អ្នក​វិភាគ៖ កម្ពុជា​កាន់​តែ​ពឹង​ផ្អែក​លើ​ចិន​នៅ​មុន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ខាង​មុខ

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ចាប់ដៃជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wentian នៅក្នុងពិធីសម្ពោធបើកដំណើរការនៃការដ្ឋានសាងសង់ផ្លូវល្បឿនលឿន​ចម្ងាយ ១៣៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ទៅក្រុងបាវិតនៃខេត្តស្វាយរៀង កាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៣។

មាន​ការ​លើក​ឡើង​ចម្រុះ​គ្នា​ចំពោះ​គម្រោង​អភិវឌ្ឍន៍​ដែល​ផ្តល់​មូល​និធិ​ដោយ​ប្រទេស​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ អ្នក​ខ្លះមើល​ឃើញ​ថា​ វាជា​ឱកា​ស​មួយ​ក្នុង​ការ​កែ​លម្អ​ហេដ្ឋា​រចនា​សម្ពន្ធ​របស់​ប្រទេស។ ប៉ុន្តែ​អ្នក​ខ្លះ​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​អំពី​ការ​ពឹង​ផ្អែក​សេដ្ឋកិច្ច​របស់​កម្ពុជា​លើ​ប្រទេស​ចិន។ នេះ​បើតាម​អ្នក​វិភាគ។

មួយ​ខែ​មុន​ការ​បោះ​ឆ្នោត​ជាតិរ​បស់​កម្ពុជា លោក​នាយករ​ដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​អំពី​គម្រោង​ហេដ្ឋារចនា​សម្ពន្ធ​ដ៏​សំខាន់​ចុង​ក្រោយ​បំផុត​ដែល​ផ្តល់​ហិរញ្ញ​ប្បទាន​ដោយ​ទីក្រុង​ប៉េកាំង ដែល​ជា​ផ្លូវ​ល្បឿន​លឿន​តភ្ជាប់​ពី​ភ្នំពេញ​ទៅ​បាវិត​នៅ​ព្រំ​ដែន​ភាគ​ខាង​កើត​របស់​ប្រទេស​កម្ពុជា ​ជា​មួយ​ប្រទេស​វៀត​ណាម។

ផ្លូវ​ប្រវែង​ ១៣៥ ​គីឡូ​ម៉ែត្រ​នេះ នឹង​ចំណាយ​ថវិកា​ប្រមាណ​ ១,៣៧ ពាន់​លាន​ដុល្លារ​អាមេរិក។ គម្រោង​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​បើក​ដំណើរ​ការ​ផ្លូវ​ល្បឿន​លឿន កាល​ពី​ឆ្នាំ​មុន ដែល​ផ្តល់​មូលនិធិ​ដោយ​ប្រទេស​ចិន ចំនួន​ ២​ ពាន់​លាន​ដុល្លារ តភ្ជាប់​ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះ​សីហនុ ដែល​ជា​ទីក្រុង​កំពង់​ផែសមុទ្រ​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា។

លោក ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​បើក​ការ​ដ្ឋាន​សាង​សង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-​បាវិត កាល​ពី​ខែ​មិថុនា​ថា៖ «ហើយ​ផ្លូវល្បឿន​លឿន​នេះ វា​នឹង​កើត​នៅ​មុន​ពេល​ដែល​ខ្ញុំ​ស្លាប់ ព្រោះ​ខ្ញុំ​មិន​ងាយ​ងាប់​ឯណា។ បើ​ទោះ​ខ្ញុំ​មិន​ធ្វើ​នាយក​រដ្ឋមន្ត្រី​បន្ត ក៏​ប៉ុន្តែ​ខ្ញុំ​នឹង​មាន​ឱកាស ដើម្បី​មើល​កូន​ចៅ​របស់​គណបក្ស​ប្រជាជន»។

