អង្គការម្ហូបអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិឬ FAO ប្រាប់ឲ្យដឹងថាការឡើងថ្លៃម្ហូបអាហារក្នុងទ្វីបអាស៊ីកំពុងធ្វើឲ្យប៉ះពាល់ដល់មនុស្សក្រីក្រក៏ប៉ុន្តែមិនទាន់ឈានដល់កម្រិតវិបត្តិទេ។ទោះជាយ៉ាងណាក៏ដោយ អង្គការសហប្រជាជាតិប្រាប់ឲ្យដឹងថាប្រសិនបើតម្លៃប្រេងបន្តឡើងថ្លៃ តម្លៃម្ហូបអាហារក្នុងតំបន់នឹងកើនឡើងជាបន្តបន្ទាប់ដែរ។
អង្គការម្ហូបអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) ប្រាប់ឲ្យដឹងថាតម្លៃម្ហូបអាហារក្នុងទ្វីបអាស៊ីបានប៉ះពាល់ដោយសារការឡើងថ្លៃក៏ប៉ុន្តែមិនធ្ងន់ធ្ងរដូចក្នុងតំបន់ផ្សេងៗទៀតទេ។
អង្គការម្ហូបអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) ប្រាប់ឲ្យដឹងទៀតថាតម្លៃអង្ករលក់រាយដែលជាវត្ថុសំខាន់ជាងគេក្នុងទ្វីបអាស៊ីបានឡើងថ្លៃក្នុងប្រទេសបង់ក្លាដែសចំនួន៣៣ភាគរយកាលពីឆ្នាំទៅ ហើយនៅក្នុងប្រទេសចិនបានឡើងថ្លៃចំនួន២៣ភាគរយ។
ប៉ុន្តែ ប្រទេសផលិតអង្ករសំខាន់ៗក្នុងតំបន់ដូចជាប្រទេសថៃ និងវៀតណាម កំពុងប្រមូលផលបានល្អដែលត្រូវគេរំពឹងនឹងរក្សាតម្លៃទាំងមូលឲ្យនៅនឹងនរ។
លោកហ៊ីរ៉ូយូគី កូណូម៉ា (Hiroyuki Konuma) តំណាងរបស់អង្គការ FAO សម្រាប់តំបន់អាស៊ីនិងមហាសាគរប៉ាស៊ីហ្វិក មានប្រសាសន៍ថាការឡើងថ្លៃម្ហូបអាហារក្នុងទ្វីបអាស៊ីបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់អ្នកក្រីក្រក្នុងតំបន់។
«មនុស្សក្រីក្រជាច្រើនដែលក្រីក្របំផុត ពួកគេបានចំណាយប្រាក់ចំណូលរបស់ខ្លួនពី៥០ទៅ៧០ភាគរយសម្រាប់ម្ហូបអាហារ។ ដូច្នេះប្រសិនបើតម្លៃម្ហូបអាហារកើនឡើងពី៣០ទៅ៤០ភាគរយវាធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សមត្ថភាពនៃការទិញម្ហូបអាហាររបស់ពួកគេ។ ហើយវានឹងធ្វើឲ្យមានការស្រេកឃ្លាន»។
លោក កូណូម៉ាមានប្រសាសន៍បន្តទៀតថា ផលិតផលអង្ករក្នុងតំបន់ត្រូវគេរំពឹងថានឹងកើនឡើងជាង២ភាគរយនៅឆ្នាំនេះ ក្នុងខណៈនោះដែរផលិតផលស្រូវសាលី នឹងធ្លាក់ចុះប្រហែល៤ភាគរយ។
អង្គការ FAO ប្រាប់ឲ្យដឹងទៀតថាតម្លៃម្ហូបអាហារពិភពលោកបានឡើងថ្លៃខ្ពស់បំផុតដែលមិនធ្លាប់មានកាលពីពេលមុននៅខែកុម្ភៈនៅពេលដែលតម្លៃប្រេងបានឡើងថ្លៃដោយសារអស្ថិរភាពក្នុងតំបន់មជ្ឈិមបូព៌ានិងអាហ្វ្រិកខាងជើង។
ទោះបីការផ្គត់ផ្គង់អង្ករគ្រប់គ្រាន់ក៏ដោយ ប្រទេសជាតិអាស៊ីខ្លះ បង្ហាញនូវការព្រួយកង្វល់ថាប្រេងឡើងថ្លៃ អាចធ្វើឲ្យប៉ះពាល់ការផ្គត់ផ្គង់ម្ហូបអាហារ។
សេចក្តីរាយការណ៍ប្រាប់ឲ្យដឹងថាប្រទេសភូមាកាលពីខែកុម្ភៈបានបញ្ឈប់ការនាំចេញអង្ករទាំងអស់។
ភូមាមិនមែនជាប្រទេសផលិតករអង្ករសំខាន់ទេ ប៉ុន្តែចំណាត់ការនេះបង្ហាញពីការព្រួយកង្វល់ថាតម្លៃអង្ករអាចឡើងថ្លៃនៅពេលដែលតម្លៃដឹកជញ្ជូនឡើងដែរ។
លោកកូណូម៉ា និយាយទៀតថា អង្គការFAO កំពុងតាមឃ្លាំមើលតម្លៃប្រេងដោយប្រុងប្រយ័ត្នចំពោះផលប៉ះពាល់ណាមួយនៅក្នុងទ្វីបអាស៊ី។
«យើងមិនទាន់និយាយបានទេ ក៏ប៉ុន្តែបើពេលនេះតម្លៃប្រេងឡើងទៅដល់កម្រិតដែលបានកើតឡើងនៅឆ្នាំ២០០៧ និង ២០០៨ ដល់១៤០ដុល្លារ ឬ ១៥០ដុល្លារក្នុងមួយធុង វានឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃផលិតផលម្ហូបអាហារ»។
តម្លៃម្ហូបអាហារឡើងថ្លៃនៅឆ្នាំ២០០៧និង២០០៨ បាននាំឲ្យប្រទេសខ្លះក្នុងតំបន់ស្តុកទុកម្ហូបអាហារនិងហាមឃាត់បណ្តោះអាសន្នការនាំចេញធញ្ញជាតិ។
អង្គការFAOប្រាប់ឲ្យដឹងទៀតថាការផ្គត់ផ្គង់ក្នុងគ្រាអាសន្ន ជាការណ៍មួយដែលគេអាចយល់បាន តែការលាក់ទុកនិងការហាមឃាត់ការនាំចេញបានធ្វើឲ្យស្ថានភាពនេះកាន់តែអាក្រក់ទៅ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន