អ្នកជំនាញសម្តែងការព្រួយបារម្ភបន្ទាប់ពីសហរដ្ឋអាមេរិកបានកាត់បន្ថយជំនួយទៅប្រទេសកម្ពុជា ព្រោះតែការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ ដោយពួកគេខ្លាចនឹងមានទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀតបើស្ថានការណ៍នៅតែអាក្រក់។
កាលពីថ្ងៃអង្គារសេតវិមានបានប្រកាសកាត់បន្ថយនិងព្យួរជំនួយទៅស្ថាប័នមួយចំនួនរបស់រដ្ឋាភិបាលកម្ពុជាដោយសារតែបានចូលរួមចំណែកធ្វើឱ្យលទ្ធិប្រជាធិបតេយ្យធ្លាក់ចុះ។
លោក ឈាង វណ្ណារិទ្ធិ អ្នកស្រាវជ្រាវនៃវិទ្យាស្ថាន Iseas-Yusof Ishak ដែលស្ថិតនៅប្រទេសសិង្ហបុរី យល់ថានេះគឺជាការធ្លាក់ចុះថែមទៀតនៅក្នុងទំនាក់ទំនងទ្វេភាគីនៃសហរដ្ឋអាមេរិកនិងកម្ពុជា។
លោកបន្ថែមថា៖
«នេះគឺជាចំណុចទាបបំផុតមួយនៅក្នុងទំនាក់ទំនងទ្វេភាគីកម្ពុជានិងសហរដ្ឋអាមេរិកចាប់ពីឆ្នាំ១៩៩៣មក។ ខ្ញុំគិតថាវាមានកត្តាច្រើនក្នុងការពន្យល់ហេតុអ្វីបានជាវាធ្លាក់ដល់កម្រិតគួរឱ្យបារម្ភយ៉ាងនេះ។ ទីមួយគឺប្រហែលជាកត្តាផ្ទៃក្នុងនៃនយោបាយកម្ពុជាហើយទីពីរគឺកត្តាភូមិសាស្រ្តនយោបាយដោយសារតែឥទ្ធិពលប្រទេសចិនមានឥទ្ធិពលខ្លាំងនៅក្នុងតំបន់ជាពិសេសនៅកម្ពុជាដែលជាការគំរាមកំហែងមួយដល់ផលប្រយោជន៍សហរដ្ឋអាមេរិក»។
ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះសហរដ្ឋអាមេរិកបានផ្តល់ជំនួយជាង១០០០លានដុល្លារដល់កម្ពុជានិងបានបើកទីផ្សារទទួលយកផលិតផលរបស់កម្ពុជា។ ប៉ុន្តែទំនាក់ទំនងរវាងមហាអំណាចនេះនិងប្រទេសកម្ពុជាមិនល្អប្រសើរឡើយចាប់តាំងពីក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣ដែលគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានធ្លាក់ឆ្នោតជាច្រើននិងបន្តបាត់បង់អាសនៈនៅមូលដ្ឋានរាប់ពាន់ថែមទៀតនៅក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧។ មន្ត្រីរដ្ឋាភិបាលកម្ពុជាដោយរួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការរិះគន់សហរដ្ឋអាមេរិកកាន់តែខ្លាំងចំពោះគោលនយោបាយក្នុងអំឡុងពេលសង្គ្រាមទសវត្សរ៍១៩៧០ និងការទម្លាក់គ្រាប់បែកលើប្រទេសកម្ពុជា ហើយបានឈានទៅចោទប្រកាន់និងរំលាយគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងថាបានឃុបឃិតជាមួយនឹងសហរដ្ឋអាមេរិកដើម្បីផ្តួលរំលំរដ្ឋាភិបាល។ អាសនៈសភាទាំង៥៥និងក្រុមប្រឹក្សាឃុំ-សង្កាត់ជាង៥០០០ត្រូវគណបក្សប្រជាជនកម្ពុជារឹបអូសយកនិងបែងចែកឱ្យគណបក្សដទៃដែលមិនបានជាប់ឆ្នោត។
