អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា លើកឡើងថា កម្ពុជាបានបាត់បង់អ្នកនយោបាយដ៏សំខាន់មួយរូប ដែលហ៊ានប្រឆាំងនឹងវៀតណាម តែមិនសូវល្បីឈ្មោះ ដូចជាអតីតសហការីរបស់លោក ដែលបានក្ដោបក្ដាប់អំណាចក្នុងប្រទេសកម្ពុជាជាងបីទសវត្សរ៍មកនោះ។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីលោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ត្រីលើកដំបូងរបស់កម្ពុជា ក្រោយការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម បានទទួលមរណភាពកាលពីយប់ថ្ងៃសៅរ៍ទី ២៩ ខែតុលា ឆ្នាំ ២០១៦ ដោយរោគាពាធ នៅឯគេហដ្ឋានរបស់លោកក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។
អ្នកប្រវត្តិសាស្ត្រចាត់ទុកថា លោកប៉ែន សុវណ្ណ គឺជាវីរជនមួយរូប ដែលធ្វើពលីកម្ម ទាមទារសិទ្ធិសេរីភាពដល់ប្រជារាស្ត្រខ្មែរ ពីរបបខ្មែរក្រហម ឬ ប៉ុល ពត។
លោក ប៉ែន សុវណ្ណ គឺជាអតីតនាយករដ្ឋមន្ត្រីខ្មែរពីឆ្នាំ១៩៧៩-១៩៨១ មុនពេលលោកត្រូវរដ្ឋាភិបាលវៀតណាមចាប់យកទៅឃុំឃាំង ពីបទប្រឆាំងនឹងនយោបាយរបស់វៀតណាមនៅប្រទេសកម្ពុជា ជាពិសេសរឿងជនអន្តោប្រវេសន៍វៀតណាមនៅកម្ពុជា។
លោក យ៉ែម បុញ្ញាឫទ្ធិ អ្នកនាំពាក្យគណបក្សប្រឆាំង ប្រាប់ VOA កាលពីថ្ងៃអាទិត្យថា ការដាក់ឃុំឃាំងលោក ប៉ែន សុវណ្ណ អស់រយៈពេលជាង១០ឆ្នាំពីភាគីវៀតណាម បានធ្វើឲ្យលោក ប៉ែន សុវណ្ណ ធ្លាក់ខ្លួនឈឺ និងខកខានមិនបានចូលរួមកិច្ចការនយោបាយ ក្រោយពីលោកបានបំពេញតួនាទីជានាយករដ្ឋមន្ត្រីមួយរយៈពេលខ្លីប៉ុណ្ណោះ។
ក៏ប៉ុន្តែលោកថា គណបក្សប្រឆាំងមានការសោកស្ដាយចំពោះការបាត់បង់អ្នកនយោបាយខ្មែររូបនេះដោយហេតុថា លោក បានផ្ដល់ទស្សនៈនយោបាយ ក្នុងការកសាងគណបក្សសង្គ្រោះជាតិ និងបាននាំជោគជ័យជូនគណបក្សក្នុងការបោះឆ្នោតនាឆ្នាំ២០១៣។
«គាត់ជាមនុស្សមួយដ៏សំខាន់ ជាអ្នកប្រវត្តិសាស្ត្រ សាក្សីប្រវត្តិសាស្ត្រក៏ថាបាន ហើយគឺជាការចូលរួមចំណែករបស់គាត់ក្នុងគណបក្សសង្គ្រោះជាតិហ្នឹងមានសារៈសំខាន់មែនទែន ក្នុងការពន្យល់ផ្ដល់មតិយោបល់ ដល់យុវជនជំនាន់ក្រោយ ឲ្យយល់ឲ្យច្បាស់ ពីរឿងបញ្ហាជាតិបាទ»។
លោកបានឲ្យដឹងបន្តថា លោក ប៉ែន សុវណ្ណ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តកំពង់ស្ពឺ បានទទួលមរណភាពដោយជំងឺលើសឈាម និងទឹកនោមផ្អែម នៅឯគេហដ្ឋានរបស់លោកក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
