លោក​ឆាំង សុង​ឈឺ​ធ្ងន់​ ហើយ​គ្រួសារ​រំពឹង​ថា​ លោក​អាច​ជម្នះ​បាន

លោក ឆាំង សុង អតីតសមាជិកគណៈរដ្ឋមន្ត្រីនៃរបបសាធារណរដ្ឋខ្មែរ មុនពេលធ្លាក់ខ្លួនឈឺធ្ងន់ដោយត្រូវសម្រាកព្យាបាលជំងឺក្នុងបន្ទប់សង្គ្រោះអ្នកជំងឺកម្រិតធ្ងន់។ (រូបថតដោយបណ្តាញសង្គម Chhang Song)

លោក ​ឆាំង សុង​ អតីត​រដ្ឋមន្ត្រី​ក្រសួង​ឃោសនាការចុង​ក្រោយ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​ដែល​សហរដ្ឋ​អាមេរិក​គាំទ្រ​ក្នុង​អំឡុង​ទសវត្សរ៍​១៩៧០​កំពុង​តែ​ស្ថិត​ក្នុង​ស្ថានភាព​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ Long Beach Memorial ​ក្នុង​ទីក្រុង​ Long Beach​ (ឡុងប៊ិច) រដ្ឋ​ California​ តាំង​ពីថ្ងៃទី​១៣​ ខែឧសភា។​

អតីត​រដ្ឋមន្ត្រី​ដែល​មាន​វ័យ​៨២ឆ្នាំ​រូបនេះ​កំពុង​ប្រឈម​នឹង​ជំងឺ​បេះដូង​ រលាក​តម្រង​នោម​ និង​លើស​ឈាម។​ នេះ​បើ​តាម​អ្នកស្រី ​ស៊ុម សារុន ​ជា​ភរិយា​របស់​លោកដែល​បាន​បញ្ជាក់​ប្រាប់​វីអូអេ។​

អតីត​រដ្ឋមន្ត្រី​វ័យក្មេង​ជាង​គេ​បំផុត​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​របស់​លោក​សេនា​ប្រមុខ​ លន់ នល់​ ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថាជា​អ្នក​ដែល​បាន​ចូលរួម​ចំណែក​ជួយ​ដល់​សមាជិក​សហគមន៍​ខ្មែរ​ជា​ច្រើន​ដែល​បាន​រត់​ភៀសខ្លួន​មក​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​អំឡុង​ទសវត្សរ៍​១៩៨០។​

លោក ឆាំង​ សុង ពាក់​អាវ​ទាហាន​ឈរ​ខាង​ឆ្វេង​ដៃ លោក អំ រ៉ុង​ អ្នក​នាំពាក្យ​របស់​លោក​លន់​ នល់ នៅ​សន្និសីទ​សារព័ត៌មានមួយ​សម័យ​សាធារណរដ្ឋ​ខ្មែរ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា/បណ្តុំឯកសារ លន់​ នល់)

សន្និសីទ​សារព័ត៌មាន​ជាមួយ​អ្នក​នាំពាក្យ​របស់​លោក​លន់​ នល់ គឺ​លោក អំ រ៉ុង​ ក្នុង​ឆ្នាំ១៩៧០។ ជំនួយ​ការ​របស់​គាត់​គឺ​លោក ឆាំង​ សុង​ ឈរ​នៅ​ខាងស្តាំ​ដោយ​មាន​សញ្ញា​សម្គាល់​នៅ​លើ​ដៃអាវ​ខាង​ឆ្វេង ដែល​ក្រោយ​មក​ត្រូវ​បាន​តែង​តាំង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​នៃ​សាធារណរដ្ឋ​ខ្មែរ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា/បណ្តុំឯកសារ លន់​ នល់)

