អ្នកជំនាញលើផ្នែកអភិបាលកិច្ចថ្លែងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាត្រូវចាប់ផ្តើមធ្វើការផ្លាស់ប្តូរជាបន្ទាន់នូវក្បាលម៉ាស៊ីនដឹកនាំនៅក្នុងក្រសួងនានា ដែលគ្រប់គ្រងដោយរដ្ឋមន្ត្រីវ័យចំណាស់ សម្រាប់កំណែទម្រង់ដ៏វិជ្ជមាន ដើម្បីពន្លឿនការអភិវឌ្ឍប្រទេសកម្ពុជា។
ពួកគេថា ពេលវេលាផ្តល់ជូនមន្ត្រីរដ្ឋាភិបាលសម្រាប់ការ«ងូតទឹក ឆ្លុះកញ្ចក់ និងដុះក្អែល» គឺល្មមគ្រប់គ្រាន់ហើយ។ ដូច្នេះ ពេលនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ត្រូវហ៊ានអារកាត់ ដោះដូរថ្នាក់ដឹកនាំ និងមន្ត្រី ដែលអសកម្មក្នុងការចូលរួមចំណែកដល់កំណែទម្រង់ស្ថាប័នដែលខ្លួនគ្រប់គ្រង។
ការថ្លែងរបស់ពួកគេធ្វើឡើង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលស្ថិតក្នុងអំណាចជាង៣០ឆ្នាំ បានឲ្យដឹងពីចេតនារបស់លោក ក្នុងការរុះរើគណៈរដ្ឋមន្ត្រី នៅពេលលោកធ្វើជាអធិបតីភាពនៃសន្និបាតបូកសរុបការងាររបស់ក្រសួងមហាផ្ទៃ ដែលបានធ្វើឡើងកាលពីរសៀលថ្ងៃព្រហស្បតិ៍។
លោក ព្រាប កុល នាយកប្រតិបតិ្តនៃអង្គការតម្លាភាពកម្ពុជា បានមានប្រសាសន៍ប្រាប់ VOA ថា រដ្ឋាភិបាលកម្ពុជា កំពុងស្ថិតក្នុងដំណាក់កាល ដែលត្រូវធ្វើការស្តាររចនាសម្ព័ន្ធរបស់ក្រសួង ដែលនៅមានភាពយឺតយ៉ាវក្នុងកិច្ចការកំណែទម្រង់សកម្មភាពការងាររបស់ខ្លួន។ លោកថា ដំណាក់កាលនេះជាដំណាក់កាលវះកាត់ព្យាបាល ព្រោះពេលវេលាសម្រាប់ការមុជទឹក ឆ្លុះកញ្ចក់ ដុះក្អែលរបស់ថ្នាក់ដឹកនាំ ឬមន្ត្រីនៃក្រសួងនីមួយៗ គឺផុតកំណត់បាត់ទៅហើយ។
«ខ្ញុំថា ពេលវេលាដែលត្រូវវះកាត់ ហ្នឹងគឺគួរតែមកដល់ហើយ តាមពិតគួរតែមកដល់យូរហើយ។ ហើយស្ថាប័នមួយចំនួនដែលយើងឃើញមិនទៅមុខហ្នឹងគឺមាន គួរតែមានការត្រួតពិនិត្យមើល ហើយធ្វើការវាយតម្លៃពី គេហៅថា performance ការអនុវត្តរបស់គាត់មើលថា មូលហេតុអ្វីបានជាមិនទៅមុខ ដោយសារសមត្ថភាព ដោយសារបញ្ហាអ្វី ដែលនាំឲ្យមិនដំណើរការទៅមុខបាន»។
នៅក្នុងការថ្លែងរបស់លោក ដែលធ្វើឡើងនៅសាលប្រជុំមួយរបស់ក្រសួងមហាផ្ទៃ លោក ហ៊ុន សែន បានឲ្យដឹងថា លោកមើលឃើញនូវភាពយ៉ាប់យ៉ឺនរបស់ក្រសួងមួយចំនួន ដោយក្នុងនោះ លោកបានសំដៅចំៗ ទៅលើក្រសួងសាធារណការ និងដឹកជញ្ជូន។ លោកបានមានប្រសាសន៍ផ្តល់កម្រិតរបស់ក្រសួងនេះថា កំពុងឈរនៅកម្រិត F ជាចំណាត់ថ្នាក់អន់បំផុត។
«ថ្ងៃមិញ អង្គុយស៊ីបាយ ខ្ញុំរាប់ចំណាត់ថ្នាក់។ ក្រសួងណាស្ថិតនៅក្នុង គេហៅថា អាដែងនែ៎ចំណាត់ថា្នក់ A អាណា Bអាណា C មានអាក្រសួងដល់ F នោះ។ អា F នោះគឺ ថាក្រសួងសាធារណការតែម្តង»។
ភ្លាមៗបន្ទាប់ពីការដាក់ចំណាត់ថ្នាក់នេះ លោកនាយករដ្ឋមន្ត្រី ថ្លែងថា ការស៊ុំគ្រលុំ លាក់លៀម កិច្ចការនៅក្នុងក្រសួងមួយចំនួន ដែលធ្វើឲ្យខូចការងារប្រចាំថ្ងៃ បានបង្ខំឲ្យលោក ត្រូវធ្វើការសម្រេចចិត្តរុះរើគណៈរដ្ឋមន្ត្រីរបស់លោក។
