អ្នកជំនាញផ្នែកបោះឆ្នោត អ្នកតាមដាន និងតំណាងគណបក្សនយោបាយមួយចំនួន បង្ហាញសុទិដ្ឋិនិយមថានឹងមានពលរដ្ឋច្រើនចូលរួមក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ខាងមុខនេះ។
នាយកប្រតិបត្តិរបស់អង្គការឃ្លាំមើលការបោះឆ្នោតមួយឈ្មោះថានិកហ្វិច (NICFEC) លោក សំ គន្ធាមី យល់ឃើញថាការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខនឹងមានពលរដ្ឋចូលរួមច្រើនជាងការបោះឆ្នោតជាតិ កាលពីឆ្នាំ២០១៨ ដោយលោកថា ប្រជាពលរដ្ឋ «មានជម្រើសច្រើន» ក្នុងពេលដែលមានការចូលរួមប្រកួតប្រជែងពីគណបក្សផ្សេងៗបង្កើតឡើងដោយអតីតសមាជិកគណបក្សសង្គ្រោះជាតិ។
លោកថ្លែងថា៖«ឃើញមានគណបក្សឥឡូវជាង ១០ឯណោះចូលរួមប្រកួត។ ដូច្នេះប្រជាពលរដ្ឋអ្នកVoter (អ្នកបោះឆ្នោត) គឺមានជម្រើសច្រើន។ គ្រាន់តែថាចំនួនជាក់ស្តែងភាគរយជាក់ស្តែង យើងអត់បាន ព្រោះយើងអត់ធ្វើVoter Survey (ការស្ទង់មតិអ្នកបោះឆ្នោត)ហ្អា»។
ដោយសារត្រូវបានរំលាយកាលពីឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំមួយ មិនអាចចូលរួមការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ ហើយពលរដ្ឋមួយចំនួនបានសម្រេចចិត្តមិនទៅបោះឆ្នោតឡើយ ដោយសារពួកគេយល់ថា មិនមានគណបក្សដែលខ្លួនពេញចិត្ត។ អ្នកបោះឆ្នោតប្រមាណ៦០ម៉ឺននាក់ បានគូសសន្លឹកឆ្នោតមិនត្រឹមត្រូវ ដើម្បីធ្វើឱ្យសន្លឹកឆ្នោតនោះមិនអាចរាប់ជាការណ៍បាន។ នេះបើយោងតាមទិន្នន័យរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ប៉ុន្តែនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាខែក្រោយនេះ មានគណបក្សភ្លើងទៀន ដែលជាអតីតគណបក្សសម រង្ស៊ី ចូលរួមប្រជែងជាមួយគណបក្សកាន់អំណាច។
អ្នកវិភាគសង្គមនិងនយោបាយ លោក មាស នី បានឱ្យដឹងថា សន្ទុះពលរដ្ឋចូលរួមនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ប្រហែលមិនអាចស្មើនឹងសន្ទុះពលរដ្ឋដែលបានចូលរួមបោះឆ្នោតគាំទ្រ កាលពីឆ្នាំ២០១៧ នៅពេលមានការប្រជែងគ្នាខ្លាំងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។
លោកថ្លែងថា៖ «នៅក្នុងការបោះឆ្នោតលើកនេះបើបៀបធៀបជាមួយនឹងលើកមុន ទោះបីមានគណបក្សណាមួយ ដូចជាភ្លើងទៀនឈានមុខគេ ក៏ប្រហែលមិនមានកម្លាំងធំ ដូចដែលយើងបានឃើញនៅក្នុងឆ្នាំ២០១៣ និង២០១៧នោះទេ។ បើតាមការប៉ាន់ប្រមាណរបស់ខ្ញុំ»។
លោកបន្តថា៖ «ប៉ុន្តែក៏យើងមិនទាន់គិតថាបើសិនជាបានចំនួនណាមួយ ដែលធ្វើឱ្យចំណោមគណបក្ស ដែលចែកជាគណបក្សតូចៗនៅក្នុងអតីតគណបក្សសង្គ្រោះជាតិហ្នឹងអាចទៅមុខរួច ដើម្បីប្រកួតឱ្យបានខ្លាំងក្លាឱ្យប្រកួតប្រជែងខ្ពស់ជាមួយគណបក្សកាន់អំណាចនោះ»។
