សវនាការ​បណ្តឹង​ឧទ្ធរណ៍​ស្តីពី​​​​អំពើ​ពុក​រលួយ​​លោក ​Najib ​អតីត​នាយក​រដ្ឋមន្ត្រី​​ម៉ាឡេស៊ី​ចាប់ផ្តើម​

អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Najib Razak បាន​ទៅ​ដល់​សាលា​ឧទ្ធរណ៍​ក្នុង​ក្រុង Putrajaya ប្រទេស​ម៉ាឡេស៊ី ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។ REUTERS/ Lim Huey Teng

តុលាការ​មួយ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​បាន​បើក​សវនាការជុំវិញ​បណ្តឹងឧទ្ធរណ៍​របស់​អតីត​នាយក​រដ្ឋមន្ត្រីម៉ាឡេស៊ី​លោក​ Najib Razak ​ដែល​ត្រូវ​បាន​កាត់ទោសកាលពី​ឆ្នាំ​ទៅ​លើ​ការពាក់​ព័ន្ធ​របស់​លោកក្នុង​អំពើ​ពុក​រលួយដ៏​ធំ​ក្នុង​ក្រុមហ៊ុន​របស់​រដ្ឋ​ដែល​មាន​ឈ្មោះ​ថា​ 1Malaysia Development Berhad ​ឬ​មូលនិធិ​វិនិយោគទុន​1MDB។​

អតីត​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក​ Najib ដែល​មាន​អាយុ​៦៧​ឆ្នាំ​ត្រូវ​បាន​កាត់​ទោសឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​១២​ឆ្នាំ​ពី​បទរំលោភ​អំណាច ការរំលោភ​សេចក្តី​ទុកចិត្ត​និង​ការ​លាង​លុយ​កខ្វក់។ ​រដ្ឋអាជ្ញា​បាន​ចោទ​ប្រកាន់លោក Najib ​ថា​បាន​ទទួល​លុយដោយ​ខុស​ច្បាប់​ចំនួន​ជិត​១០​លាន​ដុល្លារ​ពី​ក្រុមហ៊ុន ​SRC International ​ដែល​ជា​អតីត​សាខា​មួយ​របស់​ក្រុមហ៊ុនរដ្ឋ​1MDB ​នោះ។​

លោក​ Najib ​អះអាង​ថា​លោក​ត្រូវ​បាន​បំភាន់ដោយអ្នកជំនាញ​ហិរញ្ញវត្ថុ​លោក​Jho Low​ និង​មន្ត្រី​ទុច្ចរិត​មួយ​ចំនួន​របស់​ក្រុមហ៊ុន​រដ្ឋ​ 1MDB ​ដើម្បី​ឲ្យ​ជឿជាក់​ថាលុយ​ដែល​ត្រូវ​បាន​ផ្ទេរ​ទៅ​ក្នុង​គណនី​ធនាគារ​ផ្ទាល់​ខ្លួន​របស់​លោក​នោះ​ជា​ថវិកា​ដែល​ត្រូវ​បានផ្តល់​ឲ្យដោយ​គ្រួសាររាជវង្ស​របស់ប្រទេស​អារ៉ាប៊ី​សាអូឌីត។​

លោក​ Najib ​ប្រឈម​ការចោទ​ប្រកាន់​ចំនួន​៤២​ករណី​ក្នុងការបន្លំ​ទឹកប្រាក់ចំនួន៤ពាន់​៥រយ​លាន​ដុល្លារ​ពី​ក្រុមហ៊ុន​1MDB ​ដែល​លោក​បាន​បង្កើត​ឡើងក្នុង​ឆ្នាំ​២០០៩​ដើម្បី​ជំរុញការអភិវឌ្ឍ​សេដ្ឋកិច្ច​ម៉ាឡេស៊ី។​ អ្នកស៊ើប​អង្កេត​អាមេរិក​លើក​ឡើង​ថា​លុយ​ដែល​បាត់​បង់​នោះ​ត្រូវ​បានប្រើប្រាស់​សម្រាប់​ទិញសណ្ឋាគារ​ សម្ភារៈ​ទំនើបៗ​ ដូចជានាវា​ទេសចរណ៍​ គ្រឿង​អលង្ការ​ដែល​មាន​តម្លៃ​ខ្ពស់​និងស្នាដៃ​សិល្បៈ​ដែល​មាន​ឈ្មោះ​ល្បីល្បាញ​ជាដើម។​ អ្នកស៊ើប​អង្កេត​អាមេរិក​ក៏​បាន​បញ្ជាក់​ផងដែរ​ថា​ ទឹក​ប្រាក់​ប្រមាណ​១ពាន់​លាន​ដុល្លារ ត្រូវ​បាន​ផ្ទេរ​បញ្ចូល​ក្នុង​គណនី​ធនាគារផ្ទាល់​ខ្លួន​របស់​លោក Najib។ ​

ចំណែក​ភរិយា​របស់​លោក Najib​ វិញ​ គឺ​អ្នក​ស្រី ​Rosmah Mansour​ ក៏ប្រឈម​នឹង​ការចោទ​ប្រកាន់​ពី​បទពុក​រលួយ​ជា​ច្រើន​ករណី​ផងដែរ​បន្ទាប់​ពី​អាជ្ញាធរ​បាន​ឆ្មក់​ចូល​ទៅ​ក្នុង​ភូមិគ្រឹះរបស់​ពួកគេ​និង​បាន​រក​ឃើញទឹក​ប្រាក់​សុទ្ធ​ចំនួន​២៧០​លាន​ដុល្លារ​នៅ​ក្នុង​ផ្ទះ គ្រឿង​អលង្ការ​ និង​កាបូបដៃ​ដែល​មាន​តម្លៃ​ខ្ពស់និង​របស់​របរផ្សេងៗ​មួយ​ចំនួន​ទៀត​ដែល​មាន​តម្លៃ៕