អ្នក​ជំនាញ​៖ វិស័យ​កសិកម្ម​នៅ​តែ​​ល្អ​ប្រសើរ ទោះ​កម្ពុជា​រង​ឥទ្ធិពល​​កូវីដ​១៩

រូបឯកសារ៖ កសិករ​ម្នាក់​រែក​សន្ទូង​នៅ​ស្រែ​មួយ​ដែល​ស្ថិត​នៅ​ជាយ​រាជធានី​ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣។

បើ​ទោះ​បី​ជាវិស័យ​ជា​ច្រើន​នៅ​កម្ពុជា​រង​ការគំរាម​កំហែង​ដោយ​ជំងឺកូវីដ​១៩ វិស័យ​កសិ​កម្ម​ក្នុង​ឆ្នាំ២០២០​នេះ នៅ​តែ​មាន​ស្ថាន​ភាព​ល្អ​ប្រសើរ​ជាង​វិស័យ​ផ្សេង​ទៀត។ នេះ​បើ​តាម​ការ​អះ​អាង​របស់​អ្នក​ពាក់ព័ន្ធ​ក្នុង​វិស័យ​កសិកម្ម។

លោក ម៉ុង ឬទ្ធី ដែល​ជា​អ្នក​ជំនួញល្បី​ឈ្មោះ​ម្នាក់​ក្នុង​វិស័យ​កសិកម្មជា​ច្រើន​ឆ្នាំ​មក​ហើយ ​មាន​ប្រសាសន៍​ថា ​ជំនួញ​របស់​លោក​ក្នុង​វិស័យ​កសិកម្ម​ឆ្នាំ​នេះ រួម​មាន​ផ្លែ​ស្វាយ និង​ការ​ចិញ្ចឹម​ជ្រូក​ជា​ដើម នៅ​តែ​មាន​លក្ខណៈ​ល្អ​ប្រសើរ ទោះរង​ផល​ប៉ះ​ពាល់​ខ្លះ​ក៏​ដោយ

លោក ​ ម៉ុង ​ឬទ្ធី​ ដែល​ជា​សមា​ជិក​ព្រឹទ្ធ​សភា​ម្នាក់​មក​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា មាន​ប្រសា​សន៍​ថា៖ «ស្វាយ​ប៉ះ​ពាល់​ត្រង់ អត់​យន្ត​ហោះ ហោះ។ វា​អត់​នាំ​ចេញ​បាន។ បន្លែ​វា​មាន​ប៉ះ​ពាល់​មួយ​ចំនួន​ចឹង។ ហើយ​ដូច​ជា​ធម្មតា​ពី​មុន​មក​តែ​ចឹង ​ពេល​ដែល​មាន​ច្រើនចុះ​ថ្លៃ ​ពេល​មាន​តិច​បាន​តម្លៃ​គ្រាន់​បើ។ ហើយ​ដល់​ពេល​ការ​ចិញ្ចឹម​ ដូច​ជា​មិន​ប៉ះ​ពាល់​អី​ទេ។ បើ​ចំណែក​ខាង​ខ្ញុំ​ មិន​មាន​បិទ​កន្លែង​ណា​មួយ​ទេ​លើ​វិស័យ​កសិកម្ម​ទាំង​ដាំ ​ទាំង​ចិញ្ចឹម​អត់​មាន​បញ្ឈប់​បុគ្គលិក​កម្មករ​ទេ មាន​តែ​រើស​ថែម​។ ប៉ះ​ពាល់​ដែរ ​តែ​ទប់​ទល់​បាន ​មិន​បញ្ហា»។

ក្រោម​ឥទ្ធិ​ពល​ជំងឺ​កូវីដ​១៩ វិស័យ​សំខាន់ៗ​របស់​សេដ្ឋកិច្ច​ជាតិ ដូច​ជា​វិស័យទេសចរណ៍​ ឧស្សាហ៍​កម្ម សំណង់ និង​អចលន​ទ្រព្យ កំពុង​ទទួល​រង​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ។ ដោយ​ឡែក វិស័យ​កសិកម្ម​ដែល​ជា​ឆ្អឹង​ខ្នង​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ ដែល​ចូលរួម​ចំណែក​ដល់​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP)​ ប្រមាណ​២៥% មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​គេ។ រដ្ឋាភិបាល​កម្ពុជា​រំពឹង​ថា​វិស័យ​កសិកម្ម​នឹង​បន្ត​រីក​ច្រើន និង​ចូលរួម​បន្ថែម​ក្នុង​ការ​ជួយ​សេដ្ឋកិច្ច​កម្ពុជា។