ពេល​វេលា​នៃ​ប្រកាស​របស់​លោក ហ៊ុន សែន គូ​ស​បញ្ជាក់​ពី​ការ​ពឹង​ផ្អែក​លើទី​ក្រុង​ប៉េកាំង​ក្នុង​ការ​ផ្តល់​នូ​វវឌ្ឍន​ភាព​សេដ្ឋ​កិច្ច នៅ​អំឡុង​ពេល​ដែល​លោក​ស្ថិត​ក្នុង​អំណាច​ជិត​ ៤០ ​ឆ្នាំ​មក​ហើយ។ ទំនាក់​ទំនង​នេះ​ត្រូ​វបាន​អ្នកអ្នកវិភាគ​ព្រមាន​ថា ​នឹង​ធ្វើ​ឱ្យទីក្រុង​ភ្នំ​ពេញ​ធ្លាក់​ទៅ​ក្នុង​ការ​ជំពាក់​គុណ​ទីក្រុង​ប៉េកាំង។

លោក លីម ឆាយ អ្នក​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​សិក្សា​អាស៊ីអា​គ្នេយ៍​នៃ​សាកល​វិទ្យា​ល័យ​ភូមិន្ទភ្នំ​ពេញ ថ្លែង​ថា​ គម្រោង​ហេ​ដ្ឋារ​ចនា​សម្ពន្ធ​ដែល​ផ្តល់មូល​និធិ​ដោយ​ប្រទេស​ចិន «មិន​ត្រឹម​តែ​ផ្តល់​ផល​ចំណេញ​សម្រាប់​សាធារណជន​ទូទៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ដើរ​តួនា​ទី​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រឹង​ភាព​ស្រប​ច្បាប់​របស់​រដ្ឋាភិបាល​គ្រប់​គ្រង​ប្រទេស​ផង​ដែរ»។

លោក​ប្រាប់​វីអូអេ​ថា៖ «ទម្រង់​នៃ​ភាព​ស្រប​ច្បាប់​នេះ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ភាព​ស្រប​ច្បាប់​ផ្អែក​លើ​ការ​អនុវត្ត​សេដ្ឋកិច្ច ដោយ​សង្កត់​ធ្ងន់​លើ​ផល​ប៉ះ​ពាល់​សេដ្ឋកិច្ច​សង្គម​ជា​វិជ្ជមាន​ដែល​បណ្តា​ល​មក​ពី​លំហូរ​នៃ​ការ​វិនិ​យោគ​របស់​ចិន។ នៅ​ពេល​ដែល​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​កាន់​តែ​ខិត​ជិត​មក គម្រោង​ផ្លូវ​ល្បឿន​លឿន​របស់​ចិន​ដែល​បាន​ប្រកាស​ថ្មី​ នឹង​ពង្រឹង​បន្ថែម​ទៀត​នូវ​រូប​ភាព​វិជ្ជមាន​នៃ​រដ្ឋាភិបាល​កម្ពុជា»។

អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា​ជួបជុំ​គ្នា និងធ្វើក្បូនដង្ហែ​យុទ្ធនាការឃោសនាបោះឆ្តោតនៅរាជធានី​ភ្នំពេញ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ឃោសនា។

គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​កំពុង​ប្រឈម​មុខ​នឹង​ការ​បោះ​ឆ្នោត​ម្តង​ទៀត​ ដោយ​គ្មាន​គូ​ប្រ​ជែង​មក​ពី​គណបក្ស​ប្រឆាំង​ដ៏​មាន​សក្តានុពល បន្ទាប់​ពី​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​ ​កាល​ពី​ខែ​ឧសភា​ បាន​សម្រេច​មិន​ចុះ​បញ្ជី​ឱ្យគណបក្ស​ភ្លើង​ទៀន​ចូលរួម​ការ​ប្រកួត​ប្រជែង ក្រោម​ហេ​តុផល​ថា​ «បាត់​បង់​ឯកសារ​ដើម»។

