អ្នក​ជំនាញ​ទាមទារ​ឲ្យរួម​បញ្ចូល​សំឡេង​​សហគមន៍​បន្ថែម​ក្នុង​គោល​នយោបាយ​ទន្លេមេគង្គ​ដែល​ប្រឈម​នឹង​ផលវិបាក

រូបឯកសារ៖ បុរសនេសាទម្នាក់កំពុងអុំទូក នៅលើដងទន្លេមេគង្ក ក្នុងជាយខេត្តហ្លួងព្រះបាង ប្រទេសឡាវ កាលពីថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២០។

ការ​រួម​បញ្ចូល​សំឡេង​ពី​សហគមន៍​ដែល​ត្រូវបាន​ប៉ះពាល់​ដោយផ្ទាល់​ពី​ទន្លេមេគង្គ​ជា​ប្រធានបទ​មួយ​ដែល​ត្រូវបាន​ពិភាក្សា​ជាច្រើន​ដង​នៅ​ក្នុង​កិច្ច​សន្ទនា​មួយ​ ដែល​រៀប​ចំឡើង​ដោយ​មជ្ឈមណ្ឌល Stimson ដែលជា​អង្គការ​តាក់តែង​គោល​នយោបាយ​មួយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

អ្នក​ជំនាញ​មក​ពីសហរដ្ឋ​អាមេរិក​និងប្រទេស​ជុំវិញ​ទន្លេ​មេគង្គ ​ដូចជា​កម្ពុជា​ ថៃ ឡាវ វៀតណាម និង​ភូមា​ បាន​យល់ព្រម​ផ្តល់​ជាការ​ណែនាំ​ថា​ អ្នកសិក្សា ​និងអ្នក​បង្កើត​គោលនយោបាយ​គួរតែ​បង្កើន​ការចូល​រួម​ពី​សហគមន៍​នៅ​ក្នុង​ការ​ស្រាវជ្រាវ​ឬ​ផែនការ​នានា​ ហើយ​ធានា​ថា​សំឡេង​ពួកគេ​ត្រូវបាន​យក​ចិត្ត​ទុក​ដាក់​ស្តាប់​និង​អនុម័ត។

អ្នកស្រី កែវ កណិកា ប្រធាន​គម្រោង​អាង​ទឹក​ទន្លេមេគង្គ ​នៃ​អង្គការ Oxfarm បានលើកឡើង​ថា កិច្ច​ពិភាក្សា​ដើម្បី​បង្កើតគោល​នយោបាយ​នានា​ទាក់ទិន​នឹង​ទន្លេ​មេគង្គឲ្យ​កាន់តែ​ប្រសើរ​ ការ​សិក្សា​ឬស្រាវជ្រាវ​នានាគួ​រតែ​បើក​ឲ្យ​មាន​ការចូលរួម​ពី​សហគមន៍​ដែល​ត្រូវបាន​ប៉ះពាល់​ដោយផ្ទាល់​ដោយ​សារ​ការ​ផ្លាស់ប្តូរ​ទឹក​ទន្លេ​ ឬ​បញ្ហា​ផ្សេង​ៗ​ទៀត​ទាក់ទង​នឹង​ទន្លេ​មេគង្គ។

អ្នកស្រី​និយាយ​ថា៖ «យើង​កំពុង​និយាយ​ពី​គោល​នយោបាយ​ដែល​ត្រូវបាន​បង្កើត​ឡើង​ដោយសារ​បញ្ហា​នៅទន្លេមេគង្គ។ តើ​យើង​មាន​សហគមន៍​នៅ​ជួរ​មុខ​គ្រប់គ្រាន់​ឬទេ? សហគមន៍​ដែល​ត្រូវបាន​ប៉ះពាល់​ដោយសារ​ការ​ផ្លាស់​ប្តូរ​កម្រិត​ទឹក​ទន្លេ​នៅក្នុង​បន្ទប់​នេះ​ជាមួយ​យើង។ តើ​យើង​បាន​ស្តាប់​គ្រប់គ្រាន់​ទេ ជាពិសេស​សហគមន៍​ជនជាតិ​ភាគតិច​ដែល​បាន​ការពារ​ធនធាន​ធម្មជាតិ​និង​ទន្លេ​នេះយូរ​មក​ហើយ​នោះ?»

