ព័ត៌មាន​ក្លែងក្លាយ​ធ្វើ​ឲ្យ​នយោបាយ​​ឥណ្ឌូនេស៊ី​ច្របូក​ច្របល់

រូបឯកសារ៖ អភិបាល​ក្រុង Jakarta ប្រទេស​ឥណ្ឌូនេស៊ី លោកBasuki Tjahaja Purnama ឬ​ដែល​គេ​ស្គាល់​តាម​រយៈ​ឈ្មោះ​ហៅ​ក្រៅ​ថា«Ahok‍» ថ្លែង​ទៅ​កាន់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ការិយាល័យ​របស់​លោក​ក្នុង​ទីក្រុង Jakarta កាល​ពី​ថ្ងៃ​ទី១៤ ខែ​សីហា ឆ្នាំ២០១៤។

ក្រោយ​ការ​​បោះឆ្នោត​​ជ្រើសរើស​ប្រធានាធិបតី​​សហរដ្ឋ​អាមេរិក ពាក្យ​ថា«ព័ត៌មាន​ក្លែងក្លាយ‍» បាន​ក្លាយ​​ជា​ពាក្យ​ដ៏​​ពេញនិយម​នៅ​ក្នុង​បណ្តា​ប្រទេស​នានា ហើយ​ក្នុង​នោះ​ក៏​មាន​ប្រទេស​ឥណ្ឌូនេស៊ី​ផង​ដែរ។

កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ មេ​ដឹកនាំ​នៃ​ក្រុម​អ្នក​កាន់​សាសនា​ឥស្លាម​ដ៏​តឹងរ៉ឹង​ ដែល​គេ​ហៅ​ថា​ ក្រុម​រណសិរ្សការពារ​ឥស្លាម​ FPI​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បន្ទាប់​ពី​លោក​រង​ការ​វាយដំ​ដោយ​យោធា​ឥណ្ឌូនេស៊ី​នៅ​ទី​ស្នាក់ការ​ផ្ទាល់​របស់​លោក។ តាម​ការ​ពិត​ទៅ​ គ្មាន​រឿងបែបនេះ​កើត​ឡើង​នោះ​ទេ។ ប៉ុន្តែ​ប្រជាពលរដ្ឋ​ឥណ្ឌូនេស៊ី​រាប់ពាន់​នាក់​នៅតែគិត​ថា​ រឿង​នេះ​ពិត​ជា​បាន​កើត​ឡើង ដោយសារ​តែ​ព័ត៌មាន​ក្លែង​ក្លាយ​ដែល​ពេញ​និយម​យ៉ាង​ខ្លាំង​ត្រូវ​បាន​ផ្សព្វផ្សាយ​មុនការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​មួយ​នៅ​ក្នុង​ទី​ក្រុង​ Jakarta ​កាល​ពី​ថ្ងៃ​ទី២ ​ខែ​ធ្នូ។

គេហទំព័រ​មួយ​ចំនួន​បាន​ចោទ​ប្រកាន់​ថា​ មេដឹក​នាំក្រុម ​FPI​ លោក ​Habib ​Rizieq​ ដែល​បាន​ជួយ​រៀបចំ​ការ​តវ៉ា​ប្រឆាំង​នឹង​អភិបាល​ក្រុង​ Jakarta ​ដែល​ជាប់​ខ្សែរ​ស្រឡាយ​ចិន​នោះ ត្រូវ​បានបំពាន​ដោយ​រដ្ឋ។ ការ​អះអាង​មាន​លក្ខណៈ​អុជអាល​នេះ​ បើ​ទោះបី​ជា​មិន​ពិត​ក៏​ដោយ ​បាន​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ពី​សំណាក់​សាធារណជន។