ទោះ​បីជា​យ៉ាង​ណា​ក៏ដោយ ​សូចនាករ​ដូច​ជា​ការ​ចូល​រួម​របស់​អ្នក​បោះ​ឆ្នោត និង​សន្លឹក​ឆ្នោត​ដែល​ខូច​ នឹង​ត្រូវ​បាន​មើល​យ៉ាង​ដិត​ដល់​ថា​ជា​សូចនាករ​នៃ​ភាព​ចលាចល​ទូទៅ។ លោក​ ហ៊ុន សែន បាន​តែង​តាំង​កូន​ប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ឱ្យឡើង​ស្នង​តំណែង​លោក ទោះ​ពេល​វេលា​កំណត់​នៅ​មិន​ច្បាស់​លាស់​ក៏​ដោយ។

លោក ហ៊ុន សែន ជឿ​ថា​ លោក​កំពុង​ធ្វើ​ត្រឹម​ត្រូវ​ចំពោះ​ការ​ស្វាគមន៍​មហាយក្ស​ចិន ដែល​មក​ដោយ​គ្មាន​លក្ខខណ្ឌ​តម្រូវ​ដូច​ប្រទេស​លោកខាង​លិច ទាក់ទង​នឹង​លទ្ធិ​ប្រជាធិប​តេយ្យ និង​សិទ្ធិ​មនុស្ស។ ដោយ​សារ​ការ​ផ្តល់​ហិរញ្ញប្បទាន​របស់​ចិន​បាន​ជំរុញ​ឱ្យ​មានការ​សាង​សង់​នៅ​កម្ពុជា ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លង​ទៅ​នេះ ការ​ភ័យ​ខ្លាច​កំពុង​កើន​ឡើង​ថា​ កម្ពុជា​នឹង​ជំពាក់​បំណុល​ដែល​មិន​អាច​គ្រប់​គ្រង​បាន ដែល​ធ្វើ​ឱ្យកម្ពុជា​ស្ថិត​ក្នុង​ស្ថានភាព​រង​ឥទ្ធិពល​ទាំង​ស្រុង​របស់​ទីក្រុង​ប៉េកាំង។

គម្រោង​ផ្លូវ​ល្បឿន​លឿន​ដែល​កម្ពុជា​កំពុង​រៀបចំ​នេះ មិន​មាន​រចនា​សម្ព័ន្ធ​ជា​កម្ចី​ទេ ប៉ុន្តែ​ជា​គំ​រូ «សាងសង់-ប្រតិបត្តិ​ការ-ផ្ទេរ» (Build Operate and Transfer ឬBOT) ដែល​ក្រុមហ៊ុន​ចិន​ចំណាយ​ការសាង​សង់ ហើយ​រក​ចំណូ​ល​រក​បាន​វិញ ពេល​បើក​ដំណើរ​ការ មុន​ពេល​ប្រគល់​ការ​គ្រប់​គ្រង​មក​រដ្ឋាភិបាលកម្ពុជា​វិញ។

លោក អៀ សុផល សាស្ត្រាចារ្យ​នៅ​សាកល​វិទ្យា​ល័យ​ Arizona State University ថ្លែង​ថា៖ «ការ​ពឹង​ផ្អែក​ខ្លាំង​ពេក​លើ​អ្នក​វិនិយោគ​ចិន​ក្នុង​ការ​សាង​សង់​គម្រោង​សាធារណៈ​នៅ​ក្នុង​ប្រទេ​ស​កម្ពុជា​ មាន​ន័យ​ថា​ ម្ចាស់​ជំនួយ​ពិត​ប្រាកដ​មិន​មែន​ជា​ប្រជាជន​កម្ពុជា​នោះ​ទេ ប៉ុន្តែ​អ្នក​វិនិយោគ និង​ប្រទេស​ដើម​របស់​ពួក​គេ ​ជាពិសេស​គឺ​ប្រទេស​ចិន»។

