ការ​ធ្វើ​កសិកម្ម​បាន​ធ្វើ​ឲ្យខូច​ខាត​​​បរិស្ថាន​

  • Steve Baragona
    VOA

ថ្ងៃទី ​៥ ​មិថុនា​ជា​ទិវា​បរិស្ថានពិភពលោក​នៃអសប។​ ដើម្បី​កត់​សំគាល់​ទិវា​នេះ​ អសប​ បាន​បញ្ចេញ​ឲ្យ​ផ្សាយ​សេចក្តី​រាយការណ៍​មួយ​ដែល​និយាយ​ថា​ ការ​ធ្វើ​កសិកម្ម​បាន​ធ្វើ​ឲ្យខូច​ខាត​បរិស្ថាន​ ដូច​ការ​ប្រើ​ឥន្ធនៈ​ហ្វស៊ីល Fossil Fuels ដែល​កើត​ចេញ​មក​ពី​ប្រេងកាត​ ធ្យូង​ថ្ម​ និង​ឧស្ម័ន​ធម្មជាតិ​នោះ​ដែរ ។ Steve Baragona អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​វីអូអេ​ រាយ​ការណ៍​រឿង​នេះ។​ ហើយ​អ្នក​ស្រី​ នៅ សារីម​ ប្រែ​សម្រួល​អត្ថបទ​នេះ​ជូន​លោក​អ្នក។

គណៈកម្មការមួយ​ ដែល​មាន​អ្នក​ជំនាញការ​ ២៧​ រូប​ក្នុង​កម្មវិធី​បរិស្ថាន​អសប​ បាន​ពិនិត្យ​មើល​សេចក្តី​រាយការណ៍​ពី​មុនៗ​របស់​អសប​ ដែល​ប៉ាន់​តម្លៃ​ សកម្មភាព​សេដ្ឋកិច្ច​ណា​ដែល​បាន​បញ្ចេញ​ធាតុ​កខ្វក់​ច្រើន​ជាង​គេ​ ហើយ​និង​បាន​ប្រើ​ធនធាន​ច្រើន​ជាង​គេ​ផង​នោះ។

ព័ត៌មានដែល​គេ​រក​បាន​ពី​រឿង​នេះ​ ភាគ​ច្រើន​គឺ​ អំពី​ប្រទេស​មាន​ឧស្សាហកម្ម​លូត​លាស់​ ។ ​ហើយ​គ្មានអ្វី​ដែល​ធ្វើ​ឲ្យ​ឆ្ងល់​ទេ​ថា​ ការ​ដុត​ឥន្ធនៈ​ហ្វស៊ីល Fossil Fuels សម្រាប់ ​ការ​ដឹក​ជញ្ជូន​និង​សម្រាប់​ធ្វើ​អគ្គិសនី​នោះ​គឺ​ នៅ​ក្នុង​តួលេខ​ខ្ពស់​ជាង​គេ​ ក្នុង​ការ​រួម​ចំណែក​ដែល​បណ្តាល​ឲ្យមាន​ការ​ផ្លាស់​ប្តូរ​ធាតុ​អាកាស បណ្តាល​ឲ្យមាន​ទឹក​ភ្លៀង​មាន​ជាតិ​អាស៊ីដ​ក្នុង​នោះ​ នឹង​បណ្តាល​ឲ្យ​មាន​ធាតុ​កខ្វក់​ពុល​ក្នុង​បរិស្ថាន។

ក៏ប៉ុន្តែ ​សេចក្តី​រាយការណ៍​នោះ​បាន​រំលេច​ឲ្យឃើញ​ថា​ ការ​ផលិត​អាហារជា​កត្តា​ធំ​ ជាង​គេ​ដែល​ទាញ​ឲ្យ​បរិស្ថាន​ទៅ​ជា​កខ្វក់។​ ការ​ចិញ្ចឹម​សត្វ​ហើយ​និង​ការ​កាប់​ឆ្ការ​ព្រៃ​យក​ដី​ធ្វើ​ស្រែ​និង​ចំការ​ ក៏​បានបញ្ចេញ​ឧស្ម័ន​កខ្វក់​ច្រើន​គួរ​សម​ដែរ។​ ជីរ​ដាក់​ដំណាំ​និង​ថ្នាំ​សម្លាប់​សត្វ​ល្អិត​មាន​រួម​ចំណែក​ធំ​ជាង​គេ​ធ្វើ ​ឲ្យទឹក​កខ្វក់។​ ហើយ​ពិភពលោក​ដែល​ចូល​ចិត្ត​ពិសា​ម្ហូប​ឆ្ងាញ់​មិន​ចេះ​ឆ្អែត បាន​បង្ហិន​ត្រី​ក្នុង​ផែនដី ហើយ​និង​បាន​ប្រើ​ប្រាស់​ដី​និង​ទឹក​សាប​ច្រើន​ហួស​គួរ​ឲ្យភ័យ​ខ្លាច​។

