អតីតនាយករដ្ឋមន្ត្រីថៃលោក Thaksin Shinawatra ទទួលបានការដោះលែងមុនកាលកំណត់ ក្រោយជាប់ពន្ធនាគារអស់រយៈពេល ៦ខែ ក្នុងទោសដែលត្រូវជាប់រយៈពេល ១ ឆ្នាំ។
សារព័ត៌មានថៃនានាបានផ្សព្វផ្សាយថា លោក Thaksin ដែលមានអាយ ៧៤ ឆ្នាំ ស្ថិតក្នុងចំណោមអ្នកទោសចំនួន ៩៣០ នាក់ ដែលត្រូវទទួលបានការដោះលែង ដោយសារហេតុផលសុខភាព ឬវ័យចំណាស់។
លោក Thaksin ត្រូវបានឃុំខ្លួនកាលពីខែសីហាឆ្នាំមុន ក្រោយពីវិលត្រឡប់ចូលប្រទេសថៃវិញបន្ទាប់ពីរស់នៅនិរទេសខ្លួននៅក្រៅប្រទេសអស់រយៈពេល ១៥ ឆ្នាំ ដើម្បីគេចវេសពីការជាប់ពន្ធនាគារ ក្រោយពីត្រូវបានកាត់ទោសពីបទពុករលួយជាច្រើនករណីមក។ លោកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ៨ ឆ្នាំ ប៉ុន្តែត្រូវបានព្រះមហាក្សត្រថៃ Maha Vajiralongkorn កាត់បន្ថយរយៈពេលជាប់ទោសមកនៅត្រឹមមួយឆ្នាំវិញ។ លោកបានចំណាយពេលស្ទើរតែទាំងអស់នៅក្នុងមន្ទីរពេទ្យប៉ូលិស ដើម្បីព្យាបាលអាការៈរោគដែលមិនត្រូវបានប្រាប់ឱ្យដឹង។
មហាសេដ្ឋីព័ត៌មានរូបនេះត្រូវបានជាប់ឆ្នោតក្លាយជានាយករដ្ឋមន្ត្រីថៃលើកដំបូងក្នុងឆ្នាំ ២០០១ និងទទួលបានភក្តីភាពជាខ្លាំងក្នុងចំណោមពលរដ្ឋថៃនៅតាមតំបន់ជនបទក្រីក្ររបស់ប្រទេសនេះ លើគោលនយោបាយមួយចំនួន ដូចជាការថែទាំសុខភាព និងការផ្តល់ប្រាក់កាសជូនដល់ប្រជាកសិករក្រីក្រជាដើម។
លោកបានវិលត្រឡប់មកប្រទេសថៃវិញ ស្របពេលដែលគណបក្សភឿថៃរបស់លោកទទួលបានការដឹកនាំរដ្ឋាភិបាលថៃ បើទោះជាទទួលបានចំណាត់ថ្នាក់លេខ ២ ក្នុងការបោះឆ្នោតសកលកាលពីខែឧសភាឆ្នាំមុនក៏ដោយ។
ទោះជាយ៉ាងនេះក្តី លោក Thaksin នៅប្រឈមនឹងគ្រោះថ្នាក់ផ្លូវច្បាប់នៅឡើយ ដោយកាលពីសប្តាហ៍មុនព្រះរាជ្ញអាជ្ញាបានចោទប្រកាន់លោក ពីបទប្រមាថបំពានលើរាជវង្សថៃដោយសារអត្ថាធិប្បាយរបស់លោកកាលពីជាង ១០ ឆ្នាំកន្លងទៅ៕
ព័ត៌មានខ្លះសម្រាប់សេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មានReuters និង Agence France-Presse។