លោក​បន្ថែម​ថា៖ «កម្ពុជា​មិន​គួរ​ប្រញាប់​ប្រញាល់​អភិវឌ្ឍ​ផ្លូវ​ល្បឿន​លឿន​បន្ថែម​ទៀត​ជាមួយ​អ្នក​វិនិយោគ​ចិន​ទេ ព្រោះ​ថា​វា​គួរ​តែ​រក​កិច្ចព្រម​ព្រៀង​ដ៏​ល្អ​បំផុត​ជា​ជាង​ការ​អនុញ្ញាត​ឱ្យ​វិនិយោគិន​ទាំង​នេះ​សាង​សង់​ផ្លូវ​មួយ ហើយ​ដំណើរការ​វា​អស់រ​យៈពេល​ជា​ច្រើ​នឆ្នាំ ទើប​ផ្ទេរ​វា​មក​កម្ពុជា​វិញ​ បន្ទាប់​ពី​តម្លៃ​ផ្នែក​សេដ្ឋកិច្ច​អាច​នឹង​បាត់​ទៅ​វិញ»។

ក្រុម​ហ៊ុន​ CRBC ដែល​ជា​ក្រុមហ៊ុនរ​បស់​រដ្ឋ​ចិន នឹង​ប្រមូល​ថ្លៃ​សេវា​សម្រាប់​រយៈពេល​ ៥០ ឆ្នាំ​ ក្រោម​កិច្ច​ព្រម​ព្រៀង​ BOT បន្ទាប់​ពី​ផ្លូវ​ល្បឿន​លឿន​បាន​បើក​ដំណើរ​ការ។ នេះ​បើ​យោង​តាមក្រ​សួង​សាធារណៈ​ការ និង​ដឹ​ក​ជញ្ជូន​របស់​កម្ពុជា។

រូបឯកសារ៖ កម្មករឈរនៅក្បែរសម្ភារៈសំណង់ក្នុងអំឡុងពិធីសម្ពោធបើកដំណើរការនៃការដ្ឋានសាងសង់ផ្លូវល្បឿនលឿន​ចម្ងាយ ១៣៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ទៅក្រុងបាវិតនៃខេត្តស្វាយរៀង កាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៣។

ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ និង​ភ្នំពេញ​ទៅ​បាវិត​ អាច​ជា​ផ្នែក​មួយ​នៃ​បណ្តាញ​ធំ​ជាង​នេះ ខណៈទីក្រុង​ប៉េកាំង​ស្វែង​រក​ការ​ពង្រីក​ឥទ្ធិពល​ជា​សាកល​របស់​ខ្លួន​ តាម​រយៈ​គំនិត​ផ្តួច​ផ្តើម​ផ្លូវនិងក្រវាត់​ពាណិជ្ជកម្ម(Belt and Road Initiative ឬBRI) ដែល​ជា​គោលនយោបាយ​កា​របរទេស​របស់​ប្រធានាធិបតី​ចិន លោក​ Xi Jinping ដែល​មាន​គោល​បំណង​តភ្ជាប់​ប្រទេស​ចិន​ជាមួយ​អាហ្វ្រិក និង​អឺរ៉ុប​ តាម​រយៈ​បណ្តាញផ្លូវ​គោក និង​ដែន​សមុទ្រ។

កាល​ពី​ខែ​មិថុនា លោក ហ៊ុន សែន បាន​ថ្លែង​ថា​ ក្រុម​សាជីវកម្មផ្លូវ​ និង​ស្ពាន​ចិន (CRBC)​ កំពុង​សិក្សា​ពីលទ្ធភាព​នៃផ្លូវ​ល្បឿន​លឿន​ទៅ​កាន់​ក្រុង​សៀមរាប និង​ក្រុង​ប៉ោយ​ប៉ែត តាម​ព្រំដែន​ថៃ ដែល​នឹង​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ ​៤ ពាន់​លាន​ដុល្លារ។

