បុណ្យសព​ ​នួន​ ​ជា​ ​ប្រព្រឹត្តទៅ​ដោយ​ស្ងៀមស្ងាត់​

ស្ត្រី​ម្នាក់​ប្រើ​ទូរស័ព្ទ smartphone ថត​រូបថត​បង​ធំ​ទី​២ នួន ជា នៃ​របប​ខ្មែរ​ក្រហម ក្នុង​អំឡុងពេល​នៃ​ពិធី​បុណ្យ​សព​របស់​លោក ក្នុង​ខេត្ត ប៉ៃលិន ថ្ងៃ​ទី ​៦ ខែ សីហា ឆ្នាំ ២០១៩។ (Reuters)

ពិធី​បុណ្យ​សព ​​នួន ជា​ ​បងធំ​ទីពីរ​នៃ​របប​ខ្មែរក្រហម​ ​កំពុង​ប្រព្រឹត្ត​ទៅ​ដោយ​ស្ងប់ស្ងៀម​ជិត​អតីត​គេហដ្ឋាន​របស់​លោក​​ជាប់​ព្រំដែន​ថៃ​​ក្នុង​ខេត្ត​ប៉ៃលិន។ ​អ្នក​ចូល​រួម​បុណ្យ​សព​របស់​ ​នួន ជា ​មួយ​ចំនួន​គឺ​ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ដែល​ធ្លាប់​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​លោក។

នៅ​ក្នុង​វត្ត​លើ​កំពូល​ភ្នំ​តូច​មួយ ​ដែល​សាង​សង់​មិន​ទាន់​ពេញលេញ ​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពីច្រក​ព្រំដែន​កម្ពុជា​ថៃ ​ផ្សារព្រំ ​ដែល​សំបូរ​ដោយ​បន​ល្បែង​កាស៊ីណូ ​ សព​របស់ ​នួន ជា ​អតីត​មេ​មនោគមវិជ្ជា​នៃ​របប​ខ្មែរ​ក្រហម​ដ៏​ប្រល័យ​ត្រូវ​តម្កល់​ទុក​ក្នុង​សាលា​ឆាន់​មួយ​ដើម្បី​រង់​ចាំ​ពិធី​បូជា​នៅ​ចុង​សប្តាហ៍​នេះ។ ​ពិធី​បុណ្យ​តាម​បែប​ព្រះ​ពុទ្ធសាសនា​នេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ភាព​ស្ងៀមស្ងប់។​

បង​ប្អូន​ក្រុម​គ្រួសារ​កូន​ចៅ​សាច់ញាតិ​របស់​លោកក្នុង​សម្លៀក​បំពាក់ពណ៌សបាន​ជួបជុំគ្នា​នៅ​ប្រចាំការ​នឹង​រោង​បុណ្យ​ដើម្បី​ទទួល​ភ្ញៀវ​ដែល​មក​គោរព​វិញ្ញាណ​ក្ខន្ធ​អតីត​មេ​ដឹក​នាំ​កំពូល​ខ្មែរ​ក្រហម​នេះ​ជា​ចុង​ក្រោយ។​

រសៀល​បន្តិច​ ព្រះសង្ឃ​បាន​ធ្វើ​ពិធី​បង្សុកូល​ឧទ្ទិស​ដល់​ព្រលឹង​ នួន ជា។ ​យូរៗ​ម្ដង​ ​គេ​ឃើញ​ភ្ញៀវ​ចូល​មក​ដល់​បរិវេណ​វត្ត​ ​តាម​រថយន្ត​ ​តាម​ម៉ូតូ​ ​ដែល​សុទ្ធសឹង​ជា​អ្នក​មាន​សមាន​ចិត្ត​អាណិត​ស្រឡាញ់​រូបលោក។​ ​

Your browser doesn’t support HTML5

បុណ្យសព​ ​នួន​ ​ជា​ ​ប្រព្រឹត្តទៅ​ដោយ​ស្ងៀមស្ងាត់

អ្នកចូលរួម​ជា​អតីត​មនុស្ស​ក្រោម​បង្គាប់ នួន​ ​ជា​ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ខ្មែរ​ក្រហម សុទ្ធតែ​បាន​មក​សម្ដែង​គារវកិច្ច​ចំពោះ​អ្នកស្រី​ ​លី គឹមសេង​ ​ជា​ភរិយា​របស់​លោក​ដែល​មាន​វ័យ​ចំណាស់​ទៅ​ហើយ។​ ​

នៅ​ក្បែរ​នោះ​ ​អ្នកស្រី ឡៅ ជាលីនដា ​ជា​កូន​ទីបី​របស់​ នួន ជា។​ និយាយ​មក​កាន់​ VOA​ ក្នុង​ទឹក​មុខ​ស្វាហាប់ ​ ខណៈ​កំពុង​មមាញឹក​ចាត់ចែង​បាយ​ទឹក​ទទួល​ភ្ញៀវ​អ្នក​ចូល​រួម ​ អ្នកស្រី ​ជា លីនដា​ បាន​លើក​ឡើង​ថា៖​

«ខ្ញុំ​នឹក​គាត់​សព្វបែប​យ៉ាង។ ​ខ្ញុំ​និយាយ​អ៊ីចឹង!​ ​អ្វី​ដែល​ជា​របស់​គាត់​ ​ខ្ញុំ​ស្រឡាញ់​ ​ខ្ញុំ​គោរព​គាត់​ទាំងអស់​ ​ចា៎!​ ចា៎! [​ការរៀបចំ​នេះ]​ឱ្យ​សក្តិសម​ ឱ្យ​សក្តិសមថា ​គាត់​ជា​ឪពុក​ដែល​ខ្ញុំ​គោរព​ ​ខ្ញុំ​ស្រឡាញ់»។​