លោក​ ហ៊ុន ​ឡាក់ ​នាយក​គ្រប់​គ្រង​ក្រុម​ហ៊ុន​ត្រូពិខេម​ (Tropicam)​ ដែល​ជា​ក្រុមហ៊ុន​រក​ស៊ី​ខាង​ផ្នែកបន្លែ ​ផ្លែ​ឈើ និង​ស្រូវ​អង្ករ​ មាន​ប្រសាសន៍​ថា ឆ្នាំ​នេះ​តម្លៃ និង​ទិន្នផល​បន្លែ​ ផ្លែ​ឈើ​ ស្រូវ​អង្ករ​ មាន​ភាព​ល្អ​ប្រសើរ​ជា​ង​ឆ្នាំ​កន្លង​ទៅ បើ​ទោះ​មាន​ការ​រំខាន​ខ្លះ​ពី​ជំងឺ​កូវីដ​១៩ និង​ទឹក​លិចក៏​ដោយ​។

លោក​ប្រាប់ ​VOA ​ថា៖ «​ការ​ផលិត ​និង​ការ​នាំ​ចេញ គឺ​វា​មាន​កំណើន​ហើយ។ មុខ​ដំណាំ​ខ្លះ គឺ​កើន​៥ភាគរយ ៦ភាគរយ។ មាន​មុខ​ខ្លះ​កើន​ទៅ​ដល់​ ១៥ភាគរយ។ ចំណុច​ទី​១ ​ដែល​នាំ​ចេញ។ ទី​២​ ពពួក​ស្រូវ​អង្ករ​ តម្លៃ​ស្រូវ​ គឺ​កសិករ​លក់​ចេញ​ក៏​បាន​តម្លៃ​ល្អ​ដែរ​ ហើយ​ការ​នាំ​ចេញ​អង្ករ​អាច​កើន​បាន​ ៦​ម៉ឺ​ន​តោន​ដែរ​។ អញ្ចឹង​យើង​បូក​សរុប​ជា​រួម​ទៅ​ មិន​មាន​អី​ប៉ះ​ជា​ធំ​ដុំ​ទេ»។

រូបឯកសារ៖ កសិករ​ម្នាក់​បេះ​ស្លឹក​ថ្នាំ​ជក់​នៅ​ខេត្ត​កណ្ដាល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១១។

រូបឯកសារ៖ កម្មករ​ធ្វើការ​ក្នុង​ចម្ការ​ចេក ប្រមូល​ និងដឹក​ទិន្នផល​ចេក​ ទៅ​រោងចក្រ​វេច​ខ្ចប់​ផលិតផល​ចេក​ នាំ​ចេញ​ទៅ​ប្រទេស​ចិន​ ក្នុងខេត្ត​កំពង់ចាម​ ទី​២៣ ខែ​កក្កដា​ ឆ្នាំ​២០២០។​ (ស៊ុន ណារិន/វីអូអេ)

កាល​ពី​ខែ​មិថុនា ​ឆ្នាំ​២០​២០​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB) បាន​ព្យាករ​ជា​លើក​ដំបូង​ថា​ សេដ្ឋកិច្ច​កម្ពុជា​អាច​ធ្លាក់​ចុះ​រហូត​ដល់​ទៅ​អត្រា​ -៥,៥ភាគរយ ក្នុង​ឆ្នាំ​២០២០ ដោយសារ​វិបត្តិ​ជំងឺ​កូវីដ​១៩​នេះ។ ប៉ុន្តែ​កាល​ពី​ចុង​ខែ​កញ្ញា ADB ​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​នៃ​ការ​ព្យាករ​ គឺ​ធ្លាក់​ចុះក្នុង​អត្រា​តែ ​-៤ភាគរយប៉ុណ្ណោះ​។ ADB បាន​លើក​ឡើង​ថា​ ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​កម្ពុជា​មាន​សភាព​ធូរ​ស្រាល ​ដោយ​សារ​តែ​ដំណើរ​ប្រព្រឹត្ត​វិជ្ជមាន​ក្នុង​វិស័យ​កសិកម្ម ​និង​កំណើន​ការ​នាំ​ចេញ​ផលិតផល​មិនមែន​វាយ​ន​ភណ្ឌ រួម​មាន​ទោចក្រយាន​ និង​គ្រឿង​បង្គុំ​អេឡិច​ត្រូនិក។