លោក លីម​ ឆាយ ជា​អ្នកស្រាវជ្រាវ​នៅមជ្ឈមណ្ឌល​សិក្សា​អាស៊ីអាគ្នេយ៍ យល់​ថា គំរូ BOT គឺ​ជា​ការ​បោះ​ជំហាន «ដ៏ឆ្លាត​វៃ» ព្រោះ​វា​នឹង​កាត់​បន្ថយ​បន្ទុក​បំណុល​បច្ចុប្បន្ន​របស់​កម្ពុជា ដែល​បាន​កើន​ដល់​ប្រមាណ​ ១០ ​ពាន់​លាន​ដុល្លារ។

លោក​ថ្លែង​ថា៖ «នៅ​ក្នុង​ដំណើរការ​នៃ​ការ​អនុវត្ត​គម្រោង រដ្ឋាភិបាល​ត្រូវ​តែ​ធានា​ឱ្យ​មាន​ការ​សម្រប​សម្រួល​គោលនយោ​បាយ​ ប្រកប​ដោយ​ប្រសិទ្ធ​ភាព ស័ក្តិសិទ្ធភាព និង​តម្លាភាព ​ហើយ​អ្វី​ដែល​សំខាន់​បំផុត​ គឺ​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​អវិជ្ជមាន​ដល់​សហគមន៍​មូលដ្ឋាន»។

ផ្លូវ​ល្បឿន​លឿន​ទាំង​អស់​ត្រូវ​បាន​ផ្តល់​ហិរញ្ញប្បទាន និង​សាង​សង់​ដោយ​សាជីវកម្ម​ចិនChina Road and Bridge Corporation ដែល​មានទី​ស្នាក់ការ​នៅ​ទីក្រុង​ប៉េកាំង និង​មាន​ការិយាល័យ​ប្រមាណ​ ៦០​ នៅ​តាម​បណ្តា​ប្រទេស​និង​ដែន​ដី​នានា។

ទោះ​បី​ជា​ប្រាក់​ចំណូល​របស់​ CRBC មិន​ត្រូវ​បាន​បញ្ចេញ​ជា​សាធារណៈ​ក៏​ដោយ អង្គភាព​មេ​របស់​ខ្លួន​គឺ China Communications Construction Group (CCCG) បាន​កត់​ត្រា​ទុន​លក់​សម្រាប់​ក្រុម មាន​ចំនួន​ ១១៩.៩ ពាន់​លាន​ដុល្លារ កាល​ពី​ឆ្នាំ​ ២០២១។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Nikkei Asia ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃទី​ ១៣ ខែធ្នូ ឆ្នាំ ២០២២។
CCCG គឺ​ជា​ក្រុម​ហ៊ុន​ម៉ៅ​ការ​លំដាប់​ទី ៣​ នៅ​លើ​ពិភព​លោក ទាក់ទង​នឹង​ប្រាក់​ចំណូល​នៅ​ក្រៅ​ប្រ​ទេស។ នេះ​បើ​យោង​តាម​ Engineering News-Record ដែល​ជា​ស្ថាប័នបោះ​ពុម្ព​ផ្សាយ​របស់​ឧស្សាហ​កម្ម​សំណង់​របស់​សហរដ្ឋ​អាមេរិក។ វា​ក៏​ជា​ផ្នែក​មួយ​នៃ​អ្នក​ដើរ​តួ​នាទី​ដ៏​សំខាន់​បំផុត​នៅ​ក្នុង​គម្រោង​ផ្លូវ​និង​ក្រវាត់​ពាណិជ្ជកម្មBelt and Road Initiative​ របស់​ចិន។