លោក មាស នី អ្នកវិភាគឯករាជ្យមើលឃើញថារដ្ឋាភិបាលកម្ពុជាបានដើរទៅមុខដោយមិនថយក្រោយបើទោះបីជាសហគមន៍អន្តរជាតិនិងសហរដ្ឋអាមេរិកបានព្រមានម្តងហើយឱ្យកែប្រែស្ថានការណ៍មកដូចដើមវិញ។
លោកបានបន្ថែមថា៖
«បើយើងមើលពីដំណើរការនៃការដាក់សម្ពាធពីអន្តរជាតិគឺវាមិនមានអ្វីចម្លែកទេវាជាដំណាក់កាលមួយដែលគេមើលឃើញថាស្ថានការណ៍នៅស្រុកខ្មែរនេះដូចជាមិនថយក្រោយទេហើយគណបក្សកាន់អំណាចក៏បាននិយាយដែរថាអ្វីដែលគេធ្វើនេះគឺគេធ្វើត្រូវអីចឹងមិនមានអ្វីដែលគេត្រូវថយក្រោយវិញទេណា។ អីចឹងការកាត់ជំនួយនេះវាជាការឆ្លើយតបនឹងអ្វីដែលកំពុងកើតមាននៅក្នុងប្រទេសកម្ពុជា»។
ជំនួយរបស់សហរដ្ឋអាមេរិកផ្តោតលើការពង្រឹងលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្សនិងអភិបាលកិច្ចល្អ កសិកម្មនិងសុវត្ថិភាពស្បៀងអាហារ ការលើកកម្ពស់សុខភាព និងការសិក្សាអប់រំជាដើម។ នេះបើតាមគេហទំព័ររបស់ទីភ្នាក់ងារជំនួយអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក (USAID)។
ក្នុងឆ្នាំ២០១៧ ជំនួយរបស់សហរដ្ឋអាមេរិកតាមរយៈទីភ្នាក់ងារ USAID មានចំនួន៧៨,៥លានដុល្លារ ដែលក្នុងនោះការចំណាយភាគច្រើនលើផ្នែកសុខាភិបាល អភិបាលកិច្ចនិងកសិកម្ម។
សេតវិមានបានអះអាងថាការសម្រេចកាត់បន្ថយជំនួយទៅប្រទេសកម្ពុជានេះដោយសារតែបានធ្វើការពិនិត្យមើលឡើងវិញនូវជំនួយរបស់សហរដ្ឋអាមេរិកហើយឃើញថាអង្គភាពរបស់រដ្ឋាភិបាលកម្ពុជាមួយចំនួនដែលទទួលមូលនិធិបានបង្ហាញនូវឥរិយាបទប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យដែលធ្វើឱ្យលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាដើរថយក្រោយ។
លោក អេរឹន ស្វតជេស្ស (Arend Zwartjes) អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានបញ្ជាក់ថាការដាក់ទណ្ឌកម្មនេះដោយសារតែអាជ្ញាធរកម្ពុជាបានរំលាយគណបក្សសង្គ្រោះជាតិ ដកតំណែងសមាជិកសភានិងក្រុមប្រឹក្សាឃុំសង្កាត់ពីគណបក្សប្រឆាំងហើយយកទៅចែកឱ្យគណបក្សកាន់អំណាចនិងគណបក្សដទៃទៀត។
