អ្នកជំនាញនយោបាយព្រមានថា យុទ្ធនាការដ៏ចម្រូងចម្រាសសម្រាប់ការបោះឆ្នោតនៅសហរដ្ឋនៅក្នុងអាណត្តិនេះជះឥទ្ធិពលអវិជ្ជមានលើកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការលើកកម្ពស់ប្រជាធិបតេយ្យនៅលើពិភពលោក។
នៅមុនពេលចេញលទ្ធផលនៃការបោះឆ្នោត ដែលមានយុទ្ធនាការដ៏ចម្រូងចម្រាសបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក អ្នកជំនាញបានព្រមានថា ការជជែកតទល់របស់បេក្ខជនប្រធានាធិបតីមកពីគណបក្សទាំងពីរនៅអាមេរិកអាចធ្វើឲ្យខូចខាតកិច្ចប្រឹងប្រែងរបស់អាមេរិកក្នុងការលើកស្ទួយប្រជាធិបតេយ្យនៅក្នុងប្រទេសនៅលើពិភពលោកដូចជានៅប្រទេសកម្ពុជាជាដើម។
ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ក្រុមអ្នកកាសែតពីប្រទេសកម្ពុជាមកស.រ.អា.សមភាគី អាមេរិក និងអ្នកជំនាញនយោបាយរបស់អាមេរិកបាននិយាយថា យុទ្ធនាការបោះឆ្នោតនេះជាយុទ្ធនាការដែល«រញ៉េរញ៉ៃបំផុត»តាមដែលពួកគេដឹង។
លោក ដូណាល់ ត្រាំ (Donald Trump) ជាសេដ្ឋីជំនួញនិងជាបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ បានប្រើភាសាដែលមានការអុជអាល និងនាំឲ្យមានភាពចម្រូងចម្រាស និងការគំរាមកំហែងអំពីការរៀបចំឧក្រិដ្ឋកម្មដោយពួករដ្ឋឥស្លាម ហើយរដ្ឋាភិបាលវិមានក្រឹមឡាំងរបស់រុស្ស៊ីបានតាមដានយុទ្ធនាការបោះឆ្នោតនេះយ៉ាងដិតដល់។
រីឯបេក្ខជនប្រធានាធិបតីពីគណបក្សប្រជាធិបតេយ្យគឺលោកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton)អតីតរដ្ឋមន្ត្រីការបរទេស និងជាស្ត្រីទីមួយរបស់សហរដ្ឋអាមេរិកបានប្រឈមនឹងការចោទប្រកាន់អំពីទំនាស់ផលប្រយោជន៍ ដោយសារការទំនាក់ទំនងរបស់លោកស្រីជាមួយ Wall Streetនិងការប្រើប្រាស់អ៊ីមែលឯកជនសម្រាប់ការងារផ្លូវការរបស់លោកស្រី។
លោក Ken Vogel ប្រធានផ្នែកស៊ើបអង្កេតនៃសារព័ត៌មាន Politico ដែលជាអង្គការមួយមានទីតាំងនៅរដ្ឋធានីវ៉ាស៊ីនតោនបានឱ្យដឹងថា យុទ្ធនាការឆ្នាំនេះបានរំឭកឡើងវិញនូវយុទ្ធនាការនយោបាយមិនល្អរបស់អាមេរិកកាលពីពីរសតវត្សកន្លងទៅ។
«កាលពីដើមនៅក្នុងប្រទេសយើងប្រហែល២០០ឆ្នាំមុន យើងបានឃើញពាក្យសម្តីគំរោះគំរើយនិយាយអំពីរឿងអាក្រក់ផ្ទាល់ខ្លួនដោយបេក្ខជនប្រធានាធិបតីម្នាក់ប្រឆាំងនឹងបេក្ខជនប្រធានាធិបតីម្នាក់ទៀត ហើយយើងបានឃើញបេក្ខជនប្រកួតប្រជែងគ្នាបែកជាពីរក្រុមដូចជាពួកគេបាញ់គ្នា»។
លោកបានបន្ថែមថា៖
«វាមិនមែនជាបញ្ហាថ្មីទាំងស្រុងនោះទេ ប៉ុន្តែវាគឺថ្មីនៅក្នុងបរិបទនៃការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយទំនើប»។
លោកបានបន្ថែមថា យុទ្ធនាការបោះឆ្នោតរបស់សហរដ្ឋអាមេរិកនេះបានឆ្លុះបញ្ចាំងពីការបោះឆ្នោតនៅក្នុងពេលថ្មីៗនៅក្នុងប្រទេសនានាដូចជាប្រទេសអ៊ីតាលី ប្រទេសស៊ែប៊ី បូស្នី និងហ្វីលីពីន។
លោក Ed Horowitz សាស្ត្រាចារ្យផ្នែកសារគមនាគមន៍នៅសាកលវិទ្យាល័យ Cleveland State នៅក្នុងរដ្ឋ Ohio បានសួរថា តើការបោះឆ្នោតនេះនឹងត្រូវគេចងចាំយ៉ាងដូចម្តេច?