អ្នកស្រីបន្តថា៖ «យើងចង់​ឲ្យ​ MRC និង​ភាគី​ពាក់ព័ន្ធ​ដែលដឹកនាំ​ការសិក្សា​និង​ការស្រាវជ្រាវ​ក្នុង​តំបន់​មេគង្គ​ទទួល​ស្គាល់​សហគមន៍​ ដែល​នៅតាម​ភូមិ​នេសាទ ​ដែល​មាន​បទពិសោធន៍ជា​ផ្នែក​មួយ​នៃ​ការ​សិក្សា​របស់​ពួកគេ»។

ដើម្បី​ធ្វើ​ឲ្យ​វាមាន​ប្រសិទ្ធភាព​ អ្នក​ជំនាញ​បន្ត​ថា កិច្ច​ពិភាក្សា​បច្ចេកទេស​នានា​ត្រូវតែបាន​សម្រួល​ឲ្យ​សហគមន៍​ប្រជាពលរដ្ឋ​ងាយស្រួល​យល់​ ដែល​មាន​រួម​ការ​ប្រែសម្រួល​ឬ​បកស្រាយ​ពាក្យ​គន្លឹះ ក្នុង​ការ​សិក្សា​ឬ​ស្រាវជ្រាវ ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ភាពជឿជាក់​និង​សុវត្ថិភាព​ដើម្បី​បញ្ចេញ​មតិ​បន្ថែម​ទៀត​ក្នុង​ការ​ចូល​រួម​ដោះស្រាយ​បញ្ហា​ប្រឈម​នៅទន្លេ​មេគង្គ​ ដែល​មានពលរដ្ឋ​រាប់​សិបលាន​នាក់​រស់នៅ​ពឹងផ្អែក​លើ​ទន្លេ​មេគង្គ​ជាប្រចាំ​តាំង​ពីបុរាណ​មកនេះ។

រូបឯកសារ៖ អ្នកនេសាទម្នាក់បង្ហាញកូនត្រីដែលនេសាទបានពីទន្លេមេគង្គ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០១១។

អ្នកស្រី Margaret Owensby វិស្វករ​ស្រាវជ្រាវ​ធារាសាស្ត្រ​ជាមួយ​កង​វិស្វករ​របស់​កងទ័ព​សហរដ្ឋ​អាមេរិក (Research Hydraulic Engineer with the U.S. Army Corps of Engineers)​ បាន​និយាយ​ថា៖ «បើសិន​ជាអ្នក​និយាយ​ជាមួយ​សហគមន៍ ខ្ញុំ​គិត​ថា​ វាជា​ការ​សន្ទនា​មួយ។ អ្នក​ត្រូវ​តែ​ធានា​ថា ​អ្នក​យល់​ពីការ​បារម្ភ​របស់​ពួកគេ​ហើ​យ​ដោះ​ស្រាយ​និង​ទំនាក់ទំនង​ជាមួយ​ពួកគេ ថា​តើ​វា​នឹង​ប៉ះពាល់​ជីវភាព ​គ្រួសារ ​ផ្ទះនិង​លុយ​ពួកគេ​បែបណា»។

ការ​ស្រាវជ្រាវ​មួយ​របស់​ទស្សនាវដ្ដី ​ScieneDirect បាន​រកឃើញ​ថា​ ចំនួន​ត្រី​បាន​ធ្លាក់ចុះ ៨៧,៧% ពីឆ្នាំ​ ២០០៣​ ដល់ឆ្នាំ​ ២០១៩ ​ដោយសារ​ការ​ប្រមូល​ផល​ហួស​កម្រិត ​ការ​បំបែក​ទី​ជម្រក និង​ការប្រែល​នៃ​ជលសាស្ត្រ ​ជាពិសេស​ការផ្លាស់​ប្តូរ​ទាក់ទង​នឹង​ចរន្ត​ទឹក​ជំនន់​តាមរដូវ​នៃ​ទន្លេ​មេគង្គ ដែល​វា​ទាមទារ​ឲ្យ​មាន​ការ​គ្រប់គ្រង​ប្រព័ន្ធ​ទឹក​ប្រសើរ​ជាង​មុន​ពី​ភាគី​ពាក់ព័ន្ធ។

