អត្ថបទ​ពន្យល់៖ របៀប​ដែល​សភា​សហរដ្ឋ​អាមេរិក​រាប់​សន្លឹកឆ្នោត​របស់​អង្គ​បោះឆ្នោត

រូបឯកសារ៖ លោក​ប្រធានាធិបតី Donald Trump​ ថ្លែង​សុន្ទរកថា​អំពី​ស្ថានភាព​ប្រទេស​ជាតិ​នៅ​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​នៃ​សភា​ទាំង​ពីរ​ថ្នាក់​នៅ​វិមាន​រដ្ឋសភា រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩។

សម័យ​ប្រជុំ​ពេញ​អង្គ​ដែល​ធ្វើ​ឡើង​រួម​គ្នា​រវាង​រដ្ឋសភា​និង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ក្នុង​ការ​រាប់​សន្លឹកឆ្នោត​របស់​អង្គ​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​គឺ​ជា​ទម្លាប់​ដែល​ធ្វើ​ជា​ទូទៅ និង​ជា​ពិធី​ផ្លូវការ​មួយ។ ក៏​ប៉ុន្តែ កិច្ច​ខិតខំ​ប្រឹងប្រែង​ម្ដង​ហើយ​ម្ដង​ទៀត​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump នៅ​ក្នុង​ការ​ប្រឆាំង​នឹង​ជ័យជម្នះ​របស់​លោក Joe Biden នឹង​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ជាង​រាល់​ដង នៅ​ក្នុង​ពិធី​រាប់​សន្លឹក​ឆ្នោត​រួម​គ្នា​រវាង​រដ្ឋសភា​និង​ព្រឹទ្ធសភា​នេះ​នៅ​ថ្ងៃ​ពុធ​ខាង​មុខ។

ការ​រាប់​សន្លឹកឆ្នោត​នៅ​សភា​សហរដ្ឋ​អាមេរិក​នេះ​គឺ​ជា​ជំហាន​ចុងក្រោយ​បង្អស់​ក្នុង​ការ​បញ្ជាក់​នូវ​ជ័យជម្នះ​របស់​លោក Biden បន្ទាប់​ពី​អង្គ​បោះឆ្នោត​បាន​បោះឆ្នោត​ជា​ផ្លូវការ​ជ្រើសរើស​លោក​ជា​ប្រធានាធិបតី​ថ្មី​កាល​ពី​ថ្ងៃទី១៤ ខែធ្នូ កន្លង​ទៅ​នេះ។ កិច្ចប្រជុំ​នេះ​គឺ​តម្រូវ​ដោយ​រដ្ឋធម្មនុញ្ញ និង​រួម​មាន​ដំណាក់កាល​សំខាន់ៗ​មួយ​ចំនួន។

សមាជិក​គណបក្ស​សាធារណរដ្ឋ​មួយ​ចំនួន​ដែល​គាំទ្រ​ការ​អះអាង​ដោយ​គ្មាន​មូលដ្ឋាន​របស់​លោក Trump ដែល​ថា​មាន​ការ​លួច​បន្លំ​ការ​បោះឆ្នោត បាន​និយាយ​ថា ពួកគេ​នឹង​ប្រឆាំង​ជា​ផ្លូវការ​ទៅ​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត។ ការ​ធ្វើ​ដូច្នេះ​នឹង​បង្ខំ​ឲ្យ​មាន​ការ​បោះឆ្នោត​នៅ​ក្នុង​ព្រឹទ្ធសភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ និង​នៅ​ក្នុង​រដ្ឋសភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ ដែល​នឹង​សឹងតែ​ប្រាកដជា​បរាជ័យ។

សមាជិក​រដ្ឋសភា​ខាង​គណបក្ស​សាធារណរដ្ឋ​មួយ​ក្រុម​បាន​ស្វះស្វែង​រក​សមាជិក​ព្រឹទ្ធសភា​ម្នាក់​ឲ្យ​ចូលរួម​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​នេះ ដោយសារតែ​យ៉ាង​ហោច​ណាស់​ត្រូវ​មាន​ការ​គាំទ្រ​ពី​សមាជិក​ម្នាក់​នៃ​សភា​ទាំង​ពីរ​ថ្នាក់​ដើម្បី​បង្ខំ​ឲ្យ​មាន​ការ​បោះឆ្នោត​សម្រេច​លើ​ជ័យជម្នះ​របស់​លោក Biden បាន។ ការ​គាំទ្រ​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ពុធ​ពី​សំណាក់​សមាជិក​ព្រឹទ្ធសភា​តំណាង​រដ្ឋ Missouri លោក Josh Hawley។ លោក Hawley អាច​ជា​បេក្ខជន​ប្រជែង​តំណែង​ប្រធានាធិបតី​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ ២០២៤ ខាង​មុខ។

