ ក្លាយ​ជា​កន្លែង​កើត​មាន​ជម្លោះ​ដ៏​មរណៈ​និង​រំជើប​រំជួល​បំផុត​នៅ​លើ​ភព​ផែន​ដី​នេះ។​ យោង​តាម​គណៈ​កម្មការ​ជួយ​សង្គ្រោះ​អន្តរជាតិ​ (International​ Rescue​ Committee)​ ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុងញូវយ៉ក​ មនុស្ស​ជាង​៥​លាន៤​សែន​នាក់ត្រូវ​បាន​សម្លាប់​ នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នៅ​ DRC​ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨​ ដែល​ក្លាយ​ទៅ​ជា​ជម្លោះ​ដ៏​មរណៈ​បំផុត​ ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី​២។

កាល​ពី​ពេល​ថ្មីៗ​នេះ​ ជម្លោះ​នេះ​ត្រូវ​បាន​លាត​ត្រដាង​ឲ្យ​ឃើញ​ថា​ សង្គ្រាមដែល​បន្ត​កើត​មាននៅ​តាម​បណ្តោយ​ព្រំ​ដែន​ភាគ​ខាងកើត​របស់​ប្រទេស​នេះ​ មាន​សភាព​ធ្ងន់​ធ្ងរ​ឡើង​ ដោយ​សារការ​បញ្ជា​ទិញ​មក​ពី​ទូ​ទាំង​ពិភពលោក​ នូវ​ធនធានយ៉ាង​ច្រើនក្នុងតំបន់​នេះ​ ដែល​ជារឿយៗ​ត្រូវ​បាន​ពិពណ៌នា​ថា​ជា​ «ជម្លោះ​ធនធាន​រ៉ែ»។

សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​ មាន​ធន​ធាន​លោហធាតុ​ដ៏​មាន​តម្លៃយ៉ាងច្រើនសន្ធឹក​សន្ធាប់​ ដូច​ជា​មាស​ សំណ​ប៉ាហាំង​ តង់តាលូម​ និង​តង់ស្តែន។​ លោហធាតុ​ទាំង​បួន​មុខ​នេះមានសារ​សំខាន់​សម្រាប់​ការ​ផលិត​ឧបករណ៍​អេឡិចត្រូនិក​ជា​ច្រើន​ រួម​មាន​ទូរស័ព្ទ​ដៃ និង​កុំព្យូទ័រ​ជា​ដើម។​ យោង​តាមគម្រោង​ Enough​ Project​ ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុងវ៉ាស៊ីនតោន​ ការ​គ្រប់​គ្រង​ធន​ធាន​ទាំង​អស់​នេះ បាន​ក្លាយ​ទៅ​ជា​បុព្វ​ហេតុ​ចម្បង​នៃ​អំពើហិង្សា​នៅ​ក្នុង​តំបន់​ ដោយ​ឥឡូវ​នេះ​ក្រុម​ពួក​ឧទ្ទាមបាន​ប្រជែង​គ្នា​ ដើម្បី​គ្រប់​គ្រង​ធន​ធានរ៉ែ​ ដែល​ផលិត​លោហធាតុដ៏​មាន​តម្លៃ​ទាំង​នេះ។

យោង​តាម​ក្រុម​នេះ​ដែរ​ ការ​រំលោភ​ផ្លូវ​ភេទគឺ​ជា​វិធី​សាស្ត្រដែល​គេ​ជ្រើស​រើសដើម្បី​បំភិត​បំភ័យ​ ដោយប្រើ​ក្រុម​ប្រដាប់​អាវុធ​ ដើម្បីបង្ក្រាបពលរដ្ឋ​ស៊ីវិល​ និង​ត្រួត​ត្រា​ច្រក​រត់​ពន្ធ​ទៅ​កាន់​ពិភពលោក​ខាង​ក្រៅ។​ បេសកកម្ម​ថែរក្សា​សន្តិភាព​របស់អង្គការ​សហ​ប្រជា​ជាតិ​ នៅ​ភាគ​ខាង​កើត​កុងហ្គោ​ ឈ្មោះ​ MONUSCO​ គ្មាន​លទ្ធភាព​ទប់​ស្កាត់អំពើ​ហិង្សា​នេះ​បាន​ទាល់​តែ​សោះ។​ កាល​ពី​ពេល​ថ្មីៗ​នេះ​ អំពើ​ហិង្សា​នេះ​ត្រូវ​បាន​លាត​ត្រដាងឲ្យ​ឃើញ​ថា ស្ត្រី​ និង​កុមារ​ជាង​២៤០​នាក់​ត្រូវ​បាន​រំលោភ ដោយ​កងឧទ្ទាម​ ពេលពួកគេត្រួតត្រា​នៅ​លូវុងហ្គី​ (Luvungi)​ ក្នុង​ខេត្ត​គីវូ​ខាង​ជើង​ (North Kivu)។