លោកបានមានប្រសាសន៍ថា៖
«ក្នុងនាមខ្ញុំជាសាស្ត្រាចារ្យ ខ្ញុំគិតអំពីការបោះឆ្នោតនេះនៅក្នុងផ្លូវពីរ។ ទីមួយយុទ្ធនាការបោះឆ្នោតនេះជាផ្លូវរលាក់ ពីព្រោះថា លោក ដូណាល់ ត្រាំ ជាបេក្ខជនប្រធានាធិបតីដែលមិនធម្មតា»។
លោក Horowitzបន្ថែមថា៖
«ទីពីរ យុទ្ធនាការនេះជាការចាប់ផ្តើមយុទ្ធនាការបោះឆ្នោតបែបថ្មីមួយ។ ក្នុងនាមខ្ញុំជាសាស្ត្រាចារ្យផ្នែកទំនាក់ទំនង ខ្ញុំចាប់អារម្មណ៍ជាពិសេសពីរបៀបដែលបេក្ខជនប្រធានាធិបតីប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ។ ហើយលោក ដូណាល់ ត្រាំ ជាអ្នកជំនាញក្នុងការប្រើប្រាស់បណ្តាញសង្គម Twitter នៅក្នុងរបៀបមួយដែលគ្មានអ្នកណាម្នាក់ធ្លាប់ធ្វើដូចគាត់»។
រីឯលោក Chales Noble សាស្រ្តាចារ្យនៅនាយកដ្ឋានវិទ្យាសាស្រ្តនយោបាយនៅឯសាកលវិទ្យាល័យ California State នៅទីក្រុងឡុងប៊ិច Long Beach រដ្ឋ California បាននិយាយថា ការដេញដោលរបស់បេក្ខជនប្រធានាធិបតីទាំងពីរនេះបានធ្វើឲ្យមានសំណួរអំពីទ្រង់ទ្រាយនិងការប្រើប្រាស់វិធីដេញដោលគ្នានេះ។
ចំណែកលោក James Sheeler សាស្ត្រាចារ្យផ្នែកសារព័ត៌មាន និងការសរសេរសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ នៅសាកលវិទ្យាល័យ Case Western នៅទីក្រុង Cleveland រដ្ឋ Ohio បានឱ្យដឹងថា សម្តីរបស់លោក ដូណាល់ ត្រាំ ដែលថា លោកនឹងមិនទទួលយកលទ្ធផលនៃការបោះឆ្នោត ប្រសិនបើលោកចាញ់ ហើយថា ការបោះឆ្នោតជាការរៀបចំទុកនោះ អាចនឹងនាំឱ្យមានអំពើហិង្សា។
លោកបាននិយាយថា៖
«ការណ៍ពិត វាជាពេលវេលាដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយនៅសហរដ្ឋអាមេរិក នៅពេលឥឡូវនេះ ដោយសារតែអ្នកកាសែតអាមេរិកកំពុងព្យាយាមពិនិត្យមើលឡើងវិញនូវអ្វីដែលលោក ដូណាល់ ត្រាំ និងលោកស្រីហ៊ីឡារី គ្លីនតុនបាននិយាយ ជាពិសេសនៅពេលដែលលោក ដូណាល់ ត្រាំ បាននិយាយថា ការបោះឆ្នោតនេះត្រូវបានរៀបចំទុក»។
លោកបានបន្ថែមថា៖
«បេក្ខជនប្រធានាធិបតីប្រណាំងប្រជែងគ្នាពីមុនៗ មិនដែលនិយាយអីចឹងទេ។ គេមិនដែលថ្លែងថា "ខ្ញុំអាចនឹងមិនទទួលយកលទ្ធផលនៃការបោះឆ្នោត"នោះទេ»។
អ្នកជំនាញប្រចាំតំបន់អាស៊ីអាគ្នេយ៍មើលឃើញថា ការបោះឆ្នោត និងយុទ្ធនាការបោះឆ្នោតនៅក្នុងប្រទេសផ្សេងៗទៀតនៅក្នុងតំបន់មានបញ្ហាដូចគ្នា។
លោក John Ciorciari អ្នកជំនាញ តំបន់អាស៊ីអាគ្នេយ៍នៅសាលា Gerald R. Ford ផ្នែកនយោបាយសាធារណ:នៅសាកលវិទ្យាល័យ Michigan និយាយថា៖ «ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅឆ្នាំនេះគឺជាបញ្ហាយ៉ាងធំ»។