ការ​ជំទាស់​របស់​លោក Hawley ចំពោះ​ជ័យជម្នះ​របស់​លោក Biden នេះ នៅតែ​ត្រូវ​បាន​ធ្វើ​ឡើង បើ​ទោះ​ជា​មាន​ការ​អំពាវនាវ​ពី​មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​នៃ​ព្រឹទ្ធសភា​លោក Mitch McConnell ដែល​សុំ​កុំ​ឲ្យ​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​ណា​ម្នាក់​ចូលរួម​ជាមួយ​កិច្ច​ប្រឹងប្រែង​របស់​សមាជិក​រដ្ឋសភាខាង​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​ការ​ប្រឆាំង​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​ក៏​ដោយ។

លោក McConnell បាន​ថ្លែង​ប្រាប់​សមាជិក​គណបក្ស​របស់​លោក​តាមរយៈ​ការ​ហៅ​ទូរស័ព្ទ​ឯកជន​មួយ​កាល​ពី​ដើម​ខែ​ធ្នូ​ថា វា​នឹង​ក្លាយជា «ការ​បោះឆ្នោត​ដ៏​អាក្រក់​មួយ» សម្រាប់​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​ការ​គាំទ្រ​ចំពោះ​ការ​ជំទាស់​ទៅ​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​នេះ។

ការ​ពិនិត្យ​មើល​លើ​សម័យ​ប្រជុំ​ពេញ​អង្គ​នៃ​សភា​ទាំង​ពីរ​ថ្នាក់៖

រូបឯកសារ៖ លោកMitch McMcConnell មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​នៃ​ព្រឹទ្ធសភា​ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​វិមាន​រដ្ឋសភា​ រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០។

តើ​មាន​អ្វី​កើតឡើង​នៅ​ពេល​ដែល​សភា​ទាំង​ពីរ​ថ្នាក់​ជួបប្រជុំ​គ្នា​នៅ​ថ្ងែ​ពុធ​ទី ៦ ខែ​មករា​ខាង​មុខ​នេះ?

យោង​តាម​ច្បាប់​សហព័ន្ធ សភា​ទាំង​ពីរ​ថ្នាក់​ត្រូវតែ​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ទី ៦ ខែ​មករា ដើម្បី​បើក​លិខិត​បញ្ជាក់​ផ្លូវការ​ពី​រដ្ឋ​នីមួយៗ ដែល​នៅ​ក្នុង​នោះ​មាន​ការ​កត់ត្រា​អំពី​សំឡេង​ឆ្នោត​របស់​អង្គ​បោះឆ្នោត​នៃ​រដ្ឋ​នីមួយៗ​នោះ។ សំឡេង​ឆ្នោត​ទាំង​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សភា​ដោយ​ដាក់​ក្នុង​ប្រអប់​មួយ​ដែល​ធ្វើ​ពី​ឈើ​ខ្លឹម។

អ្នក​តំណាង​មក​ពី​គណបក្ស​ទាំង​ពីរ​នៅ​ក្នុង​សភា​ទាំង​ពីរ​ថ្នាក់​នឹង​អាន​ឮៗ​អំពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​របស់​អង្គ​បោះឆ្នោត និង​ធ្វើ​ការ​រាប់​ជា​ផ្លូវការ​នូវ​សំឡេង​ឆ្នោត​របស់​អង្គ​បោះឆ្នោត​ទាំង​នេះ។ ប្រធាន​ព្រឹទ្ធសភា​លោក Mike Pence ដែល​ជា​អនុប្រធានាធិបតី​ផង​នោះ គឺ​ជា​ប្រធាន​សម័យ​ប្រជុំ​ពេញ​អង្គ​នេះ ហើយ​លោក​ក៏​ជា​អ្នក​ប្រកាស​អ្នក​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​នេះ​ផង​ដែរ។

តើ​រដ្ឋធម្មនុញ្ញ​តម្រូវ​ឲ្យ​ធ្វើ​អ្វី​ខ្លះ?