លោក មាស នី បានបន្តថា ជាទូទៅ អ្នកបោះឆ្នោតមានទំនោរនឹងចូលរួមច្រើន ប្រសិនបើការបោះឆ្នោតមានទៅដោយគណបក្សនយោបាយដែលអាចប្រជែងគ្នាខ្លាំង ការប្រកួតប្រជែងប្រកបដោយតម្លាភាព ហើយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានភាពឯករាជ្យ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន រំពឹងថា នឹងមានពលរដ្ឋមួយភាគធំមកចូលរួមបោះឆ្នោត ដោយលោកយោងលើគំរូនិងបទពិសោធន៍នៃការបោះឆ្នោតជាតិ កាលពីឆ្នាំ ២០១៨។
លោកថ្លែងថា៖ «ខ្ញុំមិនទស្សន៍ទាយទេ ប៉ុន្តែខ្ញុំមានក្តីសង្ឃឹមនិងសុទិដ្ឋិនិយមថា ប្រជាពលរដ្ឋមានចំនួនច្រើននឹងអញ្ជើញទៅបោះឆ្នោត ពីព្រោះការបោះឆ្នោតឆ្នាំ២០១៨នោះ ទោះបីមានយុទ្ធនាការពីក្រុមឧទ្ទាមក្រៅច្បាប់ មិនចង់ឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត ក៏ប៉ុន្តែផ្ទុយទៅវិញ ប្រជាពលរដ្ឋរហូតដល់ជាង ៨៣%អញ្ជើញទៅបោះឆ្នោត»។
លោកបន្តថា គណបក្សប្រជាជនកម្ពុជានឹងទទួលបានសំឡេងគាំទ្រភាគច្រើននៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅខែមិថុនា បើទោះបីជាមានការប្រែប្រួលសំឡេងខ្លះក៏ដោយ។
អនុប្រធានគណបក្សភ្លើងទៀនលោក សុន ឆ័យ បាននិយាយថាការវិលត្រឡប់មកវិញនូវគណបក្សភ្លើងទៀន ដែលតំណាងឱ្យគណបក្សប្រឆាំងធំមួយ អាចជំរុញឱ្យពលរដ្ឋច្រើនមកចូលរួមនៅក្នុងការបោះឆ្នោត។ យ៉ាងណាក្តី លោកបានបញ្ជាក់ថា លទ្ធផលយ៉ាងណា គឺអាស្រ័យការលើរៀបចំការបោះឆ្នោត។
លោកថ្លែងថា៖ «វាជាការណ៍ពិតហើយ នៅពេលដែលពលរដ្ឋ លោកមានជម្រើសនៅក្នុងការជ្រើសរើសតំណាងរបស់លោក នោះការចូលរួមនឹងមានច្រើនជាងការបោះឆ្នោតដែលពលរដ្ឋមិនទទួលបានជម្រើសច្បាស់លាស់។ ដូច្នេះយើងសង្ឃឹមថា ពលរដ្ឋនឹងចូលរួម។ ប៉ុន្តែវាតម្រូវឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងគ.ជ.ប.ហ្នឹងសម្រួលយ៉ាងណា ដោយមិនប្រកាន់និន្នាការនយោបាយ។ ធ្វើយ៉ាងម៉េចឱ្យប្រជាពលរដ្ឋហ្នឹងមកចូលរួមបោះឆ្នោតដោយមិនភ័យខ្លាច ដូចអ្វីដែលព្រះរាជសារព្រះមហាក្សត្រលោកបានថ្លែង»។
លោក សុន ឆ័យ ក៏បានលើកឡើងពីការព្រួយបារម្ភផ្សេងៗពាក់ព័ន្ធករណីបំភិតបំភ័យមកលើមន្រ្តីភ្នាក់ងារសង្កេតការណ៍របស់គណបក្សតាមមូលដ្ឋានមួយចំនួនក្រោមរូបភាពផ្សេងៗ និងបទពិសោធន៍នៃការប្រឈមនឹងការលួចបន្លំសន្លឹកឆ្នោត កាលពីពេលកន្លងមក។
ចំណែកស្ថាបនិកគណបក្សកម្ពុជានិយម លោក អ៊ូក អ៊ី សង្ឃឹមថា ពលរដ្ឋភាគច្រើននឹងមកបោះឆ្នោត ដើម្បីជ្រើសរើសតំណាងតាមឃុំសង្កាត់របស់ខ្លួន ស្របពេលមានការចូលរួមពីសំណាក់គណបក្សតូចៗ ដែលត្រូវបានបង្កើតឡើងដោយអតីតសមាជិកគណបក្សសង្គ្រោះជាតិ។
