គ្រោះ​ផ្ទួន​គ្នា​នៃ​គ្រួសារ​សកម្មជន​បក្ស​ប្រឆាំង អ៊ុក ពេជ្រ​សំណាង​

រូបឯកសារ៖ សាលា​​ដំបូង​រាជធានីភ្នំពេញ។​

សម្រាប់​អ្នក​ស្រី​ ទិត្យ ណារិន ​ភរិយា​របស់​លោក ​អ៊ុក ពេជ្រ​សំណាង​ សកម្ម​ជន​របស់​គណបក្ស​សង្គ្រោះជាតិ​ ថ្ងៃ​អង្គារ​នេះ​ គឺ​ជា​គ្រោះផ្ទួនគ្នា​សម្រាប់​គាត់ ​គឺ​ដោយ​សារ​តែ​កូនប្រុស​ច្បងបាន​ស្លាប់​ដោយ​សារ​ជំងឺ​ក្នុង​រយៈ​ពេល​តែប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​មុន​ពេល​ប្តី​របស់​គាត់​ត្រូវ​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ។

លោក​អ៊ុក ពេជ្រសំណាង ​ស្ថិតនៅ​ក្នុងចំណោម​សកម្មជន​និង​មន្ត្រី​គណបក្ស​ប្រឆាំង​ចំនួន​១១​នាក់​ដែលត្រូវ​តុលាការ​កាត់​ទោស​នៅ​ថ្ងៃ​អង្គារ​នេះ​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​៧ឆ្នាំទាក់​ទង​នឹង​សំណុំរឿង​ហិង្សា​នៅ ទីលាន​ប្រជាធិបតេយ្យ​ដែល​បាន​ប្រព្រឹត្តឡើងកាលពី​ខែ​កក្កដា​ឆ្នាំ២០១៤។​

រីឯ​ហេង មេសា​ អាយុ​៣០ឆ្នាំ កូន​ប្រុស​ច្បង​ក្នុង​គ្រួសារ​ដ៏​ក្រីក្រ​មួយ​នេះ​បាន​ស្លាប់​ដោយ​សារ​ជំងឺ​មហារីកថ្លើម​នៅ​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​មុន​ពេល​ការសម្រេច​សាលក្រម​ដ៏​ប្រញ៉ាប់​ប្រញ៉ាល់​មួយ​របស់​ចៅក្រម​តុលាការ​ក្រុង​ភ្នំពេញ​ទៅលើ​សំណុំ​រឿង​ដែល​មាន​លក្ខណៈ​នយោបាយ​នេះ។ ហេង មេសា​ ក៏​បន្សល់​កូនប្រុស​របស់​ខ្លួន​មួយ​ដែល​កំព្រា​ម្តាយ​ឱ្យ​អ្នកស្រី​ទិត្យ ណារិន​ចិញ្ចឹម​បន្តដែរ។

អ្នក​ស្រី​ទិត្យ ណារិន​ បាន​បញ្ជាក់​ប្រាប់​វីអូអេពីអារម្មណ៍​របស់​គាត់​ថា៖

​ «ខ្ញុំស្រាលអស់​ហើយ។ ដើរ​ក៏​ដើរ​លែង​ជាប់។ ដើរ​ចង់​ភ្លេចៗ​អារម្មណ៍​ថា​ចង់​ទៅណា​អញ្ចឹង​គិត​មិន​ចេញ​មិន​ដឹង​ថា​ចង់​ទៅណា​។ ពេល​ខ្លះ​ទៅ​ដើរ​ដល់​ឡាន​ស៊ីផ្លេហើយ​វិះ​តែ​បុក​បាន​ភ្ញាក់​ខ្លួន​ព្រើត​។ ពីថ្ងៃ​មិញ​ដើរ​ឡើង​ម៉ូតូ​បុក​ចំ​កែង​ជើង​ហ្នឹង​អត់​ដឹង​ថា​ឈឺទៀត​។ គេ​ស៊ីផ្លេ​ហើយ​អត់​ឮ​គេ​ស៊ីផ្លេ​ទៀត​ទាល់​តែ​គេ​បុក​ប៉ាំង​ចំ កែងជើង​បាន​ភ្ញាក់​ព្រើតមិន​ដឹង​ថា​បុក​រឿង​អ្វី។ ដូច​ជា​ភ្លេច​ៗ​ក្នុង​អារម្មណ៍​មិន​ដឹង​ថា​គិត​ទៅណា‍»។​