រដ្ឋធម្មនុញ្ញ​តម្រូវ​ឲ្យ​សភា​ជួបប្រជុំ​គ្នា និង​រាប់​សន្លឹកឆ្នោត​របស់​អង្គ​បោះឆ្នោត។ ប្រសិនបើ​សន្លឹកឆ្នោត​ស្មើគ្នា នោះ​សភា​ត្រូវ​សម្រេច​ថា​តើ​បេក្ខជន​ណា​នឹង​ក្លាយជា​ប្រធានាធិបតី ដោយ​ប្រតិភូ​នៃ​សភា​នីមួយៗ​មាន​សំឡេង​ឆ្នោត​ម្នាក់​មួយ។ រឿង​នេះ​មិន​ដែល​កើត​មាន​ឡើង​ទេ​តាំង​ពី​ទសវត្សរ៍ ១៨០០ មក ហើយ​ជ័យជម្នះ​របស់​លោក Biden លើ​លោក Trump គឺ​ត្រូវ​បាន​សម្រេច​ជា​ផ្លូវការ​រួច​ហើយ​ដោយ​អង្គ​បោះឆ្នោត ដោយ​លោក Biden ទទួល​បាន​អង្គ​បោះឆ្នោត​ចំនួន ៣០៦ ហើយ​លោក Trump ទទួល​បាន​អង្គ​បោះឆ្នោត​ចំនួន ២៣២។

រូបឯកសារ៖ លោក Mike Pence ថ្លែង​ក្នុង​ពិធី​មួយ​នៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។

តើ​សម័យ​ប្រជុំពេញ​អង្គ​នេះ​នឹង​បើក​ដោយ​របៀប​ណា?

សភា​ទាំង​ពីរ​ថ្នាក់​ត្រូវ​បើក​សម័យ​ប្រជុំ​ពេញ​អង្គ​នៅ​ពេល​ថ្ងៃ​ត្រង់​ដើម្បី​រាប់​សន្លឹកឆ្នោត។ ប្រសិន​បើ​អនុ​ប្រធានាធិបតី​មិន​អាច​ធ្វើ​ជា​ប្រធាន​អង្គ​ប្រជុំ​នេះ​បាន​ទេ នោះ​ប្រធាន​ព្រឹទ្ធសភា​បណ្ដោះអាសន្ន ដែល​ជា​សមាជិក​ព្រឹទ្ធសភា​កាន់​តំណែង​យូរ​ជាង​គេ​បង្អស់​ខាង​គណបក្ស​ដែល​មាន​សំឡេង​ភាគច្រើន នឹង​ធ្វើ​ជា​ប្រធាន​អង្គប្រជុំ​នេះ​ជំនួស។ សម្រាប់​ពេល​បច្ចុប្បន្ន​នេះ ប្រធាន​ព្រឹទ្ធសភា​បណ្ដោះអាសន្ន​គឺ​លោក Chuck Grassley ដែល​ជា​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​តំណាង​រដ្ឋ Iowa។

ប្រធាន​សម័យ​ប្រជុំ​ពេញ​អង្គ​នោះ​នឹង​បើក ហើយ​បង្ហាញ​លិខិត​បញ្ជាក់​អំពី​ការ​បោះឆ្នោត​របស់​អង្គ​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ​នីមួយៗ​តាម​លំដាប់​ព្យញ្ជនៈ​នៃ​ឈ្មោះ​របស់​រដ្ឋ​នោះ។

បន្ទាប់​មក មនុស្ស​មួយ​ចំនួន​ទៀត​ដែល​ត្រូវ​បាន​តែងតាំង​ដោយ​សភា​ទាំង​ពីរ​ថ្នាក់ ហើយ​ដែល​ជា​សមាជិក​នៃ​គណបក្ស​នយោបាយ​ទាំង​ពីរ ត្រូវ​អាន​លិខិត​បញ្ជាក់​នោះ​ឲ្យ​ឮៗ។ ពួកគេ​ត្រូវ​កត់ត្រា និង​រាប់​សន្លឹកឆ្នោត​នោះ។ ប្រធាន​សម័យ​ប្រជុំ​ពេញ​អង្គ​ជា​អ្នក​ប្រកាស​ថា​នរណា​ជា​អ្នក​ឈ្នះ​បាន​អង្គ​បោះឆ្នោត​ភាគច្រើន ដើម្បី​បាន​ក្លាយជា​ប្រធានាធិបតី និង​ជា​អនុ​ប្រធានាធិបតី​របស់​សហរដ្ឋ​អាមេរិក។

តើ​មាន​រឿង​អ្វី​កើតឡើង ប្រសិនបើ​មាន​ការ​ជំទាស់?

