សពលោក សុខ អាន អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាមន្ត្រីជាន់ខ្ពស់ក្នុងគណបក្សប្រជាជនកម្ពុជា ត្រូវបានបញ្ជូនមកដល់ព្រះរាជាណាចក្រកម្ពុជា នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍។ នេះបើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់របស់គណបក្សកាន់អំណាច និងអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី។
សពរបស់លោក សុខ អាន ត្រូវបានបញ្ជូនពីទីក្រុងប៉េកាំង ប្រទេសចិន មកដល់រាជធានី ភ្នំពេញនៅព្រឹកថ្ងៃព្រហស្បតិ៍ ជាមួយនឹងប្រតិកម្មរិះគន់ ពាក់ព័ន្ធនឹងការចំណាយលុយច្រើនសន្ធឹកសន្ធាប់លើពិធីបុណ្យរបស់លោក ដែលរដ្ឋាភិបាលគ្រោងចំណាយ ៣.០០០លានរៀល ប្រហែល ៧៥ម៉ឺនដុល្លារអាមេរិក។
ក្រុមអ្នករិះគន់ជាច្រើន បានរិះគន់តាមរយៈបណ្តាញសង្គមនិងអ៊ីនធឺណិត រួមទាំងហ្វេសប៊ុកដ៏ពេញនិយមនៅកម្ពុជា។ ក្នុងនោះអ្នកប្រើប្រាស់ប្រព័ន្ធដ៏មានឥទ្ធិពលនេះ បានលើកឡើងថា ការចាយវាយលើពិធីបុណ្យសពលោក សុខ អាន ដ៏ច្រើននោះ គួរត្រូវបានយកទៅចំណាយលើកិច្ចការមនុស្សធម៌ ពង្រឹងវិស័យអប់រំ និងកសាងផ្ទះសម្បែងដល់ប្រជាពលរដ្ឋក្រីក្រ ដែលជាផ្នែកមួយនៃកិច្ចអភិវឌ្ឍប្រទេស។
រីឯអ្នកប្រើប្រាស់បណ្តាញសង្គម Twitter ក៏បានប្រតិកម្មចំពោះការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់ទៅលើពិធីបុណ្យសពនេះដែរ។ កូនស្រីច្បង លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា អគ្គនាយករងផ្នែកទំនាក់ទំនងកិច្ចការសាធារណៈនៃគណបក្សសង្គ្រោះជាតិបានធ្វីត (Tweet) ឬសរសេរក្នុងគណនី Twitter របស់ខ្លួននៅថ្ងៃព្រហស្បតិ៍នេះ ក្នុងន័យចំអកថា៖តើនរណានិយាយថា កម្ពុជាក្រ?
កញ្ញាបានសរសេរក្នុងន័យដើមថា៖
«លុយ៧៥០.០០០ដុល្លារអាមេរិក សម្រាប់ពិធីបុណ្យសពមកពីថវិកាជាតិ។ នរណានិយាយថាកម្ពុជាក្រ?»។
ក្រុមអ្នករិះគន់នៅលើបណ្តាញសង្គម ក៏បានសម្តែងក្តីពេបជ្រាយចំពោះការស្លាប់របស់លោក សុខ អាន ដោយពួកគេបាន រិះគន់ថា លោក សុខ អាន ជាបុគ្គលស្រឡាញ់អំណាច លោភលន់ និងពុករលួយផងដែរ ដោយហេតុលោក តែម្នាក់ឯងបានកាន់ការងាររបស់រដ្ឋជាច្រើនរាប់ចាប់ពីកិច្ចការដ្ឋបាលរដ្ឋ វិស័យយុត្តិធម៌ នយោបាយ ជំនួញ រហូតដល់វិស័យវប្បធម៌ជាដើម។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់ VOA នៅរសៀលថ្ងៃព្រហស្បតិ៍នេះថា ថវិកាដែលស្នើសម្រាប់ រៀបចំពិធីបុណ្យសពនោះ នឹងមិនត្រូវបានចាយវាយទាំងអស់នោះទេ ។ លោកអះអាងថា ថវិកានេះ គឺជាការត្រៀមបម្រុងលើការចំណាយតែប៉ុណ្ណោះ ហើយរាជរដ្ឋាភិបាលកម្ពុជា មានសិទ្ធិគ្រប់គ្រាន់លើការចាត់ចែងរាល់ការចំណាយនេះ។