អង្គការ​សហ​ប្រជាជាតិបាន​ប៉ាន់​ស្មាន​ថា​ មនុស្ស​ចំនួន​៥០០​នាក់ត្រូវ​បាន​រំលោភ​នៅខេត្តគីវូ​ខាង​ជើង​ និង​ខាង​ត្បូង​ ក្នុង​អំឡុង​ខែ​ក​ក្កដា និង​សីហា​ ដោយក្រុម​ឧទ្ទាម​ និង​កងកម្លាំង​រដ្ឋាភិបាល​ដែល​ជាប់​ពាក់​ព័ន្ធនឹង​អំពើ​ហិង្សា​នេះ។​ អង្គការ​នេះបាន​ពិពណ៌នា​ សាធារណៈ​រដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ ថា​ជា​«រដ្ឋធានីនៃ​ការ​រំលោភ​ផ្លូវភេទពិភព​លោក»​ ហើយ​សហគមន៍​អន្តរជាតិ​កំពុង​ចាប់​ផ្តើម​កត់​សម្គាល់​ដែរ។

កាល​ពី​ខែ​កក្កដា​ ព្រឹទ្ធ​សភាអាមេរិកាំងបាន​បន្ថែម​បទបញ្ញតិ្ត​មួយទៅ​ក្នុង​ច្បាប់​ស្តី​ពី​កំណែ​ទម្រង់​ហិរញ្ញវត្ថុ​ ដែល​កំណត់​ឲ្យ​ក្រុមហ៊ុនអាមេរិកាំង ដែល​ទិញ​រ៉ែ​សំណ​ប៉ាហាំង​ មាស​ និង​លោហធាតុមានតម្លៃ​ដទៃ​ទៀត​ ឲ្យ​បង្ហាញ​ថា​ផលិត​ផល​របស់ពួក​គេ​គឺ​គ្មាន​ជម្លោះ។​ ក្រុមហ៊ុន​ណាដែល​មិន​បាន​ធ្វើ​តាមបទដ្ឋាន​នេះ​ ត្រូវ​ទទួល​រងការ​ធ្វើ​ជម្រះ​បញ្ជីឯករាជ្យ​ និងទណ្ឌកម្ម​ដ៏​ធ្ងន់​ធ្ងរ។​ វិធានការ​នេះបានទទួល​ការ​សរសើរពីអង្គការមួយចំនួន​ ដូច​ជា​អង្គការ​ក្លបល​ វីតណេស ​ដែល​មាន​មូល​ដ្ឋាន​នៅ​ទី​ក្រុង​ឡុងដ៍ ដោយ​បាន​ឲ្យ​ដឹងថា​ ច្បាប់​នេះ​ដាក់​ឲ្យក្រុម​ហ៊ុនទទួល​ខុស​ត្រូវ​ ដើម្បី​ចៀស​វាងការ​ផ្តល់​ហិរញ្ញ​ដល់​អំពើ​ហិង្សា។

អង្គការ​ក្លបល​វីតណេសក៏​បានទទួលស្វាគមន៍​ផង​ដែរ​ដល់​ដាក់​ការហាម​ប្រាមនា​ពេល​ថ្មី​ៗ​នេះ​ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​លោកប្រធានាធិបតី​ ចូសិបហ៍​ កាប៊ីឡា​ (Joseph​ Kabila)​ ទៅ​លើ​សកម្មភាពរុក​រក​រ៉ែ​ នៅ​ភាគខាងកើត​កុងហ្គោ។​ កាល​ពី​ថ្ងៃ​សៅរ៍​ លោក​កាប៊ីឡា មាន​ប្រសាសន៍​ថា​ លោក​បាន​ផ្អាក​ដោយ​គ្មានកំណត់​នូវការ​រុក​រក​រ៉ែ​នៅ​ម៉ានីម៉ា​ (Maniema) និង​ខេត្ត​គីវូ​ខាង​ជើង​ និង​ខាង​ត្បូង​ ដើម្បី​លុប​បំបាត់នូវអ្វី​ដែល​លោក​បាន​ហៅ​ថា ជា​ការ​គ្រប់​គ្រង​របស់​ «ក្រុម​ឧក្រិដ្ឋ​ជន​ ឬ​ម៉ាហ្វីយ៉ា»​ ទៅ​លើ​ឧស្សាហកម្ម​នេះ។

