ចោរជំនាញខាងគាស់ទ្វារផ្ទះម្នាក់នៅក្នុងប្រទេសបង់ក្លាដែស បានបញ្ចប់អាជីពរបស់ខ្លួន នៅពេលដែលចោរនេះ បានទូរសព្ទហៅប៉ូលិស ហើយរាយកាណ៍ប្រាប់ពីបទល្មើសរបស់ខ្លួន នៅពេលដែលក្រុមមនុស្សដែលខឹងសម្បាបានចាប់ចោររូបនោះ ក្នុងពេលកំពុងធ្វើសកម្មភាពចូលគាស់ហាងមួយ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP។
ជនល្មើសឈ្មោះ Yasin Khan អាយុ៤០ឆ្នាំ បានគាស់ហាងលក់គ្រឿងទេសមួយកន្លែងនៅក្នុងទីក្រុង Barisal ដែលស្ថិតនៅភាគខាងត្បូងប្រទេសបង់ក្លាដែសកាលពីព្រឹកថ្ងៃពុធដើម្បីលួចទំនិញ។ នេះបើតាមការឱ្យដឹងរបស់ប្រធានប៉ូលិសលោក Asad uz Zaman។
លោក Zaman បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រនេះថា «នៅពេលដែលចោររូបនេះលួចយកទំនិញក្នុងហាងរួចហើយ ហើយបម្រុងចេញទៅក្រៅវិញ ក៏ដល់ពេលភ្លឺល្មម ដែលមនុស្សម្នាងើបពីដំណេក ហើយមកផ្សារទិញទំនិញ»។
ដោយភ័យខ្លាចក្រុមមនុស្សដែលមានការខឹងសម្បានៅខាងក្រៅ និងបារម្ភពីអំពើហិង្សាដែលអាចកើតមានទៅលើខ្លួននោះ ចោររូបនេះក៏បានហៅទូរសព្ទតាមខ្សែសង្គ្រោះបន្ទាន់មួយទៅកាន់ប៉ូលិស ដើម្បីអង្វរប៉ូលិសឱ្យមកជួយខ្លួន។
លោក Zaman បាននិយាយថា «យើងបានទៅដល់ហាងទំនិញនោះហើយនាំគាត់មកកាន់ប៉ុស្តិ៍ប៉ូលិស មុនពេលដែលហ្វូងមនុស្សអាចប៉ះពាល់គាត់បាន»។
មេប៉ូលិសរូបនេះនិយាយថា «ខ្ញុំមិនដែលឃើញករណីបែបនេះកើតឡើងទេ នៅក្នុងអាជីពការងាររបស់ខ្ញុំ»៕
ទីក្រុង Dhaka —