ការ​ប្រើប្រាស់​ហ្វេសប៊ុក​​យ៉ាង​ច្រើន​បាន​ធ្វើ​ឲ្យ​អាស៊ីអាគ្នេយ៍​រង​​បញ្ហា​ការ​បំពាន​​ទិន្នន័យ​ឯកជន

  • Ralph Jennings

រូប​ឯកសារ៖ លោក Mark Zuckerberg ដើរ​នៅ​ទី​ស្នាក់ការ​ក្រុមហ៊ុន ហ្វេសប៊ុក​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​កាល​ពី​​ឆ្នាំ​២០១៣។

ក្រុមហ៊ុន​ហ្វេសប៊ុក​ថា ទិន្នន័យ​ពី​អ្នក​ប្រើប្រាស់​ចំនួន​៨៧​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​ត្រូវ​បាន​ចែកចាយ​​មិន​ត្រឹមត្រូវ​ ដោយ​ក្រុមហ៊ុន Cambridge Analytica។

អ្នក​ប្រើប្រាស់ហ្វេសប៊ុក​នៅតំបន់​អាស៊ី​អាគ្នេយ៍ ជា​ពិសេស​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន ត្រូវ​បាន​រង​ការបំពាន​លើឯកជនភាព​នៃ​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​ពួក​គេ ដោយ​សារមាន​ចំនួន​អ្នកប្រើប្រាស់ហ្វេសប៊ុក​យ៉ាង​ច្រើន និងប្រជាប្រិយភាព​នៃ​កម្មវិធី app ​មួយ​ដែល​ជា​ស្នូល​នៃ​បញ្ហា។ នេះ​បើ​តាមការ​ជឿជាក់​របស់​អ្នក​វិភាគ។

បើ​តាម​តួលេខ​ផ្តល់​ឲ្យ​ដោយក្រុមហ៊ុន​ហ្វេសប៊ុក ទិន្នន័យនៃ​អ្នក​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​ចំនួន​ ១.១៧៥.០០០ នាក់​ត្រូវ​បាន​គេ «ចែកចាយ​មិន​ត្រឹមត្រូវ»​ ទៅ​ឲ្យ​ក្រុមហ៊ុន​កំណត់​លក្ខណៈ​អ្នក​បោះឆ្នោត​ឈ្មោះ Cambridge Analytica ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ឡុង​ដ៍​ប្រទេស​អង់គ្លេស។ តួលេខ​ប៉ាន់​ប្រមាណ​នេះ ​ជា​ចំនួន​ខ្ពស់​ជាង​គេ​ទី​ពីរ​សម្រាប់​ប្រទេស​មួយនេះ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​។ ប្រទេស​ឥណ្ឌូណេស៊ី​នៅ​លំដាប់​ទី​៣ ដោយ​មាន​អ្នក​ប្រើប្រាស់​ប្រមាណ ១.១០០.០០០ នាក់​រង​ការ​បំពាន​ខាង​ទិន្នន័យ​ឯកជន ហើយ​ប្រទេស​វៀតណាម​នៅ​លំដាប់​ទី​៩ ដោយ​មាន​ចំនួន​អ្នក​ប្រើប្រាស់ប៉ះពាល់​ចំនួន​ ៤២៧.០០០នាក់។

លោក Renato Reyes អគ្គលេខាធិការ​នៃ​អង្គការ​សម្ព័ន្ធ Bagong Alyansang Makabaya សម្រាប់​បុព្វហេតុ​សង្គម​ក្នុង​ទី​ក្រុង​ម៉ានីល ថ្លែង​ថា ពលរដ្ឋ​ហ្វីលីពីនក៏​ចូលចិត្ត​លេង​ល្បែងទាយ quiz តាម​កម្មវិធី​ទូរស័ព្ទ​ app ដែល​ត្រូវ​គេ​ចែកចាយ​យ៉ាង​ឆាប់​រហ័ស​ ដោយ​សារ​ app នេះ​មានការ​បង្ហាញ​លទ្ធផល។ កម្មវិធី app នេះ​ត្រូវ​គេ​សង្ស័យ​ថា​ជា​ប្រភពមួយ​នៃ​ទិន្នន័យ​របស់​ក្រុមហ៊ុន ​Cambridge Analytica។

