រដ្ឋាភិបាលស្រីលង្កាបានដាក់បម្រាមគោចរដែលចូលជាធរមានភ្លាមៗ បន្ទាប់ពីមានការផ្ទុះគ្រាប់ផ្ទុះជាច្រើនគ្រាប់ នៅព្រះវិហារគ្រិស្តសាសនា និងសណ្ឋាគារមួយចំនួន នៅថ្ងៃអាទិត្យនេះ ចំថ្ងៃបុណ្យ Easter ដែលជាបុណ្យរំឭកថ្ងៃដែលគេជឿថាព្រះយេស៊ូគ្រិស្តរស់ឡើងវិញ។
រដ្ឋាភិបាលស្រីលង្កាបានបញ្ជាក់ថា ខ្លួនក៏បានរារាំងមិនឲ្យមានការប្រើប្រាស់បណ្ដាញសង្គមតាមអ៊ីនធឺណិត និងកម្មវិធីផ្ញើសារតាមអ៊ីនធឺណិតសំខាន់ៗផងដែរ ដើម្បីការពារមិនឲ្យមានការចែកចាយព័ត៌មានមិនពិត និងពាក្យចចាមអារ៉ាម។
ការផ្ទុះ ៦ ដង ត្រូវបានគេរាយការណ៍ថាបានកើតឡើងនៅព្រឹកថ្ងៃអាទិត្យនេះនៅឯព្រះវិហារគ្រិស្តសាសនា ៣ កន្លែង និងសណ្ឋាគារ ៣ កន្លែង។
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា តាំងពីមានការផ្ទុះ ៦ ដងនេះមក គឺមានការផ្ទុះ ២ ដងទៀត ដោយយ៉ាងហោចណាស់ការផ្ទុះមួយនៃការផ្ទុះថ្មីនេះបានកើតឡើងនៅឯសណ្ឋាគារមួយកន្លែង នៅជិតរដ្ឋធានីកូឡុំបូ។ ទីភ្នាក់ងារព័ត៌មាន AFP មិនបានបញ្ជាក់អំពីទីតាំងនៃការផ្ទុះលើកទី ៨ នោះទេ។
យ៉ាងហោចណាស់មានមនុស្ស ១៦០ នាក់ បានស្លាប់ និងជាង ៤០០ នាក់រងរបួស នៅក្នុងការផ្ទុះទាំងនេះ។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរស្រីលង្កា។
ទីភ្នាក់ងារព័ត៌មាន Associated Press បានស្រង់សម្ដីរបស់មន្ត្រីសន្តិសុខម្នាក់ ដែលបាននិយាយថា ការផ្ទុះពីរគ្រាប់ប្រហែលជាធ្វើឡើងដោយអ្នកដាក់គ្រាប់បែកអត្តឃាត។
អាជ្ញាធរបាននិយាយថា ព្រះវិហារគ្រិស្តសាសនា Saint Anthony's និងសណ្ឋាគារទាំង ៣ កន្លែងដែលរងការវាយប្រហារដោយសារការផ្ទុះដំបូងៗគឺនៅក្នុងទីក្រុងកូឡុំបូ ហើយព្រះវិហារពីរកន្លែងទៀតគឺព្រះវិហារ Saint Sebastian's នៅក្នុងទីក្រុង Negombo និងព្រះវិហារ Zion នៅក្នុងទីក្រុង Batticaloa។
គេមិនទាន់ឃើញមានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវអំពីការវាយប្រហារនេះនៅឡើយទេ៕