អ្នក​ជំនាញ​មើល​ឃើញ​ពី​ឱកាស​រីកលូត​លាស់​នៃ​សារព័ត៌មាន​ប្រជា​ពលរដ្ឋ​នៅ​កម្ពុជា

កិច្ចពិភាក្សា​ផ្សាយ​ផ្ទាល់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​រៀបចំ​ដោយ​សា្ថនទូត​សហរដ្ឋ​អាមេរិក​កាលពី​យប់​ថ្ងៃព្រហស្បតិ៍​ទីពីរ ខែឧសភា ឆ្នាំ២០១៣ ​រវាង​​អ្នកស្រី ឡាយឡា ឃីង នាយិកា​និពន្ធ​ផ្នែក​ព័ត៌មាន​សង្គម​របស់​ទូរទស្សន៍​CNN ជាមួយ​នឹង​និស្សិត អ្នកកាសែត​អាជីព និង​តំណាង​សង្គម​ស៊ីវិល​កម្ពុជា។

សារព័ត៌មាន​ប្រជាពលរដ្ឋ​ បាន​ជួយផ្តល់​ព័ត៌មាន​បន្ថែម​ទៀត​ដល់​សាធារ​ណ​ជន​តាម​បណ្តាញ​សង្គម​និង​សារព័ត៌មាន​តាម​អ៊ីនធឺណិត។
ភ្នំពេញ៖ នាយក​និពន្ធ​ព័ត៌មាន​មួយ​រូប​របស់​សហរដ្ឋ​អាមេរិក​បាន​សង្កត់ធ្ងន់​ពី​សារសំខាន់​នៃ​សារព័ត៌មាន​ប្រជាពលរដ្ឋ​ខណៈ​ដែល​ពិភពលោក​កំពុង​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មានពិភពលោក​នៅ​ថ្ងៃ​សុក្រ​នេះ។

អ្នកស្រី ​ឡាយ​ឡា ឃីង ​នាយិកា​និពន្ធ​ផ្នែក​ព័ត៌មាន​សង្គម​របស់​ទូរទស្សន៍​CNN ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​បាន​និយាយ​នៅ​ក្នុង​កិច្ចពិភាក្សា​ផ្សាយ​ផ្ទាល់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិត​ដែល​រៀបចំ​ដោយ​សា្ថ​ន​ទូត​សហរដ្ឋ​អាមេរិក​កាលពី​យប់​ថ្ងៃ​ព្រហ​ស្បតិ៍​ថា​សារព័ត៌មាន​ប្រជាពលរដ្ឋ​ បាន​ជួយផ្តល់​ព័ត៌មាន​បន្ថែម​ទៀត​ដល់​សាធារ​ណ​ជន​តាម​បណ្តាញ​សង្គម​និង​សារព័ត៌មាន​តាម​អ៊ីនធឺណិត។ បណ្តាញ​សង្គម​ដែល​គេ​ស្គាល់​ច្រើន មានដូចជា​ Facebook ​Twitter ​Youtube ​ជាដើម។

អ្នកស្រី​ឃីង ​បញ្ជាក់ថា​ សារព័ត៌មាន​ប្រជាពលរដ្ឋ​ ផ្តល់ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​រាយការណ៍​នូវ​អ្វី​ដែល​ពួកគេ​បានឃើញ​ឬ​រៀបរាប់​ពី​អារម្មណ៍​របស់​ពួកគេ។

នាយិកា​និពន្ធ​ផ្នែក​ព័ត៌មាន​សង្គម​របស់​ទូរទស្សន៍​CNN ពិភាក្សា​ផ្ទាល់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិត​ដែល​រៀបចំ​ដោយ​សា្ថ​ន​ទូត​សហរដ្ឋ​អាមេរិក​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី​ពីរ ខែឧសភា ឆ្នាំ២០១៣ ជាមួយ​នឹង​និស្សិត អ្នកកាសែត​អាជីព និង​តំណាង​សង្គម​ស៊ីវិល​កម្ពុជា។