ស្រ្តី​វ័យ​អាយុ​៥២​ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​បន្ថែម​ថា​ ​ពិធី​បុណ្យ​សព​នេះ​នឹង​បន្ត​រហូត​គម្រប់​៧​ថ្ងៃដើម្បី​ឱ្យ​បងប្អូន​សាច់​ញាតិ​ ​អ្នក​គោរព​ស្រឡាញ់ នួន ជា ​អាច​ម​ក​សម្ដែង​ការ​គោរព​លាគ្នា​ជា​លើក​ចុង​ក្រោយ។​

«គ្រប់​ស្រទាប់​ជាន់​ថ្នាក់​ ​មក​បាន​ទាំងអស់​ ​ចា៎ ​ចំពោះ​បុណ្យសព​របស់​លោក​ឪពុក​ខ្ញុំ។​ ​ខ្ញុំ​ស្វាគមន៍​ទាំងអស់»។​

តាម​ការ​ប៉ាន់​ប្រមាណ​របស់​ក្រុម​គ្រួសារ​ ​កន្លង​ទៅ​បី​ថ្ងៃ​មក​នេះមាន​មនុស្សច្រើន​រយ​នាក់បាន​មក​ចូលរួម​ពិធី​បុណ្យ​សព​ នួន ជា​ ជា​បន្ត​បន្ទាប់។​

យ៉ាងណាក្ដី​ បណ្ដាជន​មួយ​ចំនួនហាក់​នៅ​មិនទាន់​អស់​ចិត្តចំពោះ​កេរ​ដំណែល​របស់​ នួន ជា។​

ថ្លែង​នៅ​ក្នុង​ហាងបាយ​របស់​លោក​ ​ចម្ងាយ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​វត្ត​ព្រំ​គិរី​មរកត​ ​លោកតែ គា ​វ័យ​៦២​ឆ្នាំ​ ​អតីត​ទាហាន​របប​សាធារណ​រដ្ឋ​ខ្មែរ​ បាន​លើក​ឡើង​ថា​ ​លោក​ហាក់​មាន​ភាព​ស្រពេចស្រពិល​ចំពោះ​កេរ​ដំណែល​ជា​ប្រវត្តិ​សាស្ត្រ​របស់​ ​នួន ជា។​ ​លោក​មិនទាន់​បាន​ទៅ​ចូលរួម​បុណ្យ​ នួន ជា​ ​ដែល​នៅ​ក្បែរ​នោះ​នៅ​ឡើយ​ ​បើ​ទោះ​ជា​បាន​រាប់​អាន​គ្រួសារ​របស់​លោក​ក៏ដោយ។

«ចេះ​តែ​ក្ដុកក្ដួល​ដែរ​ ​តែ​ធ្វើ​ម៉េច​ គាត់​ចាស់​ហើយ។​ ​តែ​ដូច​ថា ​នៅតែ​មិន​អស់ចិត្ត​ ​ដូច​ថា ​អាការ​កាប់​សម្លាប់​ហ្នឹង​ ​មិន​អស់​ចិត្ត​ មិនទាន់​បាន​ថា ​កាត់​ទោស​យ៉ាង​ម៉េច​លើ​គាត់​ថា ​គាត់​ជា​ឃាតករ​ ​ឬ​មិន​ឃាតករ​អ៊ីចឹង​ណា៎​ មិន​អស់​ចិត្ត​ប៉ុណ្ណឹង»។​

អំឡុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ក្រោម​ការ​ដឹកនាំ​របស់​បក្ស​កុម្មុយនីស្ដ​កម្ពុជា​ ​ដែល​មាន​ នួន ជា​ ​និង​សហការី​ទទួល​គ្រប់គ្រងនោះ​ ​យ៉ាង​ហោច​មាន​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​១,៧​លាន​នាក់​បាន​ស្លាប់​និង​ត្រូវ​បាន​សម្លាប់​ក្នុង​របប​ខ្មែរក្រហម​របស់​ ​នួន ជា​ និង ​ប៉ុល ពត។​

​នួន ជា ​ត្រូវ​តុលាការ​កូន​កាត់​ចម្រុះ​អង្គការ​សហ​ប្រជាជាតិ​និង​កម្ពុជា​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ទាក់​ទង​ទៅ​នឹង​បទ​ឧក្រិដ្ឋ​ដែល​បាន​ប្រព្រឹត្ត​ក្រោម​ការ​ទទួល​ខុស​ត្រូវ​របស់​លោក។​

​នួន ជា ​បាន​ស្លាប់​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា សូវៀត ​ក្នុង​អាយុ​៩៣ឆ្នាំ​ កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​បន្ទាប់​ពី​ត្រូវ​បញ្ជូន​ចេញ​ពី​មន្ទីរ​ឃុំឃាំង​ទៅ​ព្យាបាល​នៅ​ទីនោះ​អស់​រយៈពេល​មួយ​ខែ។​

សព​របស់​លោក​ត្រូវ​បាន​បញ្ជូន​មក​កាន់​ខេត្ត​ប៉ៃលិន​នៅ​ថ្ងៃ​បន្ទាប់។ ​ហើយ​ពិធី​បុណ្យ​សព​របស់​លោក​នឹង​បន្ត​រហូត​ដល់​ពិធី​រំលាយ​សព​នៅ​យប់​ថ្ងៃ​សុក្រ៕