ក្រុមខ្មែរក្រហមបានអស់ឱកាសកាប់សម្លាប់ពលរដ្ឋកម្ពុជា នៅពេលដែលរបបនេះត្រូវបានផ្តួលរំលំនៅខែមករាឆ្នាំ ១៩៧៩ ប៉ុន្តែការងារសម្រាប់ក្រុមអ្នកស្រាវនិងចងក្រងពីរបបដ៏ប្រល័យនេះនៅតែបន្តមិនទាន់ចប់នៅឡើយទេ។
កិច្ចខិតខំប្រឹងប្រែងរបស់អ្នកស្រាវជ្រាវដែលមានដូចជាអ្នកសារព័ត៌មាន សង្គមស៊ីវិល និងអ្នកជំនាញច្បាប់ព្រហទណ្ឌជាតិនិងអន្តរជាតិ បង្ហាញពីការប្រឈមដែលកើតមានឡើង ក្នុងការសម្រេចបានយុត្តិធម៌និងការដាក់ឱ្យមានការទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដ៏ធំនេះ។
ទន្ទឹមនឹងនេះ វាក៏បង្ហាញពីសារៈសំខាន់នៃការចងក្រងឯកសារ ដើម្បីសម្រួលឲ្យសម្រេចបានដំណើរការនេះនិងការអប់រំសាធារណជនឱ្យយល់ដឹងផងដែរ។ នេះបើតាមការបញ្ជាក់កាលពីដើមខែកក្កដារបស់វិទ្យាស្ថានសហរដ្ឋអាមេរិកដើម្បីសន្តិភាព ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន។
ក្រុមខ្មែរក្រហមទទួលខុសត្រូវចំពោះការស្លាប់បាត់បង់ជីវិតពលរដ្ឋកម្ពុជាយ៉ាងហោចណាស់ចំនួន ១,៧ លាននាក់ដោយសារការកាប់សម្លាប់ ការធ្វើការបាក់កម្លាំង ការបង្អត់អាហារនិងជំងឺដម្កាត់ក្នុងអំឡុងការកាន់អំណាចនៅប្រទេសកម្ពុជាពីខែមេសាឆ្នាំ ១៩៧៥ ដល់ខែមករាឆ្នាំ ១៩៧៩។
ជាផ្នែកមួយនៃកម្មវិធីជាបន្តបន្ទាប់របស់វិទ្យាស្ថានសហរដ្ឋអាមេរិកដើម្បីសន្តិភាព (USIP) សហការជាមួយនឹងមូលនិធិ VII គឺបានពិនិត្យមើលបញ្ហាប្រឈមក្នុងការកសាងសន្តិភាពសម្រាប់ប្រទេសនានា ហើយក៏មានសំណួរដែលអ្នកជំនាញជាច្រើនចោទសួរគឺថា តើហេតុអ្វីបានជាសន្តិភាពពិបាកសម្រេចបាន?
អ្នកស្រី Elizabeth Becker អតីតអ្នកសារព័ត៌មាន The New York Times និងជាអ្នកនិពន្ធសៀវភៅអំពីសង្គ្រាមអាមេរិកនៅវៀតណាមនិងកម្ពុជា បានថ្លែងថា ឧបសគ្គក្នុងការស្វែងរកសន្តិភាពគឺរដ្ឋាភិបាលខ្លួនឯង។
អ្នកស្រី Elizabeth Becker បានថ្លែងនៅក្នុងកម្មវិធីពិភាក្សាដែលរៀបចំនៅវិទ្យាស្ថាន USIP កាលពីថ្ងៃពុធ ទី ៦ ខែកក្កដាថា៖
«ឧបសគ្គចម្បងគឺរដ្ឋាភិបាល។ រដ្ឋាភិបាលដែលបាននិយាយថាពួកគេស្វែងរកសន្តិភាព។ រដ្ឋាភិបាលដែលចង់បានប្រជាធិបតេយ្យ ប៉ុន្តែនៅពេលដែលធ្វើការសម្រេចចិត្ត គឺបែរជាងាកទៅទិសផ្សេង»។
អ្នកស្រី Elizabeth Becker បានផ្តល់ជាឧទាហរណ៍ថា ក្រោយការបោះឆ្នោតជាតិរៀបចំដោយអង្គការសហប្រជាជាតិនៅឆ្នាំ ១៩៩៣ មានការបែងចែកអំណាចគ្នារវាងគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចនិ ងគណបក្សប្រជាជនកម្ពុជា បើទោះបីជាគណបក្សហ៊្វុនស៊ិនប៉ិចឈ្នះឆ្នោតយ៉ាងពិតប្រាកដក៏ដោយ។ បច្ចុប្បន្ននេះលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាតែងតែគំរាមពីការកើតឡើងសង្គ្រាម បើសិនជាមានគណបក្សប្រឆាំងណា ដែលមានសក្តានុពលអាចផ្តួលគណបក្សរបស់លោកក្នុងការបោះឆ្នោតជាដើម។