«អ្វី​ដែល​សំខាន់​បំផុត​ដែល​វិស័យ​សារព័ត៌មាន​ប្រជាពលរដ្ឋ​អាច​ធ្វើ​នោះ​គឺ​អនុ​ញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​សម្តែង​ចេញ​នូវ​អារម្មណ៍​របស់​ខ្លួន ​ការមិន​សប្បាយ​ចិត្ត​ជាមួយ​នឹង​រដ្ឋាភិបាល​ជាមួយ​មន្ត្រី​រដ្ឋាភិបាល»។

អ្នកស្រី​ឡាយ​ឡា ឃីង ​លើកឡើង​ដូច្នេះ​ដោយ​ឆ្លើយតប​ទៅនឹង​សំណួរ​ដោយផ្ទាល់​ពី​អ្នកចូលរួម​ពិភាក្សា​នៅ​ទីក្រុង​ហុងកុង។

កិច្ចពិភាក្សា​នេះ​បាន​ភ្ជាប់​ទៅកាន់​ទីក្រុង​សំខាន់ៗ​មួយចំនួន​ដូចជា​ក្រុង​ហុងកុង ​ភ្នំពេញ ​ដាកកា ​រីយ៉ាត ​និង​កូឡំ​បូ ​ជាដើម។

នៅ​ប្រទេស​កម្ពុជា​មាន​អ្នកចូលរួម​កិច្ចពិភាក្សា​នេះ​ប្រមាណ​ជា៥០នាក់​ក្នុងនោះ​មាន​និស្សិត​ អ្នកកាសែត​អាជីព​និង​តំណាង​សង្គម​ស៊ីវិល។

ឆ្លើយ​ទៅនឹង​សំណួរ​ពី​ទីក្រុង​ភ្នំពេញ​ទាក់ទង​នឹង​ចំណោទ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ ​អ្នកស្រី​ឃី​ង បញ្ជាក់​ថា​សារព័ត៌មាន​ប្រជាពលរដ្ឋ​បានរួម​ចំណែក​លើកតម្កើង​លទ្ធិ​ប្រជាធិបតេយ្យ​ហើយ​ការដាក់​រូបថត​មួយ​សន្លឹក​ដោយមាន​សរសេរ​ចំណងជើង​រៀបរាប់​ខ្លះ​ក៏​អាច​ចាត់បញ្ចូល​ក្នុង​សារព័ត៌មាន​ប្រជាពលរដ្ឋ​បាន​ដែរ​ដោយ​មិនចាំបាច់​ជា​រូបភាព​វីដេអូ​ដែលមាន​ព័ត៌មាន​ពី​ដើម​ដល់​ចប់​នោះទេ។

លោក​សន ម៉ា​គីន​តូ​ស្ស ​អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​មាន​ប្រសាសន៍​ថា​ស្ថានទូត​រៀបចំ​ឲ្យ​មានការ​ពិភាក្សា​ពី​សារព័ត៌មាន​ប្រជា​ពលរដ្ឋ​បាន​នេះ​ដើម្បី​ឧទ្ទិស​ដល់​ការបូជា​របស់​អ្នកកាសែត​ក្នុង​ទិវា​សេរីភាព​សារព័ត៌មាន​នេះ​និង​ទាញ​ពី​សារៈសំខាន់​នៃ​ព័ត៌មាន​ដែល​ផ្តល់​ដោយ​មហាជន។

«អ្នកកាសែត​បាន​ប្រថុយ​ជីវិត​របស់​ពួកគេ​ក្នុង​ពិភពលោក​ដើម្បី​នាំ​នូវ​ព័ត៌មាន​សំខាន់ៗ​ជូន​សាធារណជន​ទាក់ទង​នឹង​អំពើ​ពុករលួយ ​បញ្ហា​នយោបាយ​យ៉ាង​រសើប​ដូច្នេះ​យើង​ចង់យក​ឱកាស​នេះ​ដើម្បី​ទទួលស្គាល់​ការខិតខំ​ប្រឹងប្រែង​របស់​អ្នកកាសែត។ ប៉ុន្តែ​យើង​ក៏​ចង់​បង្វែ​វា​បន្តិច​គឺ ​ថ្ងៃនេះ​យើង​និយាយ​អំពី​សារព័ត៌មាន​មហាជន​ដែលជា​ផ្នែក​មួយ​យ៉ាងសំខាន់​ដែល​អាច​រួមវិភាគទាន​បន្ថែម​ទៀត​ដល់​វិស័យ​សារព័ត៌មាន​ដែល​ប្រជា​ពលរដ្ឋ​សាមញ្ញ​អាច​រាយការណ៍​ព័ត៌មាន​ដែល​អ្នកកាសែត​មិនអាច​យកការណ៍​ទាន់​ពេលវេលា​នោះ»។