លោ​ក ថេង​ សាវឿន ​ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា មាន​ប្រសាសន៍​ថា​ វិស័យ​សំខាន់​ផ្សេង​ៗ​ទទួល​រង​ផល​ប៉ះ​ពាល់​ខ្លាំង ​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​រឹត​ត្បិត​លើ​ការ​ចាយ​វាយ ​ដោយ​សារ​រក​ប្រាក់​មិន​បាន​ក៏​ធ្វើឲ្យប៉ះ​ពាល់​ខ្លាំងដល់​វិស័យ​កសិកម្ម​ដែរ ។

ប៉ុន្តែ​លោក​ ថេង​ សាវឿន យល់​ថា​វិស័យ​កសិកម្ម ​នៅ​តែ​រឹង​មាំ​ជាង​វិស័យ​ផ្សេ​ង​ទៀត។

លោក​មាន​ប្រសាសន៍​ថា៖ «កសិ​កម្ម​នៅ​តែ​ជា​វិស័យ​អាទិ​ភាព មាន​ភាព​ល្អ​ប្រសើរ​ជាង។ កសិ​ករគាត់​អាច​មាន​ម្ហូប​អាហារ​ហូប​ចុក ​ធ្វើ​ឲ្យ​គាត់​មិ​ន​ដាច់​ពោះ​ ប៉ុន្តែ​វិស័យ​ផ្សេង​ៗ​ពឹង​ទៅ​លើ​ចំណូល។ បើ​អត់​ចំណូល ​អត់​មាន​ថវិកា​ដើម្បី​ទិញ​ម្ហូប​ចំណី​អាហារ​ នោះ​គាត់​ហ្នឹង​ប៉ះ​ពាល់​ខ្លាំង»។

ទោះ​បី​យ៉ាង​ណា​ក៏​ដោយ ​លោក​ ថេង​ សាវឿន ​បានរិះ​គន់​ថា ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​នៅ​មិន​ទាន់​មាន​លំនឹង​នៅ​ឡើយ ពី​ព្រោះប្រជាកសិករ​ភាគ​ច្រើន​ខ្វះ​បច្ចេកទេស​ ខ្វះ​ទុន ខណៈ​នៅ​ខ្វះ​ប្រព័ន្ធ​ធា​រា​សាស្រ្ត ​និង​សំខាន់​បំផុត ​ខ្វះ​ទី​ផ្សារ ដោយសារ​ការ​នាំ​ចូលផលិតផល​កសិកម្ម​ពី​ប្រទេស​ជិត​ខាងនៅ​មាន​ច្រើន​នៅ​ឡើយ។

លោក​ កាន ​ឈាង អាយុ​៤០​ឆ្នាំ ជា​កសិករ​ម្នាក់​នៅ​ស្រុក​មេមត់​ ខេត្ត​ត្បូង​ឃ្មុំ មាន​ប្រសា​សន៍​ថា​ ជា​ទូ​ទៅ​ ក្នុង​មួយឆ្នាំ ​លោក​អាច​រក​ចំណូល​បាន​ជាង​៦​ពាន់ដុល្លារ​អាមេរិក ពី​កា​រ​លក់​ជ័រ​កៅ​ស៊ូ ​និង​ដំឡូងមី ក៏​ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​នេះ​ លោក​រក​បាន​តែ​ជាង​៤​ពាន់​ដុល្លារ​ប៉ុណ្ណោះ គឺ​ធ្លាក់​ចុះ​ប្រមាណ​២ពាន់​ដុល្លារ​ ដោយ​សារ​មាន​ការ​រឹត​បន្តឹង​ក្នុង​ការ​ដឹក​ផលិត​ផល​ទៅ​លក់​នៅ​ប្រទេស​ជិត​ខាង។

បើ​ទោះ​ជា​ចំណូល​ធ្លាក់​ចុះ លោក​ កាន ​ឈាង លើក​ឡើង​ថា​ លោក​នៅ​មាន​ប្រាក់​ចំណូល មិន​ដូច​បង​ប្អូន​របស់​លោក​ដែលស៊ី​ឈ្នួល​ធ្វើ​សំណង់ បាន​បាត់​បង់​ចំណូល​ទាំង​ស្រុង​តែ​ម្តង។