លោក យ៉ែម បុញ្ញាឫទ្ធិ បញ្ជាក់ថា អតីតមេបដិវត្តន៍រូបនេះ បានបន្សល់ទុកកូនចិញ្ចឹម និងសាច់ញាតិនៅក្នុងខេត្តតាកែវ។
លោកថា គណបក្សមិនទាន់អាចធ្វើការពិចារណា រកអ្នកជំនួស តួនាទី ជាតំណាងរាស្ត្ររបស់លោក ប៉ែន សុវណ្ណ នៅមណ្ឌលខេត្តកំពង់ស្ពឺនោះនៅឡើយទេ ដោយត្រូវរង់ចាំដល់ការបញ្ចប់ទៅនៃពិធីបុណ្យសពដែលកំពុងរៀបចំនៅឯខេត្តតាកែវ។
លោក ប៉ែន សុវណ្ណ កើតនៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ១៩៣៦ នៅភូមិចានទាប ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។
លោកទទួលបានការបណ្ដុះបណ្ដាលយោធាជាន់ខ្ពស់ និងយោធានយោបាយសេដ្ឋកិច្ចនៅប្រទេសវៀតណាម។
ក្នុងចន្លោះពេលឆ្នាំ ១៩៧៩ ដល់១៩៨១ លោកគឺមេដឹកនាំបក្សបដិវត្តន៍កម្ពុជា។ នេះបើយោងទៅតាមប្រវត្តិសង្ខេបនៃអ្នកតំណាងរាស្ត្រ ដែលបានកត់ត្រាទុកនៅក្នុងឯកសាររបស់អង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែលស្ដីពីប្រវត្តិសង្ខេបតំណាងរាស្ត្រនីតិកាលទី៥ឆ្នាំ ២០១៣ ដល់២០១៨ ចេញផ្សាយកាលពីខែមករា ឆ្នាំ២០១៥។
ឯកសារដដែលបានបង្ហាញថា លោកបានក្លាយជាឧត្ដមទីប្រឹក្សាជាន់ខ្ពស់នៃគណបក្សសិទ្ធិមនុស្សពីឆ្នាំ ២០០៨ ដល់២០១២ នៅមុនពេលលោកជាប់ឆ្នោតជាតំណាងរាស្ត្រនាឆ្នាំ ២០១៣។
លោក សូ ចន្ថា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយប្រាប់ VOA កាលពីថ្ងៃអាទិត្យថា លោក ប៉ែន សុវណ្ណ ជាវីរជនខ្មែរម្នាក់ដែលមាននិន្នាការការពារប្រយោជន៍ខ្មែរ និងមិនគាំទ្រការដាក់បញ្ចូលនិគមវៀតណាមមកកម្ពុជា ក្រោយពីវៀតណាមបានជួយវាយផ្ដួលរបបខ្មែរក្រហម។
លោកថា លោក ប៉ែន សុវណ្ណ ជាអ្នកមានទស្សនៈនយោបាយបែបប្រជាធិបតេយ្យ។
លោកសាស្ត្រាចារ្យអះអាងថា ប្រសិនបើលោក ប៉ែន សុវណ្ណ រណបវៀតណាម នោះលោកអាចនឹងស្ថិតក្នុងអំណាចមកដល់ពេលបច្ចុប្បន្ន ហើយអាចផ្ដល់ឲ្យប្រជារាស្ត្រខ្មែរនូវការដឹកនាំដែលមានភាពជឿនលឿនជាងមេដឹកនាំខ្មែរនាពេលបច្ចុប្បន្ន ដោយសារលោកមិននិយមរបៀបរបបដឹកនាំបែបបក្សពួកនិយម ក៏ដូចជាការប្រព្រឹត្តអំពើពុករលួយ។
លោកថ្លែងថា ទោះបីជាអ្នកដឹកនាំប្រទេសសព្វថ្ងៃ បង្ហាញទំនោរងាកទៅរកប្រទេសចិន ដើម្បីប្រឆាំងវៀតណាម ក៏ទំនោរនេះនៅមិនទាន់អាចប្រដូចជាមួយលោក ប៉ែន សុវណ្ណបានដែរ។
