មិនឆ្ងាយប៉ុន្មានពីសណ្ឋាគារសុខា ក្នុងខណ្ឌជ្រោយចង្វារ អ្នកស្រី ម៉ាន ខាត់ចាស ពលរដ្ឋខ្មែរឥស្លាមម្នាក់បានត្រៀមខ្លួនចាកចេញពីការរស់នៅលើទូកបណ្តែតទឹក តាមការចង់បានរបស់អាជ្ញាធររាជធានីភ្នំពេញ។ ប៉ុន្តែអ្វីដែលប្រជានេសាទអាយុ៥៦ឆ្នាំដែលរស់នៅអាស្រ័យផលនេសាទលើទូកច្រើនឆ្នាំមកហើយ ចង់បាននោះ គឺទុកពេលវេលាឲ្យអ្នកស្រី និងអ្នកផ្សេងទៀត ដោយសារអ្នកស្រីអះអាងថាមិនមានផ្ទះសម្បែងឬដីសម្រាប់ស្នាក់នៅជាអចិន្រ្តៃយ៍នោះទេ។
នៅក្នុងភូមិចុងកោះ ក្នុងសង្កាត់ជ្រោយចង្វារ ប្រជានេសាទដែលមានកូន៦នាក់រូបនោះបានរៀបរាប់ប្រាប់ VOA ថាអាជ្ញាធរឲ្យពួកគាត់រុះរើនិងចាកចេញពីតំបន់នេះ ដោយអ្នកស្រីយល់ព្រម ប៉ុន្តែអ្នកស្រីថាមិនមានទីកន្លែងផ្សេងដែលអាចទៅស្នាក់អាស្រ័យឬសំចតថ្មីបាននោះទេហើយអ្នកស្រីស្នើទៅអាជ្ញាធរពាក់ព័ន្ធឲ្យជួយរកកន្លែងថ្មីសមរម្យសម្រាប់ពួកគាត់ ខណៈពលរដ្ឋត្រូវបានណែនាំឲ្យធ្វើដំណើរតាមទូកទៅតំបន់ក្អមសំណ ក្នុងខេត្តកណ្តាលជាប់ព្រំដែនវៀតណាម។
អ្នកស្រីថ្លែងថា៖ «ជួយពួកខ្ញុំផង ពួកខ្ញុំនៅមាត់ទន្លេនេះ ពិបាកណាស់ ត្រូវភ្លៀងត្រូវខ្យល់ហើយមុនហ្នឹងឲ្យខ្ញុំរុះ ឲ្យរកកន្លែងចតឲ្យពួកខ្ញុំផង។ ពួកខ្ញុំអត់មានកន្លែងទៅទៀតទេ។ ពួកខ្ញុំអស់ហើយ អស់លទ្ធភាពហើយ។ ពួកខ្ញុំអត់មានបែមានអ្វីនោះទេ រកស៊ីចិញ្ចឹមជីវិតតែមួយគែៗហ្នឹងហើយអត់មានស្អីទេរាល់ថ្ងៃនេះ»។
កាលពីថ្ងៃទី២ ខែមិថុនា អាជ្ញាធររាជធានីភ្នំពេញបានប្រកាសឲ្យប្រជាពលរដ្ឋដែលរស់នៅលើផ្ទះបណ្តែតទឹក និងរស់នៅលើទូកក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ រុះរើចេញពីទឹក ដោយកំណត់ពេលវេលាមួយសប្តាហ៍ គឺត្រឹមថ្ងៃទី៩ ខែមិថុនា។ ការណ៍នេះឲ្យក្រុមសង្គមស៊ីវិលរិះគន់ថាទុករយៈពេលខ្លីពេក ហើយជំរុញឲ្យអាជ្ញាធរកុំបង្ខិតបង្ខំឲ្យពលរដ្ឋចាកចេញនិងគួរស្វែងរកកន្លែងណាមួយសមស្របក្នុងការប្រកបរបរចិញ្ចឹមជីវិត។
រដ្ឋបាលរាជធានីភ្នំពេញបានអះអាងថាចំណាត់ការឲ្យប្រជាពលរដ្ឋរុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះតូចៗនិងសំណង់មិនរៀបរយលើផ្ទៃទន្លេ ដោយសារចង់រក្សាសោភណ្ឌភាពទឹកទន្លេ។