បន្ទាប់ពី​មន្ត្រី​ម្នាក់​អាន​លិខិត​បញ្ជាក់​អំពី​លទ្ធផល​បោះឆ្នោត​របស់​រដ្ឋ​មួយ​ហើយ សមាជិក​សភា​ណា​ម្នាក់​អាច​ក្រោក​ឈរ​ឡើង ហើយ​ជំទាស់​ទៅ​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ​នោះ​បាន​ដោយ​ផ្អែក​លើ​មូល​ហេតុ​ណា​មួយ។ ប៉ុន្តែ​ប្រធាន​សម័យ​ប្រជុំ​ពេញ​អង្គ​នឹង​មិនស្ដាប់​តាម​ការ​ជំទាស់​នោះ​ទេ លុះត្រាតែ​ការ​ជំទាស់​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​លាយលក្ខណ៍​អក្សរ និង​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​សមាជិក​ម្នាក់​នៃ​រដ្ឋ​សភា និង​សមាជិក​ម្នាក់​នៃ​ព្រឹទ្ធសភា។

ប្រសិនបើ​មាន​សំណើ​ជំទាស់​រួម​គ្នា​ដូច្នេះ សម័យ​ប្រជុំ​ពេញ​អង្គ​នេះ​នឹង​ត្រូវ​ព្យួរ ហើយ​រដ្ឋសភា​និង​ព្រឹទ្ធសភា​នឹង​ត្រូវ​ប្រជុំ​ដាច់​ដោយ​ឡែក​ពី​គ្នា​ដើម្បី​ពិចារណា​លើ​រឿង​នេះ។ ដើម្បី​ឲ្យ​ការ​ជំទាស់​នេះ​មាន​ប្រសិទ្ធភាព សភា​ទាំង​ពីរ​ថ្នាក់​ត្រូវតែ​ឯកភាព​គ្នា​លើ​រឿង​នេះ តាមរយៈ​ការ​បោះឆ្នោត​ដោយ​យក​សំឡេង​ភាគ​ច្រើន។ ប្រសិនបើ​សភា​ទាំង​ពីរ​ថ្នាក់​មិន​ឯកភាព​លើ​ការ​ជំទាស់​នេះ​ទេ នោះ​លទ្ធផល​នៃ​ការ​បោះឆ្នោត​នឹង​យក​តាម​ការ​រាប់​សន្លឹកឆ្នោត​របស់​អង្គ​បោះឆ្នោត​នៃ​រដ្ឋ​នីមួយៗ​ដូច​ដើម។

លើក​ចុង​ក្រោយ​បង្អស់​ដែល​មាន​ការ​ជំទាស់​បែប​នេះ​គឺ​នៅ​ឆ្នាំ ២០០៥ នៅ​ពេល​ដែល​សមាជិក​រដ្ឋសភា​តំណាង​រដ្ឋ Ohio អ្នកស្រី Stephanie Tubbs Jones និង​សមាជិក​ព្រឹទ្ធសភា​តំណាង​រដ្ឋ California អ្នកស្រី Barbara Boxer ដែល​អ្នក​ទាំង​ពីរ​សុទ្ធ​តែ​ជា​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ បាន​ជំទាស់​ទៅ​នឹង​ការ​បោះឆ្នោត​របស់​អង្គ​បោះឆ្នោត​ក្នុង​រដ្ឋ Ohio ដោយ​អះអាង​ថា​មាន​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ការបោះឆ្នោត​ក្នុង​រដ្ឋ​នោះ។ សភា​ទាំង​ពីរ​ថ្នាក់​បាន​ជជែក​ដេញដោល​គ្នា​លើ​ការ​ជំទាស់​នោះ ហើយ​បាន​ច្រានចោល​ការ​ជំទាស់​នោះ។ ការ​ជំទាស់​ទៅ​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​បែប​នេះ​ធ្លាប់​កើត​មាន​ឡើង​តែ​ពីរ​ដង​ប៉ុណ្ណោះ។

ប្រធានាធិបតី​ជាប់​ឆ្នោត​របស់​សហរដ្ឋអាមេរិក​លោក Joe Biden (ឆ្វេង) និងប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump។

តើ​ការ​ជំទាស់​នឹង​លទ្ធផល​បោះឆ្នោត​អាច​មាន​ប្រសិទ្ធភាព​ដែរ​ឬទេ?