ព័ត៌មាន​ក្លែងក្លាយ​មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ​ នៅ​ក្នុង​នយោបាយ​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ បើ​ទោះបី​ជា​ពាក្យ​នេះបាន​ក្លាយជា​ពាក្យ​ដ៏ពេញនិយម​ បន្ទាប់ពីការបោះឆ្នោតជ្រើសរើស​ប្រធានាធិបតីសហរដ្ឋ​អាមេរិក។ រឿង​រ៉ាវ​មិន​ពិត​ទាំង​ស្រុង​ ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​រង្វង់​ប្រជាពលរដ្ឋ​ដែល​ចូលចិត្ត​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ យ៉ាង​ហោច​ណាស់​ចាប់​តាំង​ពី​ឆ្នាំ២០១៤​មក​ នៅ​ពេល​ដែល​ពួកគេ​បាន​គំរាម​ធ្វើ​ឲ្យ​ខូច​យុទ្ធនាការឃោសនា​បោះឆ្នោត​របស់​ប្រធានាធិបតី​បច្ចុប្បន្ន ​គឺ​លោក ​Joko Widodo ។

ប៉ុន្តែ​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ពួក​គេ​បាន​ផ្តោត​ទៅ​លើអារម្មណ៍​រំជើប​រំជួល​បែប​ញុះញុង​នៅ​ពេល​ភាព​តាន​តឹង​នៃ​អ្នក​ដែល​មាន​ជំនឿ​ខុស​គ្នា​បាន​កើន​ឡើង​ខ្ពស់ ​ដោយសារ​តែ​ការ​កាត់​ទោស​អភិបាល​ក្រុង​ហ្សាការ​តា ​លោក ​Basuki Tjahaja Purnama ពី​បទ​ពោល​ពាក្យ​ជេរ​ប្រមាថ។

កាល​ពីពាក់​កណ្តាល​ខែធ្នូ​ លោក​ឧត្តមសេនីយ៍​យោធា ​Gatot Nurmantyo ​បាន​ថ្លែង​ថា ​ព័ត៌មាន​ក្លែងក្លាយ​បង្ហាញ​ពី​ការ​ជ្រៀតជ្រែក​របស់​បរទេស​ក្នុង​នយោបាយ​ឥណ្ឌូនេស៊ី។ វា​មិន​ច្បាស់ទេ​ថា​នេះ​គឺ​ការពិត​ ប៉ុន្តែ​វា​នៅ​តែ​ជា​រឿង​មួយទាក់​ទាញ​ចំណាប់​អារម្មណ៍ ដែល​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​ដែល​ល្បី​ខាង​រឹតល្បិត​ព័ត៌មាន​ នៅ​មិន​ទាន់​អាច​បញ្ឈប់​បញ្ហា​នេះ​បាន​ បើ​ទោះ​ជា​ពួក​គេ​បាន​បិទ​គេហទំព័រ​ដែល​នាំ​ឲ្យ​មាន​បញ្ហា​ទាំង​នោះ​ចោល​រួច​ក៏​ហើយ​ក្តី។

រដ្ឋ​ New​ Jersey​ ប្រទេស​អូស្ត្រាលី ​ឬ​មិនមែន​កន្លែង​ទាំង​ពីរ​នេះ?

លោក​ឧត្តម​សេនីយ៍​បាន​ប្រាប់​សាព័ត៌មានថា ព័ត៌មាន​ក្លែងក្លាយ​អំពី​លោក​ Habib Risieg​ ត្រូវ​បាន​តាម​ដានរហូត​ទៅ​ដល់​ម៉ាស៊ីន​ផ្ទុក​ឯកសារ​នៅ​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ក្នុង​រដ្ឋ ​New Jersy ​និង​នៅ​ប្រទេស​អូស្រ្តាលី។ ប៉ុន្តែ​នេះ​មិនមែន​មាន​ន័យ​ថា​ជា​ភស្តុតាង​ដែល​បញ្ជាក់​ពី​ការ​ជ្រៀត​ជ្រែក​ចូល​ផល​ប្រយោជន៍​បរទេស​នោះ​ទេ។

