នាយកស្តីទីរបស់កងសន្តិសុខប្រធានាធិបតីសហរដ្ឋអាមេរិកដែលទទួលបន្ទុកការពារមន្ត្រីជាន់ខ្ពស់បានហៅការប៉ុនប៉ងធ្វើឃាតអតីតប្រធានាធិបតីលោក Donald Trump កាលពីដើមខែនេះថាជា«ការបរាជ័យលើគ្រប់កម្រិត»ដែលត្រូវបានពណ៌នាថាជាការគួរឱ្យខ្មាស់អៀន។
លោក Ronald Rowe បានផ្តល់សក្ខីកម្មនៅពីមុខសមាជិកសភាសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារដោយបានសន្យាផ្លាស់ប្តូរជាបន្ទាន់ដើម្បីដោះស្រាយការបរាជ័យនៅក្នុងការទាក់ទងនិងទំហំការពារដែលទុកឱ្យអ្នកបាញ់អាយុ២០ឆ្នាំឡើងលើដំបូលរបស់អគារនៅក្បែនោះហើយបានបាញ់ចំនួន៨គ្រាប់ក្នុងអំឡុងនៃការឃោសនាបោះឆ្នោតនៅថ្ងៃទី១៣ ខែកក្កដានៅតំបន់ភាគខាងលិចរដ្ឋ Pennsylvania ដែលបានសម្លាប់អ្នកចូលរួមយុទ្ធនាឃោសនាបោះឆ្នោតម្នាក់និងធ្វើឱ្យរបួសលោក Trump និងមនុស្សផ្សេងទៀត២នាក់។
លោកបានប្រាប់សមាជិកព្រឹទ្ធសភារបស់គណៈកម្មាធិការសន្តិសុខមាតុភូមិនិងតុលា ការថា៖«អ្វីដែលខ្ញុំបានឃើញធ្វើឱ្យមានការខ្មាស់អៀន។ ក្នុងឋានៈជាមន្ត្រីពង្រឹងច្បាប់អាជីពម្នាក់ហើយនឹងជាយុទ្ធជនជើងចាស់២៥ឆ្នាំជាមួយនឹងកងសន្តិសុខប្រធានាធិបតី ខ្ញុំមិនអាចនិយាយដោះសារថាហេតុអ្វីបានជាដំបូលនោះមិនមានអ្នកការពារឱ្យបានប្រសើរ»។
លោក Rowe ដែលទទួលខុសត្រូវកងសន្តិសុខប្រធានាធិបតីបន្ទាប់ពីការលាចេញពីតំណែងរបស់លោកស្រី Kimberly Cheatle អតីតនាយិកានោះ បាននិយាយថាការស៊ើបអង្កេតផ្ទាល់របស់ទីភ្នាក់ងារនោះចង្អុលបង្ហាញថាការទទួលខុសត្រូវសម្រាប់ឆែកឆេរផ្នែករបស់ដំបូលដែលត្រូវប្រើប្រាស់ដោយអ្នកបាញ់នោះត្រូវបានប្រគល់ឱ្យក្រុមអ្នកបាញ់ស៊ីបក្នុងមូលដ្ឋាន។
លោកបាននិយាយថាក្រុមទាំងនោះត្រូវតែមើលឃើញឱ្យច្បាស់ពីអ្នកបាញ់នៅពេលដែលជននោះឡើងទៅកាន់កន្លែងនោះ។
លោក Rowe ក៏បានសារភាពប្រាប់ដល់សមាជិកព្រឹទ្ធសភាដែរថាថ្វីបើ ទីភ្នាក់ងារពង្រឹងច្បាប់មូលដ្ឋានបានកំណត់អត្តសញ្ញាណអ្នកបាញ់ជាមនុស្សសង្ស័យជាងមួយម៉ោងមុនការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតក៏ដោយ ព័ត៌មាននោះមិនបានទៅដល់កងសន្តិសុខប្រធានាធិបតីដែលការពារអតីតប្រធានាធិបតីទេ៕