លោក​ដានី​ញ៉ែល​ បាលីនឃឺធី​ (Daniel​ Balint-Kurti)​ ប្រធាន​យុទ្ធនាការ​កុង​ហ្គោ​ នៃ​អង្គការ​ក្លូបល​ វីតណេស បាន​សម្តែង​នូវ​សេចក្តី​សង្ឃឹម​ប្រកប​ដោយ​ភាព​ប្រយ័ត្ន​ប្រយែង​ថា ​វិធានការ​នេះ​នឹង​ទទួល​ជោគ​ជ័យ។

«វិស័យ​រ៉ែ​បានរួត​រឹតទៅ​ដោយ​ការ​ត្រួត​ត្រា​នៃក្រុម​ឧទ្ទាម​ និង​ក្រុម​ប្រដាប់​អាវុធ​ផ្សេង​ទៀត។ យើង​គិតថា ​ប្រសិន​បើ​ការ​ហាម​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​សម្អាត​វិស័យ​នេះ ​ធ្វើ​ឲ្យកិច្ចការនេះមានសណ្តាប់​ធ្នាប់ ហើយ​បន្ទាប់​មក​ចាប់​ផ្តើម​ផលិត​កម្ម​រ៉ែ នៅ​ក្រោម​ប្រព័ន្ធ​ដំណើរ​ការ​ក្នុង​លក្ខណៈ ដែល​អ្នក​រុក​រក​រ៉ែ​មិន​ក្លាយ​ជា​ជន​រង​គ្រោះ​ដោយ​សារកង​កម្លាំង​ប្រដាប់​អាវុធ។ ដូច្នេះ កិច្ចការ​នោះ​នឹង​ក្លាយ​ជា​រឿង​ដ៏​ល្អ។ ការ​ជាក់ស្តែង យើង​ពិត​ជា​ត្រូវ​រង់​ចាំ​មើល​ថា​តើ​រឿង​នេះ​កើត​ឡើង​យ៉ាងដូច​ម្តេច​»។

ប៉ុន្តែ​ មិន​មែន​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​សប្បាយ​ចិត្តនឹង​ការ​ហាម​របស់លោក​ប្រធានាធិបតី​នោះ​ទេ។​ ក្រុម​ឧស្សាហកម្ម​សំណ​ប៉ាហាំង​សកល​ ឈ្មោះ ​ITRI​ បាន​ថ្លែងថា​ ការ​ហាមការ​រុក​រក​រ៉ែ​ នៅ​ខេត្ត​គីវូ​ទាំង​ពីរ​នេះ​ នឹង​ធ្វើ​ឲ្យ​គាំង​ដល់​កិច្ចប្រឹង​ប្រែង​របស់​ពួក​គេ​ ដើម្បី​នាំ​យក​តម្លាភាព​ទៅ​អនុវត្ត​ក្នុង​ការ​រុក​រក​រ៉ែ​សំណ​ប៉ាហាំង​ នៅ​ក្នុង​តំបន់។

កាល​ពី​ខែ​កក្កដា​មុន​ ក្រុម​នេះបាន​អនុវត្ត​គម្រោង​ផ្តួច​ផ្តើម​សង្វាក់​ផ្គត់​ផ្គង់​សំណ​ប៉ាហាំង​ ITRI​ (Tin​ Supply​ Chain​ Initiative)​ ដើម្បី​ចាប់​ផ្តើម​តាម​ដាន​ និង​ធ្វើ​អត្តសញ្ញាណកម្មលើ​ការ​នាំ​ចេញ​សំណ​ប៉ាហាំង​ នៅអណ្តូងរ៉ែ​ មួយ​ចំនួន​ នៅ​តាម​បណ្តា​ខេត្ត​ជា​ច្រើន។

ដំណើរការ​នេះ​ត្រូវ​បាន​ផ្តល់​មូលនិធិ​ស្ទើរ​តែ​ទាំង​ស្រុង​ដោយ​អ្នក​នាំ​ចេញ​ និង​រោងចក្រ​ រំលាយសំណ​ប៉ាហាំង ដែល​ពឹង​ផ្អែក​លើ​ក្រុម​នេះ​ ក្នុង​ការ​ធ្វើ​អត្តសញ្ញាណកម្មឲ្យ​រ៉ែ​របស់​គេ។​ ក្រុម​នេះ​ឲ្យ​ដឹង​ថា​ បើ​គ្មានការ​នាំ​ចេញ​សំណ​ប៉ាហាំងទេ​ ខ្លួន​នឹង​មិន​មាន​លទ្ធភាព​ធ្វើ​ឲ្យ​ប្រាកដ​ថាសម្ភារៈស្រប​ច្បាប់ ​ត្រូវ​បាន​នាំ​ចេញ​ពី​តំបន់​នោះ​ឡើយ។