អ្នកស្រី ម៉ាន ខាត់ចាស ដែលមានកូន៦នាក់ក្នុងបន្ទុក ជាប្រជានេសាទម្នាក់ក្នុងចំណោមប្រជាពលរដ្ឋជាង៥០គ្រួសារដែលបានដាក់លិខិតស្នើសុំអាជ្ញាធរឲ្យជួយស្វែងរកកន្លែងស្នាក់នៅសមរម្យសម្រាប់ពួកគេ ដែលមិនមានដីធ្លី និងផ្ទះសម្បែងស្នាក់នៅ។ អ្នកស្រីរៀបរាប់ថាកាលពីពេលថ្មីៗ អ្នកស្រីនិងពលរដ្ឋផ្សេងទៀតបានរងគ្រោះនឹងខ្យល់កន្រ្តាក់ខ្លាំង ដែលបណ្តាលឲ្យទូកខូចខាត បំផ្លាញរោង។ នៅពេលមានការបង្ខំឲ្យចាកចេញពីលើទឹកនាពេលនេះ អ្នកស្រីយល់ថាបង្កជាទុក្ខលំបាកមួយទៀតសម្រាប់អ្នកស្រីដែលមិនដឹងទៅរស់នៅទីណា។
អ្នកស្រីបញ្ជាក់ថា៖ «មីងទើបលិចទូក មីងដាច់ទូកជាពីរជាបីកង់ ទាំងម៉ែទាំងកូនដាច់អស់៦៥គ្រួសារ។ ទូកលិចអស់រលីង មិនទាន់នឹងជួសជុលហើយផង គេមកដេញទៀត។ ហើយចុះឲ្យមីងទៅចតនៅកន្លែងណា។ បើនៅខាងរោងមិនឲ្យធ្វើហើយ កំពង់មិនឲ្យចតទៀត ថាឲ្យមីងទៅចតកន្លែងណាវិញទៅ។ យើងឥឡូវចុះបើថាដេញ ហើយទូកមិនឲ្យចតទៀត ហើយចុះមានកន្លែងណាចតមានតែចតនៅកណ្តាលទន្លេហើយចុះបើលិចទូកលិច អីអញ្ចឹងមានអ្នកណាទទួលខុសត្រូវ»។
ស្ថិតក្នុងតំបន់ជាមួយគ្នា អ្នកស្រី ស៊ុស ណុប អាយុ៥០ឆ្នាំ ជាប្រជាពលរដ្ឋខ្មែរឥស្លាមម្នាក់ដែរ ដែលជាអ្នកជិតខាងរបស់អ្នកស្រី ម៉ាន ខាត់ចាស ដែលកំពុងជួបការលំបាកដូចគ្នា។ អ្នកស្រីដែលរស់នៅប្រកបរបរនេសាទត្រីលើទូកតូច និងមានកូន៤នាក់ ប្រាប់ VOA ថាអ្នកស្រីមិនយល់ព្រមនោះទេ ប្រសិនបើអាជ្ញាធរឲ្យផ្លាស់ទីទៅក្អមសំណ ក្នុងភូមិសាស្រ្តទន្លេបាសាក់ ក្នុងស្រុកលើកដែក ខេត្តកណ្តាល ដែលជាទីកន្លែងថ្មីដែលអាជ្ញាធរចង់ឲ្យអ្នកស្រីនិងប្រជាពលរដ្ឋផ្សេងទៀតទៅរស់នៅ។
អ្នកស្រីមានព្រួយបារម្ភអំពីសុវត្ថិភាពក្នុងការធ្វើដំណើរទៅតាមទឹក ដោយខ្លាចជួបព្យុះភ្លៀងបណ្តាលឲ្យលិចទូកកណ្តាលទន្លេ។ ហើយម្យ៉ាងទៀត អ្នកស្រីថាវាមានការលំបាករកផលនេសាទ ដោយសារទន្លេធំ និងទឹកជ្រៅ។
ដោយសារមិនចង់ទៅរស់នៅតំបន់ក្អមសំណ អ្នកស្រីនិងអ្នកនេសាទផ្សេងទៀតបានស្នើសុំអាជ្ញាធររកកន្លែងសំចតក្នុងតំបន់មួយឈ្មោះថាព្រែកតាឃ្លោក ក្នុងឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ដែលអ្នកស្រីថាជាទន្លេតូច ងាយស្រួលក្នុងការរស់នៅ និងប្រកបរបររបស់ពួកគាត់។