លោក​ម៉ា​គីន​តូ​ស្សបាន​បន្ថែមថា​មានការ​ចាប់ផ្តើម​ប្រើប្រាស់​សារព័ត៌មាន​ប្រជាពលរដ្ឋ​នៅ​ប្រទេស​កម្ពុជា​ហើយ​អ្វីដែល​លោក​ចាប់អារម្មណ៍​នោះ​គឺ​ការផ្សព្វផ្សាយ​ពី​ការបាញ់​សម្លាប់​មនុស្ស​ក្នុង​អំពើ​ប្លន់​មួយ​កាលពី​ឆ្នាំមុន​តាម​បណ្តាញ​សង្គម​ Facebook ​ហើយ​បន្ទាប់​មក​ក្រុម​ឧក្រិដ្ឋជន​ត្រូវបាន​ចាប់​ខ្លួន។

នាង នៅ អាណា ​ជា​អតីត​អ្នកយក​ព័ត៌មាន​នៃ​កាសែត​ប្រចាំថ្ងៃ​ឌឺ​ខេ​ម​បូ​ឌា ​ដេលី ​បាន​ចូលរួម​ក្នុង​កិច្ចពិភាក្សា​ពី​សារព័ត៌មាន​ប្រជាពលរដ្ឋ​នេះ​ដែរ។ នាង​បញ្ជាក់​ថា៖

«សារព័ត៌មាន​រាយការណ៍​ដោយ​ប្រជាពលរដ្ឋ​គឺជា​ការអភិវឌ្ឍ​មួយ​ដ៏​ប្រសើរ ​អភិវឌ្ឍន៍​ឈាន​ទៅ​រក​ពង្រីក​បន្ថែមទៀត​ក្នុង​សេរីភាព​សារព័ត៌មាន ​គឺថា​ប្រជាជន​ទាំងអស់​គាត់​អាច​ថ្លែង​នូវ​ការឈឺចាប់​របស់​គាត់​ផ្ទាល់ ​ថ្លែង​ពី​ការពិត ​ពីព្រោះ​គាត់​នៅ​កន្លែងកើតហេតុ​អញ្ចឹ​ង​គេ​ជឿ​អ្វីដែល​កើតឡើង​គេ​ជឿ»។

លោក សាវុធ សាមុយ​អែល (Savuth Samuel)​ និស្សិត​ឆ្នាំ​ទី២ផ្នែក​គ្រប់គ្រង​ជំនួញ​នៃ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ដ្រ​យល់​ដូចគ្នា​នេះ​ដែរ។

«សារព័ត៌មាន​ប្រជាជន​គឺ​សំខាន់​មែនទែន​ក្នុងការ​ឲ្យ​មហាជន​ដឹង​អំពី​ព័ត៌មាន​កើតឡើង​ជុំវិញ​ពិភពលោក ​បើ​យើង​និយាយ​ចំពោះ​ប្រទេស​យើង​នៅ​ខ្មែរ​យើង​ប្រព័ន្ធ​ផ្សព្វផ្សាយ​គឺ​មិនទាន់មាន​ភាព​ពេញលេញ​ទូទាំងប្រទេស​ទេ»។

ក្នុងខណៈ​ពេលដែល​ប្រជាពលរដ្ឋ​កម្ពុជា​ចាប់ផ្តើម​យល់​ពី​សារៈសំខាន់​នៃ​សារព័ត៌មាន​ប្រជា​ពលរដ្ឋ រដ្ឋាភិបាល​កំពុង​រៀប​ចំ​ច្បាប់​គ្រប់គ្រង​អ៊ី​ន​ធឺ​ណិ​ត​ផង​ដែរ​ដែល​ពេលនេះ​អ៊ី​ន​ធឺ​ណិ​ត​ជា​មធ្យោបាយ​តែ​មួយ​គត់​សម្រាប់​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រជាពលរដ្ឋ៕