របាយការណ៍មួយរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ បានឲ្យដឹងថា ភាពកាន់តែខ្សត់ទៅនៃធនធានដីនិងទឹក ជាការនាំឲ្យមានហានិភ័យផលិតកម្មអាហារ។ អង្គការស្បៀងអាហារពិភពលោក (FAO) បាននិយាយថា នេះជាការបង្កឲ្យមានឧបសគ្គនៅពេលដែលប្រជាជនពិភពលោកត្រូវគេរំពឹងថានឹងកើនដល់៩ពាន់លាននាក់នៅឆ្នាំ២០៥០។
នាយកអង្គការស្បៀងអាហារពិភពលោក គឺលោក ហ្សាក់ ឌីអ៊ូហ្វ (Jacques Diouf) បានមានប្រសាសន៍ថារបាយការណ៍នេះបានក្រើនរំលឹកពីការណ៍ដែលភាពនៅទ្រឹងរបស់ផលិតកម្មស្បៀងអាហារនឹងមិនអាចទ្រទ្រង់តម្រូវការបានទៀតទេ។
«របាយការណ៍នេះជាការដាស់តឿនឲ្យដឹងថា មនុស្សជាតិលែងអាចចាត់ទុកធនធានដ៏មានតម្លៃទាំងនោះថាមិនចេះរីងស្ងួតនោះទេ ទៀតឡើយ។ អ្វីៗលែងធម្មតា(សម្បូរ)ដូចមុនទៀតហើយ»។
របាយការណ៍នេះក៏បានឲ្យដឹងទៀតថា ជាង៥០ឆ្នាំកន្លងមកនេះមានការកើនឡើងផលិតកម្មស្បៀងជាខ្លាំង ប៉ុន្តែជាទូទៅកំណើននេះមានការអមជាមួយដោយការបំផ្លិចបំផ្លាញធនធានដីនិងទឹកផងដែរ។ របាយការណ៍បានបង្ហាញថា កំណើនផលិតកម្មកសិកម្មនៅពេលបច្ចុប្បន្នមានការថយចុះនៅតំបន់ជាច្រើន។
លើសពីនោះ ប្រធានអង្គការស្បៀងអាហារពិភពលោក បានមានប្រសាសន៍ថា ធនធានដីនិងទឹកពេលបច្ចុប្បន្ននេះត្រូវបានគេប្រើប្រាស់លើសពីតម្រូវការសម្រាប់ផលិកម្មស្បៀងទៅទៀត។
«ធនធានដីនិងទឹកសម្រាប់ផលិតកម្មស្បៀងនៅក្នុងករណីជាច្រើនបានរងនូវសម្ពាធកាន់តែខ្លាំងពីតម្រូវការផ្សេងៗគ្នាទៀតជាច្រើន សម្រាប់ការប្រើប្រាស់ដូចជា ការពង្រីកទីក្រុង វារីវប្បកម្ម និងការដាំដំណាំសម្រាប់ជីវឥន្ធនៈរាវ»។
គាត់បាននិយាយថា តំបន់ខ្លះទទួលរងការគំរាមកំហែងកាន់តែខ្លាំងដោយសារការប្រែប្រួលអាកាសធាតុអាចមានឥទ្ធិពលដល់ សីតុណ្ហភាព របបទឹកភ្លៀង និង លំហូរទឹកទន្លេ។
យើងបានដឹងមួយរយៈមកហើយថា នៅត្រឹមឆ្នាំ២០៥០ ដោយសារតែការកើនឡើងចំនួនប្រជាជននិងកំណើនខ្ពស់នៃកម្រិតការប្រើប្រាស់ស្បៀង ផលិកម្មស្បៀងពិភពលោកនឹងត្រូវបង្កើនឲ្យដល់ទៅ៧០ភាគរយ។ ប៉ុន្តែបន្ទុកត្រូវធ្លាក់ទៅលើប្រទេសកំពុងអភិវឌ្ឍន៍ដែលតម្រូវឲ្យសម្រេចបានកំណើនផលិតកម្មស្បៀងដល់ទៅ១០០ភាគរយ។
អនុសាសន៍រួមមាន ការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ធនធានដីនិងទឹក តាមរយៈការកែលម្អប្រព័ន្ធស្រោចស្រពនិងការរកឃើញបច្ចេកវិទ្យាកាន់តែទំនើប ការបង្កើនការវិនិយោគក្នុងការអភិវឌ្ឍកសិកម្មដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ដីដែលមានស្រាប់ និងការធានាថា គោលនយោបាយជាតិ ដោះស្រាយបញ្ហាប្រឈមកាន់តែច្រើនក្នុងការគ្រប់គ្រងធនធានដីនិងទឹក។
របាយការណ៍ដែលមានចំណងជើងថា«ស្ថានភាពធនធានដីនិងទឹកសម្រាប់កសិកម្មនិងស្បៀងអាហារក្នុងពិភពលោក» (State of the World's Land and Water Resources for Food and Agriculture) បាននិយាយទៀតថា គ្មានតំបន់ណាមួយដែលនឹងរួចផុតពីការប៉ះពាល់នោះទេ។ របាយការណ៍នេះនិយាយថា ប្រសិនមិនមានការចាត់វិធានការទប់ទល់ពេលនេះទេ ទាំងភាពក្រីក្រនិងភាពអត់ឃ្លាននឹងកើនឡើង៕
ប្រែសម្រួលដោយ គឹង ភិរុណ