ពួក​អ្នក​ជំនាញ​ពិនិត្យមើល​ជំនួប​រវាង​ចិន​និង​ជប៉ុន​នៅ​ខាង​ក្រៅ​កិច្ច​ប្រជុំ​​អាស៊ាន

រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី Park Jin អមដំណើររដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoko Kamikawa មុនពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសត្រីភាគីលើកទី ១០ នៅទីក្រុង Busan ប្រទេសកូរ៉េខាងត្បូង ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្តីរំពឹង​កំពុង​ឈាន​ឡើង​សម្រាប់​ជំនួប​នៅសប្តាហ៍​នេះ​រវាង​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi ​និង​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​លោក​ស្រីYoko Kamikawa នៅ​ខាង​ក្រៅ​ជំនួប​អាស៊ានក្នុង​រដ្ឋធានី​វៀងចន្ទ​ប្រទេស​ឡាវ។

នៅ​ដើម​សប្តាហ៍​នេះ អនុ​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Ma Zhaoxuបាន​ជួប​ជាមួយ​សមភាគី​របស់​លោក​នៅ​ក្នុង​ទីក្រុង​តូក្យូ ​ដែល​ជា​ជំនួប​លើក​ទី១​របស់​ប្រទេស​ទាំង២​ក្នុង​ការពិភាក្សា​យុទ្ធសាស្ត្រ​ចាប់តាំង​ពី​ឆ្នាំ២០២០​មក។ លោក Ma ក្រោយមក​បាន​ជួប​លោក​ស្រី Kamikawa​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​រាជធានី​តូក្យូ។

តាម​សេចក្តី​រាយការណ៍​មួយ​នៅ​ក្នុង​សារព័ត៌មាន​ Global Times ​ដែល​រៀបចំ​ចាត់ចែង​ដោយ​រដ្ឋ​ចិន​ថា៖​«ភាគី​ទាំង២​បាន​ប្តូរ​ទស្សនៈគ្នា​ដោយ​ផ្លែផ្កា​ស្តីពី​បញ្ហា​យុទ្ធសាស្ត្រ​ទាក់​ទិន​នឹង​ទំនាក់​ទំនង​រវាង​ចិន​និង​ជប៉ុន»។ នៅមុន​ជំនួប​នៅ​ក្នុង​ប្រទេស​ឡាវ ទីភ្នាក់ងារ​សារព័ត៌មាន​Kyodo ​របស់​ជប៉ុន​បាន​ដកស្រង់​ប្រភព​រដ្ឋាភិបាល​ដែល​បាន​និយាយ​ថា​រដ្ឋាភិបាល​ក្រុង​តូក្យូ​កំពុង​ស្វែងរក​លទ្ធភាព​នៃ​ជំនួប​មួយ​រវាង​លោក Wang និង​លោក​ស្រី Kamikawa។

ទីភ្នាក់ងារ​សារព័ត៌មាន​ក្យូដូ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​រដ្ឋាភិបាល​ទាំង២​បាន​ចាប់ផ្តើម​ធ្វើ​ការរៀបចំ​សម្រាប់​ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​ទាំង២​នៅ​ថ្ងៃ​សុក្រ​នេះ៕