កម្មវិធីជួយដល់អគ្គនាយកដ្ឋានពន្ធដារក៏ត្រូវបានកាត់ផ្តាច់ផងដែរ។
លោក អេរឹន ស្វតជេស្សបានបន្ថែមថា៖
«នាយកដ្ឋានពន្ធដារបានធ្វើការស៊ើបអង្កេតដែលមានលក្ខណៈនយោបាយដោយចំហរប្រឆាំងនឹងបណ្តាញសារព័ត៌មានឯករាជ្យ និងក្រុមអង្គការសង្គមស៊ីវិល ហើយក្នុងករណីខ្លះបានបង្ខំឱ្យពួកគេត្រូវបិទទ្វារ»។
សារព័ត៌មានជាភាសាអង់គ្លេស The Cambodia Daily បានបិទទ្វារដោយសារតែអគ្គនាយកដ្ឋានពន្ធដាបានចោទថាជំពាក់ប្រាក់ពន្ធជាង៦,៣លានដុល្លារ។ រដ្ឋាភិបាលក៏បានហាមឃាត់ស្ថានីយ៍វិទ្យុក្នុងស្រុកមួយចំនួនមិនឱ្យផ្សាយកម្មវិធីរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងប្រជាធិបតេយ្យផងដែរ។ ការណ៍នេះបង្ខំឱ្យវិទ្យុអាស៊ីសេរីដែលផ្តល់ថវិកាដោយសហរដ្ឋអាមេរិកត្រូវបិទការិយាល័យក្នុងប្រទេសកម្ពុជា។
លោកស្វតជេស្សបានបន្ថែមថាការកាត់ផ្តាច់ជំនួយទៅផ្នែកយោធាកម្ពុជាដោយសារតែ«មន្ត្រីជាន់ខ្ពស់យោធាកម្ពុជាបានថ្លែងការណ៍ប្រកបដោយបញ្ហាពីការប្រើប្រាស់ហិង្សាពាក់ព័ន្ធនឹងការបោះឆ្នោត»។
ក្នុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីឆ្នាំ២០១៧ លោកទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិបានព្រមានដល់គណបក្សដទៃថាលោកនឹងវាយបំបែកធ្មេញអ្នកណាដែលមិនទទួលស្គាល់លទ្ធផលឆ្នោត។
លោកគុជ ច័ន្ទលី អ្នកវិភាគឯករាជ្យនៅក្នុងរដ្ឋម៉ារីឡែន សហរដ្ឋអាមេរិកបានបញ្ជាក់ថាគោលបំណងរបស់សហរដ្ឋអាមេរិកគឺចង់ឱ្យប្រទេសកម្ពុជាមួយមានលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សពិតប្រាកដ។
«បើនិយាយឱ្យចំទៅប្រទេសខ្មែរខ្លួនឯងហ្មងដែលស្ថិតក្នុងគ្រោះថ្នាក់។ គ្រោះថ្នាក់ពីការរំលោភពីប្រទេសជិតខាងដទៃទៀតពីប្រទេសមហាអំណាចពីលទ្ធិកុម្មុយនីស្តនិយមជាដើមហើយសហរដ្ឋអាមេរិកមានជំនឿថាមានតែលទ្ធិប្រជាធិបតេយ្យទេ មានតែអំណាចនៅក្នុងកណ្តាប់ដៃប្រជាពលរដ្ឋជាទូទៅទេដែលអាចការពារខ្លួនបានពីព្រោះបើអំណាចហ្នឹងវាធ្លាក់ទៅដល់កណ្តាប់ដៃបុគ្គលមួយក្រុមតូចឬបុគ្គលម្នាក់ឬក៏ទៅលើរដ្ឋាភិបាលផ្តាច់មុខ។ នេះគឺប្រទេសខ្មែរត្រូវមានគ្រោះថ្នាក់»។
លោក ច័ន្ទ លី យល់ថានេះជាជម្រើសដ៏ពិបាកដែលសហរដ្ឋអាមេរិកត្រូវធ្វើដើម្បីឱ្យពលរដ្ឋខ្មែរយល់ដឹងបន្ទាប់ពីការបញ្ជូនសារទៅរដ្ឋាភិបាលកម្ពុជាមិនមានអ្វីប្រែប្រួលឱ្យស្ថានការណ៍បានប្រសើរឡើងវិញ។