«វាដល់ពេលហើយណ៎ា ព្រោះទុកពេលឲ្យវាប៉ុន្មានឆ្នាំហើយ។ មុជទឹក នែ៎ ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល។ ឥឡូវដល់ដំណាក់កាលព្យាបាលជំងឺហើយ។ ខ្ញុំកំពុងតែគិត ថាតើខ្ញុំនឹងដោះដូរគណៈរដ្ឋមន្ត្រីនៅក្នុងឆ្នាំនេះ ឬទេ។ ខ្ញុំកំពុងតែគិត ព្រោះបើទុកម្លឹងៗ គឺមិនកើតទេ។ វាងាប់ខ្ញុំ។ អាពាក្យគ្នាឯង គ្នាឯងៗ អាហ្នឹង គ្រោះថ្នាក់ដល់ខ្លួនឯងទៀតហើយ។ ចេះតែយោគយល់ទៅ ចេះតែយោគយល់ទៅ សណ្តោងទៅអីផង អីផងទៅ។ ខ្ញុំកំពុងតែគិតម៉ោងនេះ តើខ្ញុំនឹងផ្លាស់ប្តូរ នៅក្នុងឆ្នាំនេះ ឬអត់ ព្រោះវាលំបាកខ្ញុំដែរ»។
ប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រីចំពោះក្រសួងសាធារណការ និងដឹកជញ្ជូននេះ កើតមានបន្ទាប់ពីមានសេចក្តីរាយការណ៍ថា រថយន្តធុនធ្ងន់មួយគ្រឿងដឹកអង្ករទម្ងន់ជាង ៧០តោន បានធ្វើឲ្យខូចស្ពានអ្នកលឿង ដែលជាជំនួយពីប្រទេសជប៉ុន និងបានដាក់ឲ្យប្រើប្រាស់កាលពីខែមេសា ឆ្នាំ២០១៥។ មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ពុំបានរួសរាន់ដោះស្រាយបញ្ហានេះទេ តែបែរជាលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចេញបទបញ្ជាតាមចាប់ម្ចាស់រថយន្តនោះទៅវិញ។
លោក សន ជ័យ តំណាងសម្ព័ន្ធគណនេយ្យភាពសង្គមអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ប្រចាំនៅកម្ពុជា យល់ស្របថា ការដោះដូរមួយ គឺត្រូវតែធ្វើឡើងសម្រាប់ពង្រឹងគុណភាពសេវាសាធារណៈ។ តែលោកថា បើប្តូរមនុស្ស គឺត្រូវប្តូរប្រព័ន្ធនៃការអនុវត្តការងារផងដែរ ហើយគ្រប់ស្ថាប័នរដ្ឋទាំងអស់ត្រូវបើកទូលាយឲ្យមានការចូលរួមពីអង្គការសង្គមស៊ីវិល និងសាធារណៈក្នុងការបញ្ចេញមតិ និងរិៈគន់ដើម្បីស្ថាបនាចំណុចខ្វះខាត ដែលបានកើតឡើង និងកំពុងកើតនៅក្នុងកិច្ចការគ្រប់គ្រង និងប្រតិបតិ្តការងាររបស់ស្ថាប័ន ឬក្រសួងរដ្ឋនីមួយៗ។
«ខ្ញុំនៅតែមើលឃើញថា ការបើកចំហរព័ត៌មាន ការបើកទូលាយឲ្យមានការចូលរួមតាមដានវាយតម្លៃ ឥរិយាបថ និងការចំណាយសាធារណៈរបស់ស្ថាប័នរដ្ឋនីមួយៗ ពីថ្នាក់ជាតិដល់ថា្នក់ក្រោមហ្នឹងគឺជាអ្វីដែលចាំបាច់ទើបអាចស្រោចស្រង់នូវភាពអសកម្មទាំងឡាយហ្នឹងបាន»។
លោក សន ជ័យ ក៏បានបញ្ជាក់ផងដែរថា ក្រសួងសាធារណការ និងដឹកជញ្ជូន គឺស្ថិតនៅក្នុងក្រសួងដែលត្រូវការសើរើរបៀបរបបគ្រប់គ្រង និងពិនិត្យឡើងវិញ លើការអនុវត្តការងារប្រចាំថ្ងៃ ពីព្រោះថា តាមការសង្កេតលើការកសាង និងការថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នានា ក្រសួងនេះ នៅពុំទាន់អាចបំពេញកិច្ចការឲ្យបានប្រសើរនៅឡើយទេ ដោយហេតុថា ផ្លូវដែលធ្វើហើយមួយចំនួនគ្មានគុណភាព និងឆាប់ខូចទៅវិញ។ លើសពីនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ខកខានមិនបានផ្តល់សេវាសាធារណៈឲ្យបានត្រឹមត្រូវផងដែរ ដូចជាការបង់ពន្ធផ្ទេរកម្មសិទ្ធិយានយន្តជាដើម។