លោក​មាន​ប្រសាសន៍​ថា៖ «ពី​ព្រោះ​ពួក​គាត់​ប្រើ​កម្លាំង​សុទ្ធ​សាធ​ ត្រូវ​ពេល​ដែល​ការងារ​មួយ​ចំនួន​ដែល​គេ​បិទ​ដែល​ពួក​គាត់​មិន​អាច​យក​កម្លាំង​ទៅ​ធ្វើ​ការ​រក​ស៊ី​ឈ្នួល​បាន ​គាត់​ងាក​ម​ក​នៅ​ផ្ទះ។ អា​ហ្នឹង​ហើយ​ដែល​ធ្វើ​ឲ្យពួក​គាត់​មាន​បញ្ហា។ ប៉ុន្តែ​បើ​ធៀប​មក​ហ្នឹង​ខ្ញុំ ​បើ​ទោះ​ជា​តម្លៃ​ទាប​ជាង​សព្វ​ដង​ តែ​យើង​តក់​ៗ​យើង​គ្រាន់​ហ្នឹង​រស់​ជា​ប្រចាំ​ចឹង»។

រូបឯកសារ៖ អ្នក​ចិញ្ចឹមត្រី​ម្នាក់ឈរ​នៅ​ពី​មុខ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ ក្នុងភូមិបាទី ​ស្រុកពាមរក៍​ ខេត្តព្រៃវែង កាល​ពី​ថ្ងៃទី​២២​ ខែ​កក្កដា​ ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)

រដ្ឋ​មន្រ្តី​ក្រសួង​កសិ​កម្ម រុក្ខា​ប្រមាញ់ និង​នេ​សាទ ​លោក ​វេង ​សាខុន​ ឲ្យ​ដឹង​ថាកាលពីមុន​ប្រទេស​កម្ពុជា​នាំ​ចូល​បន្លែ​សាច់​ពី​ក្រៅ​ប្រទេស ​សរុប​ជាង​៨០០​ពាន់​តោន​ក្នុង​១​ឆ្នាំ។ ការ​ផ្គត់​ផ្គង់​ក្នុង​ស្រុកមាន​ជាង​ ២០ភាគរយ​នៃ​តម្រូវ​ការតែ​ប៉ុណ្ណោះ។

ប៉ុន្តែ​លោក​ថា​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​ផ្គត់​ផ្គង់​ក្នុង​ស្រុក​មាន​ជាង​៧០​ភាគរយ ពោល​គឺ​អាច​បង្កើន​ការ​ចិញ្ចឹម ​ដាំ​ដុះ​ បាន​ទៅ​ដល់​ប្រមាណ៧០០​តោន​ក្នុង​មួយ​ឆ្នាំ។

លោក​ វេង​ សាខុន​ រដ្ឋ​មន្ត្រី​ក្រសួង​កសិ​កម្ម ​បាន​ទទួល​ស្គាល់​ថា​ បើ​សិន​ជា​មិន​មាន​បញ្ហា​ជំងឺ​កូវីដ​១៩​នោះ​ទេ ​កម្ពុជា​មាន​អ្នក​វិ​និយោគ​លើ​វិស័យ​នេះ​ច្រើន​។ ក៏​ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក​ថា​នៅ​តែ​អាច​ដោះ​ស្រាយ​ និង​គ្រប់​គ្រង​បាន​។ លោក​បន្ថែម​ថា ក្នុង​អំឡុង​ពេល​វិបត្តិជំងឺ​កូវីដ​១៩​នេះ ​វិស័យ​កសិកម្មកម្ពុជា​រីក​ចម្រើន​ខ្លាំង។

លោក​ប្រាប់​ VOA​ ថា៖ «បើ​សិន​អត់​មាន​បញ្ហា​កូវីដ​នេះ​ទេ ​យើង​ក៏​ទទួល​បាន​ការ​វិនិយោគ​ទុន​ហ្នឹង​ក៏​ច្រើន​ដែរ។ ប៉ុន្តែ​យើង​ខិត​ខំ​រុញ​នាំ​ចេញ​ឲ្យ​បាន​ច្រើន ​ដូច​ស្វាយ​នាំ​ចេញ​ឆ្នាំ​នេះ ​បូក​ឆ្នាំ​ទៅ​ផង​ចូល​ជិត​១​លាន​តោន។ ផលិត​កម្ម​ស្រូវ ក៏​មាន​កំណើន ​ផលិត​កម្ម​ដទៃ​ទៀត ក៏​មាន​កំណើន​ដែរ តាំង​ពី​ការ​ចិញ្ចឹម​សត្វ​អី​ទាំង​អស់ ពី​ព្រោះ​វិស័យ​ដទៃ​ទៀត​ហាក់​បី​ដូច​ជា​បាត់​បង់​ឱកាស។ អញ្ចឹង​បាន​ន័យ​ថា​ លទ្ធ​ផល​ដែល​ចាប់​ផ្តើម​ពី​កូវីដ​មក យើង​បាន​ឈាន​ម្ចាស់​ការ​ជា​ច្រើន​លើ​វិស័យ​ផលិត​ផល​កសិកម្មរ​បស់​យើង»។