«ការដាក់សម្ពាធសេដ្ឋកិច្ចអាចធ្វើឱ្យប៉ះពាល់ការរស់នៅរបស់ប្រជាពលរដ្ឋជៀសមិនរួចទេ។ វាមានការជះឥទ្ធិពលមិនល្អដល់ប្រជាពលរដ្ឋរស់នៅក្នុងប្រទេសហ្នឹងក៏ប៉ុន្តែជាការឆ្កឹះប្រជាពលរដ្ឋទាំងអស់នោះឱ្យយល់ថានេះហើយជាការអនុវត្តច្បាប់របស់រដ្ឋាភិបាលខ្លួនដែលខ្លួនត្រូវតែទាមទារឱ្យមានការគោរពដល់សិទ្ធិរបស់ប្រជាពលរដ្ឋ ឱ្យមានការជួយបណ្តុះបណ្តាលលទ្ធិប្រជាធិបតេយ្យដែរ»។
កាលពីថ្ងៃទី១៦ខែវិច្ឆិកា សេតវិមានក៏បានហាមឃាត់ទិដ្ឋាការលើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលហើយកាលពីដើមខែកុម្ភៈ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកដ៏មានឥទ្ធិពលចំនួនប្រាំនាក់បានស្នើសេចក្តីព្រាងច្បាប់ស្តីពី«ការទទួលខុសត្រូវរបស់កម្ពុជានិងធ្វើឱ្យការវិនិយោគត្រឡប់ដូចដើមវិញ»ហៅកាត់ថា CARI Act ដោយស្នើឱ្យដាក់លក្ខខណ្ឌលើជំនួយទៅប្រទេសកម្ពុជា ហាមឃាត់ទិដ្ឋាការលើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល យោធា កងរាជអាវុធហត្ថនិងតុលាការ បង្កកទ្រព្យសម្បត្តិ និងហាមឃាត់ការចរចាលុបបំណុលដែលកម្ពុជាជំពាក់ជាដើម។
លោក មាស នី យល់ថាចំណាត់ការរបស់សហរដ្ឋអាមេរិកមានលក្ខណៈសន្សឹមៗដោយមិនចង់ឱ្យប៉ះពាល់ជីវភាពរបស់ពលរដ្ឋធម្មតាប៉ុន្តែអ្វីដែលធ្វើឱ្យលោកនិងអ្នកជំនាញដទៃទៀតព្រួយបារម្ភគឺសហរដ្ឋអាមេរិកអាចនឹងគៀងគរសម្ព័ន្ធមិត្តឱ្យដាក់ទណ្ឌកម្មដល់កម្ពុជាដែរ ជាពិសេសទណ្ឌកម្មផ្នែកសេដ្ឋកិច្ច។
«យើងមើលពីដំណើរនិងលទ្ធភាពនៃប្រទេសមហាអំណាចគេដាក់ទណ្ឌកម្មទៅប្រទេសគឺមុនដំបូងគេធ្វើចេញពីប្រទេសគេសិនថ្ងៃក្រោយគេចាប់ផ្តើមធ្វើការគៀងគរសម្ព័ន្ធមិត្តដទៃទៀតឱ្យអនុវត្តដូចគ្នាដែរ។ នេះជាការព្រួយបារម្ភមួយដែលខ្ញុំចេះតែចាំមើលតទៅទៀតថាតើដំណើរការហ្នឹងវានៅតែទៅមុខហើយវាដល់ដំណាក់កាលដែលសហរដ្ឋអាមេរិកត្រូវគៀងគរសម្ព័ន្ធមិត្តឱ្យដាក់ទណ្ឌកម្មទៀតតើភាពងាយរងគ្រោះរបស់ខ្មែរយើងវានឹងធ្លាក់ទៅដល់ណាទៀត»។