លោក វ៉ា ស៊ីមសូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានសុំមិនធ្វើការអធិប្បាយចំពោះប្រតិកម្មរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកថ្លែងថា មន្ត្រីរបស់ក្រសួងបានខិតខំបំពេញការងាររបស់ខ្លួនច្រើនរួចទៅហើយ ក្នុងការកសាង និងថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។
អ្នកជំនាញនៃអង្គការតម្លាភាពកម្ពុជាធ្លាប់ឲ្យដឹងថា ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដែលនៅមិនទាន់មានប្រសិទ្ធភាព និងគ្រប់គ្រាន់នៅឡើយនោះ បានធ្វើឲ្យប្រទេសកម្ពុជានៅស្ថិតជាប្រទេសពុករលួយបំផុតមួយនៅក្នុងពិភពលោក។
យោងទៅតាមសន្ទស្សន៍នៃការយល់ឃើញអំពីអំពើពុករលួយ ដែលបានចេញផ្សាយជាសាធារណៈដោយអង្គការតម្លាភាពអន្តរជាតិ កាលពីចុងខែមករាកន្លងទៅនេះ បង្ហាញថា ប្រទេសកម្ពុជាទទួលបានពិន្ទុ២១ និងមានចំណាត់ថ្នាក់១៥០ ក្នុងចំណោមប្រទេសចំនួន១៦៨។ នៅឆ្នាំ២០១៤កន្លងទៅ ប្រទេសកម្ពុជាក៏ទទួលបានពិន្ទុ២១ដែរ និងមានចំណាត់ថ្នាក់១៥៦ ក្នុងចំណោមប្រទេសចំនួន១៧៥។ពិន្ទុ២១នេះជាការកំណត់ថា ប្រទេសកម្ពុជានៅតែជាប្រទេសមួយ ដែលមានកម្រិតអំពើពុករលួយខ្ពស់បំផុត។
លោក កែម ឡី អ្នកវិភាគសង្គមឯករាជ្យថ្លែងថា ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជា ចង់បាននូវកិច្ចការអភិបាលកិច្ចល្អសម្រាប់ជាប្រយោជន៍សាធារណជនទូទៅ និងរួមចំណែកដល់ការបន្ថយចំណុចអវិជ្ជមានផ្សេងៗ ដូចជាអំពើពុករលួយនោះ រដ្ឋាភិបាលគួរបង្រួមឲ្យតូចនៃចំនួនក្រសួងរបស់រដ្ឋាភិបាល ហើយជ្រើសរើសមនុស្សដែលមានសមត្ថភាពពិតប្រាកដឲ្យដឹកនាំក្រសួងទាំងនោះ។
«ទីមួយគាត់បង្រួមក្រសួងឲ្យនៅត្រឹមតិច១០អីទៅ។ ទីពីរបង្រួមគណៈរដ្ឋមន្ត្រីហ្នឹងឲ្យនៅតិច អាចថា ត្រឹម២២អីទៅ ក្រសួងរដ្ឋមន្ត្រីមួយ អនុរដ្ឋមន្ត្រីមួយ ឬក៏រដ្ឋលេខាធិការម្នាក់ហ្នឹងបានហើយ។ ទីបី គាត់ត្រូវចែកតួនាទី និងភារកិច្ចក្រសួងនីមួយៗឲ្យច្បាស់ ហើយទីបួនគឺគាត់ត្រូវដាក់កីឡាករវ័យក្មេងៗ ដែលមានសមត្ថភាព មានសក្តានុពល ហើយចាស់ៗ ដែលជារដ្ឋមន្ត្រីហ្នឹងក្លាយទៅជាទីប្រឹក្សា ក្លាយទៅជាសាស្ត្រាចារ្យ បង្រៀននៅសាកលវិទ្យាល័យ ក្លាយទៅជាផ្តល់ជាគំនិត សរសេរឯកសារ សរសេរសៀវភៅពីបទពិសោធន៍ដើម្បីចែកក្មេងជំនាន់ក្រោយអី អាហ្នឹងខ្ញុំគិតថា ប្រសើរជាង»។
របាយការណ៍និយាយពីការឃ្លាំមើលសកម្មភាពការងាររបស់រាជរដ្ឋាភិបាលអណត្តិទី៥ ឆ្នាំទី២ ដែលចេញផ្សាយជាសាធារណៈ ដោយគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា Comfrel នៅក្នុងខែកុម្ភៈនេះ បានបង្ហាញថា មានប្រជាពលរដ្ឋភាគច្រើនជាងគេប្រមាណ៣១% ពេញចិត្តខ្លះ ចំពោះការបំពេញ និងអនុវត្តន៍ការពង្រឹងរដ្ឋបាលសាធារណៈ វិមជ្ឈការ និងវិសហមជ្ឈការ ការពង្រឹងផ្នែកច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងការប្រឆាំងអំពើពុករលួយ។ ខណៈដែលភាគរយនៃការពេញចិត្តមធ្យម ឬពាក់កណ្តាលមានចំនួនច្រើនបន្ទាប់ គឺប្រមាណ២៩%៕