សភា​កម្ពុជា​សម្រេច​ដក​សិទ្ធិ បុព្វ​សិទ្ធិ​ និង​សមាជិកភាព​សភា​លោក សម រង្ស៊ី

  • នៅ វណ្ណារិន

រូបឯកសារ៖ លោក សម រង្ស៊ី មេដឹក​នាំ​គណបក្ស​សង្គ្រោះជាតិ ថ្លែង​សន្ទុរកថាក្នុង​ពិធីអបអរសាទរ​ទិវា​សិទ្ធិមនុស្ស នៅ​មុខ​រដ្ឋ​សភាជាតិ​កាល​ពី​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ​២០១៥។ (AP/ហេង ស៊ីនិត)

សមាជិក​រដ្ឋសភា​ជាតិ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឯកភាព​ដក​សិទ្ធិ ​បុព្វសិទ្ធិ ​និង​សមាជិក​ភាព​រដ្ឋ​សភា​របស់​លោក​ សម រង្ស៊ី​ ដើម្បី​បើក​ផ្លូវ​ឲ្យ​តុលាការ​តាម​ចាប់​ខ្លួន​លោក។

មិន​បាន​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​តុលាការក្រុង​ភ្នំពេញ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​មេ​ដឹក​នាំ​គណបក្ស​ជំទាស់​គឺ​លោក​ សម រង្ស៊ី ​ផង ​រដ្ឋសភា​ជាតិបាន​ឯកភាព​ដក​សិទ្ធិ ​បុព្វសិទ្ធិ ​និង​សមាជិក​ភាព​រដ្ឋ​សភា​របស់​លោក​ សម រង្ស៊ី​ ដើម្បី​បើក​ផ្លូវ​ឲ្យ​តុលាការ​តាម​ចាប់​ខ្លួន​លោក។ ​គណៈកម្មការ​ពិសេស​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​ត្រៀម​ចាប់​លោក​ ​សម រង្ស៊ី ​ខណៈ​ពេល​ដែល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​សម្រេច​ចិត្ត​មិន​វិល​ចូល​ប្រទេស​កម្ពុជា​នា​រាត្រី​ថ្ងៃ​ច័ន្ទ​នេះ។​

​រដ្ឋសភា​ជាតិ ដែលកាន់កាប់​ដោយគណបក្ស​កាន់​អំណាច​ ​នា​ថ្ងៃ​ច័ន្ទ​នេះ ​បាន​ធ្វើការ​ដក​ «បុព្វសិទ្ធិ និង​សមាជិក​ភាព»​របស់​លោក​ សម រង្ស៊ី​ ពី​រដ្ឋសភា ខណៈ​ពេល​ដែល​អាជ្ញាធរ​កម្ពុជា​បង្កើត​គណៈកម្មការ​ពិសេស​ ដើម្បីត្រៀម​ខ្លួន​ចាប់​ប្រធាន​គណបក្ស​ជំទាស់​រូប​នេះ។​

បន្ទាប់​ពី​កិច្ច​ប្រជុំ​បិទទ្វារ​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​នា​ព្រឹក​ថ្ងៃ​ច័ន្ទ​នោះ​ ​សភា​ជាតិ​ ដែលកាន់កាប់​ដោយគណបក្ស​ប្រជាជន​កម្ពុជា​ ​បានសម្រេច​ដក​លោក ​សម រង្ស៊ី​ ចេញ​ពី​សមាជិក​សភាជាតិ​ ដោយ​សំអាង​ថា ​លោក​មាន​ពិរុទ្ធភាព​តាម​អំណាច​សាល​ដីកា​ស្ថាពរ​របស់​សាលា​ឧទ្ធរណ៍​តាំង​ពី​ថ្ងៃ​ទី​១២​ ខែ​មីនា​ ឆ្នាំ​២០១៣​មក​ម៉្លេះ។​

នៅ​ក្នុង​សេចក្តី​ប្រកាស​របស់​រដ្ឋ​សភាជាតិនាព្រឹក​ថ្ងៃច័ន្ទនេះ ​លោក ​ហេង សំរិន ប្រធាន​រដ្ឋសភា ​និង​ជា​ប្រធាន​កិតិ្តយស​នៃ​គណបក្ស​កាន់​អំណាច​ បាន​សរសេរ​ថា៖​ «លោក​ សម រង្ស៊ី​ ត្រូវ​បាត់​បង់​ទាំង​ស្រុង​នូវ​សិទ្ធិ​ បុព្វសិទ្ធិ ​និង​សមាជិក​ភាព​ជា​សមាជិក​រដ្ឋ​សភា​មណ្ឌល​ខេត្ត​កំពង់​ចាម​នីតិកាល​ទី​៥»។​

