តំបន់មួយក្នុងចំណោមតំបន់ទទួលរងគ្រោះខ្លាំងជាងគេ ពីការរញ្ជួយផែនដីមានកម្លាំង៨,៩ កាលពីថ្ងៃសុក្រ ហើយបង្កឱ្យមានរលកស៊ូណាមិ (tsunami) គឺរដ្ឋ មីយ៉ាជី (Miyagi) ស្ថិតនៅភាគឦសាននៃប្រទេសជប៉ុន។
ឧទ្ធម្ភាគចក្រយោធាហោះនៅពីលើ កំពុងតែពិនិត្យមើល (ថ្លឹងថ្លែងមើល) ការខូចខាត ហើយនឹងស្វែងរកអ្នកនៅរស់រានមានជីវិត នៅតាមឆ្នេរសមុទ្រនៃខេត្ដមីយ៉ាជី។ រហូតមកទល់ពេលនេះ គេបានរកឃើញអ្នកនៅរស់រានមានជីវិតជាង១៥.០០០នាក់ហើយ។
ក៏ប៉ុន្ដែ ពួកគេកំពុងតែរកឃើញមនុស្សស្លាប់កាន់តែច្រើនឡើងៗ។
កាលពីថ្ងៃច័ន្ទ សពប្រមាណ១.០០០នាក់ត្រូវបានរកឃើញ នៅស្រុក មីណាមី សាន់រីកុ (Minami Sanriku) នេះ ក្នុងរដ្ឋមីយ៉ាជី។ ស្រុកជាកំពង់ផែមួយនេះ នៅក្នុងចំណោមសហគមន៍តាមឆ្នេរសមុទ្រមួយចំនួន ដែលត្រូវបានរលកស៊ូណាមីហូរនាំយកទៅកាលពីថ្ងៃសុក្រ។
អាជ្ញាធរនគរបាលរដ្ឋ មីយ៉ាជីនិយាយថា មនុស្សជាង១.០០០នាក់ថែមទៀតកំពុងតែបាត់ខ្លួន។
នៅក្នុងទីរួមខេត្ដ សេនដាយមានការខូចខាតដោយកន្លែងៗ មកពីការរញ្ជួយផែនដីកាលពីអាទិត្យមុន ដែលជាការរញ្ជួយផែនដីធំជាងគេមិនធ្លាប់ បានកត់ត្រាទុកនៅក្នុងប្រទេសជប៉ុន។ ក៏ប៉ុន្ដែទំហំនៃការបំផ្លាញខូចខាត ត្រូវបានធ្វើឡើងដោយរលក ស៊ូណាមិដែលកើតមានជាបន្ដមកទៀត។
នៅឯកំពង់ផែធំមួយនៃទីក្រុងសេនដាយរថយន្ដតូចហើយនឹងរថយន្ដដឹកទំនិញ ត្រូវបាន បំផ្លាញកំទេច តាមដែលលោកអ្នកអាចស្រម័យឃើញ៖ មានខ្លះត្រូវសំប៉ែត ខ្លះត្រូវបានសង្កត់ទាំងជំហរឲ្យមានទំហំនៅត្រឹមតែមួយភាគតូចនៃទំហំដើមរបស់វាប៉ុណ្ណោះ។ ខ្លះនៅទល់មុខគ្នា ហាក់ដូចជាវាជាប់ទាក់ទិននឹងការជល់ទង្គិចមុខគ្នាយ៉ាងខ្លាំង។ រថយន្ដខ្លះទៀតនៅគរត្រូតលើគ្នា។
យុទ្ធជនជប៉ុន ដើរកាត់តាមភក់ហើយនឹងបំណែកបាក់បែករាប់ហិកតា ស្វែងរកសាកសពមនុស្ស។ ទិដ្ឋភាពនេះក៏បានទាក់ទាញមនុស្សដែលចង់ដឹងចង់ឃើញដែរហើយថតរូបនិងអើតក្បាលមើលទៅខាងក្នុងរថយន្ដតូចៗហើយនឹងរថយន្ដដឹកទំនិញដែលបាក់បែកខ្ទេចខ្ទី។ ខ្លះទៀតជិះកង់ ដែលគេឃើញដាក់ផ្ទុកប្រអប់ក្រដាស់ជូតមុខ ហើយនឹងប្រអប់ក្រដាស់បង្គន់ដែលមិនត្រូវបានខូចខាត ហើយដែលជាការគួរឲ្យងឿងឆ្ងល់ដែរ ដោយវានៅរាយប៉ាយពាសពេញកំពង់ផែនោះ។
ផ្សែងយ៉ាងខ្មៅងងឹតបន្ដបាញ់ជារលកតទៅទៀត ចេញពីអាគារមួយចំនួននៅកំពង់ផែនេះ៕
ប្រែសម្រួលដោយ កង ស៊ីវន