មាន​ស្រុក​កំណើត​នៅ​ស្រុក​ព្រៃ​កប្បាស ​ខេត្ត​តាកែវ ​លោក​ ឆាំង សុង ​កើត​នៅ​ថ្ងៃ​ទី៥​ ខែ​ឧសភា​ ឆាំ្ន​១៩៣៩។​ លោក​គឺ​ជា​កូន​របស់​តាម៉ក់​យាយផូ​ និង​ជា​កូន​សិស្ស​សាលា​វត្ត​ព្រៃល្វា​ខេត្ត​តាកែវ​ ដែល​រៀន​ពូកែ​ និង​ទទួល​បាន​អាហារូបករណ៍​មក​រៀន​នៅ​សហរដ្ឋ​អាមេរិក​ផ្នែក​កសិកម្ម​នៅ​សាកល​វិទ្យាល័យ​រដ្ឋ ​Louisiana។​ លោក​ក៏​បាន​ចេះ​ដឹង​ជ្រៅជ្រះ​ពី​អក្សរសាស្ត្រ​បារាំង​ដោយសារ​លោក​បាន​សិក្សាមុន​ពេល​លោក​ត្រឡប់​ពី​សហរដ្ឋ​អាមេរិក​ទៅ​ប្រទេស​កម្ពុជា​វិញ​នៅ​ចុង​ទសវត្សរ៍​១៩៦០។​

ក្រោយ​ពី​លោក ​ឆាំង សុង​ បាន​ទៅ​ដល់​ប្រទេស​កម្ពុជា​ ​សង្គ្រាម​វៀតណាម​កាន់​តែ​រីកធំ​ ហៀរ​ចូល​ប្រទេស​កំណើត​របស់​លោកក្រោយ​ពី​មាន​ឃាតកម្ម​សម្លាប់​លោក​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​John F Kenndy​ នៅ​ថ្ងៃ​២២ ​ខែ​វិច្ឆិកា ​ឆ្នាំ​១៩៦៣ ​នៅ​ក្រុង​ Dallas​ រដ្ឋ Texas​ នៅ​សហរដ្ឋ​អាមេរិក ​និង​ក្រោម​រដ្ឋបាល​លោក​អតីត​ប្រធានាធិបតី​ Lyndon Johnson ​និង​លោក​អតីត​ប្រធានាធិបតី ​Richard Nixon។​ ក្រុម​វៀតកុង​ដែល​ជា​កងទ័ព​វៀតណាម​ខាង​ជើង​បាន​បង្កើត​ផ្លូវ​លំ​ហូជីមិញ​ក្នុង​ប្រទេស​កម្ពុជា​ និង​តាម​សេចក្តី​រាយការណ៍​នានា​គឺ​ដោយ​សារ​មាន​ការ​បើក​ដៃ​ពី​រដ្ឋាភិបាល​សង្គម​រាស្ត្រ​និយម​របស់​សម្ដេច​ព្រះនរោត្តមសីហនុ ​ដើម្បី​ដឹក​អាវុធ​ទៅ​វាយ​ប្រហារ​កងទ័ព​វៀតណាម​ខាងត្បូង​ និង​សហរដ្ឋ​អាមេរិក​ដែល​នាំ​ឲ្យ​មាន​ការ​ទម្លាក់​គ្រាប់​បែក​របស់​សហរដ្ឋ​អាមេរិក​លើ​ផ្នែក​ភាគ​ខាង​កើត​ប្រទេស​កម្ពុជា​ជាប់​ព្រំដែន​វៀតណាម​ខាងត្បូង។

ក្រោយ​ការ​ទម្លាក់​សម្តេច​នរោត្តម ​សីហនុ​ចេញ​ពី​តំណែង​ប្រមុខ​រដ្ឋតាម​រយៈ​រដ្ឋប្រហារ ក្រុម​យោធា​បាន​បង្កើត​របប​សាធារណរដ្ឋ​ខ្មែរ​ដឹកនាំ​ដោយ​លោក​សេនា​ប្រមុខ ​លន់ នល់ ​និង​មាន​ការ​គាំទ្រ​ពី​សហរដ្ឋ​អាមេរិក។​

និស្សិត​ដែល​បាន​មក​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​រដ្ឋាភិបាល​ថ្មី​ចាប់​អារម្មណ៍​និង​ទុក​ចិត្ត។ ​ជា​ពិសេស​លោក​ ឆាំង សុង ​បាន​ក្លាយ​ជា​មនុស្ស​ជំនិត​របស់​លោក​ប្រធានាធិបតី ​លន់ នល់ ​និង​បាន​ក្លាយ​ជា​រដ្ឋមន្ត្រី​ក្រសួង​ឃោសនា​ការ​របស់​រដ្ឋាភិបាល​សាធារណរដ្ឋ​ខ្មែរ​ពី​ថ្ងៃទី​១៦ ​ខែ​មិថុនា ​ឆ្នាំ​១៩៧៤ ​រហូត​ដល់​ចុង​ខែ​មីនា​ ឆ្នាំ​១៩៧៥។​ នៅ​ពេល​នោះ​លោក ​ឆាំង សុង​បាន​ក្លាយ​ជា​លេខា​ព័ត៌មាន​ផ្ទាល់​របស់​លោក ​លន់ នល់។​