អ្នកស្រីរៀបរាប់ថា៖ «ពេលហ្នឹងមកដេញពួកខ្ញុំឲ្យទៅក្អមសំណ ខ្ញុំអត់យល់ព្រមទេ អត់យល់ស្របទេ ហើយទន្លេធំហើយ កន្លែងហ្នឹងមានក្រពើទៀត ហើយទឹកជ្រៅណាស់ក្អមសំណហ្នឹង។ កន្លែងហ្នឹង៥០ម៉ែត្រ ហើយច្រាំងវាខ្ពស់ទៀត យើងនៅធ្វើម៉េចគ្រាន់តែរលកមកហ្នឹង ទូកយើងតូចអញ្ចឹងលិចអស់ហើយ ហើយទៅម៉ាស៉ូត២កានមិនដឹងយ៉ាងម៉េចផង។ ហើយបើទៅប៉ះភ្លៀងខ្យល់ពាក់កណ្តាលផ្លូវមិនងាប់កូនចៅ។ ហើយព្រែកឃ្លោក ខេត្តកណ្តាល ហើយគាត់[អាជ្ញាធរ]អត់ព្រម គាត់ថាគាត់អត់ព្រមទេឲ្យទៅនៅហ្នឹង[ក្អមសំណ]ទៅ។ ប្រសិនបើយើងមិនទៅទេ គេមិនដឹងឮទេ»។
ក្នុងពេលផ្តល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មាន VOA អ្នកស្រី ស៊ុស ណុប និងប្រជាពលរដ្ឋមួយចំនួនទៀតកំពុងអង្គុយជុំគ្នាពិភាក្សាររឿងបម្លាស់ទីទៅចំណតថ្មីដោយពួកគេបង្ហាញការពិបាកចិត្តយ៉ាងខ្លាំង ដោយសារមិនដឹងទៅទីណានិងប្រកបរបរអ្វីនោះទេ។
អ្នកស្រីថ្លែងបន្តថា៖ «តែ៥៦គ្រួសារសោះរកដំណោះស្រាយឲ្យគ្នាទៅ[សម្រាប់អ្នកដែលគ្មានផ្ទះសម្បែងដីធ្លីហ្នឹង]... ពួកខ្ញុំនេះគឺអត់ដី អត់ផ្ទះគឺទូកហ្នឹង គឺផ្ទះរបស់ខ្ញុំ»។
នៅក្នុងលិខិតមួយច្បាប់ ចុះថ្ងៃទី១៦ ខែមិថុនា របស់ប្រជាពលរដ្ឋខ្មែរឥស្លាមចំនួន៥៦គ្រួសារ ដែលរស់នៅភូមិ១ សង្កាត់ជ្រោយចង្វារ ដាក់ទៅអភិបាលរាជធានីភ្នំពេញ និងលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសដែលស្និទ្ធនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពួកគេបានស្នើសុំពន្យារពេលផ្អាកការរុះរើរោងឬក៏ផ្អាកការបណ្តេញចេញ រហូតដល់មានភាពធូរស្រាលនៃការរាតត្បាតជំងឺកូវីដ១៩។ លិខិតឲ្យដឹងថា៖«ស្ថានភាពជាក់ស្តែង ប្រជាពលរដ្ឋខ្មែរឥស្លាមដែលរស់នៅក្នុងភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ គឺគ្មានបែចិញ្ចឹមត្រី គឺមានតែកូនខ្ទម និងទូកនេសាទតាមបុរាណដូនតា»។
លោកអ៊ី យ៉ូតំណាងប្រជាពលរដ្ឋខ្មែរឥស្លាមប្រមាណ៥៦គ្រួសារក្នុងតំបន់ជ្រោយចង្វារ បានឲ្យដឹងថាអាជ្ញាធរទុករយៈពេល៣ថ្ងៃឲ្យរុះរើចេញនិងឲ្យប្រជាពលរដ្ឋខ្មែរឥស្លាមបម្លាស់ទីទៅក្អមសំណ ប៉ុន្តែពួកគាត់មិនព្រម ដោយសារទីនោះឆ្ងាយពេក និងពិបាកក្នុងការរស់នៅ។ លោកបន្ថែមថាពលរដ្ឋខ្លះទៅស្រុកកំណើត អ្នកខ្លះទៀតចេះតែស្វះស្វែងរកកន្លែងថ្មី។
លោកថ្លែងថា៖«យើងមិនអាចទទួលយកបានទេទៅខាងហ្នឹង[ក្អមសំណ]។ ប្រជាជនគាត់អត់ទៅទេដូច្នេះគាត់បែកខ្ញែកគ្នា អាមួយទៅនេះ អាមួយទៅនោះទៅ»។
លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ មានប្រសាសន៍ថាវិធានរបស់រដ្ឋបាលរាជធានីភ្នំពេញគឺដើម្បីឲ្យមានសោភណភាពទន្លេមេគង្គ និងទន្លេបាសាក់ ហើយសាលាក្រុងសម្រេចឲ្យប្រជាពលរដ្ឋរុះរើទៅតាំងទីលំនៅជាបណ្តោះអាសន្ននៅវត្តគ្រួស ក្នុងខណ្ឌព្រែកព្នៅនិងឃុំក្អមសំណ ក្នុងខេត្តកណ្តាល។ចំពោះសំណូមពររបស់ប្រជាពលរដ្ឋខ្មែរឥស្លាមមិនចង់ទៅតាំងទីលំនៅថ្មីនៅក្អមសំណ ហើយស្នើទៅកន្លែងផ្សេង លោកអភិបាលខណ្ឌបញ្ជាក់ថាលោកមិនទាន់ទទួលបានព័ត៌មាននោះទេ។
លោកថ្លែងថា៖ «ដោយសារខាងសមាគម[វៀតណាម] ប្រចាំនៅស្រុកខ្មែរហ្នឹង គេសំណូមពរអាហ្នឹងគេធ្វើការសម្រេចពេលណាយើងមិនទាន់ដឹងច្បាស់។ សំខាន់លើថ្នាក់លើទេព្រោះខាងខ្ញុំនេះ ចាំតែធ្វើតាមបទបញ្ជា»។
VOA មិនអាចសុំការស្រាយបំភ្លឺពីលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ និងលោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បាននៅឡើយទេដោយទូរស័ព្ទចូល ប៉ុន្តែមិនមានការឆ្លើយតប។
ប្រជាពលរដ្ឋវៀតណាមលោក មី យីនហាយ អាយុ៤៣ឆ្នាំរស់នៅលើផ្ទះទឹក និងបែត្រីក្នុងខណ្ឌព្រែកព្នៅឲ្យដឹងថាអាជ្ញាធរទុកពេលឲ្យស្នាក់នៅទីនេះជាបណ្តោះអាសន្នរយៈពេល៦ខែទៀត ដើម្បីអាចចាប់ត្រីក្នុងបែចិញ្ចឹមក្រោមផ្ទះទូកលក់បានខ្លះ។
លោកបន្ថែមថាពេលចប់៦ខែ លោកប្រហែលជារកផ្ទះជួលនៅលើគោក ពីព្រោះអាជ្ញាធរមិនអនុញ្ញាតឲ្យបន្តចិញ្ចឹមត្រី ឬរស់នៅលើទឹកទៀតឡើយ។
លោករៀបរាប់ថា៖ «យើងជួលផ្ទះគេសិនអញ្ចឹងទៅ គេអត់ឲ្យយើងចិញ្ចឹម[បែត្រីក្រោមទូក]ផង គេឲ្យយើងរើ គេឲ្យយើងនៅ[ខណ្ឌព្រែកព្នៅ]បណ្តោះអាសន្ន ហើយឮថា៦ខែគេឲ្យយើងរើចោលទាំងអស់ អត់មានឲ្យយើងនៅលើទឹកទៀតនោះទេ»។
ដូចគ្នាដែរ ពលរដ្ឋវៀតណាមម្នាក់ទៀតរស់នៅលើផ្ទះបែត្រី ក្នុងសង្កាត់ព្រែកព្នៅ អ្នកស្រី គីម នី អាយុ៣៣ឆ្នាំឲ្យដឹងដែរថាអ្នកស្រីមិនដឹងទៅរស់នៅទីណាទេ ដោយរង់ចាំការលក់ត្រីសិន ក្រែងបានលុយខ្លះទៅជួលផ្ទះគេនៅលើគោក និងប្រកបរបរលក់ដូរផ្សេងៗ។