ប្រធានាធិបតី​ចិន លោក​ Xi Jinpingបាន​ចាប់​ផ្តើម​គំនិត​ផ្តួច​ផ្តើម​ផ្លូវ​និង​ក្រវាត់​ពាណិជ្ជកម្ម​ កាល​ពីឆ្នាំ ២០១៣ ដើម្បី​ភ្ជាប់​សេដ្ឋកិច្ច​នៃ​អាស៊ី​ អឺរ៉ុបនិង​អាហ្រ្វិក ជាមួយ​នឹង​ផ្លូវ​ល្បឿន​លឿន ខ្សែរ​ថភ្លើង និង​រោង​ចក្រ​ថាមពល។ វា​ក៏​ជា​ធាតុ​សំខាន់​មួយ​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​របស់​ចិន​ជាមួយ​សហរដ្ឋ​អាមេរិក ដែល​ជំរុញ​ឱ្យ​មាន​ការ​ពង្រឹង​សេដ្ឋកិច្ច ​និង​ការ​ទូត​របស់​ទី​ក្រុង​ប៉េកាំង​ជុំវិញ​ពិភព​លោក។

នៅ​ក្នុង​វេទិកា​សាធារ​ណៈ​មួយ កាល​ពី​ខែ​ឧសភា លោក ហ៊ុន សែន បាន​ថ្លែង​ថា​ BRI បាន​ផ្ដល់​ផល​ប្រយោជន៍​ដល់​ប្រទេស​កម្ពុជា​រយៈពេល​ ១០ ឆ្នាំ​មក​នេះ​ ខណៈ​លោក​បាន​សរសើរ​គំនិត​ផ្តួច​ផ្តើមរ​បស់​លោ​ក Xi ថា​ ជា​គោល​ន​យោបាយ​ «ឈ្នះ-ឈ្នះ»។

ក្នុង​ពិធី​បើក​ការដ្ឋាន​សាង​សង់​ផ្លូវ​ល្បឿន​លឿន​ កាល​ពី​ខែ​មិថុនា ឯក​អគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​កម្ពុជា លោកWang Wentian ថ្លែង​ថា​ គម្រោង​នេះ​គឺជា ​«និ​មិត្ត​សញ្ញា​នៃ​កិច្ច​សហ​ប្រតិបត្តិកា​ររវាង​ចិន​និង​កម្ពុជា»​ និង​ជា​ «សមិទ្ធផល​ប្រកប​ដោយ​ផ្លែ​ផ្កា​នៃ​គម្រោង​ BRI»។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សហរដ្ឋ​អាមេរិក​បាន​ព្រមាន​ប្រទេស​នា​នា​ប្រឆាំង​នឹង​ការ​ទទួល​យក​គម្រោង​ធំៗ​ ក្រោម​យុទ្ធសាស្ត្រ​ហេដ្ឋារចនា​សម្ពន្ធ ​BRI​ របស់​ចិន។ ថ្មីៗ​នេះ​ រដ្ឋមន្ត្រី​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក Janet Yellen បាន​ចែក​រំលែក​ការ​បារម្ភ​របស់​អ្នក​ស្រី​ជាមួយ​សមាជិក​សភា។

អ្នកស្រី​ Yellen បាន​និយាយ​នៅ​ក្នុង​សវនា​ការ​មួយ​ កាល​ពីខែ​មីនា​ថា៖ «​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​សកម្ម​ភាព​មួយ​ចំនួន​ ដែល​ប្រទេស​ចិន​បាន​លូក​ដៃ​ចូល​ជា​សកល និងក្នុង​ប្រទេស​នានាតាម​របៀប​ដែល​ធ្វើ​ឱ្យ​ពួក​គេ​ធ្លាក់​ក្នុង​អន្ទាក់​បំណុល និង​មិន​លើក​កម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច» ។

ទីក្រុង​វ៉ាស៊ីន​តោន​ចង្អុល​ទៅ​ប្រទេស​ស្រី​លង្កា ជា​កន្លែង​ដែល​ទីក្រុង​ប៉េកាំង​ទទួល​បាន​ការ​គ្រប់​គ្រង​លើ​កំពង់​ផែសំ​ខាន់​របស់​ខ្លួន​ជា​ការ​សង​បំណុល។
រដ្ឋាភិបាល​លោក ហ៊ុន សែន អះអាង​ថា ការ​ខ្ចី​ប្រាក់​របស់​ខ្លួន​នៅ​តែ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង ហើយ​គម្រោង​ BOT ​អនុញ្ញាត​ឱ្យកម្ពុជា​អាចចៀស​ផុត​ពី «អន្ទាក់​បំណុល»។