វា​ពិបាក​នឹង​អាច​ទៅ​រួច​ណាស់ ដោយសារ​តែ​រដ្ឋសភា​ត្រូវ​បាន​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ ហើយ​មាន​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​មួយ​ចំនួន ដែល​រួម​មាន​ទាំង​លោក McConnell ផងដែរ បាន​ទទួល​ស្គាល់​ជ័យជម្នះ​របស់​លោក Biden។

កាល​ពី​ថ្ងៃទី ១៥ ខែ​ធ្នូ លោក McConnell បាន​ហៅ​ទូរស័ព្ទ​ទៅ​កាន់​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​របស់​លោក ដើម្បី​ស្នើ​ពួកគេ​កុំ​ឲ្យ​ចូលរួម​ជាមួយ​នឹង​សមាជិក​រដ្ឋសភា​មួយ​ចំនួន​នៅ​ក្នុង​ការ​ជំទាស់​ទៅ​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​នេះ។

សមាជិក​ជាន់​ខ្ពស់​មួយ​ចំនួននៃ​គណបក្ស​សាធារណរដ្ឋ​បាន​ឯកភាព​នឹង​សំណើ​នេះ។ សមាជិក​ព្រឹទ្ធសភា​ជាន់​ខ្ពស់​លំដាប់​ទី​ពីរ​នៃ​គណបក្ស​សាធារណរដ្ឋ​លោក John Thune ដែល​តំណាង​ឲ្យ​រដ្ឋ South Dakota បាន​ថ្លែង​កាល​ពី​ដើម​ខែ​ធ្នូ​ថា ប្រសិនបើ​ព្រឹទ្ធសភា​នឹង​ត្រូវ​បង្ខំ​ឲ្យ​បោះឆ្នោត​លើ​ការ​ជំទាស់​នេះ គឺ «វា​ជា​ភាព​កំសាក​ដែល​គ្រាន់តែ​ធ្វើ​ឲ្យ​អាម៉ាស់​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ​ដោយ​គ្មាន​បាន​លទ្ធផល​អ្វី​ទាំង​អស់»។ លោក Thune ថ្លែង​ថា វា​មិន​សមហេតុផល​នោះ​ទេ ដែល​តម្រូវ​ឲ្យ​សមាជិក​ព្រឹទ្ធសភា​បោះឆ្នោត នៅ​ពេល​ដែល «យើង​ដឹង​ហើយ​ថា​លទ្ធផល​ចុងក្រោយ​នឹង​ទៅ​ជា​យ៉ាង​ណា» នោះ។

សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​តំណាង​រដ្ឋ Texas លោក John Cornyn មាន​ប្រសាសន៍​ថា ការ​ប្រឹងប្រែង​បែប​នេះ​ណា​មួយ​របស់​សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​នឹង​ក្លាយជា «អសារបង់» ហើយ​វា​ជា​កំហុស​ឆ្គង​មួយ។

សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​លើក​នេះ គេ​ពុំ​ឃើញ​មាន​ភស្តុតាង​បង្ហាញ​អំពី​ការ​លួច​បន្លំ​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​ការ​បោះឆ្នោត​នោះ​ទេ ដូច​ដែល​បាន​បញ្ជាក់​ដោយ​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ជាច្រើន​រូប ក៏​ដូចជា​ដោយ​លោក William Barr ដែល​ទើប​នឹង​បាន​ចុះ​ចេញ​ពី​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​កាល​ពី​ពេល​ថ្មីៗ​នេះ​ផងដែរ។

តើ​លោក​អនុ​ប្រធានាធិបតី Mike Pence មាន​តួនាទី​អ្វី​ដែរ?