លោក សុខ ឥសាន លើកឡើងថា៖
«ទៅរិះគន់ស្អីអា្ហ! អ្នករិះគន់ វាចាំតែរិះគន់! លុយយកមក លុយប៉ុណ្ណឹង មានចាយអស់ប៉ុណ្ណឹងឯណា មិនដឹងជាចាយអស់ប៉ុន្មាន គ្រាន់តែខ្ចីមកទុកសិនតើ ដើម្បីដោះស្រាយការងារចំពោះមុខ។ ហើយអ្ហានេះ! ជាសិទ្ធិសេរីភាពរបស់រាជរដ្ឋាភិបាល ជាសិទ្ធិអំណាចរបស់រាជរដ្ឋាភិបាល ក្នុងការបុរេប្បទានតើ។ គ្រាន់តែខ្ចីយកមុខទុកសិនដើម្បីត្រៀមចាយ ក្រែងលោវាមានបញ្ហាចៃដន្យ ហើយត្រូវចាយរត់ទៅរកក្រដាសស្នាមឯណា? ទើបចាយលុយ ស្រាប់តែយើងរត់ទៅរកធនាគារ អាហ្នឹងវាដែលទេ ចំថ្ងៃអាទិត្យ ហើយធនាគារបិទធ្វើម៉េចទៅ?»។
លោកបន្តថា ការត្រៀមចំណាយថវិកាច្រើនលើសលុបនេះ គឺជារឿងធម្មតាតែប៉ុណ្ណោះ។
«អញ្ចឹង អារឿងនេះ វាជារឿងធម្មតាទេ ហើយអស់លោកហ្នឹងយករឿងធម្មតា មកធ្វើជារឿងដែលគាត់ទិតៀន»។
លោក សុខ អាន ដែលគេដឹងថាបានកាន់តួនាទីជាច្រើននៅក្នុងរដ្ឋបាលរបស់លោក ហ៊ុន សែន បានទទួលមរណភាពកាលពីថ្ងៃពុធ នៅក្នុងសាធារណរដ្ឋប្រជាមានិតចិនដោយរោគាពាធ ក្នុងជន្មាយុ៦៦ឆ្នាំ។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវកិច្ចអភិវឌ្ឍសង្គម ប្រាប់ VOA ថា រដ្ឋមានសិទ្ធិចំណាយលើ ពិធីបុណ្យសពឥស្សរជននយោបាយ ដែលបានរួមចំណែកក្នុងការកសាងប្រទេសជាតិដូច្នេះទឹកប្រាក់ដែលបានគ្រោងនេះនឹងមិនមែនជាបញ្ហាចម្បងនោះទេ។ ក៏ប៉ុន្តែ លោកមានក្តីមន្ទិលចំពោះខ្ទង់ចំណាយរបស់រដ្ឋាភិបាល ថាតើលុយដែលបានស្នើសុំនោះនឹងត្រូវចំណាយទៅលើអ្វី ហើយតើវានឹងមានផលប៉ះពាល់យ៉ាងណា លើថវិការបស់ជាតិ។
«សម្រាប់ទស្សនៈរបស់ខ្ញុំ ខ្ញុំមិនចាប់អារម្មណ៍លើចំនួនលុយទេ ប៉ុន្តែខ្ញុំចាប់អារម្មណ៍ទៅលើប្រពៃណីមួយនៃការចាយលុយដែលមិនមាន! ដែលអត់មានបង្ហាញនូវការចំណាយខ្ទង់ចំណាយច្បាស់លាស់ ហើយខ្ញុំគិតថា បើយើងឃើញដាក់មក គឺ ៣.០០០លាន [រៀល] វាៗច្រើនណាស់»។
លោក សន ជ័យ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពប្រាប់ VOA ថា រដ្ឋាភិបាលមានភាពលម្អៀងក្នុងការចាត់ចែងលើពិធីបុណ្យសពរបស់មន្ត្រីគណបក្សកាន់អំណាច និងគណបក្សប្រឆាំង ដោយលោកបានសំដៅទៅពិធីបុណ្យសពរបស់លោក ប៉ែន សុវណ្ណ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាអតីតនាយករដ្ឋមន្ត្រី ដែលត្រូវបានរើសអើង សម្បីតែកន្លែងបូជាសពរបស់លោក។ លោកបន្តថា រដ្ឋាភិបាលក៏មិនបានកំណត់ឲ្យបានច្បាស់នូវខ្ទង់ចំណាយ សម្រាប់ពិធីបុណ្យសពរបស់មន្ត្រីរដ្ឋាភិបាល។