នៅថ្ងៃ​ទី១​ ខែ​មេសា ឆ្នាំ​១៩៧៥ ​ លោក​ ឆាំង សុង​ បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ជាមួយ​លោក ​លន់ នល់ ​គឺ​១៦​ថ្ងៃ​មុន​ពេល​ខ្មែរក្រហម​ឡើង​កាន់​អំណាច​នៅ​ថ្ងៃ​ទី១៧​ ខែ​មេសា ​ឆ្នាំ១៩៧៥។​ នេះ​បើ​តាម​លោក​ វ៉ាន់ ស​ អតីត​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​របស់​រដ្ឋាភិបាល​លោក ​ឡុង បូរ៉េត ​ដែល​បាន​ឡើង​កាន់​អំណាច​រយៈ​ពេល​ពីរ​សប្តាហ៍​ចុង​ក្រោយ។​

ដោយ​មាន​តួនាទី​ជា​អតីត​រដ្ឋមន្ត្រី​ឃោសនាការ ​និង​ជា​អ្នក​នាំពាក្យ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​លោក ​ឆាំង សុង ​ដែល​កាល​ណោះ​អាយុ​៣៥​ឆ្នាំ​បាន​ក្លាយ​ជា​សាក្សី​រស់​អំពី​ព្រឹត្តិការណ៍​នៅ​មុន ​និង​នៅ​ពេល​របប​ខ្មែរក្រហម​ដ៏​ប្រល័យ​ចូល​កាន់​អំណាច។​ បើ​ទោះជា​របប​ដែល​លោក​បម្រើការ​បាន​ចាញ់​សង្គ្រាម​ខ្មែរ​ក្រហម​ក៏ដោយក៏​លោក​នៅ​តែ​រកវិធី​ជួយ​សង្គ្រោះ​ពលរដ្ឋ​ខ្មែរដោយ​បាន​បង្កើត​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឈ្មោះខេមរៈសង្គ្រោះ (Save Cambodia Inc) ​នៅ​ទីក្រុង Arlington​ រដ្ឋ​ Virginia ​ជួយ​ជន​ភៀសខ្លួន​ខ្មែរ​ក្នុង​ការ​តាំង​លំនៅ​នៅ​សហរដ្ឋ​អាមេរិក។​ លោក​បាន​ចូល​សញ្ជាតិ​អាមេរិកាំង​នៅ​ឆ្នាំ​១៩៨៧។

លោក ឆាំង សុង អតីតសមាជិកគណៈរដ្ឋមន្ត្រីនៃរបបសាធារណរដ្ឋខ្មែរ មុនពេលធ្លាក់ខ្លួនឈឺធ្ងន់ដោយត្រូវសម្រាកព្យាបាលជំងឺក្នុងបន្ទប់សង្គ្រោះអ្នកជំងឺកម្រិតធ្ងន់។ (រូបថតដោយបណ្តាញសង្គម Chhang Song)

អង្គការខេមរៈសង្គ្រោះ (Save Cambodia Inc.) ​បាន​ធ្វើ​ការ​ជាមួយ​លោក​ Bob Dole ​អតីត​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ និង​លោក ​Stephen Solarz អតីត​សមាជិក​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ​សិទ្ធិ ប៊ួវ៉ាត់ ​បុគ្គលិក​សង្គមកិច្ច​នៅ​ក្រុង​ Seattle ​រដ្ឋ​វ៉ាស៊ីនតោន។​

