ប្រជាពលរដ្ឋខ្មែរប្រមាណ ១០០០ នាក់កាលពីព្រឹកថ្ងៃអាទិត្យបានបិទកំណាត់ផ្លូវជាតិលេខប្រាំ ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង តវ៉ានឹងឈ្មួញកណ្តាល ដែលឲ្យតម្លៃស្រូវរបស់ពួកទាបហួសហេតុខុសពីការកំណត់របស់រដ្ឋាភិបាលដែលធ្វើឡើងកាលពីសប្តាហ៍មុន។ នេះបើតាមការបញ្ជាក់ពីមន្ត្រីសិទ្ធិមនុស្សប្រចាំខេត្តបាត់ដំបង និងក្រុមអ្នកតវ៉ា។
ការតវ៉ាបិទផ្លូវដោយប្រើគោយន្តដឹកស្រូវរាប់សិបគ្រឿងក្នុងខេត្តជាប់ប្រទេសថៃនេះ កើតមានឡើង ស្របពេលដែលតម្លៃកសិផលផលិតដោយកសិករខ្មែរបានបន្តធ្លាក់ចុះ រាប់ទាំងតម្លៃស្រូវ ដែលប្រជាពលរដ្ឋខ្មែរជាអ្នកដំាដុះនិយាយថា ពួកគេរកទីផ្សារមិនចង់បានផង។
លោក ស៊ុន តឹក អ្នកសម្របសម្រួលសិទ្ធិមនុស្សអង្គការការពារសិទ្ធិមនុស្សលីកាដូប្រចាំ ខេត្តបាត់ដំបង ប្រាប់VOA កាលពីថ្ងៃអាទិត្យថា ក្រុមអ្នកតវ៉ាមិនសុខចិត្តនឹងការឲ្យតម្លៃ ថោកជ្រុលពីក្រុមឈ្មួញកណ្តាល ហើយពេលដែលពួកគេ ដឹកស្រូវយកទៅលក់ បែរជាគ្មានអ្នកទិញ។
«គាត់មកតវ៉ាដើម្បីសុំតម្លើងថ្លៃស្រូវ ហើយឲ្យទិញស្រូវហើយឲ្យឆាប់ទិញស្រូវគាត់»។
លោកថ្លែងថា ការបិទផ្លូវ បានចាប់ផ្តើមនៅម៉ោងប្រមាណជាង ១០ ហើយការបិទផ្លូវនេះ បានបញ្ចប់វិញនៅម៉ោង ប្រមាណ ជាង ១១ និង ៤០នាទីថ្ងៃត្រង់ គឺក្រោយពេលការអន្តរាគមន៍របស់ លោក ចាន់ សុផល អភិបាលខេត្តបាត់ដំបង។
លោកបន្តថា ក្រោយការសម្របសម្រួល ភាគីខាងធនាគារស្រូវ បានសន្យាទិញស្រូវពីកសិករក្នុងថ្ងៃមានការតវ៉ានោះឲ្យបានចំនួន ៨០តោន ហើយថ្ងៃបន្តបន្ទាប់ទៅមុខទៀត ការទិញស្រូវនឹងចំនួនលើសពី៨តោនក្នុងមួយថ្ងៃ ក្នុងតម្លៃ ៨៤០រៀល ក្នុងមួយគីឡូ សម្រាប់ស្រូវ លេខមួយ។
VOA មិនទាន់អាចទាក់ទង លោក ចាន់ សុផល អភិបាលខេត្តបាត់ដំបងបានទេ កាលពីថ្ងៃ អាទិត្យ ដោយទូរស័ព្ទលោករោទិ៍គ្មានអ្នកទទួល។
អ្នកស្រី អ៊ឹម សារ៉ែន ប្រជាកសិករដែលចូលរួមក្នុងការតវ៉ានោះ ថ្លែងថា មុនការតវ៉ា មានឈ្មួញកណ្តាលមកចរចាទិញស្រូវពីកសិករ ក្នុងតម្លៃ ៦០០រៀល ក្នុងមួយគីឡូសម្រាប់ស្រូវប្រភេទលេខ២ និង ៦៥០ រៀល សម្រាប់ ប្រភេទ ១។ ក៏ប៉ុន្តែ ពេលកសិករយកស្រូវទៅលក់ ឈ្មួញកណ្តាលបែរជាមិនទិញ ក៏បានធ្វើឲ្យកសិករមានការខឹងសម្បារ។ អ្នកស្រីមិនអាចបញ្ជាក់ថា នរណាជាឈ្មួញកណ្តាលនោះទេ។
«គេមកទិញស្រូវក្នុងឃុំកំពង់ព្រៀងហ្នឹង ដល់ពេលហើយ ស្រូវហ្នឹងគេអត់ទិញ អត់ទិញដល់ទៅដល់ថា ដល់ស្រូវថោកពេក គេអត់ទិញទេ ប្រជាជនដឹកមកវិញ ក៏មិនដឹងថា អត់មានជម្រើស ក៏ប្រជាជន ដាក់តាមថ្នល់នឹងបណ្តោយឲ្យគេមកដោះស្រាយឲ្យ»។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីសប្តាហ៍មុន បានថ្លែងនៅលើទំព័រហ្វេសប៊ុករបស់លោក ថា ដើម្បីឆ្លើយតបនឹងការធ្លាក់ចុះនៃតម្លៃស្រូវនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងអន្តរាគមន៍ជួយលើកតម្លៃស្រូវ ក្នុងនោះរួមមានការបញ្ចេញថវិកាយ៉ាងតិច ២០លានដុល្លារ ដើម្បីរួមជាមួយទុននៃផ្នែកផ្សេងទៀត ដើម្បីគាំទ្រលើតម្លៃស្រូវ។
ក្រោយការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនភ្លាម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសព័ត៌មាន ថ្លែងអំពី «កម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល» ដែលជាការសម្រេចរបស់ លោកនាយករដ្ឋមន្ត្រី។ សេចក្តីប្រកាសព័ត៌មាននោះបានឲ្យដឹងថា ធនាគារអភិវឌ្ឍន៍ជនបទបានដាក់ទុនបន្ថែមចំនួន ៧លានដុល្លារ សម្រាប់ការទិញស្រូវ ហើយធនាគារនេះជា ប្រតិបត្តិករអនុវត្តគម្រោងពិសេសនេះដោយផ្ទាល់។
តាមរយៈកម្មវិធីពិសេសនេះ រដ្ឋាភិបាលអាចនឹងជំរុញប្រមូលទិញស្រូវ បាន ៩០ ០០០ តោនហើយអាចធ្វើឲ្យតម្លៃប្រមូលទិញស្រូវមានកម្រិតលើសពី ៩៤ម៉ឺនរៀល (ប្រមាណ ៨.០០០ បាត) ក្នុងមួយតោនស្រូវសែនក្រអូប។
ក្នុងការអនុវត្តកម្មវិធីទិញស្រូវនេះ ទីតាំងស្តុកស្រូវ គឺត្រូវបានកំណត់ចំនួន ៥កន្លែង រួមមាន ២ទីតាំងសម្រាប់តំបន់ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងសៀមរាប ចំនួន ១ទីតាំងសម្រាប់ខេត្តកំពង់ចាម និងត្បូងឃ្មុំ ចំនួន ១ ទីតាំងសម្រាប់តំបន់ខេត្តព្រៃវែង និងស្វាយរៀង និងចំនួន ១ទីតាំង សម្រាប់តំបន់ខេត្តកណ្តាល តាកែវ កំពត កំពង់ស្ពឺ និងភ្នំពេញ៕