មជ្ឈមណ្ឌល​ Stimson ​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​សហរដ្ឋ​អាមេរិក​បាន​រៀបចំ​កិច្ច​សន្ទនា​ដើម្បីពិភាក្សា​ស្វែង​រក​ដំណោះ​ស្រាយ​កិច្ច​ប្រឈម​ និង​គោល​នយោបាយ​នានាដើម្បី​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​នៅ​ជុំ​វិញទន្លេ​មេគង្គ សុខមាលភាព​របស់​ទន្លេ​មួយ​នេះ​ និងជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ជុំវិញ​តំបន់​នេះ​ប្រសើរឡើង​វិញ​។

នៅ​ក្នុង​កិច្ច​សន្ទនា​ទាំងនោះ​ត្រូវបាន​ធ្វើ​ឡើង​ក្រោមកិច្ច​សន្ទនា​ភាពជា​ដៃ​គូ​រវាងប្រទេស​នៅជាប់​ទន្លេ​មេគង្គ​និង​មន្ត្រី​សហរដ្ឋ​អាមេរិក​ទាក់ទង​នឹង​គោល​នយោបាយ​មេគង្គ ​ហៅថា​ Mekong-U.S. Partnership Track 1.5 Policy Dialogue ដែល​មាន​ទាំង​អស់​ ៨ កិច្ច​សន្ទនា​ត្រូវបាន​ធ្វើ​ឡើង​តាំង​ពីឆ្នាំ​ ២០២១​ ដល់​ឆ្នាំ​ ២០២៣។ ហើយ​មាន​កិច្ច​សន្ទនា​តែ​មួយ​ប៉ុណ្ណោះ​ដែល​ត្រូវបាន​ធ្វើ​ឡើងដោយ​មានកិច្ច​ពិភាក្សា​ទល់​មុខ​គ្នា​នៅ​ខេត្ត​ឈៀងរ៉ៃ​ ប្រទេស​ថៃ​កាលពី​ខែកក្កដា ​ឆ្នាំ​ ២០២៣ ​កន្លង​ទៅ។ ដោយ​ឡែក​កិច្ច​សន្ទនា​ចុង​ក្រោយត្រូវបាន​បញ្ចប់​កាលពី​ថ្ងៃទី​ ២៨ កញ្ញា ឆ្នាំ ២០២៣​ តាម​ប្រព័ន្ធ​ Zoom។

កិច្ច​ពិភាក្សា​ដែល​ចង់​ឃើញ​ការ​ធ្វើការ​រួមគ្នា​រវាង​រដ្ឋាភិបាល​ក្នុង​តំបន់​ទន្លេ​មេគង្គ​និង​ដៃគូ​នានា​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​មេគង្គ​រួមគ្នា​ឲ្យ​បាន​ទាន់​ពេល​វេលា​នោះ​ មាន​ការ​ចូល​រួម​ពី​ប្រទេស​ដែល​ស្ថិត​នៅ​ជុំវិញ​ទន្លេ​មេគង្គ​ដូចជា​ភូមា​ ថៃ កម្ពុជា​ វៀត​ណាម​និង​ឡាវ ​ដែល​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​បាន​មក​ពិភាក្សា​លើ​ប្រធាន​បទ​ ដូចជា​តម្រូវការ​ និង​ឱកាស​ទាក់ទង​នឹង​បទប្បញ្ញត្តិ និង​ការអភិរក្ស​ធនធាន​ធម្មជាតិ ​ការ​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​ទំនប់​ គោល​នយោបាយ ការ​គ្រប់គ្រង​ទឹក​ ការ​ប៉ះ​ពាល់​ដល់​កសិឧស្សហកម្ម​ ការ​ជីក​ខ្សាច់​អនាធិបតេយ្យ​ដែល​ជា​ការ​គំរាម​ដល់​ការ​បាក់​ដី​នៅ​ក្នុង​តំបន់​មេគង្គនិង​ដំណោះ​ស្រាយ​ផ្អែក​លើ​ធម្មជាតិ​សម្រាប់​អភិបាល​កិច្ច​ទឹក​ជាដើម។