នៅ​ប្រទេស​វៀតណាម បើ​តាម​ការ​ប៉ាន់​ស្មាន​របស់​សារព័ត៌មាន VnExpress International មាន​ពលរដ្ឋ ​៦៤​លាន​នាក់​ក្នុង​ចំណោម​ពលរដ្ឋវៀតណាម​សរុប​ ៩២​លាន​នាក់​ ប្រើប្រាស់​ហ្វេសប៊ុក។ អ្នក​ជំនាញ​ខាង​បច្ចេកវិទ្យាថា យុវជន​ចូលចិត្ត​ប្រើប្រាស់​ហ្វេសប៊ុក​ដើម្បី​បង្អួតពី​នេះ​ពី​នោះ។ អ្នក​ប្រើប្រាស់នៅឥណ្ឌូណេស៊ី​ចូលចិត្ត​ប្រើប្រាស់​ហ្វេសប៊ុក​ដើម្បី​ធ្វើ​ទំនាក់ទំនង​ដោយ​ឥតគិត​ថ្លៃ​រវាង​កោះ​ទាំង​១៣.០០០​កោះ​របស់​ប្រទេស​នេះ ដែល​កោះ​ខ្លះ​មាន​ភាព​ក្រីក្រ។

មហាក្រុមហ៊ុន​បណ្តាញ​សង្គម​មាន​មូលដ្ឋាន​នៅ​តំបន់បច្ចេកវិទ្យា Silicon Valley នេះ​និយាយ​ថា ចាប់​ពី​ថ្ងៃ​ទី​៩ ខែ​មេសា​ ខ្លួន​នឹង​បន្ថែម​តំណ​ភ្ជាប់ (link) នៅ​ទំព័រដើម News Feed សម្រាប់​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ដឹង​ថា​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​ណា​ខ្លះ​ត្រូវ​បាន​ផ្តល់​ឲ្យ app មួយ​ណា។

លោក Reyes បញ្ជាក់​ថា៖ «​ខ្ញុំ​គិត​ថា យើង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មួយ​ដែល​អាច​ទាមទារ​ការ​ពន្យល់​ដោយ​ផ្ទាល់​ពី​មន្ត្រី​នៅ​ក្រុមហ៊ុន​ហ្វេសប៊ុក បើ​គិត​អំពី​ថា​យើង​ជា​ប្រទេស​លំដាប់​ទី​២​ដែល​រង​ការ​បំពាន​ទិន្នន័យ​នេះ»។

ហេតុអ្វីប៉ះអាស៊ីអាគ្នេយ៍?

ក្រុមហ៊ុន​ហ្វេសប៊ុក​ថា ទិន្នន័យ​ពី​អ្នក​ប្រើប្រាស់​ចំនួន​៨៧​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​ត្រូវ​បាន​ចែកចាយមិន​ត្រឹមត្រូវ​ ដោយ​ក្រុមហ៊ុន Cambridge Analytica។

ផ្លាក​យីហោ​នៃ​ក្រុមហ៊ុន​ប្រឹក្សា​ខាង​នយោបាយ Cambridge Analytica នៅកណ្តាល​ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៨។ ​

តំបន់​អាស៊ី​អាគ្នេយ៍​រង​ប៉ះពាល់​ខាង​ទិន្នន័យ​នេះ​ ដោយ​សារ​ការ​កើន​ចំនួន​ទូរស័ព្ទ​ដៃ​«ធូរ​ថ្លៃ» បាន​នាំ​ឲ្យ​មាន​ការ​ទទួល​ព័ត៌មាន​តាម​មធ្យោបាយ​បណ្តាញ​សង្គម​កាន់​តែ​ច្រើន។ នេះ​បើ​តាម​ប្រសាសន៍​របស់​អ្នកស្រី Athina Karatzogianni សាស្ត្រាចារ្យ​រង​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ ទំនាក់ទំនង និង​សង្គមវិទ្យា​នៅ​សាកលវិទ្យាល័យ Leicester ក្នុង​ចក្រភព​អង់គ្លេស។

ការ​ចែក​ចាយ​លក់​ទូរស័ព្ទ​ទំនើប smartphone នៅ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​នៅ​អាស៊ី​អាគ្នេយ៍​មាន​ចំនួន​ប្រមាណ​១០០​លាន​គ្រឿង​កាល​ពី​ឆ្នាំ​មុន បើ​យោង​តាម​ក្រុមហ៊ុន​ស្រាវជ្រាវ​ទី​ផ្សារ​ឈ្មោះ IDC។

លោក Lam Nguyen ប្រធាន​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន IDC ថ្លែង​ថា នៅ​ផ្នែក​ខ្លះ​នៃ​តំបន់​អាស៊ីអាគ្នេយ៍ ពលរដ្ឋ​ប្រើប្រាស់​ហ្វេសប៊ុក​ជា​មធ្យោបាយ​ងាយស្រួល​និង​ឥតគិត​ថ្លៃ​សម្រាប់ធ្វើ​ការ​ចែកចាយ​ព័ត៌មាន​ និង​រូបថត​ជាមួយ​ក្រុមគ្រួសារ​ និង​មិត្ត​ភក្តិ​ ដែល​នៅ​ឆ្ងាយ។

ការចែកចាយតាម App នៅ​ហ្វីលីពីន.