លោក​ Damar ​Juniarto​ ស្ថាបនិក​នៃ​វេទិកាប្រជាធិបតេយ្យ​ឌីជីថល​នៅ​ទី​ក្រុង​ហ្សាការតា ​បាន​ថ្លែង​ថា៖ «រឿង​របស់​លោក​ Habib Rizieq​ គឺ​ជា​រឿង​ដែល​បង្ហាញ​តាម​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្មដែល​ទាក់​ទាញ​ឲ្យ​ចុច​ដើម្បី​ចូល​ទៅ​គេហទំព័រហ្គេម​ឈ្មោះ​ថា ​jitupoker.biz។ គេហទំព័រ​នោះ​ត្រូវ​បាន​ក្រសួង​ទូរគមនាគមន៍​បិទ​ចោល​រួច​ទៅ​ហើយ។ វា​ជា​សកម្មភាព​ធម្មតា​នៃ​គេហទំព័រ​ហ្គេម​តាម​អ៊ីនធឺណិត​ ក្នុង​ការ​ប្រើប្រាស់ ​IP Addressដែល​មាន​លក្ខណៈ​បិទបាំង​ពី​បរទេស​ ដើម្បី​គេច​ចេញ​ពី​ច្បាប់​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ ដែល​ប្រទេស​នេះ​ហាម​ឃាត់​ទៅ​លើ​ការ​លេង​ហ្គេមតាម​បណ្តាញ​អ៊ីន​ធឺណិត។

លោក​ Juniarto ​និយាយ​ថា​ ទោះ​ជាយ៉ា​ណា​ក៏​ដោយ ​ពេល​វេលា​ដែល​រឿង​នោះ​បាន​កើត​ឡើង​ គឺ​ត្រូវ​ចំពេល​ដ៏​ល្អ​មួយ​ដែល​បង្កើន​កំហឹង​ដល់​កម្រិត​អតិបរមា។ ព័ត៌មាន​ក្លែង​ក្លាយ​នោះ​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២០​ ខែ​វិច្ឆិកា ​គឺ​នៅ​ចន្លោះ​នៃ​ការ​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ដ៏​តានតឹង​ នៅ​ទីក្រុង​ហ្សាការតា ​នៅ​ថ្ងៃ​ទី​៤ ​ខែ​វិច្ឆិកា និង​នៅ​ថ្ងៃទី​២ ​ខែធ្នូ។

លោក ​Juniarto​ បាន​និយាយ​ថា​ ព័ត៌មាន​ក្លែងក្លាយ​បាន​រាលដាល​យ៉ាង​លឿន​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ពីព្រោះ​ប្រជាពលរដ្ឋ​ប្រទេស​នេះ​ ភាគច្រើន​ជា​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ និង​ទូរស័ព្ទ​ដៃ​យ៉ាង​សកម្ម។​ ការ​ចែក​ចាយ​ព័ត៌មាន​យ៉ាង​ឆាប់​រហ័ស​នេះ កើន​ឡើង​មិន​ត្រឹមតែ​នៅ​តាម​បណ្តាញ​សង្គម​ដូច​ជា​ Facebookនិង ​Twitter នោះ​ទេ វា​ថែម​ទាំង​កើន​ឡើង​នៅ​លើ​បណ្តាញ​ផ្ញើ​សារ​ដូច​ជា​បណ្តាញ ​WhatsApp​ ជា​ដើម។

លោកបាន​ថ្លែង​បន្ថែម​ថា៖ «យើង​អាច​តាម​ដាន​ការ​ផ្ទុះ​ឡើង​នៃ​ព័ត៌មាន​ក្លែងក្លាយ​ ទៅ​តាម​ការ​កើន​ឡើង​នៃ​ការ​ទំនាក់​ទំនង​តាម​បណ្តាញ​សង្គម។ វា​បាន​ចាប់​ផ្តើម​ឡើង​ជា​ការកំប្លែង​លេង​មួយ ​បន្ទាប់​មក​ វា​បាន​ក្លាយ​ជា​អាជីវកម្ម​មួយ​ ហើយ​ឥឡូវ​នេះ​ វា​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ជា​យុទ្ធសាស្រ្ត​នយោបាយ​មួយ»។