«ខណៈពេលដែលយើងឃើញថា គ្រូបង្រៀន មន្ត្រីរាជការ ឬក៏ប៉ូលិស ទាហានដែលស្លាប់ទៅនោះ ហាក់បីដូចជា ទំហំទឹកប្រាក់ដែលត្រូវជួយដល់បុណ្យសពហ្នឹង គឺក្នុងចំនួនដែលតិចតួច។ ប៉ុន្តែនៅពេលដែល ឧបនាយករដ្ឋមន្ត្រី ដូចលោក សុខ អានហ្នឹងគាត់ ស្លាប់ស្រាប់តែបាន ការឯកភាពពីរដ្ឋាភិបាលនៅក្នុងការដកលុយពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រហូតដល់ចំនួន ប្រមាណជា ជាង ៧០ម៉ឺនដុល្លារអាមេរិកឯណោះ»។
លោកបន្ថែមថា ច្បាប់មួយស្តីពីការចំណាយលើពិធីបុណ្យនានាដល់មន្ត្រីរដ្ឋាភិបាល គួរតែត្រូវបានតាក់តែងដោយសភាជាតិ។
យោងតាមជីវប្រវត្តិសង្ខេបរបស់លោក សុខ អាន ដែលបានបង្ហោះនៅលើគេហទំព័ររបស់អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងថា លោក សុខ អាន កើតនៅថ្ងៃទី ១៦ ខែមេសា ឆ្នាំ១៩៥០ នៅឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។
ក្នុងជីវិតការងារលោក សុខ អាន បានបំពេញតួនាទី និងកាន់មុខតំណែងជាច្រើននៅក្នុងរដ្ឋាភិបាលកម្ពុជា។ លោកជាអតីតអ្នកការទូត សាស្ត្រាចារ្យ អ្នកការពារវប្បធម៌ខ្មែរ និងជាអ្នកបើកផ្លូវឲ្យមានការកាត់ទោសមេដឹកនាំខ្មែរក្រហម ហើយក៏ជាប្រធានអាជ្ញាធរជាតិ និង កាន់កាប់ក្រុមប្រឹក្សា ជាង១០ស្ថាប័ន ក្នុងនោះមានអាជ្ញាធរជាតិអប្សរាអាជ្ញាធរជាតិប្រេងកាតកម្ពុជា ប្រធានគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ប្រធានក្រុមប្រឹក្សាភិបាល រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ និងប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាលជាដើម។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងលើទំព័រហ្វេសប៊ុករបស់លោក ក្រោយការស្លាប់លោក សុខ អាន ថា លោក សុខ អាន បានចែករំលែកនូវបទពិសោធន៍ជាច្រើន ក្នុងកិច្ចការនយោបាយទាំងក្នុងនិងក្រៅប្រទេស។
លោកបានសរសេរក្នុងន័យដើមថា៖
«ជាងដប់ឆ្នាំ ដែលមានឱកាសការងារជាមួយ សម្តេច វិបុលបញ្ញា សុខ អាន។ ខ្ញុំជាមួយមន្ត្រីដទៃទៀត គឺយល់ប្រាកដថា ទទួលចំណេះដឹង ទូលំទូលាយនូវនយោបាយ គោលការណ៍ យុទ្ធសាស្រ្ត និងជំហានយកប្រៀប និងការគ្រប់គ្រងស្ថានភាពជាដៃគូ នោះរាប់ទាំងថ្នាក់ជាតិ និងអន្តរជាតិ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃពុធ បានស្នើថវិកាចំនួន៧៥០.០០០ដុល្លារពីក្រសួងសេដ្ឋកិច្ច សម្រាប់រៀបចំពិធីបុណ្យសពលោក សុខ អាន ហើយបានក៏ប្រកាសតែងតាំងលោក ប៊ិន ឈិន ជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុក ជារដ្ឋមន្ត្រីស្តីទី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជំនួស លោក សុខ អាន ដែលបានទទួលមរណៈ។