យោង​តាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា​ បំណុល​បរទេស​បច្ចុប្បន្ន​របស់​កម្ពុជា​មាន​ចំនួន​ ៩.៤៧ ពាន់​លាន​ដុល្លារ(ប្រហែល​ ៣៥% នៃ​ GDP ដែល​មាន​ ២៧​ ពាន់​លាន​ដុល្លារ)កាល​ពី​ឆ្នាំ​មុន​ ហើយ​អាច​បង្កើន​ការ​ខ្ចី​ដោយ​សុវត្ថិភាព រហូត​ដល់​ប្រមាណ​ ១២.៦២​ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២៣។

ទោះជា​យ៉ាង​ណា​ក៏​ដោយ របាយការណ៍​របស់​វិទ្យាស្ថាន​ Kiel នៅ​ប្រទេស​អាល្លឺម៉ង់​ក្នុងឆ្នាំ ២០១៩ បាន​ប៉ាន់​ប្រមាណ​ថាកម្ពុជា​ គឺជា​ប្រទេស​ដែល​ជំពាក់​បំណុល​ច្រើន​ជាង​គេ​ទី​ ៦ ​ក្នុង​ចំណោម​ប្រទេស​ចំនួន​ ៥០ ដែល​ទទួល​បាន​ប្រាក់​កម្ចីពី​រដ្ឋាភិបាល​ចិន និង​បំណុល​ឯកជន។

ហើយ​ខណៈ​ទាំង​ចិន និង​កម្ពុជា​បាន​ច្រាន​ចោល​ការ​លើក​ឡើង​អំពី​ការ​ទូត​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក អ្នក​វិភាគ​និយាយ​ថា​ លោក ហ៊ុន សែន គឺ​ជាអ្នក​គាំទ្រ​ដ៏​គួរ​ឱ្យ​ទុក​ចិត្ត​នៃ​ផល​ប្រយោជន៍​ចិន​នៅ​លើ​ឆាក​ពិភពលោក ចំពេល​មាន​ភាព​តាន​តឹង​កើន​ឡើង​លើ​សមុទ្រ​ចិន​ខាង​ត្បូង និង​តៃវ៉ាន់​នៅ​ក្នុង​តំបន់។

កាល​ពី​ខែ​មុន កម្ពុជា​បាន​បដិសេធ​ផែនការ​អាស៊ាន​សម្រាប់​សមយុទ្ធ​យោធា​ក្នុង​តំបន់ ដោយ​និយាយ​ថា ​ខ្លួន​ត្រូវ​ការ​ពេល​វេលា ដើម្បី​ពិនិត្យ​មើល​សំណើ​ដែល​បាន​ដាក់​ចេញ​ដោយ​ប្រ​ទេស​ឥណ្ឌូណេស៊ី ដែល​នឹង​ធ្វើ​ឱ្យ​ទីក្រុង​ប៉េកាំង​ខឹង​សម្បា។

លោក ​ហ៊ុន សែន បាន​សរ​សើរ​ការ​ទូត​ «គ្មាន​លក្ខខណ្ឌ» របស់​ប្រទេស​ចិន ម្តង​ហើយ​ម្តង​ទៀត ខណៈទំនាក់​ទំនង​ជា​មួយ​ប្រទេស​លោក​ខាង​លិច​កាន់​តែ​យ៉ាប់​យ៉ឺន ដោយ​សារ​តែការ​បង្ក្រាប​នយោបាយ​ទ្រង់​ទ្រាយ​ធំ​លើ​គណបក្ស​ប្រឆាំង។ នេះ​បើ​យោង​តាម​អ្នក​សង្កេត​ការណ៍​នយោបាយ​នៅ​កម្ពុជា។