«មកទល់ពេលបច្ចុប្បន្នរដ្ឋាភិបាល ហាក់ដូចជាមានទំនោរទៅចិន ក៏ប៉ុន្តែបើតាមខ្ញុំមើលទៅ ការដកខ្លួនឬការមានទំនោរទៅចិន របស់រដ្ឋាភិបាលបច្ចុប្បន្ននេះ យើងហាក់ដូចជាមិនទាន់មានជំនឿពិតប្រាកដទេ ពីព្រោះអី យើងឃើញហើយវៀតណាមមានឥទ្ធិពលខ្លាំងមកលើកម្ពុជា ជាពិសេសរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នតាំងពីសម័យអតីតកាលមក។ អញ្ចឹងយើងពិបាកហ្នឹងស្មានបានថា តើការណ៍ដែលងាកទៅចិនរបស់រដ្ឋាភិបាល ជាការពិតឬ ជាការឆាកល្ខោននយោបាយ»។
លោក សំបូរ ម៉ាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរ មានប្រសាសន៍ប្រាប់ VOA កាលពីល្ងាចអាទិត្យថា លោក ប៉ែន សុវណ្ណ គឺស្ថិតនៅក្នុងចំណោមឥស្សរជនខ្មែរនានា ដែលបានរួមដៃគ្នាវាយផ្ដួលរបបកម្ពុជាប្រជាធិបតេយ្យ ហើយថា គុណសម្បត្តិនេះ អាចបញ្ជាក់ថា លោកប៉ែន សុវណ្ណ ជាវីរជនមួយរូប ដែលបានគិតគូពីការលំបាករបស់ប្រជារាស្ត្រខ្មែរដែលបានរស់ក្រោមការកាប់សម្លាប់នាសម័យកម្ពុជាប្រជាធិបតេយ្យឬខ្មែរក្រហមនោះ។
លោកបន្តទៀតថា លោក ប៉ែន សុវណ្ណ ពិតមានគំនិតជួយស្រោចស្រង់ប្រជារាស្ត្រខ្មែរ ដោយលោកខិតខំកៀរគរ កម្លាំងជាតិខ្មែរដែលមានការបែកបាក់ក្នុងរបបខ្មែរក្រហម ឲ្យរួមគ្នារើបម្រាស់តស៊ូយករបបគ្រប់គ្រងថ្មីមកកម្ពុជា តែលោក ប៉ែន សុវណ្ណមិនទាន់អាចត្រូវបានចាត់ទុកថាជាវីរបុរសម្នាក់នោះទេ។
«ទស្សនៈរបស់ខ្ញុំ គឺគាត់ជាអ្នកស្រឡាញ់ខ្មែរ ព្រោះគាត់បានធ្វើអ្វីៗ ដើម្បីខ្មែរតាំងពីដើមទី។ បើយើងមើលប្រវត្តិរបស់លោក គឺគាត់បានចូលរួមចំណែកនៅក្នុងការដោះស្រាយ បញ្ហានៃវិបត្តិនៅឆ្នាំ១៩៧៨ ហើយបានធ្វើកិច្ចការជាច្រើនដើម្បីបំពេញកាតព្វកិច្ច ក្រោយពីឆ្នាំ ១៩៧៩តទៅទៀត។ អញ្ចឹងគឺគាត់ជាអ្នកស្រឡាញ់ខ្មែរហើយ គឺគាត់សុខចិត្តរស់នៅស្រុកខ្មែរ សុខចិត្តមកធ្វើកិច្ចការនៅស្រុកខ្មែរ និងសុខចិត្តធ្វើកិច្ចការទាំងឡាយ ដើម្បីជាគំនិតដែលខ្លួនគាត់បានគិតនោះ ដើម្បីខ្មែរតែត្រង់ថាគាត់បានទទួលបានជោគជ័យ មិនបានទទួលនូវលទ្ធផលល្អនោះ វាជារឿងដំណាក់នៃវិបត្តិដូចខ្ញុំនិយាយខាងដើម នៃការជួបគ្នាអម្បាញ់មិញហ្នឹង គឺហានិភ័យនៃដំណើរការអភិវឌ្ឍន៍បាទ»។
ទាក់ទិនការបាត់បង់អំណាចរបស់លោក ប៉ែន សុវណ្ណ លោក សំបូរ ម៉ាណ្ណារ៉ា មិនធ្វើការអធិប្បាយថា ក្រុមមេដឹកនាំប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ពិតជាបានដណ្ដើមអំណាចពីលោក ប៉ែន សុវណ្ណនោះឡើយ ដោយលោកបានពន្យល់ថា ការបាត់បង់មុខនាទីជានាយករដ្ឋមន្ត្រីរបស់លោក ប៉ែន សុវណ្ណ គឺផ្ដើមចេញពីការវិវត្តន៍នៃស្ថានការណ៍នយោបាយនាក្រោយឆ្នាំ ១៩៧៩។