អ្នក​ស្រី ទិត្យ​ណារិន ​បញ្ជាក់បន្ថែមថា​គាត់​ត្រូវ​បូជាសព​កូន​ទៅតាម​ធនធាន​តិចតួច​ដែល​ខ្លួន​មាន​ នៅថ្ងៃ​ពុធ​នេះ​សិន​ទើប​យក​ដំណឹង​កូន​ស្លាប់​នេះ​ទៅ​ប្រាប់​ឱពុក​ឱ្យ​បាន​ដឹង។

«ឥឡូវ​តម្រូវ​ត្រូវ​ទៅ ជួបប្តី នៅ​ព្រៃ​ស​មិន​ទាន់​បាន​ជួប​ទេ​ចាំ​ធ្វើ​បុណ្យ​សព​កូន​ហើយ​សិន​ចាំ​ទៅ ប្រាប់​គាត់​ថា​ឥឡូវ​ខ្ញុំ​ធ្វើ​បុណ្យ​សព​ប៉ុណ្ណេះ​ៗ​បាន​ប៉ុណ្ណេះ​ហើយ​បាន​ប៉ុន្មាន​យក​ប៉ុណ្ណឹង​ទៅ​ទុកលុយ​យកទៅ​មើល​ប្តីផង​ទុក​លុយ​ទៅធ្វើ​បុណ្យ​សព​កូនផង​។ មិន​ដឹង​ថា​បែងចែក​យ៉ាងម៉េច​ចេញ​ទេ​ខ្ញុំ‍»។​

លោក​អ៊ុក ពេជ្រ​សំណាង​បាន​ត្រូវ​តុលាការ​ដាក់​ពន្ធនាគារ​អស់​ជាច្រើន​ខែ​ក្នុង​ពេល​កន្លង​មក​ប៉ុន្តែ​ត្រូវ​ដោះលែង​ឱ្យ​នៅ ក្រៅ​ឃុំ​បណ្តោះអាសន្ន​មុន​ពេល​តុលាការ​សម្រេច​ដាក់​ពន្ធនាគា​រ​ជាថ្មី​នៅ​ថ្ងៃ​អង្គារ។

ដោយ​សារ​ការងារ​សង្គម​លោក​អ៊ុក​ ពេជ្រ​សំណាង​មិន​មាន​ពេល​មើល​កូន​ច្រើន​ទេ​បើ​ទោះបី​ជាកូន​កំពុង​ដេក​សម្រាក​ព្យា​បាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​រដ្ឋ​ក៏ដោយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ស្រី ទិត្យ ណារិន។

«ម្សិលម្ង៉ៃមួយ​នៅ​ពេល​ដែល​ឪ​វា​គាត់​ត្រូវ​ទៅ ជាយ​ដែន​គាត់​ផ្តាំ​ថា​កូន​ឯង​ខំ ញ៉ាំ​ទៅ​ប៉ាទៅ​ជាយ​ដែន​ចាំ​ប៉ាមក​វិញ​ចាំ​ប៉ាមក​មើលទៀត​។ គាត់​ក៏ ទៅ ជាយ​ដែន​បាត់​ទៅ។ ដល់​ពេល​ស្អែក​ឡើង​គាត់​ឡើង​តុលាការ​ទៀត​។ ខាន​ស្អែកឡើង​គាត់​ឡើង​តុលាការ​ទៀត​។ ពីរថ្ងៃ​នេះ​គាត់​ឡើង​ជាប់​គ្នាមិន​បាន​មើល​កូន​ឯណា‍»។​

ក្នុង​ពេល​ត្រូវ​ប៉ូលិស​ចាប់​ដាក់​ខ្នោះ​ដៃ​ហើយ​បណ្តើរ​ចេញ​ពី​បន្ទប់​សវនាការ​យក​ទៅដាក់​រថយន្ត​ លោក​អ៊ុក ពេជ្រ​សំណាង​បាន​ស្រែក​ប្រឆាំង​នឹង​ការ​ដាក់​ទោស​ទណ្ឌ លើ​រូប​លោក​ដោយ​ចាត់​ទុក​ថា​ទង្វើ​របស់​លោក​កន្លងមកគឺ​ក្នុង​នាម​ជា«អ្នក​ស្នេហាជាតិ‍»​មួយ​រូប​ប៉ុណ្ណោះ៕