លោក​បាន​ឲ្យ​ដឹង​ថា៖​ «គាត់​ដើរ​ជុំ​វិញ​សហរដ្ឋ។ ​អង្គការ​មួយ​ហ្នឹង​ទាក់ទង​នឹង​ការ​អប់រំ​ជន​ភៀស​ខ្លួន​ខ្មែរ​ឲ្យ​ចេះ​បើក​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដើម្បី​សុំ​លុយ​រដ្ឋ​តាម​ច្បាប់​ដើម្បី​ឆ្លៀត​ឱកាស​សុំ​លុយរដ្ឋ​យក​មក​ប្រើប្រាស់​ក្នុង​សហគមន៍​ខ្មែរ​មួយៗ​ក្នុង​សហរដ្ឋ​ហ្នឹង។​ សម័យ​នោះ​ជនភៀស​ខ្លួន​ពិបាក​អូន។ ​ជន​ភៀសខ្លួន​ខ្មែរ​មាន​ការ​លំបាក​ជាខ្លាំង​ទីមួយ​គឺ​ភាសា។​ ជនភៀស​ខ្លួន​ខ្មែរ​ភាគ​ច្រើន​សល់​ពី​ស្លាប់»។​

លោក​ សិទ្ធិ ប៊ួវ៉ាត់​ បន្ត​ថា អ្នក​សល់​ពីស្លាប់​សម័យ​ប៉ុល​ពត​មិន​សូវ​មាន​ការ​ចេះដឹង​ទេ​ ព្រោះ​ខ្មែរក្រហម​បាន​សម្លាប់​បញ្ញវន្ត។​

នៅ​ចន្លោះ​ឆ្នាំ ​១៩៧៩​ ដល់ ​១៩៩១​ បណ្តាញ​ព័ត៌មាន​នានា​និង​ទូរទស្សន៍​បាន​ចាប់​អារម្មណ៍​នឹង​ការងារ​របស់​អង្គការ​ខេមរៈសង្គ្រោះ (​Save Cambodia Inc.) ​ហើយ​ក៏​បាន​សម្ភាស​លោក ​ឆាំង សុង ​អំពី​ព្រឹត្តិការណ៍​សង្គ្រាម​ចុង​ក្រោយ​រវាង​ខ្មែរក្រហម​និង​របប​សាធារណរដ្ឋ​ខ្មែរ​ផង​ដែរ។​

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ​Ronald Reagan ​នៅ​ឆ្នាំ​១៩៨៣​បាន​លើក​ឡើង​ថា អង្គការខេមរៈសង្គ្រោះ​ (Save Cambodia Inc.) ​របស់​លោក​ ឆាំង សុង​ គួរ​តែ​បាន​មេដាយ​ប្រធានាធិបតី។ នេះ​បើតាម ​Columbus Free Press ​និង​ Scoop Independence News។​

លោក ​ឆាំង យុ ​ប្រធាន​មជ្ឈមណ្ឌល​ឯកសារកម្ពុជា​ដែល​ជាប្អូន​ជីដូន​មួយ​របស់​លោក ​ឆាំង សុង​ បាន​ប្រាប់​វីអូអេ​តាម​អ៊ីមែល​កាល​ពី​ថ្ងៃ​អាទិត្យ​ថា៖​ «អង្គការខេមរៈសង្គ្រោះ​ (Save Cambodia Inc.) ​ឆ្លុះ​បញ្ចាំង​ពី​មូលហេតុ​ដែល​ប្រជាជន​កម្ពុជា​ភៀសខ្លួន​ចេញពី​ប្រទេស​គឺ​មិន​ត្រឹម​តែ​ដោយសារ​សង្គ្រាម​ប៉ុណ្ណោះ​ទេ​គឺ​ថែម​ទាំង​មាន​អំពើ​ប្រល័យ​ពូជសាសន៍​ផង​ដែរ»។

លោក ​ឆាំង សុង​ បាន​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​នៅឆ្នាំ​១៩៨៩ មុន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ថ្ងៃ​ទី​២៣ ​ខែ​តុលា​ ឆ្នាំ​១៩៩១​ ​ហើយ​ក្រោយ​មកនៅ​អំឡុង​ទសវត្សរ៍​១៩៩០​ ​លោក​បាន​ក្លាយ​ជា​ទីប្រឹក្សា​លោក ​ជា ស៊ីម​ អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។​ ជា​អតីត​និស្សិត​សេរី​និយម​រៀន​នៅ​សហរដ្ឋ​អាមេរិក លោក​បាន​ក្លាយ​ជា​សមាជិក​ព្រឹទ្ធ​សភា​មួយ​រយៈ​ខ្លី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ឆ្នាំ​១៩៩៩។