លោក Reyes ថា ជនជាតិ​ហ្វីលីពីន​បារម្ភ​ថា ក្រុមហ៊ុន​មេ​របស់​ក្រុមហ៊ុន Cambridge Analytica បាន​សំយោគ​ព័ត៌មាន​ពី​កម្មវិធី quiz ​ទាយ​អត្តចរឹត ដើម្បីកំណត់​ចិត្តសាស្ត្រ​អ្នក​បោះឆ្នោត​ និង​កំណត់​ពួក​គេ​ទុក​ជា​គោលដៅសម្រាប់​យុទ្ធនាការ​នយោបាយ។ លោក​ថា ក្រុមហ៊ុន​នេះ​ប្រហែល​បាន​យក​ការ​បោះឆ្នោត​នៅ​ប្រទេស​ហ្វីលីពីន​កាល​ពី​ឆ្នាំ​២០១៦ ជា​«មន្ទីរពិសោធន៍»​សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​នៅ​ចុង​ឆ្នាំ​២០១៦។

ក្រុមហ៊ុន Cambridge Analytica និយាយ​ថា ក្រុមហ៊ុន​ស្រាវជ្រាវ​ឯករាជ្យ GSR «បាន​ផ្តល់​ទិន្នន័យ»​ពី​អ្នក​ប្រើប្រាស់​មិន​លើស​ពី​៣០​លាន​នាក់​ ហើយ​ថា​មិន​មាន​ទិន្នន័យ​ណា​មួយ​ត្រូវ​បាន​ប្រើ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតីអាមេរិក​ កាល​ពី​ឆ្នាំ២០១៦​ទេ។ អង្គការលោក Reyes បានប្តឹង​ក្រុមហ៊ុន GSR។

លោក Reyes ថ្លែង​ថា៖ «ការ​ប្រើ​ទិន្នន័យ​ផ្ទាល់​ខ្លួន​ ដើម្បី​ឲ្យ​មាន​ឥទ្ធិពល​លើ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ ពិតជា​រឿង​គួរ​ឲ្យ​បារម្ភ»។

គណៈកម្មការ​ជាតិ​ហ្វីលីពីន​ផ្នែក​ឯកជនភាព កាល​ពី​ថ្ងៃ​សុក្រ​ ​បាន​ទាមទារឲ្យ​ក្រុមហ៊ុន​ហ្វេសប៊ុក​ផ្តល់​ព័ត៌មាន​ចុង​ក្រោយ​ទាក់ទង​នឹង​ការធានាទប់ទល់​នឹង​ហានិភ័យ​ផ្សេងៗ​ទៀត។ គណៈកម្មការ​នេះ​និយាយ​ថា រាល់​ទិន្នន័យ​ដែល​ត្រូវ​បែក​ធ្លាយ គឺមាន​ប្រភព​ចេញ​ពី​ការ​ប្រើប្រាស់​ app ទាយបុគ្គលិក​លក្ខណៈរបស់​លោក Aleksandr Kogan ចិត្តវិទូ​នៅ​សាកលវិទ្យាល័យ Cambridge។​

ទំហំ​ការ​ប្រើប្រាស់​ហ្វេសប៊ុក​នៅ​វៀតណាម

នៅ​ប្រទេស​វៀតណាម ហ្វេសប៊ុក​ចាប់​រីក​ចម្រើន​កាល​ពី​១១​ឆ្នាំ​មុន ស្រប​ពេល​មាន​ការកើន​ឡើង​នៃទ្រព្យ​សម្បត្តិផ្ទាល់​ខ្លួន និង​រួម​ទាំង​ការ​ទទួល​បាន​ព័ត៌មាន​អំពី​ផលិតផល​និង​សេវាកម្ម​បរទេស។

មនុស្ស​ជាច្រើន​ប្រើប្រាស់​ហ្វេសប៊ុក ដើម្បី​បង្អួតបង្ហាញ​ពី​រូបថត​ធ្វើ​ដំណើរ នេះ​បើ​តាម​នាង​ Phuong Hong ប្រធាន​ខាង​ទំនាក់ទំនង​នៃ​ក្រុមហ៊ុន​បង្កើត​ app ​មួយ​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ហូជីមិញ។ នាង​ថា​ ការ​បង្ហោះ​ដំណឹង​ជា​សាធារណៈ ធ្វើ​ឲ្យគេងាយ​ទាញ​ស្រួលទិន្នន័យ។