អ្នកស្រី Becker ផ្តល់ឧទាហរណ៍មួយទៀតគឺ អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក បារាំងនិងអង់គ្លេស ងាកមកគាំទ្រក្រុមខ្មែរក្រហមនៅអង្គការសហប្រជាជាតិ ដើម្បីដាក់ទណ្ឌកម្មវៀតណាមក្រោយពីវៀតណាមបានចូលឈ្លានពានកម្ពុជានៅខែមករាឆ្នាំ ១៩៧៩ និងលើកបន្តុបរដ្ឋាភិបាលមួយ ដែលមានស្វាមីភក្តិនឹងរដ្ឋាភិបាលក្រុងហាណូយ។ ទង្វើនេះខុសពីពេលមុននោះដែលស្ទើរតែគ្មានអ្នកគាំទ្រក្រុមខ្មែរក្រហមទេក្រៅពីចិន។
អ្នកស្រីបានបន្ថែមថា៖ «ទម្លាប់របៀបនេះបន្តបង្កើតឲ្យមានបញ្ហាជាបន្តបន្ទាប់»។
មេដឹកនាំខ្មែរក្រហមជាន់ខ្ពស់មួយចំនួនត្រូវបានចោទប្រកាន់និងកាត់ទោសក្នុងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ក្នុងនោះមាន ខៀវ សំផន អតីតប្រមុខរដ្ឋ និង កាំង ហ្កេចអ៊ាវ ហៅ ឌុច ដែលជាអតីតប្រធានគុកទួលស្លែង។ មេដឹកនាំមួយចំនួនទៀតបានស្លាប់ក្នុងអំឡុងពេលកាត់ទោសក្នុងនោះមាន នួន ជា អតីតមេមនោគមវិជ្ជាខ្មែរក្រហម ឈិត ឈឿន ហៅតាម៉ុក អតីតមេបញ្ជាការកងទ័ពខ្មែរក្រហម និង អៀង សារី អតីតរដ្ឋមន្ត្រីក្រសួងការបរទេស។
មជ្ឈមណ្ឌលឯកសារកម្ពុជាបានដើរតួនាទីដ៏សំខាន់ក្នុងការចងក្រងឯកសារ ដែលផ្តោតលើឧក្រិដ្ឋកម្មក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមពីពេលចូលកាន់អំណាច និងឯកសារពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សនានា។ មានឯកសារចំនួនជាង ២២ ម៉ឺនច្បាប់ ដែលមានជាង ១,៧ លានទំព័រ អំពីប្រវត្តិថ្នាក់ដឹកនាំខ្មែរក្រហម ជនរងគ្រោះ កំណត់ហេតុប្រជុំ និងការសារភាពជាដើមដែលមជ្ឈមណ្ឌលបានចងក្រង។
មជ្ឈមណ្ឌលឯកសារកម្ពុជាក៏បានផ្តល់ឯកសារជាច្រើនម៉ឺនទំព័រដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលជាតុលាការកូនកាត់កម្ពុជានិងអន្តរជាតិ សម្រាប់ប្រើប្រាស់ក្នុងការកាត់ទោសមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម។ នេះបើតាមការបញ្ជាក់របស់មន្ត្រីនៃមជ្ឈមណ្ឌលឯកសារកម្ពុជា។
លោក លី សុខឃាង នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងបានថ្លែងតាមប្រព័ន្ធអនឡាញ ប្រាប់កិច្ចពិភាក្សាពីប្រទេសកម្ពុជាមកថា៖ «ដូច្នេះ ឯកសារដែលយើងមានត្រូវបានប្រើការជាឯកសារដ៏សំខាន់សម្រាប់ការិយាល័យនានា[នៃសាលាក្តី]សម្រាប់បន្តការស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់របបខ្មែរក្រហម»។