រដ្ឋ​មន្រ្តី​ក្រសួង​កសិកម្ម​ឲ្យ​ដឹង​ថា អ្នក​ប្រកប​របរ​កសិ​កម្ម​ក្នុង​ប្រទេស​កម្ពុជា មាន​ប្រមាណ​១​លាន​នាក់ ដែល​ក្នុង​នោះ ប្រហែល៥០​ម៉ឺន​នាក់​ប៉ុណ្ណោះ ដែល​សកម្ម​លើ​ការ​ងារ​នេះ។

កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​ត្រូវ​ការ​មនុស្ស​ប្រមាណ​ជា​ ៤​លាន​នាក់​ទៀត ដើម្បី​បំពេញ​ការ​ងារ​នេះ។ នេះ​បើ​តាម​ការ​អះអាង​របស់​រដ្ឋមន្រ្តី​កសិកម្ម។

លោក​ វេង​ សាខុន បន្ថែម​ថា​ក្រសួង​កសិកម្ម​កំពុង​សហការ​ជា​មួយ​អ្នក​វិនិយោគ​វិស័យ​ឯក​ជន ដើម្បី​ចង​ក្រង​ជា​បណ្តុំ​កសិ​ករ និង​សហ​គមន៍​កសិ​កម្ម ដើម្បី​ងាយ​ស្រួល​រក​ទី​ផ្សារ​ក្នុង​ស្រុក​និង​ក្រៅ​ប្រទេស។

កាល​ពី​ខែ​តុលា​ រដ្ឋា​ភិបាល​កម្ពុជា និង​ចិន ​បាន​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​ទ្វេភាគី​ (Free Trade Agreement) ដែល​កម្ពុជា​អះអាង​ថា​នឹង​ជួយបន្ថែម​លើ​វិស័យ​កសិកម្ម ​ហើយ​កសិផល​កម្ពុជា​បន្ថែម​ទៀត​អាច​នាំ​ទៅ​ប្រទេស​ចិន។ ផលិតផល​កសិកម្ម​ដែល​ជា​តម្រូវ​ការ​ទីផ្សារ​របស់​ចិន រួម​មានស្វាយ ​ចេក ​ម្រេច ទុរេន ​ស្ករស​ ផ្លែ​តាង៉ែន​ជា​ដើម​។​ កម្ពុជា​រំពឹង​ថា​ ខ្លួន​នឹងឈាន​ទៅ​រក​កសិឧស្សាហកម្ម​ និង​នាំ​ចេញ​ទំនិញ​កែច្នៃ​បន្ថែម​ទៀត​ទៅ​ក្រៅ​ប្រទេស​។ ប៉ុន្តែ​អ្នក​ជំនាញ​ធ្លាប់​លើក​ឡើង​ថា​ កម្ពុជា​ខ្វះខាត​រោងចក្រ​កែច្នៃ​ក្នុង​ប្រទេស។

ដោយ​សារ​កម្ពុជា​រង​ឥទ្ធិពល​នៃជំងឺ​កូវីដ១៩ ​ដែល​នាំ​ឲ្យ​ប៉ះ​ពាល់​វិស័យ​ឧស្សាហ​កម្ម ​ សេវា​កម្ម ​និង​ទេស​ចរណ៍​នោះ ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន ​សែន ​កាល​ពី​ថ្ងៃ​ទី​៧​ ខែ​មេសា ​បាន​ជំរុញ​ឲ្យ​ក្រសួង​កសិកម្ម​បង្កើន​សកម្ម​ភាព​ជួយ​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ដាំ​ដុះ ​ការ​ចិញ្ចឹម​សត្វ ​ដើម្បី​ផ្គត់​ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ ខណៈ​ការ​នាំ​ចូល​មិន​សូវ​មាន៕