លោក​ ​ហេង សំរិន ​ក៏​បាន​បញ្ជាក់​ថា​ ការ​ដក​«បុព្វសិទ្ធិ​ និង​សមាជិក​ភាព»​នេះគឺ​ចូល​ជា​ធរមាន​ចាប់​តាំង​ពី​ពេល​ដែល​លោក​ចុះ​ហត្ថ​លេខា​ត​ទៅ។​

ក្រោយ​ពេល​កិច្ចប្រជុំ​នា​រដ្ឋសភា​ជាតិ​ លោក​ ឈាង វុន ​អ្នក​នាំ​ពាក្យ​នៃ​រដ្ឋ​សភា ​បានថ្លែង​ទៅ​ប្រាប់​អ្នក​សារ​ព័ត៌មាន​ដូច្នេះ៖​

«ដីកា​ហ្នឹងចេញ​មក​គឺ​លោក​ត្រូវ​តែ​បាត់​ហើយ​ ​បាត់​អស់​តែ​ម្តង!​ ចុះ​បើលែង​ជា​សមាជិក​សភា​ហើយ​រឿង​អីត្រូវ​មាន​អភ័យ​ឯក​សិទ្ធិ​ស្អីទៀត!​ ហើយ​ស្អី​សំខាន់ដែល​ខ្ញុំចង់​និ​យាយ ​ដូច​ខ្ញុំ​និយាយ​អម្បាញ់មិញ​ថា ​ម៉េច?​ តាំង​ពី​២០១៣​មក​រហូត​មក​ដល់​ឥឡូវ​ ​ហេតុ​អី​បាន​យើង​មិន​អនុវត្ត?​ ​ខ្ញុំ​ឆ្លើយ​ហើយ​អម្បាញ់មិញ សាល​ដីកា​សម្រេច​ស្ថាពរគឺ​តាំង​ពី​ឆ្នាំ​២០១៣​ ​ក៏​ប៉ុន្តែ​គឺ​គេ​ត្រូវ​ទម្លាក់​មក​តុលាការ​សាលា​ដំបូង​ដើម្បី​អនុវត្ត​វិញ។ ដូច​ឃើញ​ហើយ​ ការ​ចេញ​ដីកា​ឲ្យ​ចាប់ខ្លួន​គឺ​សាលាដំបូង​គេ​អ្នក​ចេញ​វិញ។ ឃើញ​ទេ? នីតិវិធី​ច្បាប់​របស់​យើង​គឺ​វា​ចុះ​មក​អញ្ចឹង ផ្នែក​តុលាការ​គឺ​វា​អញ្ចឹង»។​

លោក ​ឈាង វុន ​បន្ត​ថា ​ការ​ដក​សមាជិក​ភាព​របស់​ប្រធាន​គណបក្ស​ជំទាស់​រូប​នេះ​គឺ​ស្រប​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ ​និង​បញ្ញត្តិ​ផ្ទៃ​ក្នុង​នៃ​រដ្ឋ​សភា​កម្ពុជា​ ​ហើយ​មិន​ទាក់ទិន​នឹង​កិច្ច​ព្រម​ព្រៀង​នយោបាយ​រវាង​គណបក្ស​ជំទាស់​ និង​គណបក្ស​កាន់​អំណាច​របស់​លោក​ ហ៊ុន សែន ​នោះ​ទេ។​

កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ តុលាការ​ក្រុង​ភ្នំពេញ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​លោក​ សម រង្ស៊ី ​ពី​បទ​«បរិហារ​កេរិ៍្ត​ជា​សាធារណៈ​ និង​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង»​ ​នា​ខែ​មេសា​ឆ្នាំ​២០០៨ ពេល​ដែល​លោក​លើកឡើង​ថា ​លោក​ ​ហោ ណាំហុង​ ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ ​មាន​ពាក់​ព័ន្ធ​នឹង​ពួក​ខ្មែរក្រហម។ ការ​ចេញ​ដីកា​ចាប់​ខ្លួន​លោក ​សម រង្ស៊ី​ គឺ​ធ្វើ​ឡើង​មិន​ប៉ុន្មាន​ថ្ងៃ​ផង ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ដែលកាន់​អំណាច​ជាង​បី​ទសវត្សរ៍​ ​គំរាម​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ប្រឆាំង​នឹងប្រធាន​គណ​បក្ស​ជំ​ទាស់​រូប​នេះ​ ​ដែល​បាន​ថ្លែង​នា​ប្រទេស​ជប៉ុន​ថា​ ​ រដ្ឋាភិបាល​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​មាន​ចេតនា​ក្នុង​បង្អាក់​មិន​ឲ្យ​មាន​ការ​បោះ​ឆ្នោត​នា​ឆ្នាំ​២០១៨​ខាង​មុខ។​