មេដឹកនាំគណបក្សប្រឆាំង បានហៅលោក ប៉ែន សុវណ្ណ ថាជាអ្នកមានឥទ្ធិពលខ្លាំងបំផុត នៅក្រោយការដួលរលំនៃរបបកុម្មុយនិស្តជ្រុលនិយមខ្មែរក្រហម ដោយសារលោក ប៉ែន សុវណ្ណ គឺជាអគ្គលេខាធិការគណបក្សប្រជាជនបដិវត្តន៍កម្ពុជា។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងលើទំព័រFacebookរបស់លោក កាលពីថ្ងៃអាទិត្យ ដោយបញ្ជាក់ពី ក្តីគោរព របស់លោកចំពោះវិញ្ញាណក្ខន្ធ លោក ប៉ែន សុវណ្ណ ដែលជានាយករដ្ឋមន្ត្រីដំបូងគេបង្អស់ នៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា និងជាបិតា៧មករា ឆ្នាំ ១៩៧៩។
មេបក្សប្រឆាំងរូបនេះ បានអះអាងថា នៅចុងឆ្នាំ១៩៨១ លោក ប៉ែន សុវណ្ណ ត្រូវបានកងទ័ពវៀតណាមចាប់យកទៅដាក់ពន្ធនាគារនៅទីក្រុងហាណូយ ដោយសារលោក ប៉ែន សុវណ្ណ ហ៊ានប្រឆាំងគម្រោងផែនការ «ក៥» ដែលជាការរៀបចំកេណ្ឌប្រជាពលរដ្ឋឲ្យទៅស្លាប់រាប់សែននាក់ ដោយគ្រុនចាញ់ និងជាន់មីន ក្រោមលេសការពារព្រំប្រទល់ដែន ខ្មែរ-ថៃ។
លោកសម រង្ស៊ី ឲ្យដឹងបន្ថែមថា លោកប៉ែន សុវណ្ណ ត្រូវបានជំនួសដោយលោក ចាន់ ស៊ី ដែលក្រោយមកត្រូវភ្នាក់ងារសម្ងាត់របស់ប្រទេសវៀតណាម លួចសម្លាប់ ដោយសារតែមេដឹកនាំខ្មែររូបនេះ មិនចុះសម្រុងនយោបាយឈ្លានពាន និងនយោបាយអាណានិគមនិយមរបស់ប្រទេសវៀតណាមក្នុងទិដ្ឋភាពមួយចំនួន មានទាំងផែនការ ក៥ និងការបង្ខិតព្រំដែនចូលមកក្នុងទឹកដីប្រទេសកម្ពុជា។
ចាប់ពីឆ្នាំ១៩៨៥មក លោក ចាន់ ស៊ី ត្រូវបានជំនួសដោយលោក ហ៊ុន សែន ជានាយកមន្ត្រីខ្មែរនាពេលបច្ចុប្បន្ននេះ។
គណបក្សគ្រប់គ្រងប្រទេសដែលគេដឹងថា បានកើតចេញពីគណបក្សប្រជាជនបដិវត្តន៍កម្ពុជា មិនបានមើលឃើញពីគុណតម្លៃនៃការលះបង់របស់លោក ប៉ែន សុវណ្ណ ក្នុងចលនាវាយផ្ដួលរំលំរបបខ្មែរក្រហមនោះទេ ដោយសំអាងថា លោកប៉ែន សុវណ្ណ បានធ្វើការតស៊ូនៅប្រទេសវៀតណាម តែខកខានមិនបានជួយចលនាតស៊ូក្នុងប្រទេសកម្ពុជា។
យ៉ាងណាក៏ដោយមន្ត្រីជាន់ខ្ពស់នៃគណបក្សនេះ បានបង្ហាញការសោកស្ដាយ ចំពោះការបាត់បង់អតីតអគ្គលេខាធិការគណបក្សប្រជាជនបដិវត្តន៍កម្ពុជារូបនេះ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ទទួលស្គាល់ថា លោក ប៉ែន សុវណ្ណ គឺជាអ្នកតស៊ូ ក៏ប៉ុន្តែអ្នកនយោបាយរូបនេះ មិនមានជំហរដាច់ខាតក្នុងការប្រឆាំងនឹងក្រុមកុម្មុយនិស្តខ្មែរក្រហមនោះទេ បើធៀបនឹងឥស្សរជននយោបាយខ្មែរដែលកំពុងគ្រប់គ្រងអំណាចរដ្ឋសព្វថ្ងៃនេះ។
លោកប្រាប់ VOA បន្ថែមថា លោក ប៉ែន សុវណ្ណា មានជំហរប្រឆាំងវៀតណាម គឺស្មើនឹងចង់ឲ្យក្រុមប៉ុល ពត វិលមកគ្រប់គ្រងកម្ពុជាសារជាថ្មី។
