ការបះបោររបស់ប្រជាពលរដ្ឋបានទម្លាក់មេដឹកនាំរបស់ប្រទេសអេហ្ស៊ីបនិងទុយណេស៊ីចេញពីអំណាចប៉ុន្តែវានៅមិនទាន់ច្បាស់ថាតើប្រទេសទាំងពីរនេះនឹងទទួលបានរដ្ឋាភិបាលតាមបែបលទ្ធិប្រជាធិបតេយ្យបែបណាដែលប្រជាពលរដ្ឋរបស់ខ្លួនកំពុងទាមទារ។ ក្រុមអ្នកជំនាញជាច្រើនជឿជាក់ថាត្រូវតែដាក់ចេញនូវវិធានការមួយចំនួនដើម្បីឆ្លងកាត់អន្តរកាល ពីរបបផ្តាច់ការទៅកាន់លទ្ធិប្រជាធិបតេយ្យ។
នៅពេលដែលទី្វបអាមេរិកឡាទីន និងអឺរ៉ុបខាងកើត ជួបប្រទះការផ្លាស់ប្តូរខាងនយោបាយជាបន្តបន្ទាប់នៅចុងទសវត្សរ៍១៩៨០ និងដើមទសវត្សរ៍១៩៩០ រដ្ឋាភិបាលនៅក្នុងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យដែលលេចឡើងទាំងនោះ ចង់ធ្វើកិច្ចការអ្វីមួយ ទាក់ទងទៅនឹងអំពើឧក្រិដ្ឋ និងការរំលោភបំពានរបស់រដ្ឋាភិបាលចាស់។ រដ្ឋាភិបាលថ្មី បានប្រកាន់យកនីតិវិធីផ្សេងៗដែលត្រូវបានស្គាល់ជាយូរមកហើយថាជា«យុត្តិធម៌អន្តរកាល»។
លោក ហានី ម៉េហ្គាលី (Hanny Megally) ជាអនុប្រធានមជ្ឈមណ្ឌលអន្តរជាតិសម្រាប់យុត្តិធម៌អន្តរកាល (International Center for Transitional Justice) ដែលមានមូលដ្ឋាននៅក្នុងទីក្រុងញូវយ៉ក។ លោក មានបញ្ជីស្តីពីនីតិវិធីទាំងឡាយ ដែលត្រូវបានប្រើនៅអាមេរិកឡាទីន និងអឺរ៉ុបខាងកើត ហើយនិយាយថា នីតិវិធីទាំងនេះ ក៏អាចប្រើដោយរដ្ឋាភិបាលថ្មីៗ នៅក្នុងពិភពអារ៉ាប់ដែរ ៖
«យុត្តិធម៌ និងការទទួលខុសត្រូវលើបទឧក្រិដ្ឋចំពោះអ្នកដែលបានជាប់ពាក់ព័ន្ធនៅក្នុងការប្រព្រឹត្តិអំពើរំលោភសិទ្ធិមនុស្ស ការសងសំណងដល់ជនរងគ្រោះ ដំណើការនៃការទទួលបានការណ៍ពិតចំពោះអ្វីដែលបានកើតឡើងក្នុងអំឡុងពេលនោះកាលពីអតីតកាល កំណែទម្រង់ផ្លូវច្បាប់ និងកំណែទម្រង់ស្ថាប័ន ដើម្បីធានាឲ្យប្រាកដថា រចនាសម្ព័ន្ធ ដែលអាចជួយឲ្យមានការរំលោភបំពានដែលបាននិងកំពុងកើតឡើង នឹងលែងកើតមានតទៅទៀត»។
ប៉ុន្តែ លោក ម៉េហ្គាលី និយាយថា ជារឿយៗ យន្តការយុត្តិធម៌អន្តរកាលទាំងនេះ ត្រូវការពេលជាច្រើនឆ្នាំ ដើម្បីអនុវត្ត។ ហើយ លោក ម៉េហ្គាលី ថ្លែងថា រហូតមកដល់ពេលនេះ ឧត្តមក្រុមប្រឹក្សានៃកងកម្លាំងប្រដាប់អាវុធ (Supreme Council of the Armed Forces) ដែលគ្រប់គ្រងអេហ្ស៊ីប និងក្រុមដែលគ្រប់គ្រងនៅទុយណេស៊ី មិនទាន់បានចាប់ផ្តើមប្រែក្លាយប្រព័ន្ធសន្តិសុខរបស់ខ្លួនដែលធ្លាប់ជាឧបករណ៍គាបសង្កត់ មកជាឧបករណ៍បម្រើសេវាកម្មសាធារណៈនៅឡើយទេ។
«ប្រសិនបើយើងពិនិត្យមើលពីបទពិសោធស្តីពី ថាតើយន្តការនោះ ស្ថិតនៅអាហ្វ្រិកខាងត្បូង ឬក៏បទពិសោធដទៃទៀត នៅអាមេរិកឡាទីន ឬអាស៊ីក៏ដោយ យន្តការនោះ គឺជាវិធានការបន្ថែម ដែលនឹងត្រូវការពេលច្រើនឆ្នាំ ដើម្បីដាក់ឲ្យដំណើការ។ ខ្ញុំគិតថា មេរៀនដែលត្រូវរៀនគឺថា អ្នកមិនអាចអនុវត្តយន្តការទាំងអស់នោះ ក្នុងរយៈពេល៦ខែ ឬ១ឆ្នាំឡើយ»។