តួនាទី​របស់​អនុ​ប្រធានាធិបតី​ក្នុង​នាម​ជា​ប្រធាន​សម័យ​ប្រជុំ​ពេញ​អង្គ​របស់​សភា​ទាំង​ពីរ​ថ្នាក់​នេះ ជារឿយៗ​គឺ​ជា​តួនាទី​ដ៏​ឆ្គង​មួយ។ សម្រាប់​លោក Pence ក៏​ដូច្នេះ​ដែរ ដោយសារ​តែ​លោក​នឹង​ត្រូវ​ប្រកាស​អំពី​ជ័យជម្នះ​របស់​លោក Biden ដែល​ជា​ការ​ទទួល​ស្គាល់​អំពី​ការ​បរាជ័យ​របស់​ខ្លួន​លោក​ផងដែរ​នោះ នៅ​ពេល​ដែល​សភា​បាន​បញ្ចប់​ការ​រាប់​សន្លឹកឆ្នោត​របស់​អង្គ​បោះឆ្នោត។

ការ​ប្រកាស​នេះ​នឹង​កាន់​តែ​លំបាក​សម្រាប់​លោក Pence ដោយសារ​តែ​មេដឹកនាំ​របស់​លោក​គឺ​លោក Trump បាន​បដិសេធ​មិន​ព្រម​ចុះចាញ់​ការ​បោះឆ្នោត​នេះ។

ប៉ុន្តែ​លោក Pence មិនមែន​ជា​អនុ​ប្រធានាធិបតី​ដំបូង​ដែល​ត្រូវ​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​នេះ​ទេ។ កាល​ពី​ឆ្នាំ ២០០១ លោក​អនុ​ប្រធានាធិបតី Al Gore ធ្វើ​ជា​ប្រធាន​សម័យ​ប្រជុំ​ពេញ​អង្គ​របស់​សភា​ក្នុង​ការ​រាប់​សន្លឹកឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០០០ ដែល​លោក​បាន​ចាញ់​លោក George W. Bush ខាង​គណបក្ស​សាធារណរដ្ឋ​តែ​បន្ដិចបន្ដួច​ប៉ុណ្ណោះ។

លោក Gore ត្រូវ​គោះ​ញញួរ​ច្រានចោល​សំណើ​ជំទាស់​មួយ​ចំនួន​ពី​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក។ កាល​ពី​ឆ្នាំ ២០១៦ លោក Biden បាន​ធ្វើ​ជា​ប្រធាន​សម័យ​ប្រជុំ​ពេញ​អង្គ​សភា​ក្នុង​ការ​រាប់​សន្លឹកឆ្នោត​របស់​អង្គ​បោះឆ្នោត​ដែល​ប្រកាស​ថា​លោក Trump ជា​អ្នក​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី។ លោក Biden ក៏​បាន​ច្រានចោល​ការ​ជំទាស់​ពី​សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដែល​មិន​មាន​ការ​គាំទ្រ​ពី​សមាជិក​ព្រឹទ្ធសភា​ណា​មួយ​ផង​ដែរ។

ក្រោយ​ពី​សភា​រាប់​សន្លឹកឆ្នោត​ហើយ តើ​មាន​អ្វី​កើតឡើង​បន្ទាប់​ទៀត?

សម័យ​ប្រជុំ​ពេញ​អង្គ​នៃ​សភា​ទាំង​ពីរ​ថ្នាក់​នេះ​គឺ​ជា​ឱកាស​ផ្លូវការ​ចុងក្រោយ​បង្អស់​ក្នុង​ការ​ជំទាស់​ទៅ​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត ក្រៅ​ពី​ការ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ដែល​មក​ទល់​នឹង​ពេល​នេះ​មិន​បាន​បង្ហាញ​ប្រសិទ្ធភាព​សម្រាប់​លោក Trump និង​ក្រុម​ការងារ​របស់​លោក​នោះ​ទេ។

សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​តំណាង​រដ្ឋ Texas លោក John Cornyn បាន​ថ្លែង​កាល​ពី​ដើម​ខែ​ធ្នូ​ថា៖ «ខ្ញុំ​គិត​ថា ដល់​ពេល​ដែល​អ្នក​ត្រូវ​ទទួល​ស្គាល់​ការ​ពិត​ហើយ ក្រោយ​ពី​អ្នក​ខិតខំ​ប្រឹងប្រែង​មិន​ទទួល​បាន​ជោគជ័យ​មក»៕