ប្រទេសកម្ពុជានាំចេញក្នុងទំហំ៩,៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៧កន្លងទៅនេះដែលភាគច្រើនជាផលិតផលសម្លៀកបំពាក់ ស្បែកជើងនិងកសិកម្មមកទីផ្សាររបស់សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប។ ក្នុងឆ្នាំ២០១៧ទំហំនៃការនាំចូលសហរដ្ឋអាមេរិកមានចំនួន ៣.០៦៤ លានដុល្លារហើយទទួលបានការអនុគ្រោះពន្ធតាមប្រព័ន្ធGSP។
ប្រទេសកម្ពុជាមានការរីកចម្រើនសេដ្ឋកិច្ចក្នុងរង្វង់៦ទៅ៧ភាគរយក្នុងមួយឆ្នាំប៉ុន្តែការរីកចម្រើននេះអាចនឹងប៉ះពាល់បើសិនជាមានទណ្ឌកម្មសេដ្ឋកិច្ច។
លោកឈាង វណ្ណារិទ្ធបានបញ្ជាក់ថា៖
«ខ្ញុំគិតថាបើសិនបើស្ថានការណ៍មិនប្រែប្រួលឬកាន់តែលំបាកជាងនេះឬក៏អាក្រក់ជាងនេះវាអាចឈានទៅដល់ផ្នែកពាណិជ្ជកម្មហើយនឹងផ្នែកវិនិយោគតទៅទៀតពីព្រោះថាក្រុមហ៊ុនធំៗមួយចំនួននៅអន្តរជាតិត្រូវឆ្លងកាត់ទីផ្សារហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក។ អីចឹងទេបើសិនជាវាឈានដល់ផ្នែកពាណិជ្ជកម្មនិងការវិនិយោគគឺវាអាចប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចរបស់កម្ពុជាហើយ»។
ការិយាល័យរបស់សមាជិកព្រឹទ្ធសភា Patrick Leahy ដែលជាអនុប្រធានគណៈកម្មាធិការហិរញ្ញវត្ថុបានស្វាគមន៍ចំណាត់ការរបស់សេតវិមានដែលបានដាក់ទណ្ឌកម្មបន្ថែមលើប្រទេសកម្ពុជាតាមរយៈការកាត់បន្ថយនិងព្យួរជំនួយនិងសុំឱ្យប្រទេសដទៃទៀតធ្វើតាម។
លោក Tim Rieser ជំនួយការជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយការបរទេសរបស់លោកសមាជិកព្រឹទ្ធសភា Patrick Leahy មកពីគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋVermont បានបញ្ជាក់ប្រាប់វីអូអេថា៖
«សេតវិមានបានធ្វើកិច្ចការត្រឹមត្រូវក្នុងការប្រើប្រាស់វិធីចំគោលដៅនិងមានសារៈសំខាន់។ ការណ៍នេះបង្ហាញថាសហរដ្ឋអាមេរិកនឹងមិនធ្វើការដូចធម្មតាទៀតទេក្នុងពេលដែលលោកហ៊ុន សែនលុបបំបាត់សិទ្ធិពលរដ្ឋស៊ីវិលរបស់កម្ពុជា។ ប្រទេសដទៃទៀតគួរតែធ្វើតាមគំរូរបស់សហរដ្ឋអាមេរិក»។
លោកផែទ្រិក លៀហ៊ី (Patrick Leahy) ក៏ជាសមាជិកនៃអនុគណៈកម្មាធិការទទួលបន្ទុកក្រសួងការបរទេសនិងប្រតិបត្តិការអន្តរជាតិនិងជាអ្នកស្នើសេចក្តីព្រាងច្បាប់CARI Act មួយរូបផងដែរ។
លោកថេត គ្រូស (Ted Cruz)សមាជិកព្រឹទ្ធសភាដ៏មានឥទ្ធិពលម្នាក់មកពីគណបក្សសាធារណរដ្ឋប្រចាំរដ្ឋតិចសាសបានចាត់ទុកថាចំណាត់ការរបស់សេតវិមានគឺជា «វិធានការសមស្រប»។
