នាយក​ទីភ្នាក់ងារ​ ​FBI​ អាមេរិក​ ច្រានចោល​ការអះអាង​ពី​ការលម្អៀង​នយោបាយ​នៅ​ក្នុង​ស្ថាប័ន​លោក

នាយក FBI លោក Christopher Wray ផ្តល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការសភា ក្នុងទីក្រុង Washington ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។

នាយក​ទីភ្នាក់ងារ​ស៊ើបការណ៍​សហព័ន្ធ​ FBIអាមេរិក​ លោក Christopher Wrayបាន​ការពារ​ទីភ្នាក់ងារ​របស់​លោក ​ប្រឆាំង​នឹង​ការចោទប្រកាន់​របស់​ពួក​គណបក្ស​សាធារណរដ្ឋ​ ពី​ការលម្អៀង​ខាង​នយោបាយ​នៅ​សប្តាហ៍​នេះ ​ដោយ​បាន​ច្រានចោល​នូវ​ការអះអាង​នៅ​ឯ​សវនាការ​សាធារណៈ​មួយ​ថា ​លោក​បាន​ការពារ​ក្រុម​គ្រួសារ​របស់​លោក​ប្រធានាធិបតី​អាមេរិក Joe Biden ខាង​គណបក្ស​ប្រជាធិបតេយ្យ ​ក្នុងការ​ស៊ើប​អង្កេត​អតីត​ប្រធានាធិបតីអាមេរិក​ ​លោក Donald Trumpខាង​គណបក្ស​សាធារណរដ្ឋ​ និងពួក​អភិរក្ស​និយម​ផ្សេងៗ​ទៀត។

«វាគ្មាន​ទាល់​តែ​សោះ​ឡើយ»។ លោក Wray បាន​ស៊ក​សំដីក្នុង​អំឡុង​ពេល​នៃ​ការជជែក​ដេញដោល​សវនាការមួយ​ របស់​គណៈកម្មាធិការ​តុលាការនៃ​រដ្ឋសភា​អាមេរិក​កាលពី​ថ្ងៃ​ពុធ​ នៅពេល​ដែល​ត្រូវ​បាន​សួរនាំដោយ​លោក Matt Gaetz ជា​សមាជិក​ម្នាក់​របស់​គណបក្ស​សាធារណរដ្ឋ និង​ជា​អ្នក​គាំទ្រ​លោក Trump ផ្កាប់​មុខ​ថាតើ​លោក​បាន«ការពារ»​លោក Biden ដែរ​ឬទេ​នោះ។

លោក Wray បាន​និយាយ​ថា«FBI មិន​បាន​ការពារ​ មិន​មាន​ផលប្រយោជន៍​ក្នុង​ការការ ពារ​ជន​ណា​ម្នាក់​ខាង​ផ្នែក​នយោបាយ​ទេ»។ សវនាការ​នេះ​បាន​កត់​សម្គាល់​នូវ​ការ បង្ហាញ​ខ្លួន​លើក​ទី១របស់​លោក​ Wray ​នៅចំពោះមុខគណៈកម្មការ​មើលការ​ខុសត្រូវ​ចាប់តាំង​ពី​ពួក​គណបក្ស​សាធារណរដ្ឋ​ បាន​កាន់កាប់​ឡើង​វិញ​នូវ​រដ្ឋសភា​ បន្ទាប់​ពី​ការបោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​កាល​ឆ្នាំ២០២២​មក​។

លោក​ Wray ដែល​ត្រូវ​បាន​តែងតាំងឱ្យ​ធ្វើ​ជា​នាយក​ទី​ភ្នាក់ងារ​ FBI ​ដោយ​លោក Trumpហើយ​ត្រូវ​បាន​លោក​ Biden រក្សា​ទុក​ឱ្យ​កាន់​តំណែង​នេះ​ដដែល ​បាន​ក្លាយ​ជា​ការរិះគន់​របស់​ពួក​គណបក្ស​សាធារណរដ្ឋ​គ្រប់​ទិសទី​ថា ​រដ្ឋបាល​របស់​លោក Bidenបាន​ប្រើប្រាស់​ទីភ្នាក់ងារ​ FBI​ និង​ក្រសួង​យុត្តិធម៌​អាមេរិក​ ប្រឆាំង​នឹង​គូសត្រូវ​នយោបាយ​របស់​ខ្លួន។

ការរិះគន់​បាន​រីកកាន់តែ​ធំ​ឡើងៗ​ក្នុង​រយៈពេល១ឆ្នាំ​កន្លង​មក​នេះ ជា​ពិសេស​បន្ទាប់ពី​ FBI​ បាន​ធ្វើការឆែកឆេរ​គេហដ្ឋាន​របស់​លោក Trump នៅ​ក្នុង​រដ្ឋ Florida កាលពី​ចុង​ខែ​សីហាឆ្នាំ​ទៅ​ ដែល​ជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​ ​ក្នុង​ការ​រក្សាទុក​ឯកសារ​សម្ងាត់​មិន​បាន​ត្រឹមត្រូវ​ របស់អតីត​ប្រធានាធិបតី​អាមេរិក​លោក​ Donald Trump​ បន្ទាប់ពី​លោក​បាន​ចាកចេញ​ពី​សេតវិមាន​កាលពី​ឆ្នាំ២០២១។

លោក Wray ដែល​ជា​អ្នក​សាធារណរដ្ឋ​ដ៏​យូរ​អង្វែង​ ត្រូវ​បាន​គេ​សើច​ចំអក​ថា​លោកបាន​បង្ក​ភាពប្រទូសប្ររ៉ាយ​ជាមួយ​ពួក​អភិរក្សនិយម។

លោក​ Wrayបាន​និយាយ​ថា«គំនិត​ដែល​ថា ​ខ្ញុំ​មាន​ការលម្អៀង​ប្រឆាំង​នឹង​ពួក​អភិរក្ស​និយម​នោះ​ ហាក់​ដូចជា​ការឆ្កួតលីលារ​ចំពោះ​ខ្ញុំ ហើយ​សូម​ពិនិត្យ​មើល​ប្រវត្តិ​របស់​ខ្ញុំ​ផង»៕