មាន​ការ​ភ័យ​ខ្លាច​មួយ​ចំនួន​ ដែល​ថា​បំរាមនេះ​អាច​មាន​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​អ្នករុករករ៉ែ​ស៊ីវិល។​ អ្នក​ស្រី​ខេយ​ នីម៉ូ​ (Kay Nimmo) អ្នក​នាំ​ពាក្យ​របស់​ ITRI​ បាន​ប្រាប់​វីអូអេ​ថា​ វិធានការទាំង​ឡាយ​ ដូច​ជា​បំរាម​ និង​ការ​ដាក់​កម្រិត​របស់​អាមេរិក​ បាន​ជំរុញ​មិន​ឲ្យ​មាន​ការ​ចូលរួម​ ជា​ជាង​ដំណោះ​ស្រាយ​ទប់​ស្កាត់ចំពោះ​ការ​រត់​ពន្ធ​រ៉ែ។​ អ្នក​ស្រី​នីម៉ូបាន​ព្រមាន​ថា​ វិធានការ​ដ៏​តឹង​រ៉ឹង​បែប​នេះអាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់ទីផ្សារ​ ជា​ជាង​ជំរុញ​ឲ្យមានការ​កែ​ទម្រង់។

«វា​ជា​ការ​សំខាន់​ណាស់​សម្រាប់​មនុស្ស​ក្នុង​ការ​ដឹងថា​ ការ​ស្ថិត​នៅ​នឹង​កន្លែង​ និង​ការ​ព្យាយាម​កែ​លំអ ​គឺ​ប្រហែល​ជា​វិធីដ៏​ប្រសើរ​ក្នុងការ​បំពេញ​កិច្ចការ​នេះ។​ ដោយ​សារ​តែ​ចំនួន​សំណ​ប៉ាហាំងកុងហ្គោមានកម្រិត​ទាប​យ៉ាង​ខ្លាំង​ ដែល​មាន​ត្រឹម​តែ​៣​ភាគ​រយ​នៃ​ផលិតកម្ម​ក្នុង​ពិភពលោក​ វា​ជា​ការ​ងាយ​ស្រួល​ក្នុង​ការ​ទទួល​ការផ្គត់​ផ្គង់​មក​ពីតំបន់​ដទៃ។​ ដូច្នេះ​ វា​ជា​ជម្រើស​ងាយ​ស្រួល​ក្នុង​ការ​និយាយ​ថា​ «យើង​នឹង​មិន​អនុវត្ត​តាមនិតិវិធីដែល​តម្រូវ​នៅ​ក្នុង​ច្បាប់​ស្តី​ពីរ៉ែ​ជម្លោះ​ទេ។​ យើង​គ្រាន់​តែ​ទិញ​ពី​កន្លែង​ផ្សេង»។

លោក​បាលីន​ឃឺធី​ អ្នក​នាំ​ពាក្យ​របស់​អង្គការ​ក្លូបល​ វីតណេស បាន​ច្រាន​ចោល​ទឡ្ហីករណ៍ទាំង​អស់​នោះ​ ដោយ​និយាយ​ថាកម្រិត​គ្រោះ​ថ្នាក់​ ដែល​ធ្វើ​ឡើង​ដោយ​អ្នក​ផលិត​សំណប៉ា​ហាំង ​ដើម្បី​ទទួល​បាន​រ៉ែ​របស់​ប្រទេស​កុង​ហ្គោ​ បាន​បង្ហាញ​ឲ្យ​ឃើញ​ពីលទ្ធភាព​ទីផ្សារ​ក្នុងការ​ជំទាស់​នឹងការ​បំរាមនោះ។

អ្នក​វិភាគ​ជា​ច្រើន​ជឿ​ថា​ រដ្ឋាភិបាល​នឹង​មាន​បញ្ហា​ក្នុង​ការ​អនុវត្ត​បំរាមនោះ ​ហើយ​ជា​លទ្ធផល​ អ្នកខ្លះបាន​ប៉ាន់​ស្មាន​ពី​កំណើន​នៃ​ការ​រត់​ពន្ធ។​ គេ​នៅ​រង់​ចាំ​មើលថា​តើ​វិធានការ​អ្វី​ ​ដែល​អាជ្ញាធរ​កុង​ហ្គោ​នឹង​ចាត់ ដើម្បី​ញែកកងកម្លាំងរដ្ឋាភិបាល​ និង​ឧទ្ទាម​ ឲ្យ​ចេញ​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​ខុស​ច្បាប់។​ ប្រសិន​បើ​កិច្ច​ប្រឹង​ប្រែងជាតិ​ និង​អន្តរជាតិ​ ទទួល​បរាជ័យ​ ពលរដ្ឋ​កុង​ហ្គោ​នឹងទទួល​រង​គ្រោះ​បន្ត​ទៀត៕

ប្រែ​សម្រួល​ដោយ​ លី​ សុខៀង