លោកបានបន្ថែមក្នុងសារមកកាន់វីអូអេថា៖
«ថ្ងៃនេះរដ្ឋបាលលោកប្រធានាធិបតីត្រាំបានចាត់វិធានការសមស្របដើម្បីកាត់ឬព្យួរកម្មវិធីជំនួយរបស់ក្រសួងរតនាគារ ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិកនិងក្រសួងការពារជាតិ។ យើងត្រូវតែបន្តដាក់សម្ពាធកាន់តែកើនឡើងដល់ប្រទេសកម្ពុជានៅមុនការបោះឆ្នោតជាតិនៅខែកក្កដា»។
ក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះប្រទេសចិនបានបង្កើនជំនួយនិងប្រាក់កម្ចីដល់ប្រទេសកម្ពុជាដែលធ្វើឱ្យឥទ្ធិពលរបស់បស្ចិមប្រទេសចុះខ្សោយ។ ប៉ុន្តែចិនក៏ទទួលផលចំណេញពីទំនាក់ទំនងនេះដែរដោយបាននាំវត្ថុធាតុដើមនិងទំនិញចូលកម្ពុជាហើយកម្ពុជាក៏ធ្លាប់បានរារាំងសេចក្តីថ្លែងការណ៍អាស៊ានដែលប្រឆាំងនឹងចិនក្នុងបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូង។
លោកគុជ ច័ន្ទលីបានបន្ថែមថា៖
«ពិភពលោកគេអាចដឹងហើយគឺដឹងថាសត្វកណ្តុរបើកាលណាវាហ៊ានរាំនៅមុខឆ្មារក៏ព្រោះតែវាមានរន្ធនៅក្បែរខាងមានន័យថារដ្ឋាភិបាលខ្មែរយើងអាចធ្វើព្រងើយកន្តើយចំពោះការទាមទាររបស់ប្រទេសមហាអំណាច របស់ពិភពលោកក៏ព្រោះតែអាងទៅលើមហាអំណាចចិន។ ចិនគេធានារ៉ាប់រងលើការបីបាច់រដ្ឋាភិបាលខ្មែរក៏ប៉ុន្តែប្រជាពលរដ្ឋខ្មែរខ្លួនឯងត្រូវដឹងថាចិនហ្នឹងជានរណា? ចិនហ្នឹងបានធ្វើអ្វីខ្លះមកលើប្រទេសខ្មែរយើងកាលពីឆ្នាំ១៩៧៥-៧៩រហូតមកដល់សព្វថ្ងៃនេះ?»។
ប៉ុន្តែមន្ត្រីរដ្ឋាភិបាលកម្ពុជាចាត់ទុកថាទណ្ឌកម្មនៅពេលនេះគឺជាកម្សោយរបស់សហរដ្ឋអាមេរិកទៅវិញទេ។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រីបានចាត់ទុកថាការកាត់បន្ថយជំនួយគឺជា «ការបោះបង់កាតព្វកិច្ច»របស់សហរដ្ឋអាមេរិកក្នុងនាមជាបិតាប្រជាធិបតេយ្យក្នុងពិភពលោក។
លោកបានបន្ថែមថា៖
«ដូច្នេះការសម្រេចចិត្តនេះ ជាការបរាជ័យរបស់សហរដ្ឋអាមេរិកទេ មិនមែនជាបរាជ័យរបស់កម្ពុជាទេ ក្នុងការធ្វើឲ្យពិភពលោកជឿជាក់ថា សហរដ្ឋអាមេរិកគឺរក្សាបន្តពង្រឹងលទ្ធិប្រជាធិបតេយ្យ ឲ្យស្ថិតនៅក្នុងលក្ខណៈនិរន្តរភាព»។
យ៉ាងណាក៏ដោយសហរដ្ឋអាមេរិកនៅបន្តជួយផ្នែកសុខាភិបាល កសិកម្ម អង្គការសង្គមស៊ីវិល និងការបោសសម្អាតមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបន្សល់ពីសម័យសង្គ្រាម៕