ការ​បញ្ឆេះ​កំហឹង​ឲ្យ​មាន​ការ​ស្អប់​ លោ​ Ahok

លោក​ Raja Juli Anthoniអ្នកនាំពាក្យ​សម្រាប់​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​អភិបាល​ក្រុង ហ្សាការតា លោក Ahok ​បាន​និយាយ​ថា៖ «ជា​រៀង​រាល់​ថ្ងៃ​ នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ​យើង​ឃើញ​មាន​រឿង ​ឬ​រូប​ភាព​ដែល​មិន​មែន​ជា​ការ​ពិត។ និយាយ​ឲ្យ​ត្រង់​ទៅ ​រឿង​បែប​នេះគួរ​ឲ្យ​បារម្ភ​ណាស់»។

សូម្បី​តែ​ការ​ចោទ​ប្រកាន់​ទៅ​លើ​លោក​ Ahok ​អំពី​ការ​ជេរ​ប្រមាថនោះ ក៏​បាន​កើន​ឡើង​មួយ​ផ្នែក​ដោយសារ​តែ​ការ​ប្រឌិត​ឡើង​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ។

លោក​ Tubaghus Ramadhan ​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ប្រព័ន្ធផ្សព្វ​ផ្សាយ​សង្គម​ដែល​បាន​ធ្វើ​ការ​លើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឲ្យ​លោក ​Jokowi ​ក្នុង​ឆ្នាំ ​២០១៤ ​និងឲ្យ​លោក Ahok ​ក្នុង​ឆ្នាំ​២០១៧ ​បាន​និយាយ​ថា៖ «រឿង​ក្តី​នៃ​ការ​ដាក់ជេរ​ប្រមាថ​នេះ​ បាន​ចាប់​ផ្តើម​នៅ​ពេល​លោក​ Buni ​Yani​ សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ ​Paramidan​ បាន​បង្ហោះ​សុន្ទរកថារបស់​លោក ​Ahok ដែល​គេ​កាត់​ត​នៅ​លើ​ហ្វេសប៊ុក​ ដែល​ក្នុង​សុន្ទរកថា​នោះលោក​ Ahok ​បាន​ដកស្រង់​ពី​គម្ពី​កូរ៉ាន់។ លោក​បាន​បញ្ចូលអត្ថបទ​សុន្ទរកថា​របស់​លោក​ Ahok​ ដែល​ធ្វើ​ឲ្យ​សុន្ទរកថា​នោះ​មើល​ទៅ​ហាក់​ដូច​ជា​លោក​ Ahok​ ជេរ​ប្រមាថ​ទៅ​លើ​គម្ពីរ​កូរ៉ាន់​ដោយ​ផ្ទាល់»។

នៅ​ក្នុង​ព្រឹត្តិការណ៍ដែល​គួរ​ឲ្យ​ហួស​ចិត្ត​មួយ​នោះ​គឺ​ថា ​ការ​កាត់​ទោស​លោក​ Buni ​Yani​ ចំពោះ​ការ​ចែក​ចាយ​ព័ត៌មាន​មិន​ពិត បាន​ចាប់​ផ្តើម​នៅ​ក្នុង​ថ្ងៃ​តែមួយ​ជាមួយ​នឹងថ្ងៃ​កាត់​ទោស​លោក​ Ahok ​សម្រាប់​ការ​ប្រើពាក្យ​ជេរប្រមាថ​នោះ។

