គ្រួសារមួយស្ថិតក្នុងសង្កាត់ព្រែកព្នៅ រាជធានីភ្នំពេញបន្តទាមទារសំណង ក្រោយអាជ្ញាធរចម្រុះយកគ្រឿងយន្តមកឈូសឆាយផ្ទះ និងដីក្នុងគម្រោងអភិវឌ្ឍន៍ពង្រីកផ្លូវជាតិលេខ៥ កាលពី៩ឆ្នាំមុន។
អ្នកស្រី ស៊ូ ស្រីនាង ពលរដ្ឋរស់នៅក្នុងសង្កាត់ព្រែកព្នៅ ដែលបន្តទាមទារសំណង ប្រាប់វីអូអេកាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះថា កាលពីឆ្នាំ ២០១៥ ផ្ទះរបស់ប្រជាពលរដ្ឋរាប់រយគ្រួសារស្ថិតក្នុងខណ្ឌព្រែកព្នៅត្រូវបានឈូសឆាយ ប៉ុន្តែពួកគេបានចាកចេញក្រោយទទួលបានសំណង។ អ្នកស្រីបន្ថែមថា នាពេលនោះ អាជ្ញាធរនិងក្រសួងសេដ្ឋកិច្ចបានហៅអ្នកស្រីទៅចរចាទទួលសំណងក្នុងទឹកប្រាក់ ៨.០០០ដុល្លារ ប៉ុន្តែអ្នកស្រីថា ចំនួនទឹកប្រាក់នោះមិនស្មើនឹងការបាត់បង់ទ្រព្យសម្បត្តិ និងផ្ទះសម្បែងរបស់អ្នកស្រីដែលអាចប្រកបរបររកស៊ីដោយសុខស្រួលនោះទេ។
អ្នកស្រី ស៊ូ ស្រីនាង បន្ថែមថា នៅមុនពេលអាជ្ញាធរបានឈូសឆាយដី និងផ្ទះ អ្នកស្រីប្រកបរបរលក់ដូរគ្រឿងឫស្សី និងឈើមួយចំនួនដែលអាចរកចំណូល សម្រាលដល់ជីវភាព និងចិញ្ចឹមកូនៗរបស់អ្នកស្រីរស់នៅបានសុខស្រួល។ ប៉ុន្តែអ្នកស្រីថា ផ្ទះដែលធ្លាប់មានបណ្ដោយ ១៦ម៉ែត្រ ទទឹងជាង ៥ម៉ែត្រ និងមានសម្ភារៈពេញផ្ទះ ពេលនេះនៅសល់តែទទឹង ៣ម៉ែត្រ និងជម្រៅជាង ២ម៉ែត្រប៉ុណ្ណោះ។
អ្នកស្រីបន្ថែមដោយអះអាងថា អ្នកស្រីមានដីផ្ទះចំនួន ២ខ្នង ដែលមួយខ្នងជារបស់អ្នកស្រី និងមួយខ្នងទៀតជារបស់កូនស្រីអ្នកស្រី ហើយថា ក្នុងការរុះរើនោះ អាជ្ញាធរជាច្រើននាក់បានដាក់កម្លាំង និងគ្រឿងច្រកឈូសឆាយផ្ទះរបស់អ្នកស្រី ដោយមិនបានទុកសម្ភារៈ និងរបស់របរផ្សេងៗទៀតឱ្យអ្នកស្រីឡើយ។
អ្នកស្រីថ្លែងថា៖ «និយាយពីថា ដឹកជញ្ជូនយកទ្រព្យសម្បត្តិខ្ញុំហ្មង។ សួរថា ទ្រព្យសម្បត្តិខ្ញុំខុសអី បានយកទ្រព្យសម្បតិ្តខ្ញុំនេះ។ ខ្ញុំខុសក្បត់ជាតិអីបានយកទ្រព្យសម្បត្តិខ្ញុំនេះ។ ខ្ញុំឆ្ងល់តែប៉ុណ្ណឹងទេ! ប៉ះពាល់ផ្លូវថ្នល់យកផ្ទះខ្ញុំ យកដីខ្ញុំធ្វើផ្លូវសាធារណៈតែត្រឹមហ្នឹងទេ ចុះហេតុអីមករុះដល់ផ្ទះខ្ញុំនេះ ដឹកយកទ្រព្យសម្បត្តិខ្ញុំ ឈើព្រៃខ្ញុំអស់រលីង។ តើទ្រព្យសម្បត្តិខ្ញុំខុសអី? ខ្ញុំធ្វើអីខុស បានយកទ្រព្យសម្បត្តិខ្ញុំ»។
