បន្ទាប់ពីសាស្រ្តាចារ្យសាកលវិទ្យាល័យមួយរូប បានរងការវាយប្រហារយ៉ាងដំណំពីសំណាក់អ្នកធ្វើដំណើរ ដែលបានចោទលោកថាបានបង្កគ្រោះថ្នាក់ចរាចរណ៍ និងបើករត់ កាលពីថ្ងៃអាទិត្យ កូនស្រីរបស់លោកបានដាក់ពាក្យបណ្តឹងតាមរយៈមេធាវីនៅថ្ងៃអង្គារនេះទាមទារឲ្យសមត្ថកិច្ចស្វែងរកជនពាក់ព័ន្ធទាំងអស់យកទៅដាក់ទោស និងទាមទារសំណងជំងឺចិត្តចំនួន៣សែនដុល្លារ។
បើតាមលិខិតពីរច្បាប់ដែល VOA ទទួលបាននារសៀលថ្ងៃអង្គារនេះ មួយគឺលិខិតផ្ទេរសិទ្ធិរបស់កញ្ញា សារ៉េត សុផាធិតាពេជ្រ កូនស្រីរបស់លោកសាស្រ្តាចារ្យ ស៊ុយ សារ៉េត ទៅឲ្យលោកមេធាវី ឈី សម្បត្តិ ដើម្បីធ្វើជាតំណាងរបស់លោក ស៊ុយ សារ៉េត និងលិខិតមួយច្បាប់ទៀតគឺជាពាក្យបណ្តឹងរបស់លោកមេធាវី ឈី សម្បត្តិ ជូនលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ដោយប្តឹងជនបង្កមួយក្រុមដែលបានវាយប្រហារលើលោកសាស្រ្តាចារ្យ ស៊ុយ សារ៉េត។ លិខិតទាំងពីរចេញនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ដូចគ្នា។
ក្នុងពាក្យបណ្តឹងរបស់លោក ឈី សម្បត្តិ ជូនលោក ជួន សុវណ្ណ មានយោងវីដេអូ និងរូបថតមួយចំនួនដែលបានបង្ហាញពីសកម្មភាពរបស់ក្រុមជនបង្ក ប្រព្រឹត្តកាលពីថ្ងៃទី១១ ខែមីនា ទៅលើលោក ស៊ុយ សារ៉េត ។
ក្នុងពាក្យបណ្តឹងនោះមានរៀបរាប់ពីសកម្មភាពផ្សេងៗចាប់តាំងពីមុនពេលកើតហេតុ និងក្រោយបញ្ចប់ការកើតហេតុនោះ ព្រមទាំងបានបញ្ជាក់ថា ក្នុងវីដេអូ និងរូបថតទាំងនោះបានបង្ហាញថា ក្រុមជនបង្កបានប្រព្រឹត្តអំពើប៉ុនប៉ងមនុស្សឃាត អំពើហិង្សាមានស្ថានទម្ងន់ទោស អំពើលួច និងអំពើធ្វើឲ្យខូចខាតទ្រព្យសម្បត្តិរបស់អ្នកដទៃដោយចេតនា។ ក្នុងពាក្យបណ្តឹងនោះក៏បានបញ្ជាក់ថា ក្នុងការវាយប្រហារនោះអាចធ្វើឲ្យលោក ស៊ុយ សារ៉េត ប៉ះពាល់ដល់ជីវិត ខូចខាតរថយន្តស្ទើរទាំងស្រុង ព្រមទាំងបាត់បង់ទូរសព្ទដៃ និងកាបូបលុយដែលមានប្រាក់ប្រមាណជាជិត៣ពាន់ដុល្លារ។
ក្នុងពាក្យបណ្តឹងដដែលនោះត្រូវបានសរសេរក្នុងន័យដើមថា៖
«សំណូមពរសុំស្រាវជ្រាវអំពីសាវតាររបស់ក្រុមជនបង្ក ដើម្បីស្វែងរកចាប់ខ្លួនឲ្យមកទទួលខុសត្រូវចំពោះអំពើដែលខ្លួនបានប្រព្រឹត្ត ស្របតាមច្បាប់ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ សុំទាមទារសំណងជួសជុលការខូចខាត ថ្លៃថ្នាំព្យាបាល ការខាតបង់ពេលវេលា និងសំណងជំងឺចិត្តសរុបចំនួន ១,២០០,០០០,០០០ (មួយពាន់ពីររយលាន) រៀល»។
VOA មិនអាចទាក់ទងសុំការអធិប្បាយពីកូនស្រី ក្រុមគ្រួសាររបស់លោកសាស្រ្តាចារ្យ ស៊ុយ សារ៉េត ព្រមទាំងលោកមេធាវី ឈី សម្បត្តិ បានទេ រហូតដល់ល្ងាចថ្ងៃអង្គារនេះ។
ចំណែកលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ មិនទទួលទូរសព្ទ។
យ៉ាងណាក៏ដោយ នៅថ្ងៃអង្គារនេះ លោក ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញលិខិតមួយ ដោយអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមអនុវត្តច្បាប់ និងបញ្ឈប់ជាបន្ទាន់នូវការប្រើអំពើហិង្សាទៅលើអ្នកបើកបរ និងយានយន្ដ។ លិខិតរបស់លោក ជួន សុវណ្ណ ដដែលនោះបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ប្រជាពលរដ្ឋអាចចូលរួមចាប់ឃាត់ និងប្រគល់ជូនសមត្ថកិច្ច ដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់។
កាលពីថ្ងៃអាទិត្យកន្លងទៅ លោក ស៊ុយ សារ៉េត ព្រឹទ្ធបុរសនៃមហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងភាសា និងជាគ្រូបង្រៀនភាសាអង់គ្លេសនៃសាកលវិទ្យាល័យកម្ពុជា បានរងការវាយយ៉ាងដំណំទៅលើក្បាល និងមុខរបស់លោក បណ្តាលឲ្យឈាមស្រោចជោគជាំទៅលើខ្លួន បន្ទាប់ពីលោករងការចោទថា បានបង្កគ្រោះថ្នាក់ចរាចរណ៍ និងបើករត់។ ក្រោយកើតហេតុភ្លាមៗ លោក ស៊ុយ សារ៉េត ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលក្នុងមន្ទីរពេទ្យមួយ នៅឯប្រទេសវៀតណាម។
ចំណែកសមត្ថកិច្ចបានប្រកាសតាមចាប់ជនបង្កយកទៅផ្តន្ទាទោសជាបន្តបន្ទាប់ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានការរាយការណ៍ណាមួយពីការចាប់ខ្លួនជនដៃដល់ដែលប្រព្រឹត្តអំពើហិង្សាលើលោក ស៊ុយ សារ៉េត បាននៅឡើយ។
ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស និងការវិវត្តនៃសង្គមលើកឡើងថា ការកើនឡើងនៃការវាយតប់របស់ក្រុមមនុស្សក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បានបង្ហាញពីការផុយស្រួយនៃសន្តិភាពក្នុងសង្គមខ្មែរ និងការបាត់បង់ជំនឿចិត្តលើប្រព័ន្ធយុត្តិធម៌ក្នុងប្រទេសកម្ពុជា៕