ដូចគ្នា​ទៅ​នឹង​ករណី​លោក​ Jokowi

នៅ​មុន​ពេល​មាន​ការ​ជជែក​ពីការ​ចោទ​ប្រកាន់​ពី​ការ​រើស​អើង​ជាតិ​សាសន៍​ជុំវិញ​បេក្ខភាព​របស់​លោក​ Ahok​ លោក ​Jokowi​ ប្រធានាធិបតីបច្ចុប្បន្ន​ក៏​ធ្លាប់​ប្រឈម​នឹង​ការ​អុជ​អាល​ជា​សាធារណៈ​ចំពោះ​ប្រវត្តិ​របស់​លោក​ដែរ​ នៅ​ពេល​ដែល​លោក​បាន​ឈរ​ឈ្មោះ​សម្រាប់​តំណែង​ប្រធានាធិបតី​នៅ​ក្នុង​ឆ្នាំ​២០១៤។​ លោក​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា មាន​ជាប់​ខ្សែរ​ស្រឡាយចិន​ ថា​ជា​អ្នក​កាន់​សាសនា​គ្រិស្តដោយ​លួច​លាក់​មួយរូប​ និង​ជា​ជន​កុម្មុយនិស្ត​មួយ​រូប​ផង​ដែរ។

លោក​ Ramadhan ​បាន​និយាយថា៖ ព័ត៌មាន​ក្លែងក្លាយ​អំពីពូជសាសន៍​និង​សាវតា​សាសនា​ ទៅ​លើលោក​ Jokowi ​គឺ​ជា​បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​លំបាក​បំផុត​ដែល​យើង​បាន​ជួប​ប្រទះ​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ ​២០១៤»។

នៅ​ទី​បំផុត​ លោក​ Jokowi ​បាន​ធ្វើ​ធម្មយាត្រា​ទៅ​កាន់​ទី​ក្រុង ​Mecca ​ដែល​ត្រូវ​បានផ្សព្វផ្សាយជា​សាធារណៈយ៉ាង​ទូលំទូលាយ​ដើម្បី​បង្ហាញ​សារថា​លោក​ជា​អ្នក​កាន់​សាសនា​ឥស្លាម។

ករណី​ថ្មីៗ​ផ្សេង​ទៀត​អំពី​ព័ត៌មាន​ប្រឌិត ​រួមមាន​ការ​ចោទ​ប្រកាន់​ថា​ វិហារ​ឥស្លាម​មួយ​ត្រូវបាន​ដុត​បំផ្លាញ​ដោយ​ចេតនា​ ដោយ​ទី​ភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់​នៅ​ក្នុង​ខេត្ត​ Papuaដែល​មាន​គ្រិស្តសាសនិក និង​ការ​ចោទ​ប្រកាន់​ថា​ លោក​ Ahok បាន​ផឹក​ស្រាបៀរ​នៅ​ឯ​កិច្ច​ប្រជុំ​ផ្លូវ​ការ​មួយ។

ការ​កំណត់​ការ​ទទួល​ខុសត្រូវ

បន្ទាប់​ពី​មាន​ការ​អះអាង​ថា​ ព័ត៌មាន​ក្លែងក្លាយ​បាន​ជះ​ឥទ្ធិពល​ទៅ​លើ​អ្នក​បោះឆ្នោត​របស់​អាមេរិក​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​កាលពី​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ ក្រុមហ៊ុន​ហ្វេសប៊ុក​ កាល​ពីពាក់​កណ្តាល​ខែ​ធ្នូ​ បានប្រកាស​ផ្តួចផ្តើម​ទប់​ស្កាត់​ព័ត៌មាន​ក្លែង​ក្លាយ​ដោយ​ធ្វើ​ឲ្យ​ អ្នក​ប្រើ​ប្រាស់​ងាយ​ស្រួល​ក្នុង​ការ​រាយការណ៍​ទៅ​ក្រុមហ៊ុន ​និង​«ធ្វើ​ឲ្យ​អាក់​ខាន​ដល់​ការ​ព្យាយាម​រក​ចំណូល​របស់អ្នក​ដែល​ផ្ញើ​សារ​ឥត​ប្រយោជន៍»។

