ក្រុមប្រឹក្សា​ទីភ្នាក់ងារ​ម្ហូបអាហារ​និង​ឱសថ (FDA) អនុញ្ញាត​ការចាក់​វ៉ាក់សាំង Pfizer សម្រាប់​កុមារ

រូបឯកសារ៖ កុមារី Bridgette Melo អាយុ ៥ ឆ្នាំ កាន់ដៃ​របស់​ឪពុក​នាង គឺ​លោក Jim Melo ក្នុង​អំឡុងពេល​ចាក់ថ្នាំ​បង្ការ​ជំងឺ​កូវីដ១៩ ដូស​ទីមួយ​ក្នុង​អំឡុងពេល​សាកល្បង​នៅ​សាកល​វិទ្យាល័យ Duke ក្នុង​ទីក្រុង Durham រដ្ឋ North Carolina កាលពី​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។

គណៈ​កម្មាធិការ​ប្រឹក្សា​ឯករាជ្យ​របស់​ទីភ្នាក់ងារ​ម្ហូប​អាហារ​និង​ឱសថ ​(FDA)​ សហ​រដ្ឋ​អាមេរិក​ បាន​អនុញ្ញាត​ការចាក់​វ៉ាក់សាំង​ជំងឺ​កូវីដ១៩​ របស់​ក្រុមហ៊ុន​ Pfizer-BioNTech​ ដល់​កុមារ​អាយុ​ពី​ ៥ឆ្នាំ​ ដល់ ​១១​ឆ្នាំ។​

ខណៈ​គេ​ចាត់​ទុក​ថា​ ​កុមារ​កម្រ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​ ឬ​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩​នោះ​ ​លោក​វេជ្ជបណ្ឌិត ​Peter Marks ​ ប្រធាន​ផ្នែក​វ៉ាក់សាំង​នៃ​ទីភ្នាក់ងារ​ម្ហូប​អាហារ​និង​ឱសថ ​បាន​ប្រាប់​ក្រុម​ប្រឹក្សា​កាលពី​ថ្ងៃ​អង្គារ​ថា កុមារ ​១,៩​ លាន​នាក់ ​ក្នុងក្រុម អាយុ​ពី៥​ ដល់ ១១ឆ្នាំ ​បាន​ធ្វើ​តេស្ត​វិជ្ជមាន​ជំងឺ​កូវីដ១៩​ ​ហើយ​កុមារ​ ៨៣០០ នាក់បាន​ឈឺ​ចូល​មន្ទីរពេទ្យ​ក្នុង​សហ​រដ្ឋ​អាមេរិក។ ​មួយ​ភាគ​បី​នៃ​កុមារ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ត្រូវការ​ការ​ថែទាំ​យ៉ាងយក​ចិត្តទុក​ដាក់ ​ហើយ​កុមារ​ជិត ១០០ នាក់​បាន​ស្លាប់។​

ដោយមាន​ការ​យល់ព្រម​ឱ្យ​ចាក់​វ៉ាក់សាំង​សម្រាប់​កុមារ មន្ត្រី​នានា​បាន​និយាយ​ថា​ពួកគេ​សង្ឃឹម​ថា ​វា​នឹង​ជួយ​បន្ថយ​ក្តី​បារម្ភ​ដ៏ធំ​មួយ​នៅ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​របស់​សហ​រដ្ឋ​អាមេរិក ​ដែល​ឪពុកម្តាយ ​ មន្ត្រី​អប់រំ​ និង​មេ​ដឹកនាំ​ផ្នែក​សុខភាព​សាធារណៈ​មាន​ការ​ព្រួយ​បារម្ភ។​

និយតករ​បាន​និយាយ​ថា​ ការ​ចាក់​វ៉ាក់សាំង​ដល់​កុមារ​ អាច​ចាប់​ផ្តើម​ភ្លាមៗ​នៅ​សប្តាហ៍​ក្រោយ។​

កាលពី​សប្តាហ៍​មុន​សេតវិមាន​បាន​និយាយ​ថា​ ខ្លួន​បាន​ទទួល​វ៉ាក់សាំង​គ្រប់គ្រាន់​រួច​ហើយ​សម្រាប់​កុមារ​ចំនួន​ ២៨ ​លាន​នាក់​នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក​ ដែល​នឹង​អាច​ចាក់ថ្នាំ​នេះ​បាន ​ហើយ​បាន​បង្កើត​បណ្តាញ​គ្រូពេទ្យ​កុមារ ​ឱសថស្ថាន​ និង​អ្នក​ផ្តល់​សេវា​ថែទាំ​សុខភាព​ផ្សេង​ទៀត ​ដើម្បី​ចាក់​ថ្នាំ​បង្ការ​រោគ​នេះ​យ៉ាង​ឆាប់​រហ័ស។​

ទីភ្នាក់ងារ​ម្ហូប​អាហារ​និង​ឱសថ ​ដែល​មិន​ជាប់​លក្ខខណ្ឌ​គោរព​តាម​អនុសាសន៍​របស់​គណៈ​កម្មាធិការ​ប្រឹក្សា​ឯករាជ្យ​នេះ​ ត្រូវ​គេ​រំពឹង​ថា​ នឹង​ពិចារណា​អំពី​សំណើ​នេះ​នៅ​សប្តាហ៍​ក្រោយ។​

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ ក្រុមហ៊ុន​ឱសថ ​Moderna ​ដែល​មាន​មូលដ្ឋាន​នៅ​សហ​រដ្ឋ​អាមេរិក​ បាន​និយាយ​ថា ​ការ​ចាក់​វ៉ាក់សាំង​សាកល្បង​របស់​ខ្លួន​បាន​បង្ហាញ​ថា​ វ៉ាក់សាំង​កូវីដ១៩​កម្រិតទាប ​មាន​សុវត្ថិភាព​សម្រាប់​កុមារ​អាយុ​ពី​ ៦ ដល់ ១១ឆ្នាំ។

ក្រុមហ៊ុន​បាន​និយាយ​ថា ​ខ្លួន​បាន​ចាក់​វ៉ាក់សាំង​ពីរដូស​របស់ខ្លួន​ឱ្យ​កុមារ​ជាង​៤៧០០​ នាក់ ដោយ​គម្លាតពេលពីគ្នាប្រហែល​ជា២៨​ថ្ងៃ​ ​ដោយការ​ចាក់​នីមួយៗ​មាន​ប្រហែល​ពាក់​កណ្តាល​នៃ​ដូស​សម្រាប់​មនុស្ស​ពេញ​វ័យ។ ​លទ្ធផល​បឋម​បង្ហាញ​ថា កម្រិត​អង្គ​បដិប្រាណ​ចំពោះ​កុមារ​ គឺ​ស្មើ​នឹង​កម្រិត​ដែល​របស់​មនុស្ស​វ័យ​ជំទង់​ដែលបាន​ចាក់​វ៉ាក់សាំង​ពេញលេញ។​

ក្រុមហ៊ុន​ Moderna ​និយាយ​ថា ​កុមារ​មាន​ផល​ប៉ះពាល់​ស្រាល​ដូច​ជា ​អស់​កម្លាំង ​ឈឺក្បាល ​ក្តៅខ្លួន ​និង​ឈឺ​ចាប់​នៅ​កន្លែង​ចាក់​ថ្នាំ៕​

ព័ត៌មានខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ ដក​ស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន​ The Associated Press ​និង​ Reuters។