បន្ទាប់​ពី​ធ្វើ​ពហិការ​ដើរ​ចេញ​ពី​កិច្ច​ប្រ​ជុំ​នៃ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​ លោក​ អេង​ ឆៃអ៊ាង​ ​សមាជិក​មួយ​រូប​នៃ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​មក​ពី​គណបក្ស​ជំទាស់​ និង​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ ​លោក​មិន​គាំ​ទ្រ​ការ​ដក​តំណែង​តាម​សាល​ដីកា​របស់​តុលាការ​ក្រុង​ភ្នំពេញ​នោះ​ទេ​ ​ហើយ​លោក​បាន​ស្នើឲ្យ​រដ្ឋសភា​ជាតិ​ធ្វើ​ការ​ផ្អាក​ដីកា​ចាប់​ខ្លួន​លោក​ សម រង្ស៊ី​ ​ដែល​តម្រូវឲ្យ​ដក​អភ័យ​ឯក​សិទ្ធិ​រដ្ឋ​សភា​របស់​លោក​នោះ។​

លោក​ អេង ឆៃអ៊ាង​ ​បាន​បន្តថា៖

«មាន​មតិ​មួយ​ថា​ ​លោក​ សម រង្ស៊ី​ ហ្នឹង​គាត់​មាន​ទោស​តាម​សាល​ដីកា​របស់​តុលាការ​តាំង​ពី​២០១៣​ អញ្ចឹង​ហើយ​បាន​ជា​ខ្ញុំ​សុំ​ឲ្យ​រដ្ឋ​សភា​ហ្នឹង​បញ្ជាក់​ទៅ​ ​បើ​សិន​ជា​ សម រង្ស៊ី​ មាន​ទោស​តាម​អំណាចសាល​ដីកា​តុលាការ​តាំង​ពី​ឆ្នាំ​២០១៣​ ​ចុះ​ហេតុអី​បាន​ជា​ស្ថាប័ន​ជាតិ​មាន​ គ.ជ.ប.​ ​មាន​រដ្ឋ​សភា​ជាតិ​ ​មាន​ព្រះ​បរម​រាជវាំង​ហ្នឹង ​គឺ​ទៅ​ជួយ​អ្នក​ទោស​ហ្នឹង​ឲ្យ​ទៅ​ធ្វើជា​តំណាងរាស្ត្រ​ ​ព្រោះ​ជា​ធម្មតា​គេ​មិន​ឲ្យអ្នក​ទោស​ទៅធ្វើ​ជា​តំណាង​រាស្ត្រ​នោះ​ទេ»។​

លោក ​អេង​ ឆៃអ៊ាង​ ​ធ្លាប់​បាន​បញ្ជាក់​ប្រាប់​ VOA ​ថា​ ការ​ចេញ​ដីកា​ចាប់​ខ្លួន​លោក ​សម រង្ស៊ី​ គឺ​ជា ​«រឿង​គួរ​ឲ្យ​អស់​សំណើច» ​និង​ជា​«ល្បែង​នយោបាយ»​ របស់​គណបក្ស​កាន់​អំណាច។​ លោក​ថា​ លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​ព្រះ​មហា​ក្សត្រ​ខ្មែរ​លើក​លែង​ទោស​រួច​ទៅ​ហើយ​កាល​ពី​ឆ្នាំ​២០១៣​នោះ។​

យ៉ាង​ណា​មិញ​ ​លោក​ សុខ សំអឿន ​មេធាវី​ឯករាជ្យ​ និង​ជា​អ្នក​ឃ្លាំ​មើល​ស្ថាន​ការណ៍​នយោបាយ​នៃ​ប្រទេស​កម្ពុជា ​បាន​ប្រាប់ ​VOA​ ថា​ ការ​សម្រេច​ដីកា​ថយ​ក្រោយ​របស់​តុលាការក្រុង​ភ្នំពេញ​នេះ​ វា​អាច​ជា​ការ​«ភ្លេចភ្លាំង»​របស់​មន្ត្រី​តុលាការ​មេធាវី​របស់​លោក​ ហោ ណាំហុង​ និង​ជា​ចន្លោះ​ប្រហោង​នៃ​ក្រុម​មេធាវី​របស់​លោក ​សម រង្ស៊ី​ ដែល​មិន​បាន​ធ្វើ​ការ​ពិនិត្យ​មុន​ពេល​ស្នើ​ឲ្យ​ព្រះ​មហា​ក្សត្រ​នរោត្តម​ សីហមុនី​ ព្រះ​រាជ​ទាន​ទោស​នោះ។​