លោក ម៉េហ្គាលី មានប្រសាសន៍ថា អេហ្ស៊ីប និងទុយណេស៊ី អាចអនុវត្តវិធានការណាមួយក៏មុនគេក៏បានដែរតែសំខាន់ប្រទេសទាំងពីរនេះ ត្រូវនាំយកនីតិវិធីយុត្តិធម៌អន្តរកាលផ្សេងៗទៀតទៅអនុវត្តក្នុងរយៈពេលខាងមុខទៀត។ លោក ប្រាយអិន ហ្គ្រូដស្គី (Brian Grodsky) ជាសាស្ត្រាចារ្យជំនួយស្តីពីនយោបាយតាមបែបប្រៀបធៀប នៅឯសាកលវិទ្យាល័យម៉ារីលេន (University of Maryland) ហើយក៏ជាអ្នកនិពន្ធសៀវភៅថ្មីមួយ មានចំណងជើងថា «តម្លៃយុត្តិធម៌ ឬហៅជាភាសាអង់គ្លេសថា The Costs of Justice»។ លោក ថ្លែងថា រដ្ឋាភិបាលដែលរះឡើងទាំងនេះ នៅអេហ្ស៊ីប និងទុយណេស៊ី ត្រូវតែសម្រេចឱ្យបានច្បាស់លើប្រវត្តិនៃការរំលោភបំពានសិទ្ធិមនុស្ស កាលពីប៉ុន្មានទសវត្សរ៍កន្លងមកនេះនៅក្នុងប្រទេសទាំងពីរ។ ប៉ុន្តែ លោក ហ្គ្រូដស្គី និយាយថា មេដឹកនាំថ្មីរបស់ប្រទេសទាំងពីរ ត្រូវតែដោះស្រាយការទាមទារបស់ប្រជាពលរដ្ឋជាមុនសិន។
«ក្រុមអ្នកបោះឆ្នោត ចាប់ផ្តើមធ្វើបដិវត្តន៍ដោយឈរលើហេតុផលមួយ ដែលភាគច្រើននៃហេតុផលនោះគឺ ដោយសារពួកគេ មិនចង់បានអំពើពុករលួយ និងភាពគ្មានតម្លាភាពរបស់របបមិនកាន់លទ្ធិប្រជាធិបតេយ្យ។ ពួកគេចង់ឃើញកំណែទម្រង់សេដ្ឋកិច្ច។ ពួកគេចង់បានសន្តិសុខផ្ទាល់ខ្លួន ការធ្វើឲ្យប្រសើរឡើងជាទូទៅចំពោះកម្រិតជីវភាពរស់នៅ។ ដូច្នេះ នៅពេលដែលកិច្ចការទាំងអស់នេះ ចាប់ផ្តើមកើតឡើងក្រុមវរជននយោបាយថ្មីៗអាចវិលត្រឡប់មកម្តងទៀតហើយចាប់ផ្តើមគាស់កកាយអតីតកាលនិងលើកយកបញ្ហាទាំងនេះមកវិញ»។
លោក ហ្គ្រូដស្គី និយាយថា វាជាការណ៍សំខាន់ណាស់ សម្រាប់មេដឹកនាំថ្មីៗ នៅទីក្រុងឡឺគែរ (Cairo) និងទុយនីស (Tunis) ក្នុងការបង្ហាញជូនប្រជាពលរដ្ឋរបស់ខ្លួនថា នីតិរដ្ឋ នឹងទទួលជោគជ័យ ហើយថា វិធានការនានា កំពុងត្រូវបានធ្វើឡើងដើម្បីការពារសិទ្ធិមនុស្ស។ បើយោងតាមលោក ហ្គ្រូដស្គី ដំណើការនោះ កំពុងអនុវត្តរួចហើយ។
«ប្រសិនបើយើងក្រឡេកមើលអេហ្ស៊ីបវិញ អ្នកមើលឃើញពីការចោទប្រកាន់ពីការប្រព្រឹត្តិអំពើពុករលួយប្រឆាំងនឹងអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ វាមិនមែនថា ការចោទប្រកាន់នោះ ដើម្បីធ្វើទារុណកម្មគាត់ទេ។ អ្វីដែលចង់បានបំផុតសម្រាប់មនុស្សភាគច្រើន គឺការផ្លាស់ប្តូរសេដ្ឋកិច្ច និងសង្គម។ នៅទុយណេស៊ី អ្វីដែលយើងបានឃើញរហូតមកដល់ពេលនេះ ហាក់ដូចជាចង់មានគណៈកម្មការមួយចំនួន ដែលពួកគេបានបង្កើតឡើង ដើម្បីធ្វើការស៊ើបអង្កេតខ្លះៗ ប៉ុន្តែជាថ្មីម្តងទៀត ការស៊ើបអង្កេត ត្រូវផ្តោតឲ្យយ៉ាងខ្លាំងទៅលើការវាយបង្ក្រាបកាលពីពេលថ្មីៗបំផុត ក្នុងខែធ្នូ និងទៅលើអំពើពុករលួយរបស់អតីតមេដឹកនាំទាំងនោះ»។
ក្រុមអ្នកជំនាញខាងយុត្តិធម៌អន្តរកាល បានយល់ស្របគ្នា ថាទោះបីជានៅអេហ្ស៊ីប ឬទុយណេស៊ី ឬនៅកន្លែងផ្សេងៗក្នុងតំបន់ បញ្ហាប្រឈម នឹងក្លាយជាកិច្ចការរបស់រដ្ឋាភិបាលថ្មី ដើម្បីជំរុញឲ្យមានការទទួលខុសត្រូវចំពោះអំពើរំលោភបំពានពីអតីតកាល ដោយមិនធ្វើឲ្យគ្រោះថ្នាក់ដល់សម័យអន្តរកាលដ៏រលូន ទៅរកលទ្ធិប្រជាធិបតេយ្យ៕
ប្រែសម្រួល ដោយ លី សុខឃាង