លោកថ្លែងថា៖ «ប្រជាពលរដ្ឋនឹងមានការចូលរួមក្នុងការបោះឆ្នោតច្រើនជាងមុន ព្រោះខ្ញុំយល់ថា ដូចជាការបោះឆ្នោត ២០១៨ កន្លងមក យើងអត់មានវត្តមានគណបក្សប្រឆាំងពិតប្រាកដ។ ហើយម្យ៉ាងទៀត យើងយល់ឃើញថា នៅក្នុងការបោះឆ្នោតឃុំសង្កាត់នេះ ប្រជាពលរដ្ឋនឹងជ្រើសរើសអ្នកតំណាងរបស់គាត់នៅតាមឃុំសង្កាត់។ ប្រសិនបើគាត់មិនចូលរួមការបោះឆ្នោតទេ អ្នកតំណាងរបស់គាត់តាមមូលដ្ឋានមួយៗហ្នឹង អាចថាជាការបណ្តែតបណ្តោយឱ្យគណបក្សតែមួយធ្វើអីតាមអំពើចិត្តអ៊ីចឹងណា»។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោក ឡឹក សុធារ យល់ឃើញថា ចំនួនអ្នកបោះឆ្នោតអាចស្ថិតនៅក្នុងរង្វង់៨០ភាគរយនៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុប។ លោកក៏បានយល់ស្របផងដែរថា វត្តមាននៃគណបក្សតូចៗបង្កើតឡើងដោយអតីតសមាជិកគណបក្សសង្គ្រោះជាតិដើរតួសំខាន់ក្នុងការជំរុញទឹកចិត្តអ្នកបោះឆ្នោត។
លោកថ្លែងថា៖ «ការបោះឆ្នោតនេះជាការបោះឆ្នោតប្រយោលទៅដល់ការបោះឆ្នោតក្រុមប្រឹក្សាថ្នាក់ស្រុក ថ្នាក់ខេត្ត រាជធានី។ ហើយដោយឡែកវត្តមានរបស់អតីតគណបក្សសង្គ្រោះជាតិដែលបានចូលរួមក្នុងទម្រង់ជាគណបក្សផ្សេងៗទៀត ខ្ញុំគិតថានឹងជំរុញទឹកចិត្តប្រជាពលរដ្ឋចូលរួមក្នុងការបោះឆ្នោតនេះ»។
អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) លោក សោម សូរីដា ឱ្យដឹងថាការបោះឆ្នោតនៅកម្ពុជាជាទូទៅមាននិន្នាការពលរដ្ឋចូលរួមមួយភាគធំ ហើយនិន្នាការនេះនឹងបន្តសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខ ដោយលោកបានលើកឡើងពីករណីការបោះឆ្នោតជាតិឆ្នាំ២០១៨ ជាគំរូ។
លោកថ្លែងថា៖ «ផ្អែកទៅលើបទពិសោធន៍ដ៏ល្អនេះ ខ្ញុំជឿជាក់ថា បងប្អូនប្រជាពលរដ្ឋនឹងអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ហើយជាពិសេសការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ ដើម្បីជ្រើសរើសតំណាងស្របច្បាប់របស់ខ្លួន ហើយជាពិសេសតំណាងដែលតំណាងឱ្យផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងការអភិវឌ្ឍឃុំសង្កាត់របស់ខ្លួន»។
គួរបញ្ជាក់ថា ក្នុងការបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំ ២០១៧ គណបក្សសង្គ្រោះជាតិដណ្ដើមបានអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ៥០០៧ និងទទួលបានតំណែងជាមេឃុំចៅសង្កាត់ចំនួន ៤៨៩ ក្នុងចំណោម ១.៦៤៦ ឃុំសង្កាត់នៅទូទាំងប្រទេស។ គណបក្សប្រឆាំងនេះទទួលបានសំឡេងឆ្នោតគាំទ្រប្រមាណ៣ លាននាក់។
បើតាមទិន្នន័យផ្លូវការ ប្រជាពលរដ្ឋខ្មែរជាង៩លាននាក់ មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)៕