យោង​ ទៅ​តាម​ការ​សិក្សា​របស់ Sangwon Suh សហ​អ្នក​និពន្ធ​ការ​ស្រាវ​ជ្រាវ​នៅ សកល​វិទ្យាល័យ Santa Barbara នៃ​រដ្ឋ California គឺ​ថា​ សេចក្តី​ត្រូវការ​សាច់​ និង​ផលិតផលធ្វើ​ពី​ទឹក​ដោះ​គោ​កាន់​តែ​ច្រើន​ឡើង​នោះ​ កំពុង​ដាក់​សម្ពាធ​ជា​ពិសេស​ទៅ​លើបរិស្ថាន។

“ដើម្បី​ចិញ្ចឹម​គោ​ លោក​អ្នក​ត្រូវ​ការ​ប្រើ​អាហារ​សត្វ​យ៉ាង​ច្រើន​ ហើយ​ដើម្បី​បង្កើត​អាហារ​សត្វ ​លោក​អ្នក​ត្រូវ​ការ​ដី​ ជីរ​ ហើយ​និង​សារធាតុ​គីមី​កសិកម្ម​ ដែល​បែរ​ទៅ​ជា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ទៅ​លើ​បរិស្ថាន​របស់​យើង"។

ក្នុង​អនុសាសន៍​មួយ​ដែល​នាំ​ឲ្យមាន​រឿង​ចំរូង​ចំរាស់​នោះ​ សេចក្តី​រាយ​ការណ៍​នោះ​ បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា "ការកាត់​បន្ថយ​ការ​ប៉ះ​ពាល់​យ៉ាង​ធំ​ទៅ​លើ​បរិស្ថាន​នោះ​អាច​ធ្វើ​ទៅ​បាន ​លុះ​ត្រា​តែ​មាន​ការ​កែប្រែ​យ៉ាង​ធំ​ ក្នុង​របប​បរិភោគ​នៅ​ទូទាំង​សកល​លោក​ចេញ​ពីការ​បរិភោគ​ផលិតផល​សត្វ"។

លោក Gale Buchanan អតីត​អនុ​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម ​សរអា​ ថ្លែង​ថា​ ការ​ធ្វើ​ដូច្នេះ​គឺ​ជា​ទង្វើ​ជ្រុល​ហួស​ហេតុ​ពេក។

“ប្រតិកម្ម ​របស់​ខ្ញុំ​ទៅ​លើឯកសារ​នេះ​គឺ​ថា ​យើង​មាន​បញ្ហា​ច្រើន។​ ដើម្បី​ដោះស្រាយបញ្ហា​នេះ​ គឺ​យើង​ត្រូវ​ខំ​ធ្វើ​ការ​ស្រាវជ្រាវ​ ជាជាង​ធ្វើ​ការ​ផ្លាស់​ប្តូរ​របប​ទាំង​មូល​របស់​មនុស្ស​ជាតិ​នោះ"។

លោក Buchanan មានជំនឿ​ថា ជា​ធម្មជាតិ​របស់​មនុស្ស​ដែល​ចង់​បាន​សាច់​និង​ផលិតផល​ធ្វើ​ពី​ទឹក​ដោះ​គោ​ ឲ្យ​ច្រើន​ថែម​ទៀត ហើយ​ការ​នេះ​ គឺ​គេ​ពិបាក​ផ្លាស់​ប្តូរ​ណាស់។​ លោក Buchanan បាន ​អំពាវនាវ​សុំ​ឲ្យបង្កើន​ការ​ស្រាវជ្រាវ​ សំដៅ​ទៅ​រកការ​បង្កើន​ផលិតផល​អាហារ​ ដែលនឹង​ជួយ​កាត់​បន្ថយ​ផល​អាក្រក់​របស់​កសិកម្ម​ទៅ​លើ​បរិស្ថាន​ផង​ដែរ ៕