លោកបញ្ជាក់ទៀតថា ប្រសិនបើ លោក ប៉ែន សុវណ្ណ បន្តស្ថិតក្នុងអំណាចនោះ នោះការបង្រួបបង្រួមជាតិ ដែលឈានដល់ការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នឹងមិនបានកើតឡើងចំពោះប្រជារាស្ត្រខ្មែរនោះឡើយ។
«បើសិនណាជា ប៉ែន សុវណ្ណនៅ គឺប្រាកដជារបបប្រល័យពូជសាសន៍ត្រឡប់មកវិញ ហើយមិនអាចរកឃើញ នយោបាយបង្រួបបង្រួមជាតិ ឈានដល់កិច្ចព្រមព្រៀងប៉ារីសទេ។ យើងដឹងហើយថា ប៉ែន សុវណ្ណ ប្រឆាំងនឹងផែនការ ក៥ ហើយផែនការ ក៥ ហើយផែនការ ក៥ ជាអ្វី? គឺជាផែនការទប់ស្កាត់ ការវិលត្រឡប់របស់ពួក ប៉ុល ពត មិនឲ្យចូលមកសាបព្រោះ អំពើប្រល័យពូជសាសន៍ ជាថ្មីម្ដងទៀត ចំពោះប្រជាជនកម្ពុជានៅទូទាំងប្រទេស។ ហេតុដូច្នេះ កាលណាគាត់ប្រឆាំងនឹងផែនការ ក៥ បានសេចក្ដីថា គាត់ចង់ឲ្យរបបប្រល័យពូជសាសន៍មកវិញ»។
លោក សុខ ឥសាន ថ្លែងបន្តថា លោក ប៉ែន សុវណ្ណ មិនមែនជាបិតាថ្ងៃ៧មករានោះឡើយ ព្រោះលោកមិនបានចូលរួមកសាងរណសិរ្សសាមគ្គីសង្គ្រោះជាតិថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨នោះទេ។
លោកនិយាយថា លោក ប៉ែន សុវណ្ណ បានមកដល់កម្ពុជា ក្រោយការទទួលជ័យជម្នះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ជាពេលដែលលោក ប៉ែន សុវណ្ណ មកក្ដោបក្ដាប់អំណាចតែម្តង។
ថ្ងៃ៧មករាឆ្នាំ១៩៧៩គឺជាថ្ងៃដែលគណបក្សប្រជាជនកម្ពុជាបានចាត់ទុកថាប្រទេសកម្ពុជាត្រូវបានរំដោះទាំងស្រុងចេញពីរបបគ្រប់គ្រងដោយពួកខ្មែរក្រហមចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ ហើយជាថ្ងៃកំណើតទី២របស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដែលបានរស់រានមានជីវិតឡើងវិញ។
ថ្វីដ្បិតតែលោកជាអតីតមេដឹកនាំកំពូលក្នុងការរំដោះប្រទេសកម្ពុជាពីរបបប៉ុល ពតក្ដី លោក ប៉ែន សុវណ្ណ បានអះអាងកាលគ្រាលោកនៅមានជីវិតថា ដោយសារតែថ្ងៃ៧ខែមករានេះហើយ បានធ្វើឲ្យបូរណភាពទឹកដីកម្ពុជាបាត់បង់ និងប្រជាពលរដ្ឋខ្មែរជាច្រើននាក់បានស្លាប់ដោយសារតែផែនការ «ក៥»។
នៅគ្រាដែលពិធីបុណ្យសពលោក ប៉ែន សុវណ្ណកំពុង ត្រូវបានរៀបចំនៅឯគេហដ្ឋានរបស់លោកក្នុងខេត្តតាកែវ គណបក្សប្រឆាំងបានប្រកាសថា គណបក្សនឹងកាន់ទុក្ខមរណភាពលោក ប៉ែន សុវណ្ណចំនួន៧ថ្ងៃ គឺគិតចាប់ពីថ្ងៃទី៣០ខែតុលា។
នៅមុនពេលលោកទទួលមរណភាព លោក ប៉ែន សុវណ្ណ ធ្លាប់ផ្ដល់ការគាំទ្រឲ្យកំណត់អាណត្តិនាយករដ្ឋមន្ត្រីដើម្បីចៀសវាងការដឹកនាំទៅរករបបផ្ដាច់ការ និងបក្ខពួកនិយម៕