អ្នកស្រីបញ្ជាក់ថា៖ «មើលរកឡើងគោករកជួលផ្ទះគេអញ្ចឹងសិនទៅណាមិនដឹងម៉េចទេ ដូរមុខរបរហើយរស់នៅទន្លេគេអត់ឲ្យរស់នៅផងហ្នឹងហើយលក់ដូរអីនៅលើគោកស៊ីចាយទៅ»។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុកប្រាប់ VOA ថាអាជ្ញាធរគួរពិចារណាដោះស្រាយឲ្យប្រជាពលរដ្ឋដែលចង់បានទីតាំងដែលពួកគាត់យល់ថាអាចធ្វើឲ្យពួកគាត់មានជីវភាព និងអាចរស់នៅប្រកបមុខរបរជាប្រចាំថ្ងៃ។
លោកថ្លែងថា៖ «អាជ្ញាធរដែលពាក់ព័ន្ធមានសមត្ថកិច្ចគួរពិនិត្យមើលក្នុងរឿងហ្នឹងដែរមិនអាចចេះតែធ្វើការដាក់សម្ពាធឬក៏បង្វិតបង្ខំឲ្យពួកគាត់ទទួលកន្លែងណាមួយដែលមិនអាចធ្វើឲ្យពួកគាត់មានការប្រកបរបរចិញ្ចឹមជីវិតសម្រាប់ក្រុមគ្រួសារគាត់បានទេ។ ហើយបើសិនជាចេះតែដាក់កំហិត និងកំណត់បែបហ្នឹងវាស្មើធ្វើឲ្យមានការសម្លាប់នូវមុខរបរ និងជីវភាពរបស់ពួកគាត់កាន់តែមានការលំបាកកាន់តែខ្លាំងឡើងទៅវិញ។ វាមិនមែនជាដំណោះស្រាយល្អសម្រាប់ប្រជាពលរដ្ឋរបស់ខ្លួនទេ»។
លោកជំរុញឲ្យរដ្ឋាភិបាលគួរពង្រឹងការអនុវត្តច្បាប់អន្តោប្រវេសន៍ឲ្យបានតឹងរ៉ឹង ដើម្បីធានាការរស់នៅស្របច្បាប់របស់ពលរដ្ឋ។
លោកថ្លែងថា៖ «ជាគោលការណ៍យើងចង់ឃើញឲ្យរាជរដ្ឋាភិបាលមានច្បាប់ ហើយអនុវត្តន៍ច្បាប់ឲ្យបានត្រឹមត្រូវទៅ។ បើជនទាំងអស់នោះគាត់រស់នៅមិនសមស្រមតាមផ្លូវច្បាប់ គួរតែបញ្ជូនឲ្យទៅរដ្ឋាភិបាលសាមី រដ្ឋាភិបាលនៃប្រទេសរបស់ពួកគេដើម្បីទទួលខុសត្រូវហើយគោរពសិទ្ធិរបស់ពួកគេផងដែរ។ អញ្ចឹងប្រសិនបើអ្នកទាំងឡាយណាដែលស្របច្បាប់យើងគួរតែមានការពិនិត្យលទ្ធភាពក្នុងការជួយផ្តល់នូវសិទ្ធិមួយចំនួនដែលយើងគួរផ្តល់ជូនទៅពួកគេក៏ដូចជាពលរដ្ឋកម្ពុជាអញ្ចឹងដែរ គួរតែមានការពិនិត្យ»។
បើតាមគេហទំព័ររបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍កាលពីថ្ងៃព្រហស្បតិ៍បានជួបជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក Vu Quang Minh ដោយភាគីវៀតណាមបានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងសិទ្ធិនិងប្រសិទ្ធភាពនៃការប្រើប្រាស់បណ្ណស្នាក់នៅអចិន្រ្តៃយ៍របស់ប្រជាជនវៀតណាមនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនៅកម្ពុជា។
ចំពោះជនជាតិវៀតណាមដែលរស់នៅខុសច្បាប់ក្នុងប្រទេសកម្ពុជា លោក គៀត ច័ន្ទថារិទ្ធ បាន ស្នើឲ្យវៀតណាមបន្តជំរុញកិច្ចសហប្រតិបត្តិការធ្វើយ៉ាងណាបំពេញបែបបទដើម្បីបញ្ជូនអ្នកទាំងនោះទៅប្រទេសវៀតណាមវិញឲ្យបានឆាប់៕