នាង​ថ្លែង​ថា៖ «នៅ​វៀតណាម ប្រជាជន​មានចិត្ត​ទូលាយ​បើក​ចំហ​ ហើយ​ពួក​គេ​មិន​សូវបាន​ដឹង​អំពី​ផល​ប៉ះពាល់​នៃ​ព័ត៌មាន​ទាំង​ឡាយ​ដែល​ពួក​គេ​បាន​បង្ហោះ​នៅ​តាម​បណ្តាញ​សង្គម»។​

លោក Mark Zuckerberg នាយកប្រតិបត្តិ​នៃ​ក្រុមហ៊ុន Facebook មក​ដល់​វិមាន​សភា​ក្នុង​រដ្ឋធានី​វ៉ាស៊ិនតោន​កាល​ពី​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៨។

នាង​បន្ថែម​ថា៖ «មាន​តែ​អ្នក​ចេះ​ដឹងច្រើន បាន​ដឹង​រួច​ទៅហើយ​អំពី​ផល​ប៉ះពាល់​ ហើយ​ព្យាយាម​រក្សា​ឯកជនភាព​ដោយ​ខ្លួន​ឯង​ផ្ទាល់ ប៉ុន្តែ​យុវជន​ភាគ​ច្រើន​ដែល​មាន​វ័យ​១៤​ទៅ​២៥​ឆ្នាំ និង​សូម្បី​អ្នក​អាយុ​លើស​អាយុ​ពី​២៥ ទៅ​៤០ ពួក​គេ​គ្រាន់​តែ​ទៅ​កាន់​គេហទំព័រ​នោះ បង្កើត​គណនី​រួច​ ធ្វើ​តាម​ការ​ណែនាំ​របស់​ហ្វេសប៊ុក។

លោក Nugyen ថ្លែង​ថា​ អ្នក​ប្រើប្រាស់​នៅ​វៀតណាម​ប្រហែល​អាច​ចាំ​បាន ​ពេល​មានការ​បំពាន​លើ​ទិន្នន័យឯកជន កាល​ពី​៤​ឆ្នាំ​មុន ដែល​បាន​នាំ​ឲ្យ​មានការ​បញ្ជូន​ទិន្នន័យ​បន្ត​ដល់​អ្នក​ធ្វើ​ពាណិជ្ជកម្ម។

លោក​ថា៖ «នៅ​ពេល​ករណី (Cambridge Analytica) បែក​ធ្លាយ​មក​នេះ​ ខ្ញុំ​គិត​ថា អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ជា​ច្រើន​នៅ​ប្រទេស​វៀតណាម មាន​អារម្មណ៍​ធម្មតា។ ដូច្នេះ​នៅ​ពេល​មាន​រឿង​នេះ​ គិត​ថា​ឆ្ងល់ ព្រោះ​យើង​បាន​ដឹង​ពី​មុន​មក​ហើយ​ថា​មាន​ការ​បំពាន​ទិន្នន័យ​ហ្វេសប៊ុក។ ​

សារព័ត៌មាន​ VnExpress International ថា មន្ត្រី​វៀតណាមផ្នែក​សន្តិសុខ​ជាតិ​និង​នយោបាយការ​បរទេស​ កាល​ពី​សប្តាហ៍​មុន​ ​បាន​ជួប​ប្រជុំ​ដើម្បិ​ពិភាក្សា​អំពី​«សន្តិសុខ​អ៊ីនធឺណិត» ដោយ​សំដៅទៅ​លើ​ហ្វេសប៊ុក។

នៅឥណ្ឌូណេស៊ី ហ្វេសប៊ុក​និយាយ​ពី​«​ការ​បំពាន»

នៅ​ប្រទេស​ឥណ្ឌូណេស៊ី រដ្ឋមន្ត្រី​សារគមនាគមន៍​បានជួប​ជាមួយ​ប្រធាន​ផ្នែក​គោលនយោបាយ​សាធារណៈ​នៃ​ក្រុមហ៊ុន​ហ្វេសប៊ុកប្រចាំ​ឥណ្ឌូណេស៊ី​ កាល​ពីថ្ងៃ​ទី​៥ ខែ​មេសា ដើម្បី​ពិភាក្សា​អំពី​រាល់​«ការ​បំពាន»​ទិន្នន័យ​អ្នក​ប្រើប្រាស់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​សារគមនាគមន៍និង​ព័ត៌មាន​វិទ្យា តាម​គេហទំព័រ​របស់​ខ្លួន។

អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​នៅ​ឥណ្ឌូណេស៊ី​បាន​កើន​រហូត​ដល់​១៣០​លាន​នាក់​នៅ​ខែ​មករា​ ដែលចំនួន​នេះ​ស្មើ​នឹង​៦ភាគរយ​នៃ​ចំនួន​សរុប​នៃ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ទូទាំង​ពិភពលោក៕