បទ​ពិសោធន៍​លោក​ ឆាំង សុង ​ជា​រដ្ឋមន្ត្រី​ឃោសនាការ​និង​ជា​អ្នក​នាំ​ពាក្យ​នៃ​រដ្ឋាភិបាល​សេរី​និយមបាន​ធ្វើ​ឲ្យ​លោក​ស្និទ្ធ​នឹង​អ្នក​សារ​ព័ត៌មាន​ជំនាន់​ក្រោយ។

លោក ឆាំង សុង (ឆ្វេង) អតីត​រដ្ឋមន្ត្រី​ព័ត៌មាន​សម័យសាធារណរដ្ឋ​ខ្មែរ ឈរ​ក្បែរ​លោក Carl Robinson អតីត​អ្នក​ឆ្លើយ​ឆ្លង​ឱ្យ​ទី​ភ្នាក់ងារ​ព័ត៌មាន AP ​នៅ​ក្នុង​ពិធីសម្ពោធ​ស្តូប​រំឭក​វិញ្ញាណ​ក្ខន្ធ​អ្នក​កាសែតស្លាប់ក្នុង​សង្គ្រាម​នៅ​កម្ពុជា​នៅ​រាជធានី​ភ្នំ​ពេញ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១០។

លោក​ មឿន ឈានណារិទ្ធ​ សាស្ត្រាចារ្យ​ផ្នែក​សារព័ត៌មាន​បាន​មាន​ប្រសាសន៍​ថា​ លោក​ ឆាំង សុង​ ជា​គំរូ​នៃ​វិជ្ជាជីវៈ​សារ​ព័ត៌មាន​សម្រាប់​អ្នក​សារ​ព័ត៌មាន​ជំនាន់​ក្រោយ។​ លោក​បាន​ចូលរួម​ផ្តួច​ផ្តើម​គំនិត​ធ្វើ​ស្តូប​អនុស្សាវរីយ៍​អ្នក​សារព័ត៌​មាន​ជើង​ចាស់​ដែល​បាត់​ខ្លួន​ឬ​ស្លាប់។

លោក​ មឿន ​ឈានណារិទ្ធ ​បាន​ថ្លែង​ថា៖​«ខ្ញុំ​ឃើញ​ថា​លោក​បាន​បង្ហាញ​សកម្មភាព​ក្នុង​តួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ដ៏​ស្វាហាប់​បំផុត​ដែល​លោក​បាន​ឆ្លើយ​តប​ចំពោះ​សំណួរ​គ្រប់​បែប​យ៉ាង​របស់​អ្នក​សារព័ត៌មាន​ដោយ​គ្មាន​ការ​រើសអើង​នោះ​ឡើយ»។​

មិត្ត​ភក្តិ​របស់​លោក ​ឆាំង សុង ​គឺ​លោក​ Carl Robison ​អ្នក​យក​ព័តមាន​ជើង​ចាស់​របស់​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ AP ​នៅ​ក្រុង​ព្រៃនគរ​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​យក​ព័ត៌មាន​នៅ​ភ្នំពេញ​ម្តងម្កាល​មុន​ថ្ងៃ​១៧​ ខែ​មេសា ​ឆ្នាំ​១៩៧៥ ​បាន​សរសេរ​សារ​តាម​ Facebook Messenger ​មក​វីអូអេដោយ​កោត​សរសើរលោក ​ឆាំង សុង​ ដែល​បាន​សម្រេច​ក្នុង​ការ​ជួបជុំ​អ្នក​កាសែត​ជើង​ចាស់​នៅ​ឆ្នាំ​២០១០​ ហើយ​នឹង​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​អ្នក​កាសែត​ក្រោយ​សម័យ​ខ្មែរក្រហម។

នៅ​ពេល​ថ្មីៗនេះ​ព័ត៌មាន​ភាន់ច្រឡំ​អំពី​មរណភាព​របស់​លោក​ ឆាំង សុង ​បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​និងសារ​រំលែក​ទុក្ខ​ជាច្រើន​ពី​មិត្តភក្តិ​និង​អតីត​សហការី។ នេះ​បើ​តាម​សារ​បង្ហោះ​តាម​ហ្វេសប៊ុកជាពិសេស​សារ​របស់​មិត្តភក្តិ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ផ្ទាល់។​