«អត់​មាន​ចន្លោះ​ប្រហោង​នៃ​ច្បាប់​នោះ​ទេ​ ព្រោះ​ពួក​ហ្នឹង​គឺ​ភ្លេច។​ ប្រសិន​បើ​ពេល​ហ្នឹង​តុលាការ​ ឬ​មេ​ធាវី ​ហោ ណាំហុង​ នាំ​គ្នា​ថា ​ហ្អេ អ្នក​ហ្នឹង​មិន​អាច​ឈរ​ជា​តំណាងរាស្ត្រ​បាន​នោះ​ទេ ព្រោះ​នៅ​ជំពាក់​ឯក​ឧត្តម​ ហោ ណាំហុង​ ​ដល់​ពេល​ហ្នឹង​ពួក​ហ្នឹង​ម៉េច​ហ៊ាន​ ​ហើយ​ពេល​នោះ​ការ​ដោះ​ស្រាយ​នយោ​បាយ​ត្រូវ​តែបន្ត​ទៀត​ហើយ​ មិន​អញ្ចឹង?»​

នា​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​កន្លង​ទៅ​ លោក​ ​ហ៊ុន សែន​ ​ដែល​កាន់​អំណាច​ជាង​៣​ទសវត្សរ៍​ធ្វើ​ការ​ព្រមាន ​និង​វាយ​ប្រហារ​ពាក្យ​សម្តី​ធ្ងន់ៗ​ទៅ​កាន់​លោក​ សម រង្ស៊ី ​រួម​ទាំង​ការ​ហៅ​លោក​ថា​ជា​ «កូន​អា​ក្បត់​ជាតិ»​ ដោយ​ចោទ​លោក​ សម សារី​ ថា​ ជា​ជន​ក្បត់​ជាតិ​ ហើយ​លោក​នាយក​រដ្ឋមន្ត្រី​បាន​គំរាម​ប្រើ​ប្រព័ន្ធ​តុលាការចំពោះ​ការ​ថ្លែង​របស់​លោក​ សម រង្ស៊ី​ នា​ប្រទេស​ជប៉ុន​ ​ដែល​ចោទ​ថា​ រដ្ឋាបាល​របស់លោក​ ​ហ៊ុន សែន​ ព្យាយាម​មិន​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​ប្រជា​ធិតេយ្យ​នា​ពេល​ខាង​មុខ។

លោក​ឧត្តម​សេនីយ៍​ ​គៀត ​ច័ន្ទថារិទ្ធ​ អ្នក​នាំ​ពាក្យ​នៃ​អគ្គស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ​ បាន​បញ្ជាក់​ប្រាប់​ VOA ថា​ ​ក្រសួង​មហា​ផ្ទៃ​បាន​សម្រេច​បង្កើត​គណៈ​កម្មការ​ពិសេសមួយ​ដើម្បី​ត្រៀម​ចាប់​ខ្លួន​លោក ​សម​ រង្ស៊ី​ ប្រសិន​បើ​លោក​វិល​មក​ប្រទេស​កម្ពុជា​វិញ​នោះ។​

មិន​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​រដ្ឋសភា​ជាតិ​សម្រេច​ដក​លោក​ពី​សមាជិក​រដ្ឋសភា​ លោក​ សម រង្ស៊ី​ បាន​ប្រកាស​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ថា​ លោក​នឹង​មិន​ត្រឡប់​មក​ប្រទេស​កម្ពុជា​នារាត្រី​ថ្ងៃ​ច័ន្ទ​នេះ​ដូច​បាន​កំណត់​នោះ​ទេ។​