រូបឯកសារ៖ ស្ត្រីម្នាក់ទិញត្រីពីអាជីវករ នៅជ្រាំងទន្លេមេគង្គ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៣។

យោង​តាម​របាយ​ការណ៍​របស់​អង្គការ Stimson គណៈកម្មការ​ទន្លេ​មេគង្គ (MRC) ​គួរតែ​បង្កើត​គណៈកម្មការ​អន្តរសហគមន៍​ទន្លេ​មេគង្គ​ (MRICC) ដែល​មាន​អ្នក​តំណាង​ពី​សហគមន៍​ទន្លេ​មេគង្គ​និង​អង្គការ​សង្គម​ស៊ីវិល​ទូទាំង​ប្រទេស​អនុតំបន់​មេគង្គ​ ដើម្បី​ដោះស្រាយ​បញ្ហា​មច្ឆជាតិ​និង​បញ្ហា​ទាក់ទង​ផ្សេង​ៗទៀត។ ដោយ​ហេតុផល​ថា​ សំឡេងពី​សហគមន៍​មិនត្រូវបាន​ដោះស្រាយ​ពី​ស្ថាប័ន​រដ្ឋាភិបាល ហើយ​វាបណ្តាល​ឲ្យ​មាន​ការ​ផ្តាច់​ទំនាក់​ទំនង និង​កង្វះ​កិច្ច​សហប្រតិបត្តិ​ការរវាង​សហគមន៍​មូលដ្ឋាន​ និង​អាជ្ញាធរ។​

​លោក យុក សេងឡុង នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​ភាព​ដើម្បី​អភិរក្ស​សកម្មភាព​ជលផល (FACT) ក៏បាន​លើកឡើង​ពី​សារៈសំខាន់​នៃ​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​តាំង​ពី​រដ្ឋាភិបាល ប្រជាពលរដ្ឋ​និង​អ្នក​ជំនាញ​ផ្សេងៗ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា ​វាសំខាន់​ណាស់​សម្រាប់​ភាគី​ពាន់ព័ន្ធ​ទាំង​អស់ នៅ​តំបន់​មេគង្គ​ក្រោម​ជាពិសេស​ MRC ឃើញ​ពីសារ:សំខាន់​របស់​ត្រី​សម្រាប់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ»។​

ខណៈ​ដែល​ទន្លេ​មេគង្គ​ជា​ប្រភព​អាហារ​ដ៏សំខាន់​និង​បាន​ផ្គត់ផ្គង់​មច្ឆជាតិ​ទឹកសាប​ជាង​ ១៥% ​នៃ​ផលិត​ផល​មច្ឆជាតិ​សកល​ដល់​បណ្តាប្រទេស​ជុំ​វិញ​ទន្លេ​មេគង្គ​នេះ ជាង​ ២០ ​ឆ្នាំ​មក​ហើយ ដែល​វារីអគ្គិសនី និង​ប្រព័ន្ធ​ធារាសាស្រ្ត​បាន​គ្រប​ជះឥទ្ធិពល​លើ​ផែនការ ​និង​ការ​វិនិយោគ​ ដែល​ជា​ការ​ដោះដូរ​រវាង​អាហារ ​ទឹក​និង​ថាមពល​ដ៏គួរ​ឲ្យ​បារម្ភ​មួយ។ នេះ​បើយោង​តាម​របាយ​ការណ៍​របស់​អង្គការ Stimson៕