អ្នកស្រី​ ស៊ុម សារុន​ អាយុ​៦៤ឆ្នាំ​បាន​រស់នៅ​និង​ថែទាំ​លោក ​ឆាំង សុង ​រយៈពេល​១៣ឆ្នាំ​ហើយប៉ុន្តែ​មិន​បាន​រៀបការ​ទេ។​

អ្នកស្រី​បាន​រៀបរាប់​ពី​ស្មារតី​ជាតិនិយម​របស់​លោក ​ឆាំង សុង ​ថា៖ «គាត់​ស្រឡាញ់​ខ្ញុំ។​គាត់​ស្រឡាញ់​ជាតិ។ ​តែ​គាត់​មិន​ចោល​ទេ​ជាតិ។​ គាត់​សុខចិត្ត​ចោល​ខ្ញុំ។​ ខ្ញុំ​មិន​មែន​ថា ​ចង់​ឲ្យ​គាត់​ចោល​ជាតិ​ទេ។​ គាត់​ថា ​ជាតិ​គាត់​ធ្វើ​មួយ​ជីវិត​របស់​គាត់។​ គាត់​ស្រឡាញ់​តែ​ជាតិ​មួយ​ទេ។​ តែ​លុយ​កាក់​គ្មាន​ផង​អូន!​ ដី​មួយ​បង្គី​ក៏អត់​មាន​ផង។​ ហើយ​ខ្ញុំ​មិន​មែន​ស្រឡាញ់​គាត់​ដោយ​ទ្រព្យ​របស់​គាត់​ទេ​ណា៎​អូន។ ខ្ញុំ​ស្រឡាញ់​គាត់​ដោយ​ស្មោះ​ដោយ​ឃើញ​គាត់​ឈឺ។​ កូន​ចៅ​អត់​មាន​ទាក់​ទង​គាត់ ​បងប្អូន​អត់​ទាក់​ទង​ដោយសារ​គេ​ខឹង​គាត់​ ដោយ​សារ​គាត់​មិន​ជួយ​គេ។​ គាត់​ជួយ​តែ​ជាតិ​ណា៎​អូន»។​

លោក ​ឆាំង ​យុ ​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដែល​ត្រូវ​ជា​ប្អូន​ជីដូន​មួយ​របស់​លោក ​ឆាំង សុង ​មាន​ប្រសាសន៍​ថា៖ «មេរៀន​លំបាក​មួយ​ដែល​យើង​រៀន​ពី​បទពិសោធន៍​នៃ​ជីវិត​របស់​គាត់​បង្ហាញ​អំពើ​ក្បត់​ជួយ​ឲ្យ​អ្នក​រស់​គ្រប់​កាលៈទេសៈ​ ប៉ុន្តែ​រស់​ទាំង​គ្មាន​ព្រលឹង»។​

ភរិយា​លោក​ ឆាំង សុង ​ឲ្យ​ដឹង​ថា ​លោក​បាន​សរសេរ​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ដែល​លោក​ដឹង​រហូត​ដល់​ពេល​លោក​ឈឺត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​កាល​ពី​ពេល​ថ្មីៗ​នេះ។​

អ្នកស្រី​បង្ហើប​ឲ្យ​ដឹង​ថា​ ​កូន​បី​នាក់និង​ភរិយា​ទីមួយ​របស់​លោក​ ឆាំង សុង ​ដែល​ជា​បងប្អូន​ជីដូន​មួយ​របស់​ភរិយា​លោក​សេនា​ប្រមុខ លន់ នល់ ​ផ្តល់​ដំណឹង​មក​ថា​ ពួកគេ​ចង់​មក​សួរ​សុខទុក្ខ​លោក​នៅ​មន្ទីរ​ពេទ្យ​ ហើយ​លោក​ស្រី​រីករាយ​នឹង​ព័ត៌មាន​នេះ។

អ្នកស្រី ​ស៊ុម សារុន​ រំពឹង​ថា​អតីត​រដ្ឋមន្ត្រី​រូប​នេះ​អាច​នឹង​ឆ្លង​ផុត​គ្រោះថ្នាក់​លើក​នេះ​ដូច​ដែល​លោក​បាន​ជម្នះ​លើក​មុនៗ។

អ្នកស្រី​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុកថា៖​ «យើង​សង្ឃឹម​ថា ​អព្ភូតហេតុ​អស្ចារ្យ​នឹង​ធ្វើ​ឲ្យ​គាត់​ដឹង​ខ្លួន​វិញ»៕