លោក ប៊ិន ឈិន ក៏ត្រូវបានចាត់តាំងឲ្យធ្វើជាប្រធានគណៈកម្មការរៀបចំបុណ្យសព លោក សុខ អាន ផងដែរ។
ក្រុមមន្ត្រីនៃគណបក្សប្រជាជនកម្ពុជា មិនទាន់អាចបញ្ជាក់ថាតើឥស្សរជននយោបាយនៃគណបក្សកាន់អំណាចរូបណា ដែលនឹងមកកាន់តំណែង ជំនួសលោក សុខ អាន នៅទីស្តីការគណៈរដ្ឋមន្ត្រីបាននៅឡើយទេ។
គណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា និងរដ្ឋមន្ត្រី មួយចំនួនបានចេញលិខិតនៅថ្ងៃព្រហស្បតិ៍នេះដែរ ដោយបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពលោក សុខ អាន។ ក្រុមមេដឹកនាំនៃគណបក្សប្រឆាំង ពុំទាន់មានការចេញសេចក្តីថ្លែងការណ៍ណាមួយចំពោះការស្លាប់របស់លោក សុខ អាននោះទេ។
ដោយឡែកស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍លើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃព្រហស្បតិ៍ដដែលនេះ ដើម្បីសម្ដែងនូវការរំលែកទុក្ខដ៏ជ្រាលជ្រៅជាមួយក្រុមគ្រួសារលោក សុខ អានផងដែរ។ ស្ថានទូតសហរដ្ឋអាមេរិក ក៏បានចាត់ទុកថា លោក សុខ អាន មានជីវិតការងារគួរឲ្យកត់សម្គាល់ នៅក្នុងវិស័យអប់រំ សេដ្ឋកិច្ច សាសនា ការអភិរក្សវប្បធម៌ និងវិស័យកាទូត។
ស្ថានទូតសហរដ្ឋអាមេរិកបានបញ្ជាក់ថា លោក សុខ អាន បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតសាលាក្តីខ្មែរក្រហម ក្នុងតួនាទីលោក ជាប្រធាន ក្រុមការងាររបស់សាលាក្តីខ្មែរក្រហម។
សពលោក សុខ អាន នឹងតម្កល់ទុកក្នុងរយៈពេលបួនថ្ងៃ ហើយការបូជាសពរបស់លោក នឹងធ្វើឡើងនៅថ្ងៃទី ១៩ ខែ មិនា នៅវត្តបទុមវត្តី រាជធានីភ្នំពេញ។
ស្របពេលដែលការចំណាយបុណ្យសពលោក សុខ អាន ដែលគ្រោងថានឹងចាយអស់ជិត១លានដុល្លារ អាមេរិកនោះ អ្នកជំនាញខាងហិរញ្ញវត្ថុនិយាយថា ប្រជាជនកម្ពុជាដែលភាគច្រើនជាកម្មករត្រូវគេដឹងថា រកចំណូលបានត្រឹមតែជាង $២ដុល្លារអាមេរិក ឬជាង ៨.០០០រៀលប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ ប្រទេសកម្ពុជាដ៏ក្រីក្រមួយនេះ ក៏ត្រូវគេដឹងថា នៅបន្តពឹងផ្អែកលើកម្ចីពីបរទេស និងជំនួយដែលភាគច្រើនបានមកពីប្រទេសចិន ហើយបំណុលរបស់ប្រទេសនេះត្រូវគេដឹងថាមានចំនួនរាប់រយលានដុល្លារផងដែរ៕