​លោក ​សម រង្ស៊ី​ បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា៖​

«បន្ទាប់​ពី​បាន​ពិគ្រោះ​យោបល់​ជា​មួយ​សហការី​នៅ​កម្ពុជា​ ​និង​អង្គការ​អន្តរជាតិ​ទ្រទ្រង់​លទ្ធិ​ប្រជា​ធិបតេយ្យ​មួយ​ចំនួន​ ​ដែល​បាន​ស្នើឲ្យ​ខ្ញុំ​លៃ​លក​មក​ដល់​ភ្នំ​ពេញ​នៅពេល​ថ្ងៃ​ ចៀស​វាង​ពេល​យប់​ ​ហើយ​បាន​ស្នើ​ឲ្យ​ខ្ញុំ​ទុក​ពេល​បន្តិច​ឲ្យ​មជ្ឈដ្ឋាន​ការទូត ​និង​មិត្ត​បរទេស​មួយ​ចំនួន​ មាន​ពេល​ធ្វើ​អន្តរាគមន៍រក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី​ ​ចំពោះ​ការ​កើន​ឡើង​កំដៅនយោបាយថ្មីៗ​នេះ​នៅ​ប្រទេស​កម្ពុជា​នោះ​ ​ខ្ញុំ​មិន​ទាន់​មក​ដល់ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ​នៅ​រាត្រី​នេះ​ទេ​ តែ​នឹង​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ»។​

ភាព​តាន​តឹង​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​រវាង​គូបដិបក្ខ​ ​គឺ​គណបក្ស​កាន់​អំណាច​ ​និង​គណបក្ស​សង្គ្រោះ​ជាតិ​ ​បាន​ធ្វើ​ឲ្យ​មាន​ការ​បារម្ភ​ពី​សំណាក់​សង្គម​ស៊ីវិល​ និង​ស្ថានទូត​នានា​ក្នុង​ប្រទេស​កម្ពុជា។​

​នា​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​ ស្ថានទូត​អាមេរិក​ប្រចាំ​នៅទី​ក្រុង​ភ្នំពេញ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​បញ្ជាក់​ពី​ក្តី​បារម្ភរ​បស់​ខ្លួន​ផង​ដែរ​ ​ទាក់​ទិន​នឹង​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ចំពោះ​ការ​គំរាម​កំហែង​ថ្មីៗ​ទៅ​លើ​គណបក្ស​ជំទាស់។​

ក្នុង​សេចក្តី​ថ្លែង​ជា​ផ្លូវការ​ដែល​ចេញ​ផ្សាយ​នា​ថ្ងៃ​ច័ន្ទ​នេះ​ ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំទី​ក្រុង​ភ្នំពេញ​ ​បាន​សរសេរ​ថា៖​

«យើង​សូម​អំពាវនាវ​ឲ្យ​រដ្ឋ​សភា​ជាតិ​ប្រគល់​សមាជិក​ភាព​សភា​ជាតិ​ ​និង​ផ្តល់​អភ័យ​ឯក​សិទ្ធិ​សភា​ជូន​លោក សម រង្ស៊ី​ វិញ​ជា​បន្ទាន់។ យើង​សូម​អំពាវនាវ​ផង​ដែរ​ដល់​រដ្ឋាភិបាល​ឲ្យដក​ចេញ​ដីកា​ចាប់​ខ្លួន​លោក ​សម រង្ស៊ី ​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ស្តី​ពី​បទ​បរិហារកេរ្តិ៍​ ​ដែល​មាន​អាយុ​កាល៧ឆ្នាំ​មក​ហើយ​ ហើយ​អនុញ្ញាត​ឲ្យ​លោក​ សម រង្ស៊ី និង​សមាជិក​សភា​ដទៃ​ទៀត​នៃ​គណបក្ស​ប្រឆាំង​អាចវិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ការ​ចាប់​ខ្លួន​ ឬ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ»។​

នា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ ​នយោបាយ​នៃ​ប្រទេស​កម្ពុជា​បាន​ឡើង​កម្តៅ​សារ​ជាថ្មី​ ក្រោយ​ពេល​ដែល​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ពី​ការ​មន្ទិល​សង្ស័យ​ក្នុងការ​ប្រើ​ប្រាស់​ផែនទី​ ​និងការ​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​វៀតណាម និង​ប្រទេស​កម្ពុជា និង​ការ​ឆ្លើយ​ឆ្លង​គ្នា​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ​ការ​ចាប់​ឃុំ​ខ្លួន ការ​កាត់​ទោស​សកម្មជន​ និង​សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ជំទាស់ ការ​វាយ​ប្រហារ​លើ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​ការ​បោះ​ឆ្នោត​ទម្លាក់​លោក​ កឹម សុខា​ ចេញ​ពី​តំណែង​អនុ​ប្រ​ធាន​ទី១​នៃ​រដ្ឋ​សភា​ជា​ដើម៕​