ក្រុមហ៊ុន​ Twitter​ និង ​WhatsApp​ នៅ​មិនទាន់​ប្រកាស​អំពី​វិធានការ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​ក្នុង​កម្រិត​ប្រហាក់​ប្រហែល​គ្នា​នៅ​ឡើយ​ទេ។ បើ​ទោះ​បី​ជា​បណ្តាញ​សង្គម​ទាំង​នេះ​គួរ​តែ​នាំ​មុខ​ក្នុង​ការ​បង្ក​ការ​លំបាក​ដល់​ការ​ចែក​ចាយ​ព័ត៌មាន​ក្លែង​ក្លាយក៏​ដោយ ​ពួក​គេ​មិន​អាច​លុប​បំបាត់​ព័ត៌មាន​ទាំង​នោះ​បាន​ទាំង​ស្រុង​នោះ​ទេ ជាពិសេស​ដោយ​តែ​ការ​ខូច​ខាត​ភាគ​ច្រើន​កើតមាន​ឡើង​តែ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ឬ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ។

ចំណែក​ក្រសួង​សារគមនាគមន៍​ឥណ្ឌូនេស៊ី​បាន​បិទ​គេហទំព័រ​ព័ត៌មាន​ក្លែងក្លាយ​ជាច្រើន ​បើ​ទោះ​បី​ជា​គេហទំព័រ​ថ្មី​បែប​នេះ​មាន​តម្លៃ​ថោក​ និង​ងាយ​ស្រួល​ក្នុង​ការ​បង្កើត​ក៏​ដោយ។ ប្រទេស​នេះ​ក៏​បាន​រក្សា​ឲ្យ​មាន​តុល្យភាព​នៃ​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ​ ​ដោយសារ​តែប្រទេស​នេះ​មាន​ប្រវត្តិ​នៃ​ការ​ត្រួត​ពិនិត្យ​លើ​ប្រព័ន្ធផ្សព្វផ្សាយ​ដ៏​តឹងរ៉ឹង។

លោក​ Juniarto​ បាន​និយាយ​ថា៖«ខ្ញុំ​គិត​ថា​យើង​ត្រូវ​តែ​មើល​ទៅ​លើ​ព័ត៌មាន​ក្លែងក្លាយ​មិន​ត្រឹម​តែ​ជា​បញ្ហា​បច្ចេកវិទ្យា​ប៉ុណ្ណោះ​ទេ​ តែ​វា​ថែម​ទាំង​ជា​បញ្ហា​សង្គម​ទៀត​ផង។ យើង​ត្រូវ​តែ​ព្យាយាម​យល់​អំពី​ថា​តើ​ហេតុអ្វី​ប្រជាពលរដ្ឋ​ជឿ​លើ​ព័ត៌មាន​ក្លែងក្លាយ​ជា​ជាង​ព័ត៌មាន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្អ»។

លោក Anthoni​ អ្នក​នាំពាក្យ​យុទ្ធ​នាការ​ឃោសនា​បោះឆ្នោត​របស់​លោក ​Ahok ​បាន​និយាយ​ថា​ យុទ្ធសាស្រ្ត​មួយ​ដែល​ល្អ​បំផុត​របស់​ពួក​គេ​រហូត​ដល់​ការ​បោះ​ឆ្នោត​នៅ​ខែ​កុម្ភៈ​ គឺ​ដាក់​ចេញ​ព័ត៌មាន​ពិត ​និង​វិជ្ជមាន ​ដើម្បី​ឲ្យ​អ្នក​បោះឆ្នោត​អាច​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង។

លោក​បាន​ថ្លែង​ថា៖ «យើង​ជឿ​ថា​វិធី​តែ​មួយ​គត់​ដើម្បី​តប​ត​នឹងបញ្ហា​ល្ងង់​ខ្លៅ​បែប​នេះ​គឺ​ផ្តល់ឱ្យប្រជា​ពលរដ្ឋ​នូវព័ត៌មានដែល​ត្រូវ​បាន​ពិនិត្យ​ផ្ទៀងផ្ទាត់​រួច»៕

ប្រែ​សម្រួល​ដោ​យ៖ ​ផន ​បុប្ផា