អ្នកស្រី សុខ សុភឿន អាយុ៤៩ឆ្នាំ ស្ថិតក្នុងចំណោមពលរដ្ឋដែលប្រឈមការរុះរើផ្ទះ ដោយសារគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ផ្តល់បទសម្ភាសន៍ដល់វីអូអេ នៅខេត្តកណ្តាល កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។ (ស៊ុន ណារិន/វីអូអេ)

សម្រាប់​ប្រជា​ជន​កម្ពុជា​ជា​ច្រើន ផ្លូវ​ល្បឿន​លឿន​ គឺជា​ហេតុ​ផល​នៃ​ការ​អបអរ​សាទរ​ ហើយ​ប្រហែល​ជា​ភស្តុតាង​របស់​នាយក​រដ្ឋមន្ត្រី​បង្ហាញ​ពី​របៀប​វារៈ​សេដ្ឋកិច្ច​របស់​លោក។ ប៉ុន្តែ​សហគមន៍​ដែល​ប្រ​ឈម​នឹង​ការ​បណ្តេញ​ចេញ​មាន​ការ​ព្រួយ​បារម្ភ​អំពី​អនាគត​មិន​ដឹង​កោះ​ត្រើយ​របស់​ពួកគេ។

អ្នកស្រី សុខ ភឿន អាយុ​ ៤៩ ​ឆ្នាំ​ មាន​ដី​ទំហំ​ ៧០០​ ម៉ែត្រ​ការ៉េ នៅ​ខេត្ត​កណ្តាល តាម​បណ្តោយ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ទៅ​បាវិត។ ស្ត្រីរូប​នេះ​បារម្ភ​ថានឹង​មិន​អាច​រស់​នៅ​ទី​នោះ​យូរ​ទេ។

អ្នកស្រី​ប្រាប់​វីអូអេ​ថា៖ «ចំណេញៗ​ហើយ ប៉ុន្តែ​ខាត​ប្រជាជន។ រង​គ្រោះ​ប្រជាជន។ បើ​ថា​សំណង​សមរម្យ​ទទួល​យក​បាន អាហ្នឹង​មិន​អី​ទេ។ បើ​ទទួល​យក​មិន​បាន​ទៀត អួយ ចេញ​ទៅ មិន​ដឹង​ម៉េច​ទេ»

ចំណែក​អ្នក​ជិត​ខាង​របស់​អ្នកស្រី ភឿន គឺ​អ្នកស្រី ប៉ែន នី អាយុ​ ៧២ ឆ្នាំ ក៏​ព្រួយ​បារម្ភ​ផង​ដែរ​អំពី​ការ​បាត់​បង់​ក្បាល​ដី​ទំហំ ១.២០០ ​ម៉ែត្រ​ការ៉េ ដោយ​ការ​សាង​សង់​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​នេះ នឹង​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ ២០២៧។

អ្នកស្រី​បញ្ជាក់​ថា៖ «ខ្ញុំ​ខ្លាច​គ្មាន​កន្លែង​ស្នាក់​នៅ។ ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ ព្រោះ​ខ្ញុំ​មិន​ដឹង​ទៅ​ទី​ណា​នោះ​ទេ។ យើង​មិន​អាច​បដិសេធ​អ្វី​ទាំង​អស់​នៅ​ថ្ងៃនេះ។ គម្រោង​អ្វី​ក៏​ដោយ​ដែល​ពួក​គេ​ចង់​ធ្វើ ពួកគេ​អាច​ធ្វើ​បាន»។

អ្នកស្រី​ទទូច​សុំ​សំណង​សមរម្យ​សម្រាប់​ដី ​និង​ផ្ទះ​របស់​អ្នកស្រី ដើម្បី​ «កុំឱ្យ​ប្រជា​ពល​រដ្ឋ​វេទនា»៕