ក្រោយពីដំណើរការអស់រយៈពេលជិត ២០ ឆ្នាំ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាកំពុងតែឈានមកដល់ដំណាក់កាលចុងក្រោយនិងការបិទបញ្ចប់។
អ្នកស្រី Susana SáCouto នាយិកាការិយាល័យស្រាវជ្រាវឧក្រិដ្ឋកម្មសង្គ្រាមនៃមហាវិទ្យាល័យច្បាប់វ៉ាស៊ីនតោននៃសាកលវិទ្យាល័យអាមេរិកាំងបានថ្លែងថា ក្នុងដំណាក់កាលចុងក្រោយនេះគឺតុលាការត្រូវផ្តោតលើបញ្ហាមួយចំនួនដែលក្នុងនោះមានដូចជាការបន្តការអប់រំផ្សព្វផ្សាយពីការងាររបស់សាលាក្តីនេះដល់មហាជននិងការផ្តល់សំណងដល់ជនរងគ្រោះ។
អ្នកស្រី Susana បានបន្ថែមទៀតថា៖ «ការធ្វើបែបនេះបានគឺមានសារៈសំខាន់ណាស់។ យុវជនជាច្រើនដែលយើងដឹងតាមរយៈការស្ទង់មតិជាច្រើននៅតែមិនជឿអ្វីដែលបានកើតមានឡើងក្នុងអំឡុងពេលកាន់អំណាចនៃរបបខ្មែរក្រហមទោះបីជាមានកម្មវិធីអប់រំអំពីរបបនោះក៏ដោយ។ ការបន្តទទួលស្គាល់ជាសាធារណៈដោយតុលាការនោះអំពីសាលក្រមដាក់ទោស ការសារភាពកំហុសដោយជនល្មើស និងការខូចខាតដែលបានបង្កឡើងអាចជួយជម្រះចោលការមិនជឿនេះ»។
នៅលើផ្នែកនៃក្រុមអ្នកស្រាវជ្រាវវិញ លោកលី សុខឃាងថ្លែងថានៅក្នុងពេលបច្ចុប្បន្ននេះ មជ្ឈមណ្ឌលឯកសារកម្ពុជាបើកឲ្យសាធារណជននៅទូទាំងប្រទេសកម្ពុជាអាចមើលឯកសារដែលមជ្ឈមណ្ឌលបានស្រាវជ្រាវទាំងអស់នេះបាន ដោយបង្កើតមជ្ឈមណ្ឌលថ្នាក់តំបន់ចំនួន៥ ក្នុងនោះមាននៅស្រុកអន្លង់វែងខេត្តឧត្តរមានជ័យដែលលោកកំពុងគ្រប់គ្រង។ តំបន់ អន្លង់វែងត្រូវបានគេស្គាល់ថា ជាអតីតមូលដ្ឋានដ៏រឹងមាំចុងក្រោយរបស់ក្រុមតស៊ូខ្មែរក្រហម។
លោកលី សុខឃាងបានបន្ថែមថា៖ «ដូច្នេះគ្រប់ឯកសារដែលយើងមាននៅភ្នំពេញត្រូវបានបញ្ជូនទៅខេត្តទាំងនោះហើយគ្រូបង្រៀន សិស្សនិងសាធារណជនអាចចូលមើលបាន»។
អ្នកស្រី Elizabeth Becker យល់ថា សាលាក្តីខ្មែរក្រហមបានផ្តល់ប្រវត្តិសាស្ត្រដល់ជនរងគ្រោះឡើងវិញព្រោះវាជាប្រវត្តិនៃការឈឺចាប់ដែលមិនអាចបំភ្លេចបានឡើយ។
អ្នកស្រីបន្ថែមថាតួអង្គអន្តរជាតិនានាដែលមានដូចជាចិន សហរដ្ឋអាមេរិក បារាំងនិងអង្គការសហប្រជាជាតិសុទ្ធតែមានចំណែកក្នុងការសម្រេចជោគវាសនារបស់កម្ពុជាក្នុងអតីតកាល។
អ្នកស្រី Becker បានបន្ថែមថា៖ «ប្រទេសកម្ពុជាត្រូវបានគេទាញឱ្យចូលក្នុងសង្គ្រាមវៀតណាម។ រឿងនេះសំខាន់ណាស់។ ក្រុមខ្មែរក្រហមកើតចេញមកពីសង្គ្រាមវៀតណាមគឺមិនមែនមកពីសង្គ្រាមស៊ីវិលទេ»៕