លោក John Ciorciari បានសរសេរនៅក្នុងសារអេឡិចត្រូនិកមួយយ៉ាងដូច្នេះថា៖
«ការប្រកាន់បក្សពួក ការប្រកាសគោលនយោបាយ ការវាយប្រហារប្រឆាំងជំទាស់នឹងបេក្ខជនប្រឆាំងគឺគ្មានអ្វីថ្មីឡើយចំពោះនយោបាយអាមេរិក ប៉ុន្តែការបោះឆ្នោតប្រធានាធិបតីមួយនេះគឺវាអាក្រក់ជាពិសេស»។
លោក John Ciorciari បន្ថែមថា៖
«ការចោទប្រកាន់មិនច្បាស់លាស់របស់លោក ដូណាល់ ត្រាំ ដែលថា ការបោះឆ្នោតត្រូវបានរៀបចំទុក និងការគំរាមបដិសេធមិនទទួលយកលទ្ធផលអវិជ្ជមានធ្វើឱ្យប៉ះពាល់ដល់គោលការណ៍សំខាន់នៃលទ្ធិប្រជាធិបតេយ្យសហរដ្ឋអាមេរិក ការចូលរួមប្តេជ្ញាចិត្ត ចែករំលែកយន្តការនៃការបោះឆ្នោត»។
លោក John Ciorciari បន្តថា៖
«ប្រជាជនអាមេរិកមានសំណាង ដោយសារមានប្រព័ន្ធប្រជាធិបតេយ្យ ដែលមានស្ថិរភាពដែលត្រូវបានបង្កើតឡើងរយៈពេលយូរមកហើយ។ យើងមិនគួរណាយកប្រព័ន្ធបោះឆ្នោតនេះមកលេងសើចនោះទេ»។
លោក អ៊ា សុផល សាស្ត្រាចារ្យផ្នែកការទូត និងកិច្ចការពិភពលោកនៅសាកលវិទ្យាល័យ Occidental ក្នុងទីក្រុង Los Angeles នៃរដ្ឋ California បានឱ្យដឹងថា ការបោះឆ្នោតនៅឆ្នាំនេះគឺជាការបោះឆ្នោត «អាក្រក់បំផុត» ដែលលោកមិនធ្លាប់ឃើញ។
លោកបានសរសេរយ៉ាងដូច្នេះ៖
«ការខូចខាតមានទំហំធំធេងរួចទៅហើយ។ វាត្រូវការពេលវេលា២៤០ឆ្នាំ ដើម្បីបង្កើតឡើង ហើយបុរសម្នាក់នៅក្នុងការបោះឆ្នោតបានកម្ទេចផ្នែកមួយនៃសមិទ្ធិផលនេះ។ សង្ឃឹមថា លោក ដូណាល់ ត្រាំ នឹងគ្រាន់តែជាលេខយោង [ឧទាហរណ៍] ក្នុងប្រវត្តិសាស្រ្ត ប៉ុន្តែការខូចខាតកេរ្តិ៍ឈ្មោះយីហោប្រជាធិបតេយ្យអាមេរិកនេះនឹងនៅបន្តរយៈពេលជាច្រើនឆ្នាំ យ៉ាងតិច ប្រសិនបើមិនច្រើនទសវត្សរ៍ទេនោះ»។
លោកបានបន្ថែមថា វោហាស័ព្ទប្រើក្នុងយុទ្ធនាការបោះឆ្នោតអាចជាទឡ្ហីករណ៍សមគួរមួយក្នុងការបញ្ជាក់ហេតុផលផ្នែកក្រមសីលធម៌សម្រាប់របបឃោរឃៅ និងអំពើពុករលួយនៃរបបមួយដែលអាចបង្កើតឃ្លាមួយថា៖
«អ្នកគ្រប់គ្នាធ្វើរឿងនេះ ដូច្នេះវាគ្មានអ្វីដែលត្រឹមត្រូវ ឬខុសនោះទេ»។
ទោះជាយ៉ាងណា លោក David Josar អ្នកនាំពាក្យរបស់ស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញបានឱ្យដឹងថា ដំណើរការបោះឆ្នោតរបស់ប្រទេសអាមេរិកមានដំណើរការ «សេរីនិងមានការជជែកដេញដោលធំទូលាយ»។
លោកបានសរសេរនៅក្នុងសារអេឡិចត្រូនិកថា៖
«ទោះជានរណាក្លាយជាប្រធានាធិបតីក៏ដោយ ក៏សហរដ្ឋអាមេរិក និងប្រទេសកម្ពុជាមានទំនាក់ទំនងខ្លាំងដោយផ្អែកលើអត្ថប្រយោជន៍ទៅវិញទៅមកការសហការលើការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការ សន្តិសុខ និងការផ្លាស់ប្តូរប្រជាជន»៕