អ្នកស្រីស្នើដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឱ្យស្វែងរកដំណោះស្រាយ និងផ្តល់សំណងទៅតាមការបាត់បង់ទ្រព្យសម្បត្តិរបស់អ្នកស្រីនាពេលនោះ។
អ្នកស្រីនិយាយថា៖ «ឥឡូវសួរថា ខ្ញុំចង់បានលុយ អត់យកដីទេ។ តើលោកមានដំណោះស្រាយឱ្យខ្ញុំប៉ុន្មាន? គេ[ក្រសួងសេដ្ឋកិច្ច] សួរថា ទារប៉ុន្មាន? បើសួរខ្ញុំថា ទារប៉ុន្មាន តម្លៃដែលខ្ញុំទារពីមុន ខ្ញុំទារជាង១០ម៉ឺន [ដុល្លារ]១៧ម៉ឺនប៉ុន្មានហ្នឹង ចា៎។ ខ្ញុំទារប៉ុណ្ណឹង ព្រោះខ្ញុំសរុបតាំងពីឥវ៉ាន់ខ្ញុំ តំាងពីផ្ទះខ្ញុំ តាំងពីខ្ញុំខាតពេលវេលារកស៊ី។ អ្វីគ្រប់យ៉ាងទាំងអស់ ហើយខ្ញុំទារ ១៧ម៉ឺនជាងនេះក៏មិនទាន់រួចតម្លៃផ្ទះខ្ញុំដែរ»។
ចៅសង្កាត់ព្រែកព្នៅ លោក ពេជ ស៊ីនួន ប្រាប់វីអូអេថា ករណីវិវាទដីធ្លីរបស់អ្នកស្រី ស៊ូ ស្រីនាង និងកូនរបស់អ្នកស្រីត្រូវបានអាជ្ញាធរព្យាយាមដោះស្រាយជាច្រើនលើកមកហើយ ប៉ុន្តែអ្នកស្រីមិនព្រមទទួលសំណងពីអាជ្ញាធរ។ លោកបន្ថែមថា អ្នកស្រី ស៊ូ ស្រីនាង បានទាមទារសំណងច្រើនពេក ដែលអាជ្ញាធរមិនអាចផ្តល់ឱ្យបាន។
បើតាមលោកចៅសង្កាត់ព្រែកព្នៅ ប្រជាពលរដ្ឋនៅក្នុងសង្កាត់ព្រែកព្នៅជិត ៩០គ្រួសារបានទទួលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ពង្រីកផ្លូវជាតិលេខ ៥នោះ។
លោកថ្លែងថា៖ «និយាយរួមថា ដំណោះស្រាយអាជ្ញាធរគេដោះស្រាយច្រើនលើកចំពោះគាត់ហ្នឹង គាត់ពីរគ្រួសារទាំងកូនគាត់ ពីសង្កាត់ទៅខណ្ឌ ទៅរាជធានី ធ្វើការសម្របសម្រួលដោះស្រាយជូនគាត់ ប៉ុន្តែគាត់អត់ទទួលយក។ គាត់ទាមទារវាខុសគេ ទាមទារច្រើន»។
លោក ពេជ ស៊ីនួន បន្ថែមថា ក្រសួងដែលមានសមត្ថកិច្ចពាក់ព័ន្ធរួមមានក្រសួងសាធារណការ និងជញ្ជូនក៏ព្យាយាមសម្របសម្រួលដំណោះស្រាយលើករណីមួយនេះផងដែរ ប៉ុន្តែអ្នកស្រី ស៊ូ ស្រីនាង នៅតែមិនព្រមទទួលសំណងនោះ។
វីអូអេបានទាក់ទងទៅលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ប៉ុន្តែលោកប្រាប់ឱ្យសួរទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ចំណែកអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចលោក មាស សុខសានសេន មិនឆ្លើយតបនឹងសំណួររបស់វីអូអេ ដោយប្រាប់ឱ្យទាក់ទងទៅសាលារាជធានីភ្នំពេញ។ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញថា លោកមិនមានឯកសារនៅក្នុងដៃឡើយ ពីព្រោះរឿងនេះបានកន្លងទៅ ៩ ឆ្នាំហើយ។
លោក ស៊ាង មួយឡៃ ប្រធានកម្មវិធីសិទ្ធិរស់នៅក្នុងទីក្រុងនៃអង្គការសមាគមធាងត្នោត ប្រាប់វីអូអេថា បញ្ហាដីធ្លីរបស់អ្នកស្រី ស៊ូ ស្រីនាង បានអូសបន្លាយជាង៩ឆ្នាំមកហើយ ដោយអាជ្ញាធរមិនព្រមស្វែងរកដំណោះស្រាយសមស្របណាមួយជូនអ្នកស្រី និងកូនរបស់អ្នកស្រីឡើយ។ លោកបន្តថា នៅពេលដែលអ្នកស្រីបានមករកជំនួយពីអង្គការសមាគមធាងត្នោត អ្នកស្រីហាក់មានបញ្ហាផ្លូវចិត្តដោយសារតែបាត់បង់ផ្ទះសម្បែង និងដីធ្លី។
លោកថ្លែងថា៖ «ខ្ញុំគិតថា រឿងហ្នឹងវាអត់គួរណាអូសបន្លាយទេ ព្រោះវានៅសល់តែ២គ្រួសារទេសម្រាប់ករណីហ្នឹង ហើយខ្ញុំគិតថា គួរតែផ្តល់សំណងឱ្យបានសមរម្យដើម្បីឱ្យគាត់រស់នៅស្ងប់ចិត្ត ព្រោះរឿងហ្នឹង វាអូសបន្លាយរាប់ឆ្នាំជិត១០ឆ្នាំហើយសម្រាប់ករណីគាត់ ហើយមែនទែនទៅ គាត់មិនមែនទើបតែជួបករណីហ្នឹងទេ។ មុនហ្នឹងក៏ធ្លាប់បានបាត់បង់ដីដោយសារតែការពង្រីកផ្លូវហ្នឹងដែរ។ ខ្ញុំគិតថា យើងអត់គួរបំភ្លេចគាត់ចោល បើទោះបីជាមានតែមួយគ្រួសារ ឬពីរគ្រួសារក៏ដោយ»។
បើតាមលោក ស៊ាង មួយឡៃ អាជ្ញាធរមិនគួរធ្វើជាមិនខ្វាយខ្វល់ និងមិនអើពើចំពោះករណីរបស់អ្នកស្រី ស៊ូ ស្រីនាង ឡើយ។ លោកជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធគួរស្វែងរកដំណោះស្រាយឱ្យសមរម្យជូនអ្នកស្រី ស៊ូ ស្រីនាង ដែលអូសបន្លាយជាង៩ឆ្នាំមកហើយនោះ។
លោកថ្លែងថា៖ «ហើយសម្រាប់ខ្ញុំ សម្រាប់ករណីមីងនាងនេះ ខ្ញុំគិតថា ចាត់ទុកគាត់ជាផ្នែកមួយនៃនិមិត្តរូបនៃការតស៊ូ ដោយសារនៅពេលដែលគាត់មិនព្រម ពេលគាត់មិនសុខចិត្តនៅក្នុងការទទួលយកសំណងដែលផ្តល់ឱ្យដោយក្រសួងសេដ្ឋកិច្ច។ គាត់សុខចិត្តអត់យក ហើយសុខចិត្តរស់នៅក្នុងផ្ទះមួយទំហំ ២ម៉ែត្រ គុណ ២ម៉ែត្រ រស់នៅវេទនារាប់ឆ្នាំ។ ខ្ញុំគិតថា ព្រោះតែគាត់ចង់បានយុត